១. វប្បធម៌ជាដួងព្រលឹងខ្មែរ យើងត្រូវជួយថែកុំអោយឃ្លាត
រវល់យ៉ាងណាក៏ត្រូវឆ្លៀត ខំរៀនថែមទៀតអោយចេះដឹង។
២. រៀនទាំងសិល្បៈអក្សរសាស្ត្រ វប្បធម៌ល្អល្អះត្រូវតែប្រឹង
ប្រពៃណីយើងគួរតែដឹង នេះជាព្រលឹងជាតិខ្មែរហើយ។
៣. រៀនអានរៀនស្ដាប់ចាប់សរសេរ ស្វែងយល់រិះរេរកចម្លើយ
ចង់ដឹងប្រឹងសួរកុំកន្តើយ នោះយើងបានស្បើយក្ដីល្ងង់ខ្លៅ។
៤. រៀនពីទំនៀមទម្លាប់ខ្មែរ មានច្រើនហូរហែដិតដាមនៅ
ចង់ដឹងប្រឹងរៀនកុំហ្មងសៅ យល់ដឹងជ្រាលជ្រៅតាមច្បាប់ក្បួន។
៥. រៀនធ្វើបុណ្យទានមានតាមខែ ប្រឹងធ្វើតាមដែរអោយខ្ជាប់ខ្ជួន
ស្លៀកពាក់ចូលវត្តអោយសមសួន អ្វីដែលខុសក្បួនស្ងួនអ្នកកុំ។
៦. ថ្វាយបង្គំព្រះសំពះសង្ឃ ឱនកាយផ្ចិតផ្ចង់ដាក់ចាស់ទុំ
រៀនប្រើសំដីអោយសមរម្យ រស់ក្នុងសង្គមមានកេរ្តិ៍ឈ្មោះ។
៧. រៀនពីទឹកដីព្រៃព្រឹក្សា សម្បត្តិខេមរាស្គាល់អោយអស់
ចំណាំចាំទុកកុំចន្លោះ ទឹកដីព្រៃកោះរបស់ខ្មែរ។
៨. ពូជពង្សាវតារដូនតាទុក ចងចាំទៅមុខកុំប្រួលប្រែ
ប្រាសាទសិលាស្នាដៃខ្មែរ យើងត្រូវជួយថែពង្សាវតារ។
៩. ធនធានធម្មជាតិមានច្រើនណាស់ ត្បូង រ៉ែ មាស ក្រាស់ព្រៃព្រឹក្សា
ស្រាវជ្រាវយល់ដឹងប្រឹងផងណា ហើយជួយរក្សាទៅថ្ងៃក្រោយ។
១០. ការពារទឹកដីអ្វីខ្មែរមាន អ្នកត្រូវតែហ៊ានកុំបណ្តោយ
បណ្ដាលឱ្យជាតិយើងទន់ខ្សោយ ប្រយ័ត្នកុំធ្លោយព្រលឹងខ្មែរ៕