ទិវា​សន្តិភាព​ពិភពលោក​ថ្ងៃ​ទី២១ កញ្ញា

ក្រុម​ការងារ​ដើម្បី​សន្តិភាព ដែល​មាន​គ្នា​ជិត​២​ពាន់​នាក់ គ្រោង​ដើរ​ដង្ហែ​ក្បួន និង​ធ្វើ​សមាធិ​អប់រំ​ចិត្ត ដើម្បី​ប្រារព្ធ​ទិវា​សន្តិភាព​ពិភពលោក នៅ​ថ្ងៃ​ទី​២១ ខែ​កញ្ញា ឆ្នាំ​២០១២។
ដោយ ខែ សុណង
2012-09-21
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រុម​ការងារ​សន្តិភាព បាន​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ដែល​ស្រលាញ់​សន្តិភាព នឹង​ប្រារព្ធ​ទិវា​សន្តិភាព នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​ចំនួន​៧​ទៀត គឺ​ខេត្ត​បាត់ដំបង កំពង់ចាម កំពង់ឆ្នាំង បន្ទាយមានជ័យ កំពង់ស្ពឺ ព្រះវិហារ និង​ខេត្ត​សៀមរាប ដើម្បី​លើក​កម្ពស់​សន្តិភាព​នៅ​ថ្នាក់​តំបន់ និង​ទូទាំង​ពិភពលោក។ ការ​ប្រារព្ធ​នេះ គឺ​មាន​កិច្ច​សហប្រតិបត្តិការ​ពី​រដ្ឋាភិបាល ដៃគូ​អភិវឌ្ឍន៍ អន្តរ​សាសនា ក្រុម​យុវជន និង​ប្រជាពលរដ្ឋ​ទាំង​អស់ ធ្វើ​ការ​ដើម្បី​សន្តិភាព​ដែល​ជា​មធ្យោបាយ​សម្រាប់​ការ​រស់នៅ​ប្រកប​ដោយ​ភាព​សុខដុមរមនា និង​សុភមង្គល។

សមាជិក​ក្រុម​ការងារ​ដើម្បី​សន្តិភាព ដែល​ជា​អ្នក​សម្រប​សម្រួល​កម្មវិធី​នេះ​នៅ​ភ្នំពេញ លោក ទីម ម៉ាឡៃ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២០ កញ្ញា ថា ពិធី​នេះ​គឺ​ប្រារព្ធ​ឡើង​ក្នុង​គោលដៅ​បង្ហាញ​សារ​ដល់​សាធារណជន ឲ្យ​យល់​ដឹង​កាន់​តែ​ច្បាស់​អំពី​អ្វី​ទៅ​ជា​សន្តិភាព​ក្នុង​ពិភពលោក និង​សន្តិភាព​រវាង​ចិត្ត​របស់​បុគ្គល​ម្នាក់ៗ៖ «បាទ ស្ថានភាព​បច្ចុប្បន្ន​យើង​ចង់​និយាយ​ថា​មាន​ដែរ ប៉ុន្តែ​យើង​ចង់​ឲ្យ​មាន​សន្តិភាព​ដូច​ជា​ពាក្យ​មួយ​បាន​ពោល​ថា សន្តិភាព​គឺ​ជា​ដង្ហើម បើ​សិន​ជា​វា​អត់​ដក​ទេ វា​ត្រូវ​ដាច់។ អ៊ីចឹង​ចង់​រំលឹក​ឲ្យ​ប្រជាពលរដ្ឋ ឬ​ក៏​យុវជន ឬ​សាសនា​ផ្សេងៗ​ទាំង​អស់​ហ្នឹង គាត់​ចូល​រួម​រំលឹក​ពង្រឹង​សន្តិភាព បើ​សិន​យើង​សង្កេត​ឃើញ​ប្រជាពលរដ្ឋ​មាន​ការ​ភ័យ​ខ្លាច​ក៏​មិន​ទាន់​រឹងមាំ​ដែរ»

ប៉ុន្តែ បណ្ដាញ​ក្រុម​ការងារ​ដើម្បី​សន្តិភាព បាន​ឲ្យ​ដឹង​ថា សាលា​រាជធានី​ភ្នំពេញ​បាន​ហាម​ឃាត់​ក្រុម​នេះ​មិន​ឲ្យ​ប្រារព្ធ​នោះ​ទេ។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ក្រុម​ការងារ​នេះ​អះអាង​ថា នៅ​តែ​បន្ត​ការ​ប្រារព្ធ​ពិធី​របស់​ពួក​គេ​ដដែល។

ទិវា​សន្តិភាព​ពិភពលោក​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​សេចក្ដី​សម្រេច​របស់​អង្គការ​សហប្រជាជាតិ​មួយ ក្នុង​ឆ្នាំ​១៩៨១ គឺ​ចំ​ពេល​ជាមួយ​ការ​បើក​មហាសន្និបាត​អង្គការ​សហប្រជាជាតិ។ ទិវា​សន្តិភាព​លើក​ដំបូង ត្រូវ​បាន​ប្រារព្ធ​ឡើង​កាល​ពី​ខែ​កញ្ញា ឆ្នាំ​១៩៨២។ ក្នុង​ឆ្នាំ​២០០២ មហាសន្និបាត​អង្គការ​សហប្រជាជាតិ បាន​ប្រកាស​ជា​ផ្លូវ​ការ យក​ថ្ងៃ​ទី​២១ កញ្ញា ជា​ថ្ងៃ​អចិន្ត្រៃយ៍​សម្រាប់​ទិវា​សន្តិភាព៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល