១. ក្មេងសម័យថ្មី មិនថាប្រុសស្រី សប្បាយហួសក្រឹត្យ
ជួបជុំមិត្តភក្តិ ទាញទាក់ស្នេហ៍ស្និទ្ធ ស្គាល់កាយ និងចិត្ត
ជិតដិតកៀកកើយ។
២. សប្បាយផឹកស៊ី ស្រាស្រីមូលមីរ ស្រែកច្រៀងឆ្លងឆ្លើយ
ពពាក់ពពូន ជញ្ជូនឥតស្បើយ ម៉ោងដប់យប់ហើយ
គ្មានឡើយចូលផ្ទះ។
៣. ឡើងលើម៉ូតូ យាយតាស្រែកថ្ងូរ សូរដូចរន្ទះ
ជិះជ្រែពេញថ្នល់ គ្មានខ្វល់រឿងស្ទះ ប្រឹងយកតែឈ្នះ
ព្រលះគ្មានគិត។
៤. សប្បាយកក្អឹក ចាក់ហើយលើកផឹក គ្មានសៅរ៍អាទិត្យ
ផឹកស៊ីសប្បាយ ក្អាកក្អាយជុំជិត សេពគប់ឃុបឃិត
សិទ្ធិរបស់អញ។
៥. ស្រវឹងធ្លាក់ភ្នែក មាត់ប្រឹងជជែក តបនឹងសំឡាញ់
ខ្លួនក្លាយជាស្មិល រអិលដូចខ្លាញ់ អាងតែកាប់បាញ់
កុហកវៀចវេរ។
៦. ម៉ូតូហោះវ៉ាវ បុកឮសូរប្រាវ ជល់នឹងឡានគេ
ខ្ទាតមនុស្សម៉ូតូ ស្រែកថ្ងូររៀលរេ ក្បែរមាត់ទន្លេ
សែនអនិច្ចា។
៧. ពួកគេគ្មានគិត មើលតែជីវិត មានលក់នៅផ្សារ
អាចដោះដូរប្រាណ មិនបានពិចារ អ្នកដែលសោកា
គឺថាឪម៉ែ។
៨. ម៉ែឪខ្វាយខ្វល់ ពិតជាកម្មផល កើតឡើងគ្មានល្ហែ
ពេលខ្លះសងប្រាក់ គ្រោះថ្នាក់ហូរហែ ស្ងប់បានបីខែ
ប្រែឡកលើសដើម។
៩. ម៉ូតូក៏ខូច មនុស្សប្រៀបប្រដូច ខ្មោចឆៅដែលហើម
មុខមាត់ដាច់ដាច គួរខ្លាចរអើម នេះគឺកូនឆ្នើម
សម្បើមខាងខុស។
១០. ឱកូនប្រុសស្រី! ចេះគិតវែងខ្លី មើលកាលហើយឆ្លុះ
ត្រូវគិតពិចារ សិក្សាបណ្ដុះ ក្នុងនាមកូនប្រុស
កុំខុសរហូត។
១១. ចេះអប់រំមិត្ត នៅមានជីវិត ត្រូវតែស្លូតបូត
រស់ឲ្យមានន័យ លកលៃរៀនសូត្រ ធ្វើជាមនុស្សស្លូត
កុំស្លាប់ព្រោះស្លុយ៕