កំណាព្យ ចិត្តល្អ

ដោយ យី ឆេងអ៊ួ (ប៉េង) បណ្ណារក្ខ​ខ្មែរ
2012-05-03
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

បទ​ពាក្យ ៧

១. ចិត្ត​ល្អ​ចិត្ត​ស​ដូច​ក្រដាស    មិត្ត​មក​ពេញពាស​ស្ម័គ្រ​រាប់​អាន    ចិត្ត​ល្អ​ចេះ​ជួយ​ញាតិ​សន្តាន    ចិត្ត​ល្អ​ថ្កើងថ្កាន​យូរ​អង្វែង។

២. ចិត្ត​ល្អ​មិន​ក្រ​ទេ​ណា​មិត្ត    ចិត្ត​ល្អ​ចេះ​គិត​ចេះ​ចាត់ចែង    ចិត្ត​ល្អ​នាំ​សុខ​អស់​គេ​ឯង    ចិត្ត​ល្អ​ជន្ម​វែង​រយ​វស្សា។

៣.  ចិត្ត​ល្អ​ចែក​ចាយ​អស់​វិជ្ជា    ដល់​អស់​ផង​គ្នា​គ្រប់​តម្រា    ចិត្ត​ល្អ​បង្រៀន​អស់​សាស្ត្រា    ចិត្ត​ល្អ​ឆ្លាក់​ចារ​ទុក​ជា​កេរ។

៤. ចិត្ត​ល្អ​នាំ​មនុស្ស​រក​ផ្លូវ​សុខ    ចិត្ត​ល្អ​នាំ​ស្រុក​រីក​កើន​ទ្វេរ    ចិត្ត​ល្អ​សាង​ល្អ​គ្មាន​ទំនេរ    ចិត្ត​ល្អ​សរសេរ​តែ​ពាក្យ​ល្អ។

៥. ចិត្ត​ល្អ​ជួយ​គ្នា​គ្រា​មាន​ទុក្ខ    ចិត្ត​ល្អ​លើក​មុខ​ខ្ពស់​បវរ    ចិត្ត​ល្អ​ជួយ​អប់រំ​អ្នក​ក្រ    ចិត្ត​ល្អ​ស្មោះ​ស​មិន​ក្លែង​ក្លាយ។

៦. ចិត្ត​ល្អ​ប្រកប​ដោយ​ធម៌​ព្រហ្ម    ចិត្ត​ល្អ​ដូច​ខ្ញុំ​ទាំង​ចិត្ត​កាយ    ចិត្ត​ល្អ​នាំ​លោក​សុខ​សប្បាយ    ចិត្ត​ល្អ​ចេះ​ស្ដាយ​ភាព​ខុស​ឆ្គង។

៧. ចិត្ត​ល្អ​មិន​រក​ស៊ី​ខុស​ច្បាប់    ចិត្ត​ល្អ​មិន​ត្រាប់​ខុស​ទំនង    ចិត្ត​ល្អ​ចេះ​ចែក​ធនធាន​ផង    ចិត្ត​ល្អ​ចេះ​គ្រង​អំពើ​ល្អ។

៨. ចិត្ត​ល្អ​នៅ​មាន​ច្រើន​ណាស់​មិត្ត    ចិត្ត​ល្អ​គួរ​គិត​រស​ព្រះធម៌    ចិត្ត​ល្អ​អនុវត្ត​ឲ្យ​បាន​ល្អ    គោល​ធម៌​អដ្ឋ​មគ្គ​ទាំង​ប្រាំបី៕៚

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។