១. ពុករលួយកើតមានយូរឆ្នាំ ជាតិយើងរងកម្មខ្វះឥតល្ហែ
រឿងនេះកើតមានឡើងដុះស្លែ ប៉ុន្តែរាស្ត្រខ្មែរថាមិនដឹង។
២. អ្នកស៊ីគេស៊ីដុះក្បាលពោះ អ្នកក្ររងគ្រោះភ្នែកសស្លឹង
ស្លាប់នឹងគេភូតមិនចេះថ្លឹង គេប្រាប់ឲ្យប្រឹងមិនហ៊ានស្ដី។
៣. មន្ត្រីខ្លះមានលឿនអស្ចារ្យ រាស្ត្រខ្លះឆ្ងល់ថាតើហេតុអ្វី
នេះជាផលបុណ្យពីអតី ឬក៏លោកិយវាដូច្នេះ។
៤. មើលចុះរាស្ត្រខ្មែររៀនបានតិច រឿងរ៉ាវប្រើល្បិចគាត់មិនចេះ
ពួកគេដៀលថារាស្ត្រមិនខ្មេះ ទោះយើងបោចបេះក៏មិនយល់។
៥. ពួកអ្នកប្រព្រឹត្តគេគិតថា រាស្ត្រគ្មានប្រាជ្ញាមិនហ៊ានជល់
គេខ្លាចប្ដឹងមិនហ៊ានតទល់ នៅស្ងៀមដូចគល់មិនស្រដី។
៦. គេថារាស្ត្រខ្មែរមើលមិនឆ្ងាយ ប្រើកម្លាំងបាយប្រាជ្ញាខ្លី
យើងអាចបន្លំស្រួលឥតបី ធ្វើជាមន្ត្រីអ្វីក៏ត្រូវ។
៧. មែនហើយរាស្ត្រខ្មែរមើលឃើញតិច មិនអាចទប់ល្បិចជនអាស្រូវ
កិច្ចការទាក់ទងក៏អស់ផ្លូវ មនុស្សខូចឥឡូវគេបំភាន់។
៨. សង្ឃឹមមនុស្សចាស់ទៅមិនរួច យល់ដឹងតិចតួចត្រូវគេជាន់
មានតែក្មេងៗយល់ថាគ្រាន់ ទើបអាចតាមទាន់ជនគ្រោតគ្រាត។
៨. ដូច្នេះមានតែយុវជន ត្រូវរែកពុនធ្ងន់ជួយដល់ជាតិ
គឺត្រូវចូលរួមច្រើនថែមទៀត នេះគឺជាធាតុដែលសកម្ម។
៩. និស្សិតសព្វថ្ងៃរៀនបានច្រើន ចំណេះកើតកើនគឺជាថ្នាំ
កម្ទេចរលួយឲ្យបែកស្រាំ យើងបណ្ដុះដាំថ្នាំសុចរិត។
១០. មានតែនិស្សិតអាចធ្វើបាន ចេះដឹងគ្រប់ប្រាណរីកដូចផ្សិត
ផ្សាយព័ត៌មានលឿនទាន់ចិត្ត មិនអាចបាំងបិទបោកបានឡើយ។
១១. ពួកយើងត្រូវតែពន្យល់គ្នា ចូលរួមទាមទារកុំកន្តើយ
ដេញពុករលួយជាតិធូរស្បើយ អាចឈានដល់ត្រើយភាពសុខសាន្ត។
១២. ដូច្នេះនិស្សិតត្រូវចេញមុខ ត្រូវតែវាយលុកកុំខកខាន
ត្រូវកម្ចាត់រលួយសាមាន្យ ជាតិយើងថ្កើងថ្កានរាស្ត្ររុងរឿង។
១៣. បើយុវជនមិនព្រមចេញ ជាតិនៅតែស្ញេញគឺជាប់កឿង
ព្រោះយុវជនមានចិត្តសឿង ពូកែផ្សំគ្រឿងជាតិលូតលាស់។
១៤. យុវជននាំគ្នាក្រោកឡើង ជាតិយើងថ្កុំថ្កើងបាត់រមាស់
រួមគ្នាផ្ដាច់ឫសជីកកាយគាស់ ជាតិផុតឃ្នាងឃ្នាស់ពុករលួយ៕