បើ​យើង​មិន​រួម​គ្នា​ទប់​ស្កាត់​អំពើ​ពុករលួយ តើ​រង់ចាំ​អ្នក​ណា?

ដោយ គុជ ប៊ុនរ៉ី
2012-12-26
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

១. នៅ​លើ​លោក​នេះ    គេ​ជាន់​គេ​ជិះ    ព្រោះ​តែ​ចង់​បាន
គ្មាន​គិត​បុណ្យ​បាប    ក្លិន​ឆ្អាប​ជាប់​ប្រាណ    ដើម្បី​លុយ​ឡាន
គ្មាន​គិតគូរ​អ្វី។

២. ប្រឹង​កិប​ប្រឹង​កេង    ពោល​ផ្សឹង​ធ្វើ​ផ្សេង    កេង​មិន​ប្រណី
ស៊ី​ខ្លាំង​ហួស​ហេតុ    មិន​ឆ្អែតឆ្អន់​អី    ខ្លះ​ជា​មន្ត្រី
មិន​មែន​អត់​ឃ្លាន។

៣. ខ្លះ​លួច​ចង់​ឆ្អែត    ខ្លះ​ខូច​ហួសហេតុ    ចង់​ធ្វើ​អ្នក​មាន
ក្លែង​វិក្កយបត្រ    ស៊ី​ស្ងាត់​រាប់​លាន    ខ្លះ​ទៀត​បំពាន
ធនធាន​ទ្រព្យ​ខ្មែរ។

៤. ស៊ីញ៉េ​លេខ​គ្រប់    តែ​លុយ​កំពប់    លិច​ធ្លុះ​ហូរហែ
តាំងតែ​ពី​ក្រុង    សំយុង​ដល់​ស្រែ    ទឹក​លុយ​ប្រួល​ប្រែ
ហូរ​គ្មាន​អ្នក​ទប់។

៥. គេ​ស៊ី​សំណែន    ដុល្លារ​លាន​សែន    នឹក​ស្មាន​ថា​ឈប់
ការ​ពិត​គ្មាន​ទេ    គ្នាន់គ្នេរ​សង្គ្រុប    គ្មាន​ទេ​ម៉ោង​គ្រប់
ដែល​គេ​ឈប់​ស៊ី។

៦. ពុក​ផុយ​បន្ត    រាស្ត្រ​រឹតរួត​ក        ស្ទើរ​គ្រប់​នាទី
គេ​ស៊ី​គ្រឹកគ្រេង    ដូច​លេង​ប៉ាហ៊ី    រាស្ត្រ​ភ្នែក​មមី
អ្នក​ស៊ី​ឡើង​កូដ។

៧. គេ​មិន​ធ្វើ​អោយ    បើ​យើង​បណ្ដោយ    គេ​បេះ​គេ​បូត
ស៊ី​ហើយ​គេ​ជុះ    គេ​ស្ទុះ​គេ​ស្រូត    គេ​ស៊ី​រហូត
បូត​អស់​ផ្លែផ្កា។

៨. កុំ​រង់ចាំ​គេ    ត្រូវ​តែ​រិះរេ    រួម​គ្នា​ចាត់ការ
ស្ម័គ្រ​ចិត្ត​រួម​កាយ    ដោះស្រាយ​បញ្ហា    ឃើញ​ពុក​តវ៉ា
ប្ដេជ្ញា​ចិត្ត​មួយ។

៩. ចលនា​ភូមិ​ឃុំ    តាម​សហគមន៍    ក្រោក​ឡើង​រួម​ជួយ
នាំ​គ្នា​ទប់​ស្កាត់    កម្ចាត់​រលួយ    ជំរុញ​លើក​ស្ទួយ
អំពើ​សុចរិត។

១០. គ្រប់គ្នា​ស្រែក​ថា    ជាតិ​ឈប់​ត្រូវការ    រឿង​រលួយ​ស្វិត
ត្រូវ​ការ​មន្ត្រី    ភក្ដី​ស្នេហ៍​ស្និទ្ធ    ធ្វើ​តាម​ក្រមក្រឹត្យ
ជាតិ​ពិត​រុង​រឿង។

១១. បើ​អស់​ពុក​ផុយ    ជាតិ​យើង​រត់​រ៉ុយ    ព្រោះ​ខ្មែរ​ធ្លាប់​សឿង
ការ​អភិវឌ្ឍ    ធំធាត់​លែង​កឿង    រាស្ត្រ​ជួយ​ផ្សំ​គ្រឿង
រុងរឿង​អស្ចារ្យ។

១២. ត្រូវ​ចេះ​តាម​មើល    ត្រូវ​រួម​គ្នា​ធ្វើ    ទើប​បាត់​សង្កា
ធ្វើ​ដើម្បី​ជាតិ    ញោមញាតិ​សាសនា        រដ្ឋ​រាស្ត្រ​សុខា
វាសនា​ពណ្ណរាយ៕