ហូប​សារធាតុ​ពុល

ដោយ គុជ បុនរ៉ី
2012-05-08
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

១. ឱ! ពលរដ្ឋ​ខ្មែរ    ទាំង​ក្រុង​និង​ស្រែ    គិត​ថា​ខ្លួន​ឆ្លាត    ហូប​របស់​ល្អ    ស្លុក​ស្ល​ឆ្អិន​ស្អាត    រៀបចំ​ត្រូវ​ខ្នាត    ស្អាត​បាត​អស្ចារ្យ។

២. មើល​ទៅ​អ្នក​ទិញ    មូល​មីរ​រមេញ    រិះ​រាម​ឆ្លេឆ្លា    ចង់​បាន​ស​ក្បុស    ដើម​ថ្លោស​ស្រស់​ថ្លា    មិន​បាន​គិត​ថា    បញ្ហា​នោះ​ទេ។

៣. គេ​ទិញ​បន្លែ    ក្នុង​ចិត្ត​គិត​តែ    ស្រស់​ខ្ចី​លើស​គេ    គ្មាន​ដង្កូវ​ស៊ី    សំភី​រិះ​រេ    ទោះ​តម្លៃ​ទ្វេ    ក៏​គេ​ត្រូវ​ការ។

៤. ពេល​ទិញ​ប្រហុក    ពួក​គេ​សម្រុក    ឈរ​ទិញ​ត្រៀបត្រា    ដាក់​លក់​ក្នុង​ឆ្នាំង    ស​ចាំង​សាច់​ថ្លា    គ្មាន​រុយ​ឡើយ​ណា    គេ​ស្រវា​យក។

៥. ពេល​ទិញ​ផ្លែ​ឈើ    មើល​ក្រោម​មើល​លើ    ដៃ​សំដៅ​រក    ផ្លែ​គ្មាន​ដង្កូវ    គឺ​ត្រូវ​លៃ​លក    ក្នុង​ចិត្ត​នឹក​ភ្នក    យក​ផ្លែ​ធំ​ល្អ។

៦. អ្នក​លក់​បន្លែ    មិន​បាន​កុន​កែ    អង្គុយ​ចំហ    ព្រោះ​លក់​មិន​ដាច់    ប្រកាច់​ភ្នែក​ស    ដើម​ស្លឹក​មិន​ល្អ    សម្ល​មិន​ឆ្ងាញ់។

៧. អ្នក​លក់​បែក​ប្រាជ្ញ    អ្នក​ទិញ​មិន​ខ្លាច    អ្នក​លក់​មិន​ចាញ់    ថែម​ជាតិ​គីមី    ដាក់​ជី​ដាក់​ខ្លាញ់    លាប​លាយ​ឬ​បាញ់    ឲ្យ​ឆ្ងាញ់​ដូច​ចិត្ត។

៨. ដំណាំ​ហូប​ផ្លែ    អ្នក​ដាំ​ប្រួល​ប្រែ    ដេញ​តាម​ប្រកិត    តម្រូវ​អ្នក​ទិញ    បំពេញ​ជិត​ដិត    មោហៈ​បាំង​បិទ    ចិត្ត​ចង់​បាន​ប្រាក់។

៩. អ្នក​លក់​ប្រហុក    គេ​ត្រៀម​ហូប​ចុក    ធុង​ខ្លះ​មិន​ចាក់    គេ​មិន​ដាក់​ថ្នាំ    មិន​ត្រាំ​បូរ៉ាក់    រៀបចំ​តាម​ថ្នាក់    ទុក​ដាក់​ចំណាំ។

១០. រឿង​ឈើ​ហូប​ផ្លែ    ក៏​មិន​ល្មម​ដែរ    គេ​បាញ់​គេ​ផ្សាំ    ផ្លែ​ឈើ​ខ្មៅ​ព្រីក    វា​រីក​ដោយ​ថ្នាំ    ផ្លែ​ខ្លះ​មិន​ត្រាំ    គេ​ទុក​ហូប​ចុក។

១១. ពួក​គេ​ថា​ចេះ    ក្រពះ​ឆួល​ឆេះ    រស់​មិន​បាន​សុខ    បន្លែ​ផ្លែ​ឈើ    សារពើ​ក្រៅ​ស្រុក    រួម​ទាំង​ប្រហុក    សម្បុក​ជាតិ​ពុល។

១២. ពោះវៀន​ពោះ​តាំង    កម្ដៅ​កើន​ខ្លាំង    ព្រោះ​រលាក​ជ្រុល    គ្រុន​ក្តៅ​រងា    នាំ​គ្នា​ផ្អើល​ព្រុល    ជំងឺ​រុករុល    ជាតិ​ពុល​ពេញ​ខ្លួន៕៚

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល