នរណា​ជា​អ្នក​បំបាត់​អំពើ​ពុករលួយ?

ដោយ គុជ ប៊ុនរ៉ី
2012-12-06
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

១. រឿង​ពុករលួយ    ទោះ​គ្មាន​អ្នក​ជួយ    គេ​លួច​ធ្វើ​បាន
ប្រឹង​ខ្វេះ​ប្រឹង​ត្បារ    ប្រឹង​ខ្វារ​ប្រឹង​ច្រាន    លេប​ធំ​ជាង​ប្រាណ
ចង់​បាន​ហួស​ដែន។

២. ពុក​ផុយ​អប្រិយ    រលួយ​ម៉ូត​ថ្មី    មាន​ពួក​មាន​ផែន
ចង​ជា​បណ្ដាញ    ស្រួល​ក្រាញ​បត់បែន    ជំនាញ​សូក​សែន
សំណែន​ផូរផង់។

៣. នេះ​គ្រោះថ្នាក់​ណាស់    គ្រប់​គ្នា​ដឹង​ច្បាស់    ជាតិ​ស្វិត​ក្រញង់
ពិត​ជា​គ្រោតគ្រាត    លុយ​ជាតិ​បាត់បង់    មាន​ទេ​មនុស្ស​ត្រង់
ដែល​ចង់​ជួយ​ជាតិ។

៤. មិន​អត់​ទេ​មនុស្ស    តែ​ចិត្ត​មិន​លុះ    ខ្លាច​ប៉ះ​សាច់​ញាតិ
គេ​មិន​ហ៊ាន​ថា    ខ្លាច​ការ​វិវាទ    នេះ​គឺ​ជា​ធាតុ
ដែល​អសកម្ម។

៥. គេ​លួច​ព្រោះ​ធ្លាប់    ក្លាយ​ជា​ទម្លាប់    ធ្លាប់​មក​យូរ​ឆ្នាំ
គឺ​ចាំ​ដូច​សេក    គេ​ដេក​គេ​ត្រាំ    ក្លាយ​ជា​ទិព្វ​ថ្នាំ
ប្រចាំ​ត្រកូល។

៦. រឿងរ៉ាវ​លើ​លោក    ទោះ​ទឹក​ឬ​គោក    មាន​ផ្លូវ​ចេញ​ចូល
ទោះ​ក្នុង​កៀនកោះ    អាច​ដោះ​ប្រមូល    រក្សា​ចំណូល
ទើប​ជាតិ​ថ្កើងថ្កាន។

៧. រឿង​ពុករលួយ    ឈប់​នាំ​គ្នា​ព្រួយ    ក្រោក​ឡើង​គ្រប់​ប្រាណ
រួម​ទាំង​អស់​គ្នា    ពុះពារ​តាម​ដាន    រដ្ឋ​រាស្ត្រ​សុខសាន្ត
យើង​បាន​ធូរធារ។

៨. កុំ​ផ្តោល​ឲ្យ​គេ    កុំ​ចេះ​តែ​ជេរ    កុំ​ធ្វើ​ដូច​ទា
ចេះ​ត្រឹម​ពង​ចោល    ឈរ​ថ្កោល​គ្រប់​គ្រា    ថា​មក​ពី​មារ
ក្លាយ​ជា​ដូច្នេះ។

៩. ផ្តើម​ពី​ខ្លួន​ឯង    ចូល​រួម​ប្រឹងប្រែង    ជម្រះ​ក្លិន​ឆ្អេះ
កុំ​ដូច​ផ្លេបយ    បន្ថយ​កិលេស    កុំ​គេច​កុំ​វេះ
ឈប់​សូក​ឈប់​សែន។

១០. ឆ្លើយ​ទេ​សំណូក    ខ្លួន​យើង​ឈប់​សូក    គ្មាន​ទេ​សំណែន
ខ្លួន​ត្រូវ​តែ​ច្បាស់    ប្ដូរ​ផ្លាស់​បែប​ផែន    រួច​ហើយ​យើង​កែន
ឈប់​សែន​លែង​សូក។

១១. អប់រំ​ឈាម​ជ័រ    បណ្ដុះ​សីលធម៌    បំបាត់​សំណូក
ឲ្យ​អ្នក​ដទៃ    លក​លៃ​ប្រកូក    ប្រឹង​ចែវ​ប្រឹង​ចូក
ទើប​ជាតិ​ផុត​ព្រួយ។

១២. បើ​យើង​ឈរ​មើល    មិន​ព្រម​រួម​ធ្វើ    មិន​លូក​ដៃ​ជួយ
ធ្វើ​ម្ដេច​បាន​ស្ងាត់    នឹង​បាត់​រលួយ    រួម​កម្លាំង​មួយ
ទើប​ជួយ​ជាតិ​បាន៕

មតិ (1)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

ក្នុងនាមខ្ញុំជាអ្នកសិស្សមួយរូប។ខ្ញុំយល់ថាកំណាព្យខាងលើពិតជាល្អណាស់សម្រាប់យើងម្នាក់ៗហើយបើយើងយល់ថាអ្វីដែលយើងគិតថាត្រូវចូលយើងធ្វើចុះប៉ុន្តែសូមយើងកុំក្បត់នឹងឧត្តមគតិយើងអោយសោះព្រោះនាំអោយជាតិយើងរលាយ។ខ្ញុំសូមអរគុណ!

Dec 19, 2012 08:34 AM