១. លើកស្រាក្នុងពែងគ្រលែងផឹក ក្នុងចិត្តសែននឹករឭកស្រុក
កំណើតកើតជាផ្ដល់ក្តីសុខ សប្បាយគ្មានទុក្ខឥឡូវឃ្លាត។
២. ដកដង្ហើមធំព្រោះនឹកញាតិ នឹងមិត្តច្រើនទៀតដែលរាប់អាន
ពេលនេះព្រាត់កាយឆ្ងាយហួសស្មាន នឹកមិត្តគ្រប់ប្រាណរាល់វេលា។
៣. មានម្ហូបស្រាឆ្ងាញ់ផឹកពេលណា ចិត្តនៅគិតថា ចាញ់ស្រុកអញ
ក្ដាមស្រែខ្យងស្ងោរអាំងត្រីក្រាញ់ រួមមិត្តសម្លាញ់សើចក្អាកក្អាយ។
៤. សណ្ដាន់ម្ជូរគ្រឿងត្រីសណ្ដាយ ប្រហុកកប់លាយម្ជូរក្រសាំង
កកូរអណ្ដែងឬត្រីឆ្លាំង ឧសដើមអាទ័ង្គរងើកល្អ។
៥. ត្រីលិញត្រីរៀលគេច្រើនខ អំពៅដាក់ទ្រទ្រាប់បាតឆ្នាំង
ស្រកាឆ្អឹងផុយរួមមានទាំង អន្លក់ស្លឹករាំងត្រយូងចេក។
៦. ទឹកគ្រឿងផ្កាស្នោឆ្ងាញ់អនេក ត្រីរ៉ស់ហែលជ្រែកអ្នកអូសកួន
អង្រុតត្រងចាំផ្ចង់ខ្ជាប់ខ្ជួន គេចមិនរួចខ្លួនកាច់កផស។
៧. ម្ទេសហឹរទឹកត្រីម្ជូរប៉េងប៉ោះ ខ្ទឹមរំដេងនោះដុតពន្លឹក
ម្ជូរអំពិលខ្ចីឆ្ងាញ់សន្ធឹក ត្រកួនឈ្លក់ទឹកស្លម្ជូរស្រែ។
៨. ទាខ្វៃមាន់អាំងនោះគ្មានទេ ម្ហូបឆ្ងាញ់ជាងគេគឺម្ហូបខ្មែរ
ប្រហុកជ្រំលាយបង់ម្អមដែរ ម្រះព្រៅឆ្នៃកែឆាកង្កែប។
៩. អន្ទង់ឆាគ្រឿងឆ្ងាញ់មួយបែប ម្ទេសកុំហឹរពេកសណ្ដែកដី
បុកលាយដាក់ឆាយកមកឆី ត្នោតជូរដើមថ្មីក្លែមត្រីផ្ទោង។
១០. មាននំបង្អែមដាក់កន្ទោង គ្រាប់ត្នោតថ្មីផងបបរស្ករ
នំអាកោត្នោតឆ្ងាញ់ផ្អែមល្អ ការពិតមែនន! នៅស្រុកយើង៕