មាន​អ្វី​អាង​ទៀត?

ដោយ ព្រុំ គឹម ជឿន
2012-07-18
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

(បទ​ពាក្យ​៨)

១. ចាស់ៗ​អាង​ស្លាប់​ទៅ​ចាប់​ជាតិ​ថ្មី    ពពួក​យុវតី​អាង​លើ​ក្រែម​ម្សៅ
យុវជន​ឈាម​រាវ​អាង​ភាព​កម្លៅ    រី​ជន​ល្ងង់​ខ្លៅ​អាង​ភ្លើ​ធ្វើ​ចេះ។

២. មូលធន​ចក្រពត្តិ​អាង​ត្រួត​ជិះជាន់    និស្សិត​បញ្ញវន្ត​អាង​លើ​តម្រិះ
ឯ​មនុស្ស​កម្ជិល​អាង​ការ​គេចវេះ    អ្នក​អត់​ចំណេះ​អាង​លើ​កម្លាំង។

៣. អ្នក​ធំ​មាន​ប្រាក់​អាង​សក្ដិ​អំណាច    អ្នក​តូច​អាង​ខ្លាច​មិន​ហ៊ាន​តតាំង
អ្នក​ល្មោភ​សង្គ្រាម​អាង​ធ្វើ​ចម្បាំង    ឯ​ពួក​ជើង​ខ្លាំង​អាង​កាប់​វ៉ៃ​តប់។

៤. ពួក​មហា​អំណាច​អាង​បរមាណូ    គំរាម​កកូរ​ទ្វីប​លោក​ឥត​ឈប់
អ្នក​ប្រាជ្ញ​អាង​ឆ្លាត​រក​ផ្លូវ​ទល់ទប់    ពួក​មូស្លីម​ស៊ប់​អាង​ភេរវកម្ម។

៥. ខ្មែរ​អាង​ធនធាន​ធម្មជាតិ​ពិសិដ្ឋ    អាង​ឈើ​ប្រណិត​អាយុ​រយ​ឆ្នាំ
អាង​កាប់​បំផ្លាញ​ជាប់​ជា​ប្រចាំ    អាង​មើល​បំណាំ​អាត្មា​និយម។

៦. មើល​ចុះ​ត្បូង​ខ្មែរ​កំពុង​វិនាស    ចំណែក​រ៉ែ​មាស​គ្រឿង​ចក្រ​តូច​ធំ
គេ​ជីក​កកាយ​រំលើង​រំលំ    ធម្មជាតិ​ស្រែក​យំ​គ្មាន​អ្នក​សង្គ្រោះ។

៧. ឥឡូវ​បាត់បង់​សម្បត្តិ​ធម្មជាតិ    បើ​បណ្ដោយ​ទៀត​ខ្មែរ​បាត់​ទាំង​ឈ្មោះ
“COUNTRY FOR SALE” មិន​មែន​ពីរោះ    កំពុង​តែ​ឆ្ពោះ​រក​គ្រោះ​អសោចិ៍។

៨. បុព្វហេតុ​តែ​មួយ​មិន​អាច​គេចកែ    ព្រោះ​តែ​មាន​ខ្មែរ​ស្គាល់​តែ​ប្រយោជន៍
ស៊ី​មិន​ចេះ​ឆ្អែត​នាំ​គ្នា​បេះបោច    ដល់​ជាតិ​ហិនហោច​មាន​អ្វី​អាង​ទៀត?

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល