កសិករ​វ័យ​ចំណាស់​ព្រួយ​បារម្ភ​ពី​ការ​ថយ​ចុះ​កម្លាំង​ពលកម្ម​ក្នុង​វិស័យ​កសិកម្ម

ដោយ អ៊ុំ រង្សី
2016.03.07
ផ្សារ​ណាត់​កសិផល​ធម្ម កំពង់ស្ពឺ ២០១៦ ៨៥៥ ផ្សារ​ណាត់​សហគមន៍​កសិផល​ធម្មជាតិ​ជា​លើក​ដំបូង​នៅ​ក្នុង​ទី​រួម​ខេត្ត​កំពង់ស្ពឺ ត្រូវ​បាន​អង្គការ​សេដាក (CEDAC) និង​កសិករ​សម្ពោធ​ជា​ផ្លូវ​ការ​កាល​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០១៦។ RFA/Um Raingsey
RFA/Um Raingsey

កសិករ​វ័យ​ចំណាស់​បាន​លើក​ឡើង​ថា ចំនួន​កសិករ ពិសេស​យុវជន​នៅ​តាម​ទី​ជនបទ​ដែល​ធ្វើ​ការ​ក្នុង​វិស័យ​កសិកម្ម កំពុង​ថយ​ចុះ​នៅ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ កសិករ​វ័យ​ចំណាស់​ទាំង​នោះ​បារម្ភ​ថា ប្រសិន​បើ​ចរន្ត​នៃ​កម្លាំង​ពលកម្ម​ក្នុង​វិស័យ​កសិកម្ម​នេះ​នៅ​តែ​បន្ត​ធ្លាក់​ចុះ អាច​នឹង​បង្ក​ជា​ក្តី​បារម្ភ​ដល់​លទ្ធភាព​ផ្គត់ផ្គង់​ស្បៀង​អាហារ និង​អាច​ប៉ះពាល់​ដល់​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​នៅ​កម្ពុជា។

កសិករ​វ័យ​ចំណាស់​អះអាង​ថា កង្វះ​ទុន កង្វះ​ប្រព័ន្ធ​ធារាសាស្ត្រ និង​ការ​គាំទ្រ​ផ្នែក​ទីផ្សារ​លក់​ផលិតផល​កសិកម្ម គឺ​ជា​មូលហេតុ​សំខាន់​ក្នុង​ចំណោម​មូលហេតុ​ជាច្រើន ដែល​ជំរុញ និង​កំពុង​គំរាម​កំហែង​ឲ្យ​កម្លាំង​ពលកម្ម​ក្នុង​វិស័យ​កសិកម្ម​នៅ​ទី​ជនបទ ថយ​ចុះ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។

ជាង​នេះ​ទៀត កសិករ​វ័យ​ចំណាស់​ក៏​យល់​ថា ផល​ប៉ះពាល់​ពី​ការ​ថយ​ចុះ​កម្លាំង​ពលកម្ម​ក្នុង​វិស័យ​កសិកម្ម ក៏​បាន​ក្លាយ​ជា​បញ្ហា​ចោទ ជំរុញ​ឲ្យ​កសិករ​មួយ​ចំនួន​ធំ​ក្លាយ​ជា​កូន​បំណុល​របស់​ធនាគារ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នានា ដែល​ត្រូវ​ប្រឈម​ខ្វះ​ប្រាក់​បង្វិល​សង​ម្ចាស់​បំណុល ឬ​នឹង​អាច​ត្រូវ​ធនាគារ​រឹប​អូស​ទ្រព្យ​បញ្ចាំ​ពី​ការ​ខ្ចី​ប្រាក់​ក៏​មាន។

បញ្ហា​នេះ ត្រូវ​លើក​ឡើង​ក្នុង​ពិធី​សម្ពោធ​ផ្សារ​ណាត់​សហគមន៍​កសិផល​ធម្មជាតិ​នៅ​ខេត្ត​កំពង់ស្ពឺ រៀបចំ​ឡើង​ដោយ​អង្គការ​សេដាក (CEDAC) កាល​ពី​ពេល​ថ្មីៗ​នេះ។

ក្នុង​វ័យ​ជាង ៦០​ឆ្នាំ បុរស​ម្នាក់​ដែល​មាន​ស្បែក​ជ្រីវជ្រួញ មុខ​ជាំ​ខ្មៅ​អន្លើៗ លោក ស៊ឹម រ៉ុម នៅ​ភូមិ​ទូល ស្រុក​បរសេដ្ឋ ខេត្ត​កំពង់ស្ពឺ ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នៅ​ទី​ជនបទ អ្នក​ដែល​មាន​កម្លាំង​ពលកម្ម​នៅ​ក្នុង​ភូមិ​ជាច្រើន បង្ខំ​ចិត្ត​ចំណាក​ស្រុក​ទៅ​ធ្វើ​ការ​នៅ​ទីក្រុង​ភ្នំពេញ និង​ទៅ​ក្រៅ​ប្រទេស ជាដើម។ ជាក់ស្តែង គ្រួសារ​ខ្លះ​នៅ​ក្នុង​ភូមិ​របស់​លោក ធ្លាប់​តែ​មាន​សមាជិក​យ៉ាង​តិច ៥​នាក់​ធ្វើ​កសិកម្ម ប៉ុន្តែ​ឥឡូវ​សល់​ត្រឹម​តែ ២​នាក់​ប៉ុណ្ណោះ ហើយ​ភាគ​ច្រើន​ជា​មនុស្ស​ចាស់។ លោក​ថា ករណី​ថយ​ចុះ​កម្លាំង​ពលកម្ម​ក្នុង​ការងារ​កសិកម្ម មក​ពី​កត្តា​បី​សំខាន់ គឺ​កង្វះ​ទុន កង្វះ​ទឹក និង​កង្វះ​ទីផ្សារ៖ «កសិករ​ជួប​បញ្ហា​ជា​រៀង​រាល់​ថ្ងៃ។ ចឹង​គ្រួសារ​កសិករ​ខ្លះ​បង្ខំ​ចិត្ត​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស ទៅ​ថៃ ទៅ​កូរ៉េ ខ្លះ​ទៅ​ភ្នំពេញ​ចឹង​ទៅ ហើយ​មាន​កសិករ​ខ្លះ​ទោះ​បី​គាត់​មាន​អាយុ​ច្រើន តែ​គាត់​នាំ​គ្នា​ឲ្យ​គេ​កែ​អាយុ ដើម្បី​បាន​ទៅ​ធ្វើ​ការ​ជាដើម»

កសិករ​វ័យ​ចំណាស់​ម្នាក់​នេះ​បារម្ភ​ថា នៅ​ពេល​កម្លាំង​ពលកម្ម ពិសេស​យុវជន​គេច​ចេញ​ពី​ការងារ​កសិកម្ម បញ្ហា​នេះ​នឹង​នាំ​ហានិភ័យ​ដល់​វិស័យ​កសិកម្ម និង​ការ​ផ្គត់ផ្គង់​អាហារ​នៅ​កម្ពុជា ទៅ​ថ្ងៃ​មុខ។ ហេតុ​នេះ លោក​ស្នើ​ឲ្យ​រដ្ឋាភិបាល គួរ​មាន​កញ្ចប់​ទុន​ជាក់លាក់​ណា​មួយ​ជួយ​ដោះស្រាយ​ក្នុង​តំបន់​ណា​ដែល​មាន​ការ​ថយ​ចុះ​កម្លាំង​ពលកម្ម​ច្រើន ដើម្បី​ទាក់ទាញ​យុវជន និង​អ្នក​មាន​កម្លាំង​ពលកម្ម​គ្រប់គ្រាន់ ងាក​មក​ធ្វើ​ការងារ​កសិកម្ម​វិញ៖ «ប្រសិន​បើ​រដ្ឋាភិបាល​ចេះ​ទម្លាក់​ទុន ឬ​ថវិកា​ខ្លះ​មក​ឲ្យ​ឃុំ​ខ្លាំងៗ សហគមន៍​ខ្លាំងៗ ដែល​គាត់​ធ្វើ​បាន គឺ​ជា​ការ​ល្អ ហើយ​អ្នក​ដែល​ចំណាក​ស្រុក​គាត់​នឹង​ត្រឡប់​មក​ស្រុក ធ្វើ​ការងារ​កសិកម្ម​វិញ​ហើយ»

ទន្ទឹម​គ្នា​នេះ កសិករ​ស្ត្រី​វ័យ​ចំណាស់​មក​ពី​ខេត្ត​កំពង់ស្ពឺ ម្នាក់​ទៀត លោកស្រី តន ស៊ន ព្រួយ​បារម្ភ​ដែរ​ថា បច្ចុប្បន្ន កសិករ​នៅ​ទី​ជនបទ​នៅ​តែ​ធ្វើ​ស្រែ​តាម​ទម្លាប់​បុរាណ ធ្វើ​កសិកម្ម​រំពឹង​ទឹក​ភ្លៀង ឬ​ហៅ​ថា​កសិកម្ម​ប្រវាស់​មេឃ​នោះ។ លោកស្រី​បន្ត​ថា ទម្លាប់​ទាំង​នេះ​មិន​បាន​ផ្តល់​ផល​ចំណេញ និង​ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​វិស័យ​កសិកម្ម​នោះ​ទេ វា​កាន់​តែ​ឲ្យ​កសិករ​បែរ​ចេញ​ពី​ការងារ​នេះ​កាន់​តែ​ច្រើន​ទៅ​វិញ។ កសិករ​វ័យ​ចំណាស់​រូប​នេះ ស្នើ​ឲ្យ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​ប្រព័ន្ធ​ធារាសាស្ត្រ​ឲ្យ​បាន​គ្រប់គ្រាន់ ព្រោះ​កម្ពុជា គឺ​ជា​ប្រទេស​កសិកម្ម៖ «គំនិត​ខ្ញុំ ចង់​ឲ្យ​រដ្ឋាភិបាល​ជីក​ស្រះ ជីក​ប្រឡាយ​ទឹក​ឲ្យ​គ្រប់គ្រាន់ ព្រោះ​បើ​មាន​ទឹក​គ្រប់គ្រាន់ ពួក​ខ្ញុំ​នឹង​នាំ​គ្នា​ដាំ​ដំណាំ​បាន​ច្រើន​ហើយ»

របាយការណ៍​ស្ទង់​មតិ​របស់​ទីភ្នាក់ងារ​ជាតិ​មុខ​របរ និង​ការងារ ឆ្នាំ​២០១៥ បង្ហាញ​ថា ធនធាន​មនុស្ស​ផ្នែក​ជំនាញ​រឹង ពិសេស​ទាក់ទង​នឹង​ធនធាន​មនុស្ស​ផ្នែក​បច្ចេកទេស​កសិកម្ម មិន​ទាន់​អាច​ឆ្លើយ​តប​នឹង​កំណើន​តម្រូវ​ការ​ការងារ​បាន​គ្រប់គ្រាន់​នៅ​ក្នុង​វិស័យ​កសិកម្ម។

និស្សិត​ផ្នែក​កសិកម្ម​ម្នាក់​មក​ពី​សាលា​ជាតិ​កសិកម្ម​ព្រែកលៀប កញ្ញា នី ពិសី យល់​ថា មាន​ហេតុផល​ជាច្រើន​ដែល​បណ្ដាល​ឲ្យ​ថយ​ចុះ​កម្លាំង​ពលកម្ម​ក្នុង​វិស័យ​កសិកម្ម។ កញ្ញា​ថា ក្នុង​នោះ​ក៏​បណ្ដាល​មក​ពី​កង្វះ​ការ​ផ្សព្វផ្សាយ​ពី​បច្ចេកទេស​កសិកម្ម និង​កង្វះ​ការ​គាំទ្រ​យុវជន​លើ​ផ្នែក​កសិកម្ម ជាដើម។ ម្យ៉ាង​ទៀត ផ្នត់​គំនិត​សង្គម​ដែល​តែង​លើក​ឡើង​ថា "រៀន​ដើម្បី​ធ្វើ​ធំ រៀន​ដើម្បី​ចៀស​ស្រែ" នៅ​តែ​ស្ថិត​នៅ​ក្នុង​ផ្នត់​គំនិត​របស់​យុវជន និង​គ្រួសារ​យុវជន​ខ្មែរ។ ហេតុ​នេះ កញ្ញា​ថា ពាក្យ​នេះ​បាន​បន្ត​ជំរុញ​ឲ្យ​យុវជន​មិន​ចង់​ក្លាយ​ខ្លួន​ជា​កសិករ​នោះ​ឡើយ។

របាយការណ៍​បូក​សរុប​ការងារ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ប្រចាំ​ឆ្នាំ​២០១៤ ដល់​ឆ្នាំ​២០១៥ និង​ទិសដៅ​អនុវត្តន៍​ឆ្នាំ​២០១៥ ដល់​ឆ្នាំ​២០១៦ បង្ហាញ​ថា បច្ចុប្បន្ន វិស័យ​កសិកម្ម​បាន​ចូលរួម​ចំណែក​ជិត ៣០% (២៨,%) នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​ឆ្នាំ​២០១៤។ ដោយឡែក​វិស័យ​ឧស្សាហកម្ម បាន​ចូលរួម​ចំណែក​ប្រមាណ​ជាង ២៥% (២៥,%) និង​វិស័យ​សេវាកម្ម​ប្រហែល​ជាង ៤០% (៤០,%)។ របាយការណ៍​ដដែល​បង្ហាញ​ទៀត​ថា ការ​ថយ​ចុះ​នៃ​ការ​ចូលរួម​របស់​វិស័យ​កសិកម្ម គឺ​អាស្រ័យ​ទៅ​លើ​ការ​រីក​លូតលាស់​នៃ​ផ្នែក​ពីរ​សំខាន់​ផ្សេង​ទៀត​ក្នុង​វិស័យ​សេដ្ឋកិច្ច ដែល​មាន​ដូចជា វិស័យ​ឧស្សាហកម្ម សំណង់ និង​វិស័យ​សេវាកម្ម ហើយ​ករណី​នេះ​បង្ហាញ​ថា ការ​ចូលរួម​ចំណែក​របស់​វិស័យ​កសិកម្ម មាន​ការ​ប្រែប្រួល​ដោយ​ថយ​ចុះ​ពី ៣៣,% ទៅ ២៨,% ក្នុង​ចន្លោះ​ឆ្នាំ​២០១០ និង​ឆ្នាំ​២០១៤ ដោយសារ​ប្រជាពលរដ្ឋ​កម្ពុជា បោះបង់​ការងារ​កសិកម្ម ហើយ​ងាក​ទៅ​រក​វិស័យ​ឧស្សាហកម្ម​កាន់​តែ​មាន​ការ​កើន​ឡើង។

ដើម្បី​ដោះស្រាយ​ក្តី​បារម្ភ​របស់​កសិករ​វ័យ​ចំណាស់​ពី​ការ​ថយ​ចុះ​កម្លាំង​ពលកម្ម​ក្នុង​វិស័យ​កសិកម្ម​នេះ​ដែរ អ្នក​សម្រប​សម្រួល​ផ្នែក​កសិកម្ម​របស់​មជ្ឈមណ្ឌល​សិក្សា និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា លោក វង្ស សាវឿន យល់​ថា រដ្ឋាភិបាល​ដោះស្រាយ​លើ​កត្តា​បី​សំខាន់៖ «ទី​១ រដ្ឋាភិបាល​គួរ​លើក​ទឹក​ចិត្ត​ជំរុញ​កសិករ​ឲ្យ​មាន​ទុន​គ្រប់គ្រាន់​ដើម្បី​ផលិត។ ទី​២ ជំរុញ​កសិករ​ឲ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ពូជ​ទ្វេ​ដង ព្រោះ​បច្ចុប្បន្ន បញ្ហា​ពូជ​មិន​សុទ្ធ ធ្វើ​ឲ្យ​កសិករ​លក់​កសិផល​បាន​ថោក ហើយ​មិន​អាច​បន្ស៊ាំ​ទៅ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​បាន​នោះ​ទេ និង​ទី​៣ រដ្ឋាភិបាល​គួរ​តែ​ជំរុញ​ឲ្យ​មាន​ចលនា​ទឹក​គ្រប់គ្រាន់​នៅ​តាម​ជនបទ ឲ្យ​ក្លាយ​ជា​សរសៃ​ឈាម​មួយ ព្រោះ​ទឹក​គឺ​ជា​ជីវិត»

ឆ្លើយ​តប​ការ​លើក​ឡើង​នេះ អ្នក​នាំ​ពាក្យ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក អ៊ាង សុផល្លែត ទទួល​ស្គាល់​ពី​ការ​ការ​ថយ​ចុះ​កម្លាំង​ពលកម្ម​ក្នុង​វិស័យ​កសិកម្ម ប៉ុន្តែ​បញ្ហា​នេះ ទាមទារ​ឲ្យ​មាន​ការ​ចូលរួម​ទាំងអស់​គ្នា។ យ៉ាង​ណា លោក​អះអាង​ថា ក្រសួង​កសិកម្ម កំពុង​តែ​ខិតខំ​ប្រឹងប្រែង​ដោះស្រាយ​បញ្ហា​ក្នុង​វិស័យ​កសិកម្ម ក្នុង​នោះ​មាន បញ្ហា​ខ្វះ​ទឹក និង​បញ្ហា​ខ្វះ​ទុន ដែល​បញ្ហា​ប្រឈម​ខ្លាំង​របស់​កសិករ។ ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ពី​ថវិកា​សរុប​សម្រាប់​ចំណាយ​លើ​វិស័យ​កសិកម្ម​នោះ​ឡើយ៖ «ករណី​ទុន ចំពោះ​ចំណុច​នេះ​កន្លង​មក រដ្ឋាភិបាល​ធ្លាប់​បាន​ជំរុញ​ឲ្យ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នានា ផ្តល់​ការប្រាក់​ទាប ដើម្បី​ឲ្យ​កសិករ​មាន​លទ្ធភាព​ខ្ចី​យក​ទៅ​ធ្វើ​ការងារ​កសិកម្ម​បាន»

ក្នុង​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ឆ្នាំ​របស់​ក្រសួង​មហាផ្ទៃ កាល​ពី​ពេល​ថ្មីៗ​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​រិះគន់​ដល់​គណៈរដ្ឋមន្ត្រី​ចំៗ និង​ធ្ងន់ធ្ងរ ក្នុង​នោះ​មាន​ក្រសួង​សាធារណការ និង​ក្រសួង​កសិកម្ម ថា​គឺ​ជា​ក្រសួង​យឺត និង​ស្ទក់​ជាង​គេ ដែល​មាន​ភាព​ស្ពឹក​ស្រពន់​នៅ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នានា​ក្រោម​ចំណាត់​ការ​របស់​ខ្លួន។ លោក​ព្រមាន​ថា នឹង​ធ្វើ​កំណែ​ទម្រង់ «ងូត​ទឹក ឆ្លុះ​កញ្ចក់ និង​ដុស​ក្អែល» មន្ត្រី​ផង​ដែរ​នោះ៖ «ក្រសួង​ណា​ដែល​ស្ថិត​ក្នុង​ចំណាត់​អន់​ជាង​គេ គឺ​ចំណាត់​ថ្នាក់ F គឺ​មាន​ក្រសួង​សាធារណការ ហើយ​និង​ក្រសួង​កសិកម្ម គឺ​ថា​ធ្វើ​ការ​ស្ពឹក​ស្រពន់»

ប៉ុន្តែ​កសិករ​វ័យ​ចំណាស់ និង​អ្នក​ធ្វើ​ការ​ពាក់ព័ន្ធ​ក្នុង​វិស័យ​កសិកម្ម​យល់​ថា ទោះ​បី​ជា​កន្លង​មក​មាន​ការ​ព្រមាន​ខ្លាំងៗ​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទៅ​កាន់​មន្ត្រី​ពាក់ព័ន្ធ និង​មាន​ការ​សន្យា​ជាច្រើន​លើក​ច្រើន​សា​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ក្តី តែ​ហាក់​នៅ​តែ​គ្មាន​ប្រសិទ្ធភាព។ ផ្ទុយ​ទៅ​វិញ វិស័យ​កសិកម្ម​នៅ​កម្ពុជា នៅ​តែ​អន់​ខ្សោយ បើ​ធៀប​នឹង​ប្រទេស​ជិត​ខាង ពិសេស​ការ​ថយ​ចុះ​កម្លាំង​ពលកម្ម​ក្នុង​វិស័យ​នេះ នៅ​តែ​កើន​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ហើយ​ប្រជា​កសិករ​កម្ពុជា នៅ​តែ​រស់នៅ​ក្នុង​ស្ថានភាព​ក្រីក្រ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។