ជ្រុង​មួយ​នៃ​អំពើ​ពុករលួយ

ដោយ គុជ ប៊ុនរ៉ី
2012-07-17
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

១. រឿង​រ៉ាវ​លើ​លោក    រឿង​ខ្លះ​ស្មោកគ្រោក    ធំ​ក្លិន​អសោច
ទោះ​ប្រឹង​តាំង​ចិត្ត    បាំង​បិទ​ឆៅ​ខ្លោច    គួរ​ឲ្យ​អាណោច
ស្រមោច​ដឹង​ក្លិន។

២. រដ្ឋ​ប្រឹង​ជួយ​រាស្ត្រ    ខ្លាច​ក្រែង​វិនាស    រាស្ត្រ​របូត​ក្បិន
រៀបចំ​សាលា    សិក្សា​បាន​ឆ្អិន    ទាំង​ចេះ​ទាំង​ប៉ិន
កិន​រាស្ត្រ​ដល់​ករ។

៣. រាស្ត្រ​មាន​ជំងឺ    រាងកាយ​ពើត​ឈឺ    ដង្ហើម​ត្រដរ
ដឹក​ទៅ​ដល់​ពេទ្យ    ភ្លាម​ភ្លែត​ត្រេកអរ    ក្រោយ​មក​ភ្នែក​ស
ខ្លួន​ក្រ​ឥត​ប្រាក់។

៤. មិន​ទាន់​មើល​ទេ    ក្នុង​ចិត្ត​ពួក​គេ    គិត​រឿង​លុយ​កាក់
ចរចា​រឿង​ថ្លៃ    តម្លៃ​វះ​ចាក់    គ្មាន​ទេ​បណ្ដាក់
បង់​ប្រាក់​រហូត។

៥. គ្មាន​ប្រាក់​ឲ្យ​គេ    ពេទ្យ​មិន​ទំនេរ    គេ​ដើរ​យ៉ាង​ស្រូត
បើ​មាន​ប្រាក់​វិញ    ពោរពេញ​ឡើង​កូដ    ប៉ះប៉ូវ​អ៊ីយ៉ូដ
សូត្រ​ថែម​សិល្ប៍មន្ត។

៦. អស់​ឱ​លោក​ពេទ្យ    ចូល​ភ្លាម​មើល​ភ្លែត    សម្លឹង​គយគន់
បើ​មាន​យសស័ក្ដិ    មាស​ប្រាក់​ទ្រព្យធន    ទោះ​ស្រាល​ឬ​ធ្ងន់
ចេញ​ចូល​រាល់​ថ្ងៃ។

៧. ពេទ្យ​ខ្លះ​គេ​ល្អ    ចិត្ត​គេ​បវរ    ប្រឹង​សព្វ​ជើង​ដៃ
សង្គ្រោះ​អ្នក​ឈឺ    ជំងឺ​រ៉ាំរ៉ៃ    ជួយ​មិន​សំចៃ
កែខៃ​ឲ្យ​រស់។

៨. ពេទ្យ​ខ្លះ​ស្រែក​ថា    រៀន​អស់​ដុល្លារ    ស្វិត​ទាំង​ក្បាល​ពោះ
លក់​ដី​លក់​ផ្ទះ    ស្ទើរ​ស្ទះ​ក្នុង​ជ្រោះ    ទម្រាំ​បាន​ខ្ពស់
ត្រូវ​តែ​ចាត់​ការ។

៩. អ្នក​ឈឺ​ខ្លះ​ស្លេក    បាន​ត្រឹម​តែ​ដេក    ស្រក់​ទឹក​នេត្រា
ពេទ្យ​ថា​ខ្វះ​ថ្នាំ        រង​កម្ម​ម្ល៉េះ​ណា    ត្រូវ​ទិញ​ពី​ផ្សារ
ទើប​បាន​ថ្នាំ​ចាក់។

១០. អ្នក​ឈឺ​គ្នា​ភ័យ    សូម​ពេទ្យ​លក​លៃ    កុំ​អាល​គិត​ប្រាក់
សង្គ្រោះ​បាន​ឆុត    ឆ្លង​ផុត​គ្រោះថ្នាក់    ឡើង​បុណ្យ​យសស័ក្ដិ
ល្បីល្បាញ​រន្ទឺ។

១១. ពេទ្យ​គឺ​ជា​ព្រះ    ខ្ញុំ​សូម​សំពះ    ជួយ​អ្នក​ជំងឺ
ពេទ្យ​ជា​ព្រះ​រស់    សង្គ្រោះ​អ្នក​ឈឺ    ឲ្យ​ឃើញ​ពន្លឺ
គឺ​សុខ​សប្បាយ៕