អ្នកស្រុកជាច្រើនគ្រួសារ បានអំពាវនាវសុំឲ្យរដ្ឋាភិបាល ធ្វើអន្តរាគមន៍ជួយពួកគាត់ ដើម្បីទទួលសិទ្ធិស្របច្បាប់នៅក្នុងការកាន់កាប់ដីស្រែទំហំជាង២៥ហិកតារ នៅភូមិព្រៃព្រាល ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។ ករណីនេះកើតមានឡើងបន្ទាប់ពីអាជ្ញាធរមូលដ្ឋាន និងកងទាហានបានចុះទៅបង្ខំឲ្យពួកគាត់រកលុយរួមគ្នាជាច្រើនពាន់ដុល្លារ បង់ឲ្យមន្ត្រីយោធាម្នាក់ដែលជាភាគីមានទំនាស់ជាមួយអ្នកភូមិ។
អ្នកភូមិព្រៃព្រាល ឈ្មោះ ភួង សុផល បានថ្លែងនៅថ្ងៃទី២៥ ខែសីហា ថា កាលពីរសៀលថ្ងៃទី២៤ ខែសីហា លោកអភិបាលរងស្រុក មន្ត្រីភូមិបាល មេឃុំ មេភូមិ និងមន្ត្រីយោធា សរុបមានគ្នាជិត១០នាក់ បានចុះទៅបង្ខំអ្នកភូមិ២០គ្រួសាររកលុយបង់ទៅឲ្យយោធា នុត សារ៉ាន់ ក្នុងមួយហិកតារថ្លៃ២២០ដុល្លារ ទើបអាចចេញប្លង់កម្មសិទ្ធិឲ្យអ្នកភូមិ៖ «ចង់ឲ្យគេធ្វើប្លង់ទាល់តែបង់លុយឲ្យគេ២២០ក្នុង១ហិកតារ។ ភូមិ ឃុំ ស្រុក ហ្នឹងឯង គេចុះមកប្រជុំអ៊ីចឹង គេវាស់ឲ្យហើយ ប៉ុន្តែគេអត់ចេញប្លង់ គេថាដីទំនាស់ ហើយពួកប្រជាពលរដ្ឋហ្នឹង អ្នកខ្លះធ្វើបាន៧ទៅ៨ឆ្នាំ សម្រាប់ខ្ញុំ១០ឆ្នាំមកហើយ គេថា បើយើងមិនឲ្យលុយគេ ដីហ្នឹងទុកជាសម្បត្តិរដ្ឋ»។
លោក យិននាង ស៊ីណាត បានបញ្ជាក់ថា នៅខែកក្កដា ឆ្នាំ២០១២ ក្រុមនិស្សិតស្ម័គ្រចិត្តបានចុះទៅវាស់វែងដីនោះ ដើម្បីចេញប្លង់កាន់កាប់ជូនប្រជាពលរដ្ឋ ស្រាប់តែឈ្មោះ នុត សារ៉ាន់ បានចេញមុខទៅប្ដឹងជំទាស់៖ «មានទាំងសលាកបត្រ ដែលបញ្ជាក់ដោយក្រុមចម្រុះគេទៅ សេចក្ដីជូនដំណឹងរបស់អភិបាលខេត្តថា ជូនប្រជាពលរដ្ឋនៅក្នុងម្តុំហ្នឹង បង្កបង្កើនអាស្រ័យផលលើហ្នឹងទៅ ស្រាប់ដល់ពេលថ្ងៃយុវជនស្ម័គ្រចិត្តចុះមកវាស់ វាស់ហើយចេញចុងសន្លឹក ផ្ដិតមេដៃព្រំនៅប្រហែល៣ទៅ៤នាក់ នៅក្នុងចំណោម២០គ្រួសារ ស្រាប់តែឈ្មោះ នុត សារ៉ាន់ គាត់ចេញមកដាក់ពាក្យបណ្ដឹងជំទាស់នៅក្រុមទី៤ហ្នឹង»។
វិទ្យុអាស៊ីសេរី នៅពុំអាចទាក់ទងលោក នុត សារ៉ាន់ និងមន្ត្រីភូមិបាលស្រុកបាណន់ ដើម្បីសុំសេចក្ដីបញ្ជាក់ជុំវិញបញ្ហានេះបានទេ ប៉ុន្តែលោក អ៊ឹម ប៊ុនយូ មេឃុំតាគ្រាម បានមានប្រសាសន៍ថា លោក នុត សារ៉ាន់ បានដាក់ពាក្យបណ្ដឹងទៅគណៈកម្មការដោះស្រាយដីធ្លីស្រុកបាណន់ យូរមកហើយ ប៉ុន្តែដោះពុំទាន់ចប់។ ដូច្នេះ ទើបភាគីដើមបណ្ដឹង និងអាជ្ញាធរស្រុកមានការសម្របសម្រួលគ្នា ដើម្បីបញ្ចប់ទំនាស់ នឹងអាចឲ្យប្រជាពលរដ្ឋមានប្លង់កាន់កាប់ដីស្របច្បាប់។ លោកថា មានប្រជាពលរដ្ឋ១០គ្រួសារ បានយល់ព្រមផ្ដិតមេដៃ ថានឹងផ្ដល់លុយ២២០ដុល្លារក្នុងដី១ហិកតារ ទៅឲ្យលោក នុត សារ៉ាន់៖ «ខាងខ្ញុំមានអីទេ ចង់ឲ្យគាត់មានការចែករំលែកឲ្យបានសមរម្យទៅ ដើម្បីបញ្ចប់ហើយគណៈកម្មការក៏ធ្វើសលាកបត្រជូន បើសម្របសម្រួលមិនបាន ខាងគណៈកម្មការ នឹងបញ្ជូនសំណុំរឿងឡើងទៅស្រុក ទៅខេត្តទៀត»។
អ្នកភូមិម្នាក់ទៀត ឈ្មោះ អ៊ុក អែម បានថ្លែងថា ពួកគាត់ពុំមានលុយកាក់បង់ទៅឲ្យឈ្មោះ នុត សារ៉ាន់ ទេ។ ដីស្រែ២៥ហិកតារនោះ ប្រជាពលរដ្ឋ២០គ្រួសារបានកាន់កាប់អាស្រ័យផល ដោយមានការចេញសលាកបត្រដីធ្លីទទួលស្គាល់ដោយអាជ្ញាធរភូមិ ឃុំ ស្រុក រួចហើយដែរ៖ «ខាងនិស្សិតគេចុះមកធ្វើប្លង់ហ្នឹង អ្នកជំទាស់ហ្នឹងមកម្ដងទៀត ម្ដងនេះរយៈពេល៧ឆ្នាំហើយថាមិនទាន់ឲ្យធ្វើប្លង់ទេ ព្រោះដីមានទំនាស់ ហើយគាត់មកទាមទារឲ្យទៅជាបង់លុយបង់កាក់ ហើយចំពោះពួកខ្ញុំអត់ព្រម»។
ក្រុមអ្នកភូមិបានបញ្ជាក់ថា ដីស្រែទំហំ២៥ហិកតារនោះ ពួកគាត់បានកាប់ឆ្ការព្រៃបង្កបង្កើនផល នៅឆ្នាំ២០០០ រហូតដល់ឆ្នាំ២០០២ ស្រាប់តែលោកវរសេនីយ៍ត្រី នុត សារ៉ាន់ ជាមន្ត្រីយោធាបម្រើការនៅកងពលលេខ៥៣ បានអះអាងថា ជាដីរបស់ខ្លួន។ លោក នុត សារ៉ាន់ បានធ្វើពាក្យបណ្ដឹងដាក់ទៅគណៈកម្មការដោះស្រាយវិវាទដីធ្លីស្រុកបាណន់។ ក្រុមអាជ្ញាធរបានទុកពាក្យបណ្ដឹងនោះចោលអស់ពេលជិត១០ឆ្នាំ ហើយអនុញ្ញាតឲ្យក្រុមអ្នកភូមិ២០គ្រួសារបានបន្តធ្វើស្រែនៅលើដី២៥ហិកតាររហូតមក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។