អ្នកភូមិម្នាក់ ដែលទើបបានចាកចេញពីភូមិ កាលពីព្រឹកម្សិលមិញ បានថ្លែងថា មានអ្នកស្រុកពីភូមិជ័យសេនា យ៉ាងហោចណាស់ក៏ចំនួន ៧គ្រួសារដែរ ដែលបានភៀសខ្លួនទៅនៅក្នុងវត្តមួយ ឈ្មោះ វត្តវាលធំ ហើយពួកគេមិនមានជម្រើសទេ ដោយសារតែអីវ៉ាន់របស់ពួកគេ បានត្រូវក្រុមទាហាន រើដាក់ក្នុងឡានបម្រុងដឹកចេញ ៖ «ម្សិលម៉្ងៃ ខ្ញុំអត់ព្រមឲ្យរុះទេ ប៉ុន្តែវាថា បើមិនរុះ វានឹងដុត ដូច្នេះខ្ញុំខ្លាចអស់សម្ភារៈរបស់ខ្ញុំ ខ្ញុំត្រូវតែបង្ខំចិត្តចាកចេញពីកន្លែងនោះ មកនៅក្នុងវត្ត ព្រោះអីគេយកអីវ៉ែអីវ៉ាន់មកដាក់ក្នុងឡានរួចហើយ បើយើងមិនមកតាម គេនឹងយកទៅគ្រវាត់ចោល ។ សូម្បីតែដាក់អីវ៉ាន់មកហ្នឹង វាលួចយកត្រីម្ហូបអាហារចេញដែរ វាយកទាំងចានដែក ស្ទើរតែទាំងអស់ ឲ្យតែរបស់សំខាន់ៗ» ។
ស្រ្តីជាអ្នកភូមិម្នាក់ទៀត ឈ្មោះ អ៊ុក វ៉ាន់នី បានថ្លែងថា ការរុះរើរបងនិងបណ្តេញអ្នកស្រុកនៅតែមានកើតឡើងរហូតដល់ព្រឹកម្សិលមិញ ហើយជាមួយគ្នានេះ ក៏មានការដុតនិងការបញ្ជាឲ្យពន្លត់ពីទាហានទាំងនោះ ផងដែរ ៖ «...ខ្ញុំឃើញច្បាស់ ពេលព្រលឹមឡើង វាទៅដុតៗហើយ ថ្ងៃឡើង វាមកដុតផ្ទះមួយទៀត ហើយឈ្មោះ អ៊ាង នៅកន្លែងស្នាក់ការវាហ្នឹង វាទៅបញ្ជាឲ្យទាហានវា ប្រាប់ឲ្យពន្លត់ភ្លើង ដកបង្គោលរបងអស់រលីង ហើយខ្ញុំក៏និយាយថា ចុះបើយកដីខ្ញុំ ទៅធ្វើផ្ទះឲ្យខ្ញុំនៅ មិនទាន់បានធ្វើផង រឿងអីដែលអ្នកឯងមកដកបង្គោលរបងរបស់ខ្ញុំទៀត អ៊ីចឹងខ្ញុំប្ដឹងមួយទ្វេជាដប់» ។
វិទ្យុអាស៊ីសេរីនៅមិនទាន់អាចទាក់ទងសុំប្រតិកម្មពីមន្ត្រីទាហានកងពលតូចលេខ៣១ បាននៅឡើយទេ ក៏ប៉ុន្តែនៅក្នុងការផ្សាយតាមទូរទស្សន៍របស់កងយោធពលខេមរភូមិន្ទប៉ុស្តិ៍លេខ៥ កាលពីយប់មិញ មានការផ្សាយដកស្រង់សម្តីមនុស្សដែលនិយាយថា មិនមានការគាបសង្កត់របស់ក្រុមទាហានកងពលតូចលេខ៣១ ទៅលើអ្នកភូមិនៅក្នុងឃុំតាកែន ដូចដែលអ្នកស្រុកបានចោទប្រកាន់នោះទេ ៕
