កម្មករ​ក្រុមហ៊ុន​ឌូវែលផ្លាស តវ៉ា​បើក​ប្រាក់​ខែ​ចុង​ក្រោយ

កម្មករ​៤២នាក់ នៃ​ក្រុមហ៊ុន​ប្រទេស​កូរ៉េ ឈ្មោះ​ឌូវែលផ្លាស (Do Well Plus) ធ្វើ​វិនិយោគ​វិស័យ​កសិកម្ម តវ៉ា​ទាម​ទារ​សុំ​ឲ្យ​ក្រុមហ៊ុន​ផ្ដល់​ប្រាក់​ខែ​បំណាច់​ឆ្នាំ ប្រាក់​ខែ ខែ​ចុង​ក្រោយ និង​ទាម​ទារ​ឲ្យ​ក្រុមហ៊ុន​សង​ជំងឺ​ចិត្ត​ដល់​ពួក​គេ ព្រោះ​ក្រុមហ៊ុន​បញ្ឈប់​កម្មករ​ដោយ​មិន​បាន​ជូន​ដំណឹង​ជា​មុន។

0:00 / 0:00

កម្មករ​ឈ្មោះ ដល សកល ឲ្យ​ដឹង​ថា ពួក​គាត់​ធ្វើ​ការ​ឲ្យ​ក្រុមហ៊ុន​ឌូវែលផ្លាស នៅ​ភូមិ​ស្រែឈូក ឃុំ​ស្រែឈូក ស្រុក​កែវសីមា ខេត្ត​មណ្ឌលគិរី ដែល​ដាំ​ដំណាំ​ដំឡូង​មី​លើ​ផ្ទៃ​ដី​ប្រមាណ​៣.១១០​ហិកតារ។ ក្រោយ​ពី​លោក​ធ្វើ​ការ​ឲ្យ​ក្រុមហ៊ុន​នេះ​អស់​រយៈពេល​១ឆ្នាំ ស្រាប់​តែ​នៅ​ថ្ងៃ​ទី១០ កញ្ញា ក្រុមហ៊ុន​ប្រាប់​ពួក​គាត់​ថា ក្រុមហ៊ុន​នឹង​បញ្ឈប់​ពួក​គាត់​ពី​ការងារ ព្រោះ​ក្រុមហ៊ុន​ក្ស័យធន។ ដូច្នេះ ថៅកែ​ក្រុមហ៊ុន​សុំ​ពួក​គាត់​រង់ចាំ​១សប្ដាហ៍ ក្រុមហ៊ុន​បើក​ប្រាក់​ខែ​ឲ្យ ប៉ុន្តែ ១សប្ដាហ៍​កន្លង​ផុត ពួក​គាត់​ក៏​នាំ​គ្នា​ទៅ​យក​ប្រាក់​ខែ​នោះ ក្រុមហ៊ុន​បែរ​ជា​ក្រឡះ​សម្ដី​ថា គេ​បើក​ប្រាក់​ខែ​ឲ្យ​ពួក​គាត់​ត្រឹម​១០ថ្ងៃ។

វិទ្យុ​អាស៊ី​សេរី មិន​អាច​ទាក់​ទង​តំណាង​នៃ​ក្រុមហ៊ុន​ឌូវែលផ្លាស បាន​ទេ នៅ​ថ្ងៃ​ទី១៨ កញ្ញា ឆ្នាំ​២០១២៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។