កំណាព្យ គុណ​ត្នោត គួរ​ថែ

បទ​ពាក្យ​បួន

យី ឆេងអ៊ួ (ប៉េង)

1. ត្នោត​ខំ​ប្រឹង​ផ្លែ ម៉ែ​ខំ​ធ្វើ​ការ ដើម្បី​នរណា គឺ​ព្រោះ​តែ​កូន។

2. សញ្ជាតិ​ជា​ខ្មែរ ថែ​បង​ថែ​ប្អូន ត្នោត​ផ្លែ​រាប់​ផ្លូន ពូន​ខ្មែរ​ឲ្យ​ថ្កើង។

3. ខ្មែរ​អឺយ​កូន​ខ្មែរ រួសរាន់​ភ្ញាក់​ឡើង សន្សំ​ដាក់​ទ្រើង ដាំ​ដុះ​ត្នោត​ខ្មែរ។

4. ក្រុង​ចម្ការ​ស្រែ ដី​នៅ​ទំនេរ ប្រឹង​បណ្ដុះ​ថែ ត្នោត​ខ្មែរ​ឲ្យ​ច្រើន។

5. ត្នោត​ជួយ​ជាតិ​ខ្មែរ ឲ្យ​រីក​ចម្រើន ត្នោត​ខ្មែរ​ដុះ​ច្រើន មិន​រើស​កន្លែង។

6. ត្នោត​ខំ​ប្រឹង​លូត លាស់​តែ​ម្នាក់​ឯង ត្នោត​មិន​ចំបែង រឿង​ព្រួយ​រក្សា។

7. ដូច្នេះ​សូម​អស់ កូន​ចៅ​ខេមរា ខំប្រឹង​រក្សា ស្ទួយ​ត្នោត​ឡើង​វិញ។

8. ឈប់​កាប់​បំផ្លាញ ឈប់​កាប់​គាស់​ចេញ ខ្មែរ​នឹង​ចំណេញ សេដ្ឋកិច្ច​បវរ៕៚