បច្ចេកទេស​ដាំ​ស្ពៃ​ក្រញាញ់​ក្នុង​ការុង​ដើម្បី​បាន​ទិន្នផល​ខ្ពស់

ដោយ អ៊ុំ រង្សី
2015.11.03
ស្ពៃ​ក្រញាញ់ ៦២០ ស្ពៃ​ក្រញាញ់​អាយុ ៣០​ថ្ងៃ របស់​កសិករ ស៊ឹម រ៉ុម ដាំ​ដំណាំ​បន្លែ​ស្ពៃ​នៅ​ក្នុង​ការុង ស្ថិត​នៅ​ភូមិ​ទូល ឃុំ​ស្វាយរំពារ ស្រុក​បរសេដ្ឋ ខេត្ត​កំពង់ស្ពឺ។ រូបថត​ថ្ងៃ​ទី​១៨ ខែ​តុលា ឆ្នាំ​២០១៥
RFA

ស្ពៃ​ក្រញាញ់ ឬ​ស្ពៃ​រួញ ជា​ដំណាំ​បន្លែ​មួយ​ប្រភេទ​ក្នុង​ចំណោម​បន្លែ​ស្លឹក​ជាច្រើន ដែល​កសិករ​កម្ពុជា និយម​ដាំ។ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ កសិករ​នៅ​តាម​ជនបទ​តែង​តែ​នាំ​គ្នា​ស្វែងរក​គំនិត​ច្នៃ​ប្រឌិត​ថ្មី ប្លែកៗ ដើម្បី​បន្ស៊ាំ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ។ ជាក់ស្តែង កសិករ ស៊ឹម រ៉ុម បាន​កែប្រែ​ពី​ការ​ដាំ​បន្លែ​ស្ពៃ​ក្រញាញ់​លើ​ដី​ផ្ទាល់ មក​ដាំ​នៅ​ក្នុង​ការុង​វិញ​ម្ដង។

តើ​ហេតុ​អ្វី​បាន​ជា​គ្រួសារ​កសិករ​មួយ​នេះ ងាក​មក​ដាំ​ស្ពៃ​ក្រញាញ់​នៅ​ក្នុង​ការុង? តើ​បច្ចេកទេស​ដាំ​ស្ពៃ​ក្រញាញ់​ក្នុង​ការុង​មាន​អ្វី​ខ្លះ?

ប្រជា​កសិករ​លើក​ឡើង​ថា ស្ពៃ​ក្រញាញ់​ផ្តល់​ផល​ប្រយោជន៍​យ៉ាង​ច្រើន​ដល់​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​ធ្វើ​ឲ្យ​បន្លែ​ស្លឹក​ប្រភេទ​នេះ​ពេញ​និយម​នៅ​លើ​ទីផ្សារ​បច្ចុប្បន្ន។ ជាង​នេះ​ទៀត ប្រជា​កសិករ​ថា ស្ពៃ​ក្រញាញ់​ទោះ​បី​ជា​ប្រភេទ​បន្លែ​សាមញ្ញ​ក្តី តែ​ស្ពៃ​ក្រញាញ់​អាច​ធ្វើ​ម្ហូប​អាហារ​បាន​ច្រើន​មុខ មិន​ថា ឆា ស្ងោរ និង​ជា​បន្លែ​អន្លក់ ព្រម​ទាំង​អាច​ច្នៃ​ជា​អាហារ​ជាច្រើន​ទៀត។

អត្ថប្រយោជន៍​របស់​ស្ពៃ​ក្រញាញ់​នេះ​ហើយ ដែល​ជំរុញ​ឲ្យ​ក្រុម​គ្រួសារ​កសិករ​នៅ​ក្នុង​ស្រុក​បរសេដ្ឋ ខេត្ត​កំពង់ស្ពឺ ចាប់​អារម្មណ៍​ដាំ​ដំណាំ​បន្លែ​ប្រភេទ​នេះ។ ខណៈ​កសិករ​មួយ​ចំនួន​នៅ​ក្នុង​ស្រុក​បរសេដ្ឋ ខេត្ត​កំពង់ស្ពឺ ដាំ​បន្លែ​ស្ពៃ​ក្រញាញ់​នៅ​លើ​ដី​ផ្ទាល់ ផ្ទុយ​ទៅ​វិញ កសិករ ស៊ឹម រ៉ុម បែរ​ជា​ដាំ​ស្ពៃ​ក្រញាញ់​ដាក់​ក្នុង​ការុង​ទៅ​វិញ។

ហេតុ​អ្វី​បាន​ជា​កសិករ ស៊ឹម រ៉ុម នៅ​ភូមិ​ទូល ឃុំ​ស្វាយរំពារ ស្រុក​បរសេដ្ឋ ខេត្ត​កំពង់ស្ពឺ ដាំ​ស្ពៃ​ក្រញាញ់​នៅ​ក្នុង​ការុង?

លោក ស៊ឹម រ៉ុម បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី ថា ដាំ​បន្លែ​ស្ពៃ​ក្រញាញ់​ក្នុង​ការុង​តាម​បែប​ធម្មជាតិ អាច​បញ្ចៀស​ពី​សត្វ​ចង្រៃ​បំផ្លាញ ទទួល​បាន​ទិន្នផល​ខ្ពស់ មិន​ពិបាក​ថែទាំ ពិសេស​ចំណេញ​លុយ​ច្រើន មិន​ដូច​ដាំ​បន្លែ​ស្ពៃ​ផ្ទាល់​ដី​នោះ​ឡើយ៖ «សឹងតែ​ដាំ​អត់​បាន​ហ្មង ស្រមោច​ចូល​ចិត្ត​ណាស់ ពេល​ដែល​យើង​ដាំ​ស្ពៃ​លើ​ដី​ហ្នឹង មាន​ជាតិ​ជី​នៅ​ដី​ហ្នឹង​វា​ចូល​ចិត្ត​ណាស់ ដាំ​ក្នុង​ការុង​វា​ខុស​ពី​លើ​ដី​ត្រង់​ថា ក្នុង​ការុង​វា​បាន​ទិន្នផល​កើន អត់​សូវ​ចំណាយ»

កូន​ស្ពៃ​ក្រញាញ់​ជាង ៥០០​ការុង​នៅ​ក្នុង​ចម្ការ​របស់​កសិករ ស៊ឹម រ៉ុម ស្ថិត​នៅ​ភូមិ​ទូល ឃុំ​ស្វាយរំពារ ស្រុក​បរសេដ្ឋ ខេត្ត​កំពង់ស្ពឺ។ រូបថត​ថ្ងៃ​ទី​១៨ ខែ​តុលា ឆ្នាំ​២០១៥
កូន​ស្ពៃ​ក្រញាញ់​ជាង ៥០០​ការុង​នៅ​ក្នុង​ចម្ការ​របស់​កសិករ ស៊ឹម រ៉ុម ស្ថិត​នៅ​ភូមិ​ទូល ឃុំ​ស្វាយរំពារ ស្រុក​បរសេដ្ឋ ខេត្ត​កំពង់ស្ពឺ។ រូបថត​ថ្ងៃ​ទី​១៨ ខែ​តុលា ឆ្នាំ​២០១៥
RFA/Um Rainsey

លោក ស៊ឹម រ៉ុម បាន​ឲ្យ​ដឹង​ទៀត​ថា ដើម្បី​អាច​ដាំ​ស្ពៃ​ក្នុង​ការុង​បាន ចាំបាច់​ត្រូវ​មាន​សម្ភារៈ​មួយ​ចំនួន ដូចជា ការុង​ស៊ីម៉ងត៍ ឫស្សី ដប​ទឹក​សុទ្ធ និង​ដី។ លោក​បន្ត​ថា របៀប​លាយ​ដី​ដើម្បី​ដាំ​ស្ពៃ​ក្រញាញ់​បាន ចាំបាច់​ត្រូវ​មាន​ដី​ដំបូក លាមក​មាន់ លាមក​គោ និង​ផេះ​អង្កាម។ លោក​ឲ្យ​ដឹង​ថា យក​វត្ថុ​ទាំង​នេះ​មក​លាយ​ច្របល់​ចូល​គ្នា ហើយ​យក​ទៅ​ដាក់​ក្នុង​ការុង​ដោយ​ក្នុង ១​ការុង ដាក់​ដី និង​ជី​ទាំងអស់​នេះ​ក្នុង​បរិមាណ​សរុប​ត្រឹម​តែ ៥​គីឡូក្រាម​ប៉ុណ្ណោះ។ លោក​ថា ក្នុង​បរិមាណ​សរុប ៥​គីឡូក្រាម​នេះ ត្រូវ​ដាក់​ដី​ច្រើន​ជាង​វត្ថុ​ធាតុ​ដើម​ដទៃ​ទៀត៖ «យក​អាចម៍​មាន់​ហ្នឹង​មក ឧទាហរណ៍​ថា ដាក់​ដី​ដំបូក ១០​បង្គី ប្រើ​អាចម៍​មាន់ ១​បង្គី​មក ផេះ​អង្កាម​លាយ​ចូល​គ្នា​មក ហើយ​បើ​យើង​មាន​អាចម៍​គោ ដាក់​ចូល​គ្នា​ដែរ​មក តែ​ត្រូវ​យក​អាចម៍​គោ​ទៅ​ដុត​សិន ដើម្បី​កុំ​ឲ្យ​ស្ពៃ​ក្រញាញ់​ក្រហម​ស្លឹក»

លោក ស៊ឹម រ៉ុម បាន​បញ្ជាក់​ដែរ​ថា ស្ពៃ​ក្រញាញ់​ដាំ​ខែ​វស្សា ឬ​ខែ​ប្រាំង ត្រូវ​លាយ​ដី​ដោយ​ផ្សំ​ចេញ​ពី​វត្ថុ​ធាតុ​ដើម​ទាំង​នេះ​ដូច​គ្នា ប៉ុន្តែ​លោក​ថា សម្រាប់​ខែ​ប្រាំង ក្រោយ​លាយ​ដី​ដាក់​ការុង​រួច ត្រូវ​យក​ដប​ទឹក​សុទ្ធ​កាត់​ផ្នែក​ខាង​គម្រប​ចោល​ពាក់​កណ្ដាល ក្រោយ​មក​យក​ផ្នែក​ពាក់​កណ្ដាល​ដែល​មិន​មែន​ជា​ផ្នែក​ខាង​គម្រប​នោះ ចោះ​ប្រហោង​តូចៗ​ចាប់​ពី ២ ទៅ ៣​ប្រហោង ដាក់​បង្កប់​ចូល​កណ្ដាល​ដី​ដែល​ដាក់​ក្នុង​ការុង​នោះ ប៉ុន្តែ​មិន​ឲ្យ​លិច​ដប​ទឹក​សុទ្ធ​នោះ​ទេ។ លោក​ថា ធ្វើ​បែប​នេះ ដើម្បី​ទុក​ចាក់​ទឹក​ចូល​ជួយ​ជំនួយ​ជាតិ​សំណើម​នា​រដូវ​ប្រាំង៖ «ពេល​ចូល​ដល់​ខែ​ប្រាំង យើង​ត្រូវ​ដាំ​ស្ពៃ​ដាក់​ដប​ទឹក​សុទ្ធ​ហ្មង ស្រោច​ស្ពៃ ហើយ​ចាក់​ទឹក​ឲ្យ​ពេញ​ក្នុង​ដប​ទឹក​សុទ្ធ​ហ្នឹង​ទៅ យើង​ដាក់​ដប​ទឹក​សុទ្ធ​នេះ​ជំនួយ​សំណើម​ទេ ពេល​ខែ​ក្តៅ​ខ្លាំង»

ជាង​នេះ​ទៀត លោក ស៊ឹម រ៉ុម ថា ក្រោយ​រៀបចំ​ដី​ដាក់​ការុង​រួច​ហើយ​នោះ ត្រូវ​យក​គ្រាប់​ស្ពៃ ១ ឬ ២ ដាក់​បង្កប់​ក្នុង​ដី​នោះ។ ប៉ុន្តែ​មក​ដល់​ត្រង់​ចំណុច​នេះ លោក​បាន​ប្រាប់​ពី​បច្ចេកទេស​រើស​គ្រាប់​ពូជ ដើម្បី​ដឹង​ពី​ពូជ​ល្អ ឬ​មិន​ល្អ មុន​យក​ទៅ​ដាំ​ថា៖ «លាយ​ដី​ហើយ​ដាក់​ដាំ​គ្រាប់ ១​ការុង​ដាំ ២​គ្រាប់ ហើយ​ស្ពៃ​បើ​ចង់​ឲ្យ​ដុះ ១០០% យក​គ្រាប់​វា​មក​ទៅ​ហាល​ថ្ងៃ​បន្តិច​សិន រួច​ហើយ​យក​រែង​គ្រាប់​យក​ដី​ខ្សាច់​ចេញ ក្រោយ​មក​យក​គ្រាប់​នោះ​ទៅ​ដាក់​កន្លែង​ដែល​មាន​សំណើម បើ​ឃើញ​ថា​វា​ប្រេះ ហើយ​យក​គ្រប់​នោះ​ទៅ​កប់​ដី​ដែល​បាន​ដាក់​ក្នុង​ការុង​ជា​ការ​ស្រេច»

តើ​របៀប​ថែទាំ​ដំណាំ​បន្លែ​ស្ពៃ​ដាំ​ក្នុង​ការុង​របស់​កសិករ ស៊ឹម រ៉ុម លោក​ធ្វើ​ដូចម្តេច​ខ្លះ?

បច្ចេកទេស​រៀបចំ​ដី​ដាក់​ក្នុង​ការុង​របស់​កសិករ ស៊ឹម រ៉ុម ដើម្បី​ដាំ​ស្ពៃ​ដាក់​ការុង ស្ថិត​នៅ​ភូមិ​ទូល ឃុំ​ស្វាយរំពារ ស្រុក​បរសេដ្ឋ ខេត្ត​កំពង់ស្ពឺ។ រូបថត​ថ្ងៃ​ទី​១៨ ខែ​តុលា ឆ្នាំ​២០១៥
បច្ចេកទេស​រៀបចំ​ដី​ដាក់​ក្នុង​ការុង​របស់​កសិករ ស៊ឹម រ៉ុម ដើម្បី​ដាំ​ស្ពៃ​ដាក់​ការុង ស្ថិត​នៅ​ភូមិ​ទូល ឃុំ​ស្វាយរំពារ ស្រុក​បរសេដ្ឋ ខេត្ត​កំពង់ស្ពឺ។ រូបថត​ថ្ងៃ​ទី​១៨ ខែ​តុលា ឆ្នាំ​២០១៥
RFA/Um Rainsey

លោក ស៊ឹម រ៉ុម បាន​ឲ្យ​ដឹង​បន្ត​ថា ចាប់​ពី​ថ្ងៃ​ដាំ​រហូត​ដល់​ពេល​ប្រមូល​ផល​ស្ពៃ​ក្រញាញ់​មាន​អាយុ ៣០​ថ្ងៃ។ លោក​ថា នៅ​ពេល​កូន​ស្ពៃ​ចាប់​ផ្ដើម​ដុះ​វែង​ហើយ​នោះ យើង​អាច​ស្រោច​ទឹក​មួយ​ថ្ងៃ​ពីរ​ដង ព្រឹក​ស្រោច​ចន្លោះ​ម៉ោង ១០​ព្រឹក និង​ល្ងាច​ម៉ោង ៣​រសៀល។ លោក​បន្ត​ទៀត​ថា បើ​ចង់​ឲ្យ​ស្ពៃ​លូត​លាស់​លឿន​បាន​ទិន្នផល​ខ្ពស់ លោក​បាន​បន្ថែម​ទឹក​នោម​គោ ទឹក​នោម​មនុស្ស​លាយ​ជាមួយ​ទឹក ស្រោច​ក្បែរ​គល់​ស្ពៃ​ជា​ការ​ស្រេច៖ «ការ​ថែម​ថយ​ធ្វើ​ឲ្យ​ល្អ​លឿន មាន​តែ​ទឹក​នោម​គោ ទឹក​នោម​មនុស្ស​លាយ​ជាមួយ​ទឹក​យក​ទៅ​ស្រោច​ក្បែរ​គល់ ដោយ​ប្រើ​កំសៀវ​វា​កាន់​តែ​ធ្វើ​ឲ្យ​ស្ពៃ​ល្អ»

ជាង​នេះ​ទៀត កសិករ ស៊ឹម រ៉ុម បាន​ឲ្យ​ដឹង​ទៀត​ថា ស្ពៃ​ក្រញាញ់​ដាំ​ដាក់​ការុង​មាន​បញ្ហា​សត្វ​ដង្កូវ និង​ស្មៅ​ខ្លះ ប៉ុន្តែ​លោក​ថា បញ្ហា​ស្មៅ និង​ដង្កូវ មិន​មែន​ជា​បញ្ហា​ធំ​សម្រាប់​លោក​នោះ​ទេ ព្រោះ​លោក​មាន​វិធី​ចាប់​ដង្កូវ​ដ៏​មាន​ប្រសិទ្ធភាព ដែល​អាច​ឲ្យ​ស្ពៃ​ក្រញាញ់​របស់​លោក​កាន់​តែ​ទទួល​ផល​ខ្ពស់៖ «ធម្មជាតិ​វា​អាច​កើត​ដង្កូវ​ដោយ​ឯងៗ ចឹង​បើ​ព្រលឹម​ឡើង​យើង​ឃើញ​អាចម៍​ដង្កូវ​ជាប់​ស្លឹក​ស្ពៃ​ហ្នឹង យើង​មាន​វិធី​ទៀត ម៉ោង ៧​យប់​បាត់​សូរ​សំឡេង យើង​យក​ពិល​មក​បញ្ចាំង​មើល​ទៅ​នឹង​ឃើញ​ដង្កូវ តែ​បើ​អត់​ឃើញ​ម៉ោង​ហ្នឹង មក​មើល​ម្តង​ទៀត​នៅ​ម៉ោង ៤​ទៀប​ភ្លឺ នឹង​ឃើញ​ដង្កូវ​ហើយ»

ឯកសារ​ស្រាវជ្រាវ​របស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ស្ដីពី​អត្ថប្រយោជន៍​ស្ពៃ​ក្រញាញ់ បង្ហាញ​ថា ស្ពៃ​ក្រញាញ់​ជា​បន្លែ​ដែល​សម្បូរ​ទៅ​ដោយ​ជីវជាតិ​ច្រើន​មុខ ក្នុង​នោះ​រួម​មាន ជាតិ​ប្រូតេអ៊ីន វីតាមីន​អា (A) វីតាមីន​បេ (B) និង​វីតាមីន​សេ (C)។ លើស​ពី​នេះ ស្ពៃ​ក្រញាញ់​ក៏​សម្បូរ​ជាតិ​រ៉ែ មាន​ជាតិ​កាល់ស្យូម ជាតិ​ដែក ផូស្វ័រ និង​ជាតិ​ប៉ូតាស្យូម។ ដោយសារ​ស្ពៃ​ក្រញាញ់​មាន​អត្ថប្រយោជន៍​ច្រើន​នេះ​ហើយ បាន​ក្លាយ​ជា​ទិសដៅ​សំខាន់​របស់​ក្រុម​គ្រួសារ លោក ស៊ឹម រ៉ុម ដើម្បី​លើក​ស្ទួយ​កម្រិត​ជីវភាព​ប្រចាំ​ថ្ងៃ ព្រោះ​ស្ពៃ​ក្រញាញ់​ដែល​លោក​ដាំ​ដាក់​ការុង​តាម​បែប​ធម្មជាតិ​នេះ​ជាង ៣០០​ការុង លក់​ទៅ​ឲ្យ​ទីផ្សារ​សេដាក (CEDAC) និង​អង្គការ​ស៊ីត បាន​តម្លៃ​ក្នុង ១​គីឡូក្រាម ៥.០០០​រៀល។

លោក ស៊ឹម រ៉ុម អះអាង​ថា បច្ចុប្បន្ន​នៅ​លើ​ទីផ្សារ​កម្ពុជា ស្ពៃ​ក្រញាញ់​កំពុង​នាំ​ចូល​ខ្លាំង​ពី​បណ្ដា​ប្រទេស​ជិត​ខាង។ កសិករ​រូប​នេះ​យល់​ថា ទោះ​ជា​ពលរដ្ឋ​មួយ​ចំនួន​និយម​ប្រើ​ថ្នាំ​គីមី ព្រម​ទាំង​ប្រើ​របៀប ឬ​វិធី​ដាំ​ផ្សេងៗ ដើម្បី​ដាំ​ស្ពៃ​ក្រញាញ់​ឲ្យ​ធំ​លូត​លាស់​លឿន​ក៏ដោយ ប៉ុន្តែ លោក ស៊ឹម រ៉ុម បាន​ណែនាំ​ឲ្យ​កសិករ​ដែល​ចាប់​អារម្មណ៍​ការ​ដាំ​បែប​ធម្មជាតិ ហើយ​ទទួល​បាន​ទិន្នផល​ខ្ពស់​បាន​ល្អ គួរ​ជ្រើស​រើស​ដាំ​ស្ពៃ​ក្រញាញ់​ដាក់​ការុង ព្រោះ​វិធី​នេះ​អាច​ដាំ​ស្ពៃ​បាន​រហូត​ដល់ ៣​ដង ហើយ​ក្នុង​មួយ​ការុងៗ អាច​ទទួល​បាន​ផល​ស្ពៃ​រហូត ១​គីឡូក្រាម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។