កន្លង់​ចៅផ្រាយ៉ា​បុប្ផា​ចតុមុខ

ដោយ លោក យុន សុគុណ្ណា អតីត​និស្សិត​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ
2012-06-27
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

(បទ​ពាក្យ​ប្រាំពីរ)

១. Exchange Program បាន​ជួប​ស្រី    ចិន្ដា​ស្រមៃ​ថ្លៃ​គ្មាន​ល្ហែ
បុប្ផា​ភ្នំពេញ​សម​លើស​គេ    រៀម​បាន​លួច​ស្នេហ៍​ស្រស់​នួន​ល្អង។

២. បង​ជា​កន្លង់​មក​ពី​នាយ    ប្រទះ​ឆោមឆាយ​ឆើត​ទង​វង
សក់​ខ្មៅ​រលើប​នាង​តែង​ក្រង    ថ្ពាល់​ខួច​ទាំង​សង​បង​ប្រាថ្នា។

៣. នេត្រា​ក្រឡង់​មាន​មន្ត​ស្នេហ៍    ភក្ត្រ​ដូច​ដួង​ខែ​លើ​វេហា
សក់​អូន​រសាយ​ផាយ​លើ​ស្មា        សម្លឹង​រៀមរ៉ា​មិន​ដាក់​ភ្នែក។

៤. ត្រគាក​រាង​រាវ​សម​អើយ​សម    ដើម​ទ្រូង​មូល​ក្លំ​ល្អ​អនេក
ដៃ​មុំ​ស្រឡូន​ស្អាត​ពន់​ពេក    សាច់​ដូច​ទាវ​ឯក​ស្រស់​អស្ចារ្យ។

៥. គយគន់​ទៅ​ម្រាម​បន្លា​ក្រូច    ម្រាម​ដៃ​មុំ​តូច​ដូច​បន្លា
ធ្វើ​ឲ្យ​រូប​ខ្ញុំ​កួច​ស្នេហា    លើ​នាង​បុប្ផា​ចតុមុខ។

៦. រៀន​ថ្នាក់​រួម​គ្នា​បាន​មួយ​ឆ្នាំ    អកុសល​អ្វី​កម្ម​ឲ្យ​ជួប​ទុក្ខ
ខ្ញុំ​ក៏​ត្រឡប់​វិល​ទៅ​ស្រុក    ខាន​បាន​ជួប​មុខ​នួន​ជីវ៉ា។

៧. ទោះ​បី​បង​ឃ្លាត​នួន​នាថ​ស្រី    បង​នឹក​ស្រមៃ​កាល​សិក្សា
អូន​តែង​ឲ្យ​បង​ជួយ​កិច្ចការ    របស់​កនិដ្ឋា​គ្រប់​នាទី។

៨. អូន​ធ្លាប់​ហៅ​បង​ថា​ឃុន​ណា    បង​ហៅ​ជីវ៉ា​ថា​ណងនី
អនុស្សារ​ដើម​ចាន់​គិរី        អង្គុយ​សំភី​អាន​សៀវភៅ។

៩. បង​បង្រៀន​អូន​ភាសា​ថៃ        រី​ឯ​ស្រី​ថ្លៃ​បង្រៀន​ខ្មែរ
ពេល​ឮ​មាត់​បង​អាន​ឡែៗ    ស្រាប់​តែ​ស្រី​ស្នេហ៍​សើច​ព្រងើយ។

១០. រៀម​ទ្រាំ​មិន​បាន​លូក​ដៃ​ទៅ    បិច​ថ្ពាល់​ពាល​ពៅ​កែវ​ត្រាណ​ត្រើយ
អូន​វិញ​ពៅ​មិន​នៅ​ស្ងៀម​ឡើយ    ក្ដិច​បង​ឥត​ស្បើយ​ព្រោះ​ស្រឡាញ់។

១១. គិត​ទៅ​រឿង​យើង​ទាំង​ពីរ​ប្រាណ    ស្ម័គ្រស្មោះ​សុខសាន្ត​គ្មាន​ឃ្នាន់ខ្នាញ់
ព្រោះ​តែ​រូប​យើង​មិន​ចុះ​ចាញ់    ទោះ​ក្ដី​ស្រឡាញ់​ឆ្លង​វេហា។

១២. ពេល​ប្រេសង់តេ​មុខ​គេ​ឯង    បង​គ្មាន​ចំបែង​ភ័យ​កាយា
ព្រោះ​អូន​ជួយ​បង​រឿង​ភាសា    មិន​ច្បាស់​ម្ដេចម្ដា​អូន​ពន្យល់។

១៣. ភូមិ​ផង​របង​ជាមួយ​គ្នា    ពេល​បង​មិន​ជា​អូន​តែង​ខ្វល់
មើល​ថែ​ទាំ​បង​គ្មាន​ឯកអល់    ទោះ​បី​រវល់​អូន​មិន​ថា។

១៤. ណងនី​អូន​ល្អ​លើស​អស់​ស្រី    នៅ​ក្នុង​បូរី​ដែន​រដ្ឋា
សម្បត្តិ​ក៏​មាន​សម​ចរិយា    សុភាព​រាបសា​ជា​កូន​ខ្មែរ។

១៥. បង​នឹង​ឆ្លាក់​ទុក​ក្នុង​បេះដូង    ចារ​ឈ្មោះ​ទងវង​គូរ​បុព្វេ
បង​ចង់​បាន​អូន​មក​ថ្នម​ថែ    ឲ្យ​អូន​រស់​ក្បែរ​បង​លុះ​ក្ស័យ។

១៥. បង​ស្នើ​ចាស់​ទុំ​ចូល​ស្ដី​ស្ងួន    ទៅ​តាម​ច្បាប់​ក្បួន​ប្រពៃណី
ចាំ​ទុក​ពាក្យ​បង​ណា​ចរណៃ    រៀម​នឹង​វិលវៃ​ជួប​ស្រី​វិញ។

១៦. ឱ​ចៅ​ផ្រាយ៉ា​ទន្លេ​ធំ    ជួយ​នាំ​ពាក្យ​ខ្ញុំ​ទៅ​ភ្នំពេញ
កុំ​ឲ្យ​ណងនី​ទុក្ខ​ទោម្នេញ    នាំ​ពាក្យ​ស្រឡាញ់​ខ្ញុំ​ប្រាប់​នាង។

១៧. យូរ​ណាស់​ឆ្នាំ​ក្រោយ​ពេល​រៀន​ចប់    ខ្ញុំ​នឹង​ត្រឡប់​ដោយ​ឥត​ល្អៀង
ថ្វី​បើ​រដូវ​ផ្លាស់​មិន​ទៀង    ជឿ​ចុះ​នួន​នាង​បង​នៅ​ស្មោះ។

១៨. សង្ឃឹម​ថា​បាន​គ្នា​ជា​គូរ    ដោយ​ការ​តស៊ូ​ឥត​បង់​បោះ
ថ្ងៃ​មួយ​នឹង​បាន​ឮ​គង​ឈ្មោះ    ប្រគំ​ព្រំ​ប្រោះ​ជ័យ​ស្នេហា។

១៩. ឱ​ក្រុង​ភ្នំពេញ​ជួយ​ចាំ​ផង    រឿង​ខ្ញុំ​កន្លង​ធ្លាប់​សច្ចា
ឲ្យ​ជួប​ស្នេហ៍​ស្មោះ​ត្រង់​ចិន្ដា    រហូត​មរណា​ជា​ទំនុក។

២០. បង​ជា​កន្លង់​ចៅផ្រាយ៉ា        អូន​ជា​បុប្ផា​ចតុមុខ
សូម​ឲ្យ​ស្នេហ៍​យើង​កុំ​ជួប​ទុក្ខ        សូម​ជួប​តែ​សុខ​ក្នុង​អាត្មា។

២១. ហ្នឹង​ហើយ​រឿង​ខ្ញុំ​ហើយ​និង​ស្រី    រំដួល​ក្មេង​ខ្ចី​រូប​កាយា
សម្ដី​សំដៅ​មាន​លក្ខណា    មារយាទ​ចរិយា​ក្រៃ​ណា​ល្អ។

២២. កំលោះ​បាងកក​សូម​ជួប​មុំ    គ្រប់ៗ​ជាតិ​កុំ​ឃ្លាត​បវរ
សម្បុរ​ខ្មៅ​ស្រស់​ពូជ​អង្គរ    ចិត្ត​ស្មោះ​ចិត្ត​ធម៌​គឺ​បុប្ផា។

២១. សូម​អស់​លោក​អ្នក​មាន​ខន្តី    ដល់​រូប​កវី​ខ្ញុំ​ផង​ណា
ពាក្យ​ពេចន៍​ខុស​ឆ្គង​យ៉ាង​ម្ដេចម្ដា    ប្រាប់​ដល់​គុណ្ណា​ខ្ញុំ​បាទ​ផង។

២២. ព្រោះ​មិន​បាន​គ្រោង​ទុក​ថា​ខុស    បែរ​ជា​កំហុស​កើត​រហង់
ទោះ​បី​ជា​ខ្ញុំ​ខំ​ផ្ចិតផ្ចង់    តែ​កំហុស​ឆ្គង​នៅ​តែ​មាន។

២៣. សូម​អស់​ញាតិ​មិត្ត​អធ្យាស្រ័យ    ចំពោះ​កវី​ទើប​តែ​រៀន
វិជ្ជា​តែង​កាព្យ​តាម​ធនធាន    សៀវភៅ​ដែល​មាន​នៅ​សេសសល់៕