១. រឿងរ៉ាវលើលោក រឿងខ្លះស្មោកគ្រោក ធំក្លិនអសោច
ទោះប្រឹងតាំងចិត្ត បាំងបិទឆៅខ្លោច គួរឲ្យអាណោច
ស្រមោចដឹងក្លិន។
២. រដ្ឋប្រឹងជួយរាស្ត្រ ខ្លាចក្រែងវិនាស រាស្ត្ររបូតក្បិន
រៀបចំសាលា សិក្សាបានឆ្អិន ទាំងចេះទាំងប៉ិន
កិនរាស្ត្រដល់ករ។
៣. រាស្ត្រមានជំងឺ រាងកាយពើតឈឺ ដង្ហើមត្រដរ
ដឹកទៅដល់ពេទ្យ ភ្លាមភ្លែតត្រេកអរ ក្រោយមកភ្នែកស
ខ្លួនក្រឥតប្រាក់។
៤. មិនទាន់មើលទេ ក្នុងចិត្តពួកគេ គិតរឿងលុយកាក់
ចរចារឿងថ្លៃ តម្លៃវះចាក់ គ្មានទេបណ្ដាក់
បង់ប្រាក់រហូត។
៥. គ្មានប្រាក់ឲ្យគេ ពេទ្យមិនទំនេរ គេដើរយ៉ាងស្រូត
បើមានប្រាក់វិញ ពោរពេញឡើងកូដ ប៉ះប៉ូវអ៊ីយ៉ូដ
សូត្រថែមសិល្ប៍មន្ត។
៦. អស់ឱលោកពេទ្យ ចូលភ្លាមមើលភ្លែត សម្លឹងគយគន់
បើមានយសស័ក្ដិ មាសប្រាក់ទ្រព្យធន ទោះស្រាលឬធ្ងន់
ចេញចូលរាល់ថ្ងៃ។
៧. ពេទ្យខ្លះគេល្អ ចិត្តគេបវរ ប្រឹងសព្វជើងដៃ
សង្គ្រោះអ្នកឈឺ ជំងឺរ៉ាំរ៉ៃ ជួយមិនសំចៃ
កែខៃឲ្យរស់។
៨. ពេទ្យខ្លះស្រែកថា រៀនអស់ដុល្លារ ស្វិតទាំងក្បាលពោះ
លក់ដីលក់ផ្ទះ ស្ទើរស្ទះក្នុងជ្រោះ ទម្រាំបានខ្ពស់
ត្រូវតែចាត់ការ។
៩. អ្នកឈឺខ្លះស្លេក បានត្រឹមតែដេក ស្រក់ទឹកនេត្រា
ពេទ្យថាខ្វះថ្នាំ រងកម្មម្ល៉េះណា ត្រូវទិញពីផ្សារ
ទើបបានថ្នាំចាក់។
១០. អ្នកឈឺគ្នាភ័យ សូមពេទ្យលកលៃ កុំអាលគិតប្រាក់
សង្គ្រោះបានឆុត ឆ្លងផុតគ្រោះថ្នាក់ ឡើងបុណ្យយសស័ក្ដិ
ល្បីល្បាញរន្ទឺ។
១១. ពេទ្យគឺជាព្រះ ខ្ញុំសូមសំពះ ជួយអ្នកជំងឺ
ពេទ្យជាព្រះរស់ សង្គ្រោះអ្នកឈឺ ឲ្យឃើញពន្លឺ
គឺសុខសប្បាយ៕