បទពាក្យប្រាំបី (សូត្របែបប្រជាប្រិយ)
១.ឃើញពុកខំប្រឹង កូនដឹងថាល្អ ឃើញពុកត្រដរ រែកពុនការងារ កូនពេញចិត្តណាស់ ចង់ត្រាប់បិតា ឃើញពុកខ្លាំងក្លា ការពារពូជពង្ស។
២.ឃើញពុកស្វះស្វែង ចាត់ចែងសព្វគ្រប់ ឃើញពុកប្រសប់ ផ្សះផ្សាក្រៅក្នុង កូនមូលត្រកូល ចូលជុំផៅវង្ស ពុកធ្វើបានខ្ញង់ ពង្សយើងសុខសាន្ត។
៣.តែឃើញពេលខ្លះ ពុកវក់នឹងស្រី លក់ស្រែលក់ដី ធ្វើទាំងបំពាន បាត់កេរកោះកូន ម្ដេចក៏ពុកហាន ឬមួយពុកស្មាន ទ្រព្យពុកម្នាក់ឯង?
៤.ទឹកដីគោកកោះ របស់កូនដែរ ពុកគួរគិតគ្នេរ ចេះខ្លាចរអែង កុំអាងឱគេ ធ្វើអីម្នាក់ឯង ពុកគួរចេះក្រែង បែងចែកជួរជា។
៥.កូនសុំយកត្រាប់ ទម្លាប់គាប់គួរ មិនយកពុតជួ តែសូមចែងចារ អោយក្មេងជាន់ក្រោយ ទុកជាតម្រា អោយគេដឹងការ ទាំងល្អអាក្រក់។
៦.កូនតាមគន្លងពុក ដែលទុករឿងល្អ កូនមិនបន្ត ធ្វើរឿងគម្រក់ ទង្វើល្អល្អ កូនតាមគន្លងពុក ទង្វើគម្រក់ កូនតាមគ្រលុកពង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។