យុវតី​ស្ម័គ្រចិត្ត​ចូល​រួម​វាស់វែង​ដី​ជូន​ប្រជាពលរដ្ឋ​នៅ​ខេត្ត​ក្រចេះ

ក្នុង​យុទ្ធនាការ​បញ្ចប់​ទំនាស់​ដីធ្លី​នៅ​កម្ពុជា ដែល​ផ្ដើម​ចេញ​ពី​ការ​ចុះ​វាស់វែង​ដីធ្លី​ជូន​ប្រជាពលរដ្ឋ ដោយ​ក្រុម​និស្សិត​ស្ម័គ្រចិត្ត​តាម​គោល​នយោបាយ​ចាស់​សកម្មភាព​ថ្មី​របស់​រដ្ឋាភិបាល មាន​និស្សិត​ជិត​២ពាន់​នាក់ កំពុង​បំពេញ​បេសកកម្ម​នេះ​លើ​ទំហំ​ដី​១លាន​ហិកតារ ជូន​ប្រជាពលរដ្ឋ​ជាង​៣០​ម៉ឺន​គ្រួសារ​នៅ​ទូទាំង​ប្រទេស​កម្ពុជា។
ដោយ ទេព សុរ៉ាវី
2012-08-09
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
យុវជន​ស្ម័គ្រចិត្ត ៣០៥
ក្រុម​និស្សិត​ស្ម័គ្រចិត្ត​ចុះ​វាស់វែង​ដី​ចំនួន​៧​ក្រុម និង​ក្រុម​អាជ្ញាធរ នៅ​ស្រុក​ស្នួល ខេត្ត​ក្រចេះ កាល​ពី​ថ្ងៃ​ទី​៨ ខែ​សីហា ឆ្នាំ​២០១២។
RFA/Tep Soravy

នៅ​ឯ​ស្រុក​ស្នួល ខេត្ត​ក្រចេះ យុវតី​ដែល​បាន​ស្ម័គ្រចិត្ត​នៅ​ក្នុង​ក្រុម​ចុះ​វាស់វែង​ដីធ្លី ចាត់​ទុក​បេសកកម្ម​របស់​ខ្លួន​ជា​ជំហាន​ថ្មី​មួយ​សម្រាប់​ស្ត្រី ដើម្បី​ឲ្យ​ពួក​គេ​មាន​ឱកាស​ចូល​រួម​អភិវឌ្ឍ​ក្នុង​កិច្ចការ​សង្គម។

ក្នុង​ទិសដៅ​មិន​រួញ​ថយ​នឹង​ការ​នឿយហត់ យុវតី ហ៊ីង ជ័យសុលឿន អាយុ​២១​ឆ្នាំ ជា​និស្សិត​ឆ្នាំ​ទី​៣ នៃ​សកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម បាន​ស្ម័គ្រចិត្ត​ចូល​រួម​ក្រុម​យុវជន​ស្ម័គ្រចិត្ត​ចុះ​វាស់វែង​ដីធ្លី​ជូន​ប្រជាពលរដ្ឋ តាម​គោលការណ៍​រដ្ឋាភិបាល។ នាង​ត្រូវ​បាន​បញ្ជូន​មក​ជាមួយ​ក្រុម​និស្សិត​ដទៃ​ទៀត សរុប​ជាង​៨០​នាក់ ដើម្បី​វាស់​ដី​នៅ​ក្នុង​ស្រុក​ស្នួល ខេត្ត​ក្រចេះ។

កញ្ញា ហ៊ីង ជ័យសុលឿន ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៨ ខែ​សីហា ថា ក្នុង​រយៈពេល​ជាង​១ខែ ដែល​នាង​ចុះ​មក​ធ្វើ​ការ​ជា​យុវជន​ស្ម័គ្រចិត្ត នាង​បាន​សម្រប​ខ្លួន​រៀន​រស់នៅ​ជាមួយ​អ្នក​ភូមិ ចេះ​ហាត់​ពត់​ខ្លួន​ឯង ដែល​ធ្លាប់​តែ​រស់នៅ​ស្រួល​នៅ​ទីក្រុង​ភ្នំពេញ ទៅ​រស់នៅ​តាម​ជនបទ និង​អាច​ធ្វើ​កិច្ចការ​មួយ​ចំនួន​ដើម្បី​សង្គម។

នាង​ស្នើ​ឲ្យ​យុវតី​ងាក​មក​ចាប់​អារម្មណ៍​កិច្ចការ​ជួយ​សង្គម​ឲ្យ​បាន​ច្រើន និង​ហ៊ាន​ពុះពារ​ឧបសគ្គ​មួយ​ចំនួន ដើម្បី​អភិវឌ្ឍ​ខ្លួន​ឯង​ឲ្យ​ទៅ​ជា​មនុស្ស​ម្នាក់ ដែល​អាច​ធ្វើ​កិច្ចការ​បាន​ដូច​ជា​បុរស៖ «ចុះ​ធ្វើ​ការងារ​ច្រើន​អីចឹង យល់​ពី​សង្គម​យល់​ពី​ការ​រស់នៅ ងាយ​កុំ​ឲ្យ​ប្រឈម​មុខ​នឹង​ការ​ដែល​គេ​ហៅ​ថា​ស្ត្រី​វិល​ចង្ក្រាន​មិន​ជុំ។ ធ្លាប់​រស់នៅ​ទីក្រុង មក​ផ្លាស់​ប្ដូរ​រស់នៅ​ជនបទ​ជាមួយ​ប្រជាជន»

យុវតី​ម្នាក់​ទៀត​ឈ្មោះ ឆាយ សុលីន អាយុ​២០​ឆ្នាំ ដែល​ចុះ​ទៅ​វាស់វែង​ដីធ្លី នៅ​ឃុំ​២ធ្នូ ឲ្យ​ដឹង​ដែរ​ថា ការ​ចុះ​មក​វាស់វែង​ដីធ្លី​ជួប​ការ​លំបាក​ខ្លះ ដោយ​សារ​តែ​ក្រុម​ការងារ​ពួក​គេ​ត្រូវ​ដើរ​ឆ្ងាយ​នៅ​ក្នុង​ព្រៃ។ តែ​ទោះ​ជា​យ៉ាង​ណា ឧបសគ្គ​ទាំង​នោះ​មិន​មែន​ជា​បញ្ហា​ចោទ​នោះ​ទេ ហើយ​នាង​ចាត់​ទុក​ថា​វា​ជា​បទពិសោធន៍​ក្នុង​ជីវិត​សម្រាប់​យុវជន ហើយ​យុវជន​អាច​ចេះ​អ្វី​ដែល​គេ​ហៅ​ថា​អត់​ធ្មត់ និង​តស៊ូ​ដើម្បី​បំពេញ​ការងារ​ឲ្យ​ចប់​ចុង​ចប់​ដើម៖ «ស្រីៗ​និង​ប្រុសៗ ធ្វើ​ការ​ជាមួយ​គ្នា​អីចឹង យើង​ឃើញ​ថា​ថ្ងៃ​ក្រោយ​ទៅ​គ្មាន​ថា​ប្រកាន់​ការងារ ថា​ស្រីៗ​អត់​អាច​ធ្វើ​បាន​ទេ យើង​អាច​មក​ជួយ​គ្នា​បាន»

ចំពោះ​ការងារ​វាស់ដី​វិញ យុវ​និស្សិត​ស្ម័គ្រចិត្ត បាន​ឲ្យ​ដឹង​ថា ការងារ​សំខាន់​ដែល​ត្រូវ​បំពេញ​មាន​បី​ផ្នែក។ ផ្នែក​ទី១ គឺ​ទទួល​ខុស​ត្រូវ​ផ្សព្វផ្សាយ​អំពី​ការងារ​វាស់​ដី ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ដឹង​អំពី​ពេល​វេលា និង​ទី​កន្លែង​ដែល​ក្រុម​ការងារ​ចុះ​ទៅ​វាស់​ដី។ ផ្នែក​ទី២ គឺ​ក្រុម​ទទួល​ខុស​ត្រូវ​ខាង​បំពេញ​សលាកបត្រ បែប​បទ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​បាន​ទទួល​ប្លង់​កម្មសិទ្ធិ​បឋម ដែល​ភាគ​ច្រើន កិច្ចការ​នេះ​យុវតី​ក្នុង​ក្រុម​ជា​អ្នក​ទទួល​ខុស​ត្រូវ។ ផ្នែក​ទី៣ គឺ​ក្រុម​ចុះ​វាស់​ជាក់ស្តែង​ជាមួយ​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន មន្ត្រី​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ប្រជាពលរដ្ឋ ដើម្បី​កំណត់​ព្រំ​ដី​ឲ្យ​បាន​ច្បាស់​លាស់។

លោក អ៊ុច វីរៈ អនុប្រធាន​ការិយាល័យ​សុរិយោដី នៃ​មន្ទីរ​ដែនដី នគរូបនីយកម្ម ដែល​ដឹកនាំ​ក្រុម​យុវជន​ស្ម័គ្រចិត្ត​ចុះ​វាស់វែង​ដី​នៅ​ស្រុក​ស្នួល ឲ្យ​ដឹង​ថា លោក​មាន​ការ​លំបាក​ខ្លះ​ដែរ​ចំពោះ​ការ​ណែនាំ​នូវ​ជំនាញ​បច្ចេកទេស​ដល់​ក្រុម​និស្សិត​ស្ម័គ្រចិត្ត​ទាំង​នោះ ដោយ​លោក​បាន​ពន្យល់​ថា ពួក​គេ​មិន​មាន​ជំនាញ​បច្ចេកទេស​បំពេញ​ឯកសារ តែ​អាច​មាន​សមត្ថភាព​វាស់វែង​ដី ដោយ​ប្រើ​ម៉ាស៊ីន ជី.ភី.អេស (GPS)៖ «មិន​ជា​ពិបាក​រៀន​ទេ ព្រោះ​មនុស្ស​ចេះ​ខ្លះ​ហើយ រឿង​វាស់វែង គាត់​ចេះ​តាម ជី.ភី.អេស តែ​ការងារ​បច្ចេកទេស​សរសេរ​ទម្រង់​បែប​បទ គាត់​យល់​ដឹង​តិច»

លោក អ៊ុច វីរៈ បាន​ប្រដូច​សកម្មភាព​ចុះ​វាស់វែង​ដី​នេះ ជា​ការ​ចុះ​កម្មសិក្សា​មួយ​របស់​ក្រុម​និស្សិត ហើយ​ពួក​គេ​អាច​មាន​បទពិសោធន៍​ច្រើន ទាំង​ក្នុង​ការងារ និង​ជីវភាព​រស់នៅ ក្រោយ​ពី​បញ្ចប់​កម្មសិក្សា​នេះ។

មន្ត្រី​សុរិយោដី​រូប​នេះ​បន្ត​ថា ក្រុម​និស្សិត​បាន​វាស់វែង​ដីធ្លី​នៅ​ភូមិ​គ្រញូង ក្នុង​ឃុំ​២ធ្នូ រួច​ហើយ ដែល​បាន​ជិត​៩០០​ក្បាល​ដី ដែល​តំបន់​នោះ​អ្នក​ភូមិ​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន ស៊ី អាយ វី (CIV)។ ក្រុម​និស្សិត​នឹង​បន្ត​វាស់វែង​ដី​នៅ​ឃុំ​ឃ្សឹម ក្នុង​ស្រុក​ស្នួល ដដែល ចាប់​ពី​ថ្ងៃ​ទី​៨ ខែ​សីហា ដែល​តំបន់​នេះ​អ្នក​ភូមិ​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចំនួន​២ គឺ​ក្រុមហ៊ុន សុវណ្ណ ឫទ្ធី និង​ក្រុមហ៊ុន ហួត សម្បត្តិ។

ដី​ដែល​ក្រុម​យុវជន​ស្ម័គ្រចិត្ត​ត្រូវ​ចុះ​ទៅ​វាស់​នោះ មាន​ដី​សម្បទាន ដី​ព្រៃ​សម្បទាន និង​ដី​ទំនាស់ ដែល​ប្រជាពលរដ្ឋ​កាន់​កាប់​ជាក់​ស្ដែង។ ប្រភព​មន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ឲ្យ​ដឹង​ថា មាន​ដី​ប្រមាណ​១លាន​ហិកតារ ដែល​ត្រូវ​វាស់ ដើម្បី​ធ្វើ​ប្លង់​កម្មសិទ្ធិ​ឲ្យ​ប្រជាពលរដ្ឋ​ចំនួន ៣៥​ម៉ឺន​គ្រួសារ នៅ​ទូទាំង​ប្រទេស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល