ពល​ការិនី តាំងយូ ធ្វើ​ការ​នៅ​ម៉ាឡេស៊ី​ផ្ដល់​ដំណឹង​មក​ផ្ទះ​បន្ទាប់​ពី​គ្មាន​ដំណឹង​ជិត​២​ឆ្នាំ

ពល​ការិនី​មួយ​រូប​ឈ្មោះ ជិន តាំងយូ អាយុ​១៩​ឆ្នាំ ដែល​ទៅ​ធ្វើ​ការ​តាម​ផ្ទះ​នៅ​ប្រទេស​ម៉ាឡេស៊ី ហើយ​បាត់​ដំណឹង​ជិត​២ឆ្នាំ​មក​ហើយ​នោះ បាន​ទូរស័ព្ទ​មក​ជួប​ម្តាយ​កាល​ពី​ថ្ងៃ​ទី​១៦ សីហា។
ដោយ កែវ និមល
2012-08-17
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

ការ​ជួប​គ្នា​តាម​ទូរស័ព្ទ​រវាង​ម្តាយ​ឪពុក ជាមួយ​កូន​ស្រី​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី នេះ បាន​កើត​មាន​ឡើង​ក្រោយ​ពី​ម្តាយ​ពល​ការិនី ជិន តាំងយូ បាន​សុំ​ទៅ​អង្គការ​អាដហុក ខេត្ត​ព្រះវិហារ ឲ្យ​ជួយ​ស្វែង​រក​ដំណឹង កាល​ពី​ថ្ងៃ​ទី​១៣ សីហា ហើយ​វិទ្យុ​អាស៊ី​សេរី ក៏​បាន​ផ្សាយ​អំពី​ព័ត៌មាន​នេះ។

ក្រោយ​ពេល​ទទួល​ពាក្យ​សុំ​ឲ្យ​ជួយ អង្គការ​អាដហុក ខេត្ត​ព្រះវិហារ បាន​ទូរស័ព្ទ​ទាក់ទង​ជាមួយ​ក្រុមហ៊ុន ហ្វីលីម៉រ (Phlimore) ហើយ​បុគ្គលិក​ក្រុមហ៊ុន​នៅ​ក្រុង​ភ្នំពេញ បាន​សន្យា​ថា​នឹង​ខិតខំ​ស្វែង​រក​ព័ត៌មាន​អំពី​ពល​ការិនី ជិន តាំងយូ នោះ។

អ្នកស្រី ធឿន ហឿន អាយុ​៤៧ឆ្នាំ ជា​ម្តាយ​ពល​ការិនី ជិន តាំងយូ បាន​រៀបរាប់​អំពី​ការ​សប្បាយ​រីករាយ​ក្នុង​គ្រួសារ ក្រោយ​ពេល​បាន​ទទួល​ដំណឹង​អំពី​កូន​ស្រី ដែល​នៅ​រស់ និង​កំពុង​បន្ត​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី ថា ជា​រឿង​មួយ​ដែល​អ្នកស្រី​រង់ចាំ​ជា​យូរ​មក​ហើយ។

អ្នកស្រី ធឿន ហឿន៖ «រំភើប​អរ​ណាស់​ខ្ញុំ។ អរ​ដោយ​សារ​បាន​ដំណឹង​កូន ហើយ​កូន​ឆ្លើយ​មក​ថា រស់នៅ​បាន​សុខ​ស្រួល។ ចាស ខ្ញុំ​សុខ​សប្បាយ​ទេ​ម៉ែ មក​ពី​ខ្ញុំ​អត់​ហ៊ាន​សុំ​ថៅកែ។ ខ្ញុំ​សួរ​ថា ម៉េច​បាន​ជា​កូន​មិន​ផ្តល់​ដំណឹង​ឲ្យ​ម៉ែ? ថា​ខ្ញុំ​អត់​ហ៊ាន។ កាល​មុន​សរសៃ​ប្រសាទ ឥឡូវ​បាន​ដេក​បាន​អី​បាន ឮ​សូរ​កូន​ផ្តល់​ដំណឹង​មក។ ចាស តេ​ប្រាប់​បង​ប្អូន​នៅ​ស្រុក​ទាំង​អស់​ចាស។ បង​ប្អូន​ខ្ញុំ​នៅ​កំពង់ចាម ច្រើន​ណាស់​គេ​ថា​អរគុណ។ ចាស យប់​មិញ​ខ្ញុំ​បាន​ទាក់ទង​ទៅ។ គេ​ថា​ម៉ោង​៨​យប់ ឲ្យ​ខ្ញុំ​តេ​ទាក់ទង​ទៅ​ជួប​កូន។ តែ​ដល់​ពេល​តេ​ទៅ មិន​ដឹង​ធាតុ​អាកាស​យ៉ាង​ម៉េច បាន​ជា​និយាយ​ទៅ​អត់​ច្បាស់»

ពល​ការិនី ជិន តាំងយូ បាន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា ទៅ​ធ្វើ​ការ​តាម​ផ្ទះ​នៅ​ប្រទេស​ម៉ាឡេស៊ី តាម​រយៈ​ក្រុមហ៊ុន​ជ្រើស​រើស​ពលករ​មួយ​ឈ្មោះ ហ្វីលីម៉រ កាល​ពី​ថ្ងៃ​ទី​៦ ខែ​តុលា ឆ្នាំ​២០១០។ តាំង​ពី​ពេល​ចាក​ចេញ​ទៅ ក្រុម​គ្រួសារ​មិន​ដែល​បាន​ទទួល​ដំណឹង​អំពី​សុខទុក្ខ​ឡើយ។ ម្តាយ​ពល​ការិនី​នេះ បាន​ដាក់​លិខិត សាកសួរ​ព័ត៌មាន​ជាច្រើន​ដង​ពី​កូន​ស្រី តែ​កន្លង​មក​មិន​បាន​ទទួល​ការ​ឆ្លើយ​តប​ពី​ក្រុមហ៊ុន​ឡើយ។ រហូត​មក​ដល់​ពេល​នេះ ទើប​បាន​ទទួល​ព័ត៌មាន​ថា នាង​រស់នៅ និង​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី មាន​សេចក្តី​សុខ​ជា​ធម្មតា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល