យុវជន​ស្ម័គ្រចិត្ត​ចុះ​វាស់វែង​ដី​មួយ​ក្រុម​ជួយ​ឧបត្ថម្ភ​គ្រួសារ​ចាស់​ជរា

ក្រុម​យុវជន​ស្ម័គ្រចិត្ត​ចុះ​វាស់វែង​ដី​មួយ​ក្រុម បាន​ជួយ​គ្រួសារ​ប្រជាពលរដ្ឋ​ចាស់​ជរា និង​ក្រីក្រ​មួយ នៅ​ភូមិ​ខ្នាទៃមោក ឃុំ​ក្រាំងល្វា ស្រុក​សាមគ្គីមានជ័យ ខេត្ត​កំពង់ឆ្នាំង។
ដោយ មណ្ឌល កែវ
2012-09-04
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
យុវជន​ស្ម័គ្រចិត្ត ផ្ដល់​អំណោយ​ដល់​ចាស់​ជរា ៣០៥
០៣-កញ្ញា-២០១២៖ ក្រុម​យុវជន​ស្ម័គ្រចិត្ត​វាស់វែង​ដីធ្លី​ក្រុម​ទី៨៩ នៅ​ឃុំ​ក្រាំងល្វា ស្រុក​សាមគ្គីមានជ័យ ខេត្ត​កំពង់ឆ្នាំង យក​អំណោយ​ទៅ​ជូន​គ្រួសារ​លោក​យាយ ជៀម ឃីម។
RFA/Mondul keo

និស្សិត​ឈ្មោះ ជា សេង ជា​ប្រធាន​ក្រុម​យុវជន​ស្ម័គ្រចិត្ត​ចុះ​វាស់វែង​ដីធ្លី​ក្រុម​ទី៨៩ នៃ​ខេត្ត​កំពង់ឆ្នាំង បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៣ កញ្ញា ថា ក្រុម​ទី៨៩ ទទួល​បន្ទុក​ចុះ​វាស់វែង​ដី​ជូន​ប្រជាពលរដ្ឋ នៅ​ឃុំ​ក្រាំងល្វា ស្រុក​សាមគ្គីមានជ័យ ខេត្ត​កំពង់ឆ្នាំង។ យុវជន ជា សេង បន្ត​ថា ក្នុង​បេសកកម្ម​ចុះ​វាស់វែង​នេះ ប្អូន​បាន​ជួប​ប្រជាពលរដ្ឋ​ចាស់​ជរា និង​ក្រីក្រ​មួយ​គ្រួសារ។ លោក​តា គឹម ហ៊ន អាយុ​៧៦ឆ្នាំ កំពុង​មាន​ជំងឺ​មិន​អាច​ក្រោក​ដើរ​រួច ចំណែក​លោក​យាយ​ជា​ប្រពន្ធ​ឈ្មោះ ជៀម ឃីម អាយុ​៨១​ឆ្នាំ បាន​មក​សុំ​ចុះ​បញ្ជី​ដីធ្លី​របស់​គាត់។

យុវជន ជា សេង៖ «ដោយ​សារ​សេចក្ដី​ស្រឡាញ់​របស់​ក្រុម​ការងារ​យុវជន ក្មួយ​ក៏​ដូច​ជា​ការ​ណែនាំ​របស់​សម្ដេច​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន សែន និង​លោក​ជំទាវ ឲ្យ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​បង​ប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ ក្មួយ​ក៏​បាន​ពាំនាំ​អំណោយ​មួយ​ចំនួន ដែល​បាន​មក​ពី​ការ​ឧបត្ថម្ភ​របស់​ថ្នាក់​ដឹកនាំ​គ្រប់​លំដាប់​ថ្នាក់ ទៅ​ចែក​រំលែក​ជូន​គ្រួសារ​នេះ»

យុវជន ជា សេង ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា ដោយ​ឃើញ​លោក​យាយ​មក​ធ្វើ​ការ​ចុះ​បញ្ជី​ដោយ​ផ្ទាល់ ប្អូន​មាន​ការ​ងឿង​ឆ្ងល់ ក៏​ឲ្យ​សមាជិក​ក្រុម​ការងារ​តាម​ពិនិត្យ​មើល​ផ្ទះ​សម្បែង ទើប​ដឹង​ថា គ្រួសារ​លោក​យាយ​មាន​ជីវភាព​ក្រីក្រ​លំបាក និង​គ្មាន​កូន​ចៅ​រស់នៅ​ជាមួយ។ ក្រុម​យុវជន​ស្ម័គ្រចិត្ត​ទាំង​អស់​គ្នា ក៏​សម្រេច​ចិត្ត​រំលែក​គ្រឿង​ឧបភោគ​បរិភោគ​ដែល​ក្រុម​យុវជន​ស្ម័គ្រចិត្ត​ទទួល​បាន​ពី​ថ្នាក់​ដឹកនាំ​ខេត្ត​មួយ​ចំនួន និង​រៃអង្គាស​លុយ​គ្នា យក​ទៅ​ជួយ​ជួស​ជុល​ផ្ទះ​លោក​យាយ ជៀម ឃីម៖ «ដោយ​សារ​អត្តសញ្ញាណប័ណ្ណ​គាត់​បាត់ គាត់​មាន​តែ​សំបុត្រ​កំណើត ទើប​ក្មួយ​សួរ​គាត់​ថា មាន​រូប​ថត​ដែរ​ទេ គាត់​ថា​អត់​មាន​លុយ​ថត​រូប ក្មួយ​ក៏​បាន​ប្រើ​អាយផេត (Ipad) ថត​ឲ្យ​គាត់ រួច​ចំណាយ​លុយ​ផ្ទាល់​ខ្លួន​ផ្ដិត​យក​មក​បិទ​ក្នុង​ឯកសារ សម្រាប់​ការ​ចុះ​បញ្ជី​ដីធ្លី​របស់​គាត់»

ទទួល​បាន​ការ​ជួយ​ឧបត្ថម្ភ​ពី​ក្រុម​យុវជន​ស្ម័គ្រចិត្ត លោក​យាយ ជៀម ឃីម ត្រេកអរ​និយាយ​មិន​ចេញ បាន​ត្រឹម​តែ​ពាក្យ​ថា អរគុណ​ប៉ុន្មាន​ម៉ាត់​ប៉ុណ្ណោះ៖ «យាយ​អរគុណ​ណាស់ អរគុណ​ចៅៗ​ទាំង​អស់ ដែល​បាន​ជួយ​យាយ សុំ​ឲ្យ​ចៅៗ​បាន​សុខ​សប្បាយ​ទាំង​អស់​គ្នា»

បន្ទាប់​ទទួល​បាន​ដំណឹង​ពី​ក្រុម​យុវជន​ស្ម័គ្រចិត្ត ស្ដីពី​គ្រួសារ​ជន​ជរា​ក្រីក្រ​នេះ កាកបាទ​ក្រហម​ខេត្ត​ក៏​បាន​ផ្ដល់​ជំនួយ​ជា​គ្រឿង​ឧបភោគ​បរិភោគ និង​ថវិកា​មួយ​ចំនួន​ដល់​គ្រួសារ​ជន​ជរា​ក្រីក្រ​នេះ​ដែរ។

ទន្ទឹម​នឹង​ការ​កោតសរសើរ​ចំពោះ​ក្រុម​យុវជន​ស្ម័គ្រចិត្ត អង្គការ​សង្គម​ស៊ីវិល​នានា ក្នុង​ខេត្ត​បាន​រិះគន់​ចំពោះ​អាជ្ញាធរ​ដែនដី​ភូមិ-ឃុំ ថា បាន​មើល​រំលង​ចំពោះ​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ​ក្រីក្រ និង​ចាស់​ជរា​ក្នុង​ដែនដី​ដែល​ខ្លួន​គ្រប់គ្រង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល