ដើម​ត្នោត

ដោយ គង់ ឡាយ
2012-06-19
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

១. ត្នោត​ខ្ពស់​ត្នោត​លៃ    ត្នោត​ល្អ​ប្រពៃ    ត្នោត​កេរ​ដូន​តា
ត្នោត​ផ្ដល់​រស​ជាតិ    ស្ករ​ផ្អែម​ណាស់​សា    អ្នក​ស្រែ​ចំការ
ចូល​ចិត្ត​ស្ករ​ត្នោត។

២. មាន​ចាក់​ជា​ដុំ    មូល​តូច​មូល​ធំ    មិន​មែន​លោក​ឆោត
រួច​ចង​ជា​ស្រាក់    ស្រួល​ជាង​ដាក់​ប៉ោត    ធ្វើ​បាន​គួរ​កោត
ជា​ស្នា​ដៃ​ចាស់។

៣. ស្ករ​នេះ​ឆ្ងុយ​ឆ្ងាញ់ បើ​បាន​ចម្រាញ់    វឹក​កូរ​ឲ្យ​ណាស់
ក្លាយ​ជា​តាំង​ម៉ែ    លើក​ជូន​ចាស់ៗ    សប្បាយ​ចិត្ត​ណាស់
ស្ថិត​ក្នុង​រោង​ការ។

៤. ទឹក​វា​ស​ល្អក់    មិន​មែន​កខ្វក់    ស្រក់​ចេញ​ពី​ផ្កា
បើ​យក​ទៅ​ផ្អាប់    ក្លាយ​ជា​សុរា    ផឹក​ច្រើន​កាល​ណា
ខ្លាំង​ជាង​ត្រប៉ែ។

៥. បើ​ផ្អាប់​ឲ្យ​យូរ    មាន​រស​ជាតិ​ជូរ    ដូច​ម្ជូរ​ក្រូច​ដែរ
ចូល​ចិត្ត​ញាំ​ភ្លា    ត្រីរ៉ស់ តុកកែ    ម្ហូប​ស្រស់​ស្រុក​ស្រែ
ឆ្ងាញ់​ពិត​ណាស់​ទៅ។

៦. ត្នោត​កេរ​ដី​ម៉ែ    ដាំ​ក្បែរ​ដី​ស្រែ    ហែ​តាម​ដង​ផ្លូវ
ពី​ភូមិ​ដល់​វត្ត    ឃើញ​គ្រប់​រដូវ    ទេសភាព​មាន​នៅ
លើ​ទឹក​ដី​ខ្មែរ។

៧. នេះ​គឺ​សម្បត្តិ    ធម្មជាតិ​ខ្វែង​ខ្វាត់    ពី​ដូន​តា​ម៉ែ-
ឪ​ទុក​ឲ្យ​កូន    ខិត​ខំ​ប្រឹង​ថែ    បន្ត​កេរ​ម៉ែ
ដែល​បន្សល់​ទុក។

៨. ត្នោត​មាន​តម្លៃ    ត្រូវ​ចេះ​កែច្នៃ    ប្រើ​បាន​ច្រើន​មុខ
ស្លឹក​យក​ប្រក់​ផ្ទះ    ជ្រក​ភ្លៀង​បាន​សុខ    ថ្ងៃ​មិន​ចាំង​មុខ
ដេក​លក់​ស្កប់ស្កល់។

៩. ស្លឹក​ធ្វើ​ជញ្ជាំង    បាំង​ជា​រនាំង    រាំង​ទប់​នឹង​ខ្យល់
ពី​ជើង​ពី​ត្បូង    មិន​ឲ្យ​វិលវល់    ជើង​ក្រាន​ត្រូវ​ខ្យល់
នាំ​ឲ្យ​បាយ​ឆៅ។

១០. ស្លឹក​ធ្វើ​ផ្លិត​បាន    បក់​ភ្លើង​ជើង​ក្រាន    ឆេះ​ផ្ដល់​កម្ដៅ
ដាំ​ស្ល​បាយ​ហូប    ជួប​ជុំ​កូន​ចៅ    ព្រម​ទាំង​ញាតិ​ផៅ
រៀង​រាល់​យប់​ថ្ងៃ។

១១. ធាង​បិត​ធ្វើ​ខ្សែ    ចង​អ្វី​នៅ​ក្បែរ    ទុក​ប្រើ​ជិត​ដៃ
មិន​ពិបាក​រក    ស៊ក​នៅ​ទីទៃ    បើ​នៅ​ក្បែរ​ដៃ
ងាយ​ស្រួល​ធ្វើ​ជាង។

១២. បើ​វេញ​ជា​ខ្សែ    ចង​គោ​វាល​ស្រែ    យោង​ទឹក​ដាក់​ពាង
ចង​ហាល​ខោ​អាវ    ព្យួរ​ទោង​ឲ្យ​នាង            ក្រោម​ផ្ទះ​ចំហៀង
គ្រាន់​លេង​សប្បាយ។

១៣. ជា​គ្រឿង​កម្សាន្ត    ឲ្យ​កូន​ឋិត​បាន    លេង​កម្សាន្ត​កាយ
ជៀស​វាង​ដើរ​លេង    នាំ​ឲ្យ​ខ្វល់ខ្វាយ    មាន​ហេតុ​នៅ​ឆ្ងាយ
ពិបាក​រក​តាម។

១៤. ជក់​ធ្វើ​អំបោស    សំអាត​ត្រូវ​កោស    កើប​យក​សំរាម
ចាក់​ក្នុង​រណ្ដៅ    ឲ្យ​កូន​ធ្វើ​តាម    ចាស់​ទុំ​លោក​ហាម
កុំ​ខ្វះ​អនាម័យ។

១៥. នេះ​ជា​ទម្លាប់    ត្រូវ​ស្ដាប់​បង្គាប់    ឲ្យ​មាន​វិន័យ
រស់​ជា​អ្នក​ស្អាត    មាន​អនាម័យ    រស់​នៅ​ក្នុង​ន័យ
សុខសាន្ត​មិន​ខាន។

១៦. ដើម​រឹង​ដូច​ថ្ម    យក​ធ្វើ​សសរ    ក៏​អាច​ប្រើ​បាន
ច្រៀក​ធ្វើ​រនាប    រលោង​ដូច​ចាន    ប្រដូច​មិន​បាន
នឹង​ឈើ​ដទៃ។

១៧. បើ​គល់​ធំ​ប៉ោង    គេ​លុង​ប្រហោង    ច្នៃ​បាន​ទូក​ថ្មី
គ្រាន់​អុំ​ឆ្លង​ព្រែក    ឬ​ជិះ​ស្ទូច​ត្រី    បេះ​ត្រកួន​ខ្ចី
នៅ​ឯ​បឹង​ធំ។

១៨. ខ្ញុំ​រៀប​មិន​អស់    រាប់​នេះ​ហៅ​ចោះ    ត្នោត​អាច​ធ្វើ​នំ
អា​កោ នំ​បត់    បញ្ចុក​ក្មេង​យំ    រហូត​ចាស់​ទុំ
ក្នុង​រោង​ការ​ធំ។

១៩. ដល់​ខែ​វស្សា    លោក​យាយ​លោក​តា    នាំ​គ្នា​ប្រជុំ
រួម​គ្នា​ធ្វើ​បុណ្យ    នា​រដូវ​ភ្ជុំ    ត្រៀម​វេច​ជា​នំ
មិន​ឲ្យ​ខក​ការ។

២០. ត្នោត​មាន​ប្រយោជន៍    ចូរ​យើង​កុំ​ឆោត    កាប់​កេរ​ដូន​តា
បើ​កាប់​ដាំ​ថ្មី    ហើយ​ថែ​រក្សា    កុំ​ឲ្យ​គេ​ថា
កូន​ឥត​មារយាទ៕

មតិ (1)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

thorn seang heng

ពី S an Diego Ca 92105

I like this poet(comnap)very much, i want to do this to but i canot, i thinking deum tnot alots of profit to people,why they donot anderstand? like you, and me same idea.619 229 9763

Jun 27, 2012 03:14 PM