បទពាក្យប្រាំពីរ (សូត្របែបប្រជាប្រិយ)
១.អាងតែខ្លួនធំចង្កូមស្រួច អាឆ្កែកំហូចពូជគម្រក់ សង្គ្រុបខាំញេចខ្ទេចគីង្គក់ បោកបោចវីវក់ប៉ងពាធា។
២.គីង្គក់ខ្លួនតូចសម្រួចចាំ ពិសដែលបានផ្សាំក្នុងកាយា បង្កប់ក្រោមស្បែកកេរដូនតា បញ្ចេញឫទ្ធាទល់តតាំង។
៣.ឆ្កែស្មានគីង្គក់ស្ទក់ចុះចាញ់ ប្រុងលេបស្មានឆ្ងាញ់អញអ្នកខ្លាំង ពិសគីង្គក់បែកភ្នែកស្រវាំង ឆ្កែស្រឡាំងកាំងយោគធេងធោង។
៤.វ៉ូសៗង៉េចៗដេករាបដី បាក់ពោះល្ហិតល្ហៃ ដួលដាំដូង ឫទ្ធិពិសគីង្គក់លត់វិញម្តង ឆ្កែបះជើងច្រូងដល់ចុះចាញ់។
៥.រីពួកអ្នកធំតែងតែខូច ធ្វើបាបអ្នកតូចគុំគួនក្នាញ់ ចោទនេះចោទនោះតាមប្រមាញ់ កេងគាបចម្រាញ់ឈាមអ្នកតូច។
៦.ទោះធំប៉ុណ្ណាក៏មិនថ្វី អ្នកតូចកុំភ័យបើគេខូច ពេលជួបសច្ចធម៌គេនឹងប្រូច សុំតែអ្នកតូចកាន់សុចរិត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។