បទពាក្យប្រាំពីរ (សូត្របែបប្រជាប្រិយ)
១-កុំកាប់បំពង់រង់ចាំទឹកភ្លៀង ពាក្យនេះប្រៀនរៀងខ្មែរគ្រប់គ្នា មិនថាអ្នកក្រុងស្រែចម្ការ បានឮកាលណាយល់អត្ថន័យ។
២-ផ្ទុយអីតែខ្ញុំយល់ខុសគេ ទទឹងទទេមិនដឹងអី ខ្ញុំយល់ថាខុសមិនគួរស្តី ស្ថានភាពសព្វថ្ងៃរឹតត្រូវការ។
៣-បើមានបំពង់នៅជាប់ដៃ កាប់ទុកលកលៃពីយូរយារ ទោះភ្លៀងតូចធំមិនអាសា ត្រងទុកត្រៀបត្រាប្រើការបាន។
៤-បើចាំដល់ភ្លៀងទើបរកបំពង់ វេលាក៏បង់ទឹកក៏ខាន ភ្លៀងរាំងផុតបាត់ទើបយើងមាន រកបំពង់បានតែខកការ។
៥-ត្រូវកាប់បំពង់ទោះគ្មានភ្លៀង ត្រៀមតាមជើងរៀងផ្ទះរាល់គ្នា ភ្លៀងផ្លាប់ត្រងផ្លាច់ស្រេចគង្គា ច្រកទុកត្រៀបត្រាគ្រាន់ប្រើប្រាស់។
៦-ត្រូវឬកុំកាប់រឿងបំពង់ សូមជូនជាប្លង់ប្រៀបធៀបខ្លះ ត្រូវឬមិនត្រូវគិតអោយច្បាស់ ញែកអោយស្រឡះចេញប្រយោជន៍៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។