កំហុស​អ្នក​ណា (៤)

ដោយ គុជ ប៊ុនរ៉ី
2012-09-13
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

១-មើល​ចុះ​ស្រុក​ខ្មែរ   មិន​ថា​ក្រុង​ស្រែ   ផ្សារ​កើត​ច្រើន​ណាស់   មាន​តូច​មាន​ធំ   ដូច​ផ្លុំ​ស្អេក​ស្កះ   លូត​លាស់​ក្រៃ​ក្រាស់   ដេរ​ដាស​កើត​កើន។

២-មើល​ចុះ​ស្រុក​ស្រែ   ឥឡូវ​ផ្លាស់​ប្រែ   ផ្សារ​កើត​ឡើង​ច្រើន   ពី​តូច​ទៅ​ធំ   ត្រសុំ​រន្ថើន   គឺ​រីក​ចម្រើន   កើន​គ្មាន​ឈប់​ឈរ។

៣-ផ្សារ​កើត​ច្រើន​ហើយ   មនុស្ស​មិន​កន្តើយ   មូល​មីរ​ខ្មៅ​មរ   ខ្លះ​មក​ខ្លះ​ទៅ   ខ្លះ​នៅ​កៀងគរ   អ្នក​រឹង​ជំហរ   គរ​ឈើ​ធ្វើ​ផ្ទះ។

៤-ផ្ទះ​ជុំវិញ​ផ្សារ   សង់​ឡើង​ត្រៀបត្រា   ម្នីម្នា​រូត​រះ   ធ្វើ​តាម​ចំណង់   ចិត្ត​ចង់​ជម្នះ   លៃ​យក​តែ​ឈ្នះ   ផ្ទះ​អ្នក​ជិត​ខាង។

៥-មុន​ពេល​សង់​ផ្សារ   កើត​មាន​បញ្ហា   អ្នក​ខ្លះ​ឈរ​កាង   ជួរ​ក្រោយ​ជួរ​មុខ   វាយ​លុក​កសាង   ធ្វើ​តូប​បើក​ហាង   សាង​សង់​ទិញ​លក់។

៦-មើល​ទៅ​ក្នុង​ផ្សារ   សែន​អនិច្ចា   ដើរ​កាត់​តែ​ភក់   ពេល​ចូល​ដល់​ក្នុង   ស្លៅ​ស្លុង​ចង់​ឈ្លក់   អ្នក​ទិញ​វីវក់   អ្នក​លក់​ងីងើ។

៧-ភ្លៀង​ធ្លាក់​កាល​ណា   ទឹក​លិច​ពេញ​ផ្សារ   នាំ​គ្នា​ឈរ​មើល   ព្រោះ​ផ្ទះ​ជុំវិញ   រលេញ​នៅ​លើ   មុន​ពេល​គេ​ធ្វើ   ចាក់​ដី​ឲ្យ​ខ្ពស់។

៨-ផ្ទះ​ខ្ពស់​ជាង​ផ្សារ   ពេល​ភ្លៀង​ឆ្លេឆ្លា   សំឡេង​ទ្រគោះ   លូ​ខូច​វរវឹក   លិច​ទឹក​កើត​ឈ្លោះ   ធំ​ជ្រាំ​ដូច​ជ្រោះ   ពោះ​ចាប់​ផ្ដើម​លាន់។

៩-រឿង​សាង​សង់​ផ្សារ   ត្រូវ​តែ​ចាត់​ការ   ក្រឡា​ប្រព័ន្ធ   រៀប​ចំ​ខ្វាត់​ខ្វែង   ចាត់​ចែង​បន្ទាន់   ឲ្យ​បាន​គ្រប់គ្រាន់   ប្រព័ន្ធ​ទឹក​ហូរ។

១០-រៀប​ផ្សារ​រួច​ស្រេច   ទើប​ចាំ​សម្រេច   សង់​ផ្ទះ​ផង់​ផូរ   ធ្វើ​មាន​របៀប   រយ​រៀប​ដោះ​ដូរ   កុំ​ឲ្យ​ជាប់​សូរ   ទឹក​ហូរ​បាន​ស្រួល។

១១-មុន​គឺ​កំហុស   កែ​កុន​ខាត់​ដុស   កុំ​ឲ្យ​ធំ​ឈួល   រៀប​ចំ​ប្លង់​មេ   រិះ​រេ​សម្រួល   ដី​ស្រស់​ដូច​ទួល   ស្រួល​លក់​ដូរ​ទិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។