សប្បាយ​គ្មាន​គិត

ដោយ គុជ ប៊ុនរ៉ី
2012-04-17
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

១. ក្មេង​សម័យ​ថ្មី    មិន​ថា​ប្រុស​ស្រី    សប្បាយ​ហួស​ក្រឹត្យ
ជួប​ជុំ​មិត្ត​ភក្តិ    ទាញទាក់ស្នេហ៍ស្និទ្ធ        ស្គាល់​កាយ និង​ចិត្ត
ជិតដិត​កៀក​កើយ។

២. សប្បាយ​ផឹក​ស៊ី    ស្រា​ស្រី​មូលមីរ    ស្រែក​ច្រៀង​ឆ្លងឆ្លើយ
ពពាក់ពពូន    ជញ្ជូន​ឥត​ស្បើយ    ម៉ោង​ដប់​យប់​ហើយ
គ្មាន​ឡើយ​ចូល​ផ្ទះ។

៣. ឡើង​លើ​ម៉ូតូ    យាយ​តា​ស្រែក​ថ្ងូរ    សូរ​ដូច​រន្ទះ
ជិះ​ជ្រែ​ពេញ​ថ្នល់    គ្មាន​ខ្វល់​រឿង​ស្ទះ    ប្រឹង​យក​តែ​ឈ្នះ
ព្រលះ​គ្មាន​គិត។

៤. សប្បាយ​កក្អឹក    ចាក់​ហើយ​លើក​ផឹក    គ្មាន​សៅរ៍​អាទិត្យ
ផឹក​ស៊ី​សប្បាយ    ក្អាកក្អាយ​ជុំជិត    សេពគប់​ឃុបឃិត
សិទ្ធិ​របស់​អញ។

៥. ស្រវឹង​ធ្លាក់​ភ្នែក    មាត់​ប្រឹង​ជជែក    តប​នឹង​សំឡាញ់
ខ្លួន​ក្លាយ​ជា​ស្មិល    រអិល​ដូច​ខ្លាញ់    អាង​តែ​កាប់​បាញ់
កុហក​វៀចវេរ។

៦. ម៉ូតូ​ហោះ​វ៉ាវ    បុក​ឮ​សូរ​ប្រាវ        ជល់​នឹង​ឡាន​គេ
ខ្ទាត​មនុស្ស​ម៉ូតូ    ស្រែក​ថ្ងូរ​រៀលរេ    ក្បែរ​មាត់​ទន្លេ
សែនអនិច្ចា។

៧. ពួកគេ​គ្មាន​គិត    មើល​តែ​ជីវិត    មាន​លក់​នៅ​ផ្សារ
អាច​ដោះ​ដូរ​ប្រាណ    មិន​បាន​ពិចារ    អ្នក​ដែល​សោកា
គឺ​ថា​ឪ​ម៉ែ។

៨. ម៉ែ​ឪ​ខ្វាយ​ខ្វល់    ពិត​ជា​កម្មផល    កើត​ឡើង​គ្មាន​ល្ហែ
ពេល​ខ្លះ​សង​ប្រាក់    គ្រោះថ្នាក់​ហូរហែ    ស្ងប់​បាន​បី​ខែ
ប្រែ​ឡក​លើស​ដើម។

៩. ម៉ូតូ​ក៏​ខូច    មនុស្ស​ប្រៀប​ប្រដូច    ខ្មោច​ឆៅ​ដែល​ហើម
មុខមាត់​ដាច់​ដាច    គួរ​ខ្លាច​រអើម    នេះ​គឺ​កូន​ឆ្នើម
សម្បើម​ខាង​ខុស។

១០. ឱ​កូន​ប្រុស​ស្រី!    ចេះ​គិត​វែង​ខ្លី    មើល​កាល​ហើយ​ឆ្លុះ
ត្រូវ​គិត​ពិចារ    សិក្សា​បណ្ដុះ    ក្នុង​នាម​កូន​ប្រុស
កុំ​ខុស​រហូត។

១១. ចេះ​អប់រំ​មិត្ត    នៅ​មាន​ជីវិត    ត្រូវ​តែ​ស្លូត​បូត
រស់​ឲ្យ​មាន​ន័យ    លក​លៃ​រៀន​សូត្រ    ធ្វើ​ជា​មនុស្ស​ស្លូត
កុំ​ស្លាប់​ព្រោះ​ស្លុយ៕

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល