កំហុស​អ្នក​ណា (៤)

១-មើល​ចុះ​ស្រុក​ខ្មែរ មិន​ថា​ក្រុង​ស្រែ ផ្សារ​កើត​ច្រើន​ណាស់ មាន​តូច​មាន​ធំ ដូច​ផ្លុំ​ស្អេក​ស្កះ លូត​លាស់​ក្រៃ​ក្រាស់ ដេរ​ដាស​កើត​កើន។

២-មើល​ចុះ​ស្រុក​ស្រែ ឥឡូវ​ផ្លាស់​ប្រែ ផ្សារ​កើត​ឡើង​ច្រើន ពី​តូច​ទៅ​ធំ ត្រសុំ​រន្ថើន គឺ​រីក​ចម្រើន កើន​គ្មាន​ឈប់​ឈរ។

៣-ផ្សារ​កើត​ច្រើន​ហើយ មនុស្ស​មិន​កន្តើយ មូល​មីរ​ខ្មៅ​មរ ខ្លះ​មក​ខ្លះ​ទៅ ខ្លះ​នៅ​កៀងគរ អ្នក​រឹង​ជំហរ គរ​ឈើ​ធ្វើ​ផ្ទះ។

៤-ផ្ទះ​ជុំវិញ​ផ្សារ សង់​ឡើង​ត្រៀបត្រា ម្នីម្នា​រូត​រះ ធ្វើ​តាម​ចំណង់ ចិត្ត​ចង់​ជម្នះ លៃ​យក​តែ​ឈ្នះ ផ្ទះ​អ្នក​ជិត​ខាង។

៥-មុន​ពេល​សង់​ផ្សារ កើត​មាន​បញ្ហា អ្នក​ខ្លះ​ឈរ​កាង ជួរ​ក្រោយ​ជួរ​មុខ វាយ​លុក​កសាង ធ្វើ​តូប​បើក​ហាង សាង​សង់​ទិញ​លក់។

៦-មើល​ទៅ​ក្នុង​ផ្សារ សែន​អនិច្ចា ដើរ​កាត់​តែ​ភក់ ពេល​ចូល​ដល់​ក្នុង ស្លៅ​ស្លុង​ចង់​ឈ្លក់ អ្នក​ទិញ​វីវក់ អ្នក​លក់​ងីងើ។

៧-ភ្លៀង​ធ្លាក់​កាល​ណា ទឹក​លិច​ពេញ​ផ្សារ នាំ​គ្នា​ឈរ​មើល ព្រោះ​ផ្ទះ​ជុំវិញ រលេញ​នៅ​លើ មុន​ពេល​គេ​ធ្វើ ចាក់​ដី​ឲ្យ​ខ្ពស់។

៨-ផ្ទះ​ខ្ពស់​ជាង​ផ្សារ ពេល​ភ្លៀង​ឆ្លេឆ្លា សំឡេង​ទ្រគោះ លូ​ខូច​វរវឹក លិច​ទឹក​កើត​ឈ្លោះ ធំ​ជ្រាំ​ដូច​ជ្រោះ ពោះ​ចាប់​ផ្ដើម​លាន់។

៩-រឿង​សាង​សង់​ផ្សារ ត្រូវ​តែ​ចាត់​ការ ក្រឡា​ប្រព័ន្ធ រៀប​ចំ​ខ្វាត់​ខ្វែង ចាត់​ចែង​បន្ទាន់ ឲ្យ​បាន​គ្រប់គ្រាន់ ប្រព័ន្ធ​ទឹក​ហូរ។

១០-រៀប​ផ្សារ​រួច​ស្រេច ទើប​ចាំ​សម្រេច សង់​ផ្ទះ​ផង់​ផូរ ធ្វើ​មាន​របៀប រយ​រៀប​ដោះ​ដូរ កុំ​ឲ្យ​ជាប់​សូរ ទឹក​ហូរ​បាន​ស្រួល។

១១-មុន​គឺ​កំហុស កែ​កុន​ខាត់​ដុស កុំ​ឲ្យ​ធំ​ឈួល រៀប​ចំ​ប្លង់​មេ រិះ​រេ​សម្រួល ដី​ស្រស់​ដូច​ទួល ស្រួល​លក់​ដូរ​ទិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។