១. នៅមានជីវិត យោបល់គំនិត ពិតឆ្លាតអស្ចារ្យ
រ៉េផ្លិចល្អប្លែក បែងបែកប្រាជ្ញា ដោះស្រាយបញ្ហា
ក្លៀវក្លាជោគជ័យ។
២. មនុស្សមិនធម្មតា រៀបចំផែនការ គំនិតវាងវៃ
ស្គាល់កាលវេលា ពិតជាមានន័យ ពូកែលកលៃ
រំពៃយកប្រៀប។
៣. យល់ឃើញច្បាស់ច្បង ស្គាល់ពេលកន្លង ពូកែប្រៀបធៀប
វិភាគបញ្ហា ចាត់ការរយរៀប ធ្វើមានរបៀប
ថ្លាដូចចន្ទរះ។
៤. ប្រមើលទៅមុខ អាចវាស់ទាយទុក ហាក់មានតេជះ
រៀបចំប្លង់មេ រិះរេយកឈ្នះ បានជ័យជម្នះ
គ្មានឡើយសង្ស័យ។
៥. គំនិតបវរ ចេះចាំស្ទាត់ល្អ លូតលាស់ខ្លាំងក្រៃ
រៀនច្រើនធ្វើច្រើន កើតកើនរាល់ថ្ងៃ ពូកែផ្សំច្នៃ
ជាកុសលកម្ម។
៦. រៀងរាល់នាទី មើលម៉េម៉ូរី ថតជាប្រចាំ
កត់ត្រាទុកដាក់ តាមថ្នាក់តាមឆ្នាំ ប្រឹងបណ្ដុះដាំ
ផ្សាំក្នុងខួរក្បាល។
៧. ឯកសារច្រើនណាស់ មានថ្មីមានចាស់ រៀបទុកតាមកាល
ដឹងគ្មានចន្លោះ ឆ្នាំថោះឆ្នាំខាល វិសេសវិសាល
ដំណាលឡើងវិញ។
៨. ចោរលួចមិនបាន ចេះចាំក្នុងប្រាណ មិនដែលជូរជ្រេញ
គឺដូចជាក្រែម រសផ្អែមពោរពេញ មនុស្សម្នាចូលទិញ
មិនអស់ឡើយណា។
៩. បើលក់ខ្លាំងណាស់ គឺកាន់តែច្បាស់ កើតកើនបញ្ញា
ដាក់ស្តុកពេញឃ្លាំង គ្មានភាំងប្រាជ្ញា បើអ្នកត្រូវការ
មេត្តាទៅយក។
១០. ជាឃ្លាំងចំណេះ ភ្លើងមិនអាចឆេះ កូនងើបកុំជ្រក
មិនធ្ងន់ស្ពាយយួរ ប្រើខួរលៃលក ឱកូនពន្លក
កូនយកឲ្យបាន។
១១. ចំណេះទាំងឡាយ ដល់ក្តីអន្តរាយ ជាក់ជាមិនខាន
នៅពេលខ្លួនស្លាប់ ក្បួនច្បាប់ប៉ុន្មាន រលាយតាមប្រាណ
រសាត់ឥតត្រើយ។
១២. ចង់ដឹងចង់ចេះ ចង់បានចំណេះ កូនកុំកន្តើយ
ត្រូវតាំងសំណួរ ដេញសួរឲ្យហើយ ឪពុកត្រៀមឆ្លើយ
ចម្លើយឲ្យកូន៕