កសិករ​ខេត្ត​កំពង់ឆ្នាំង​ខក​ចិត្ត​ដោយសារ​តម្លៃ​ល្ង​ចុះ​ថោក

ដោយ ជិន ជេដ្ឋា
2017-07-02
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ដេប៉ូ​ទិញ​លក់​គ្រាប់​ល្ង និង​គ្រាប់​ឈូក​នៅ​កំពង់ផែ​ផ្សារ​ក្រោម សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ខេត្ត​កំពង់ឆ្នាំង ថ្ងៃ​ទី​១ ខែ​កក្កដា ឆ្នាំ​២០១៧។
ដេប៉ូ​ទិញ​លក់​គ្រាប់​ល្ង និង​គ្រាប់​ឈូក​នៅ​កំពង់ផែ​ផ្សារ​ក្រោម សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ខេត្ត​កំពង់ឆ្នាំង ថ្ងៃ​ទី​១ ខែ​កក្កដា ឆ្នាំ​២០១៧។
RFA/Chin Chetha

បញ្ហា​ទីផ្សារ ឬ​តម្លៃ​កសិផល​ឡើង​ចុះ​មិន​ទៀងទាត់ បាន​ធ្វើ​ឲ្យ​កសិករ​ខ្លះ​បាក់​ទឹក​ចិត្ត និង​ឈប់​បង្កើន​ផ្ទៃដី​ដាំ​ដុះ ខណៈ​កសិករ​ខ្លះ​នៅ​តែ​បង្ខំ​ចិត្ត​បង្កបង្កើនផល​លើ​ទំហំ​ដី​ដដែល ដោយ​សង្ឃឹម​ថា ថ្ងៃ​ណា​មួយ​តម្លៃ​កសិផល​នឹង​មាន​តម្លៃ​សមរម្យ​អាច​លក់​បាន​លុយ​ដោះ​បំណុល​គេ និង​សល់​ចាយវាយ​ខ្លះ។ ប៉ុន្តែ​បញ្ហា​តម្លៃ​គ្រាប់​ល្ង​ចុះ​ថោក​យ៉ាង​គំហុក​នៅ​ឆ្នាំ​២០១៧ នេះ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​កសិករ​យ៉ាង​ខ្លាំង។

សកម្មភាព​ដោះដូរ​ទំនិញ និង​កសិផល​នៅ​តាម​ដេប៉ូ​ជាច្រើន​ក្បែរ​មាត់​ទន្លេ​ផ្សារ​ក្រោម ក្រុង​កំពង់ឆ្នាំង ចាប់​ផ្ដើម​មមាញឹក​តាំង​ពី​ព្រឹក​ព្រលឹម​រហូត​ដល់​ម៉ោង ៧ ឬ ៨​យប់។ នោះ គឺ​ជា​សកម្មភាព​របស់​កសិករ​ពី​តាម​ស្រុក​នានា​នៃ​ខេត្ត​កំពង់ឆ្នាំង ដឹក​ជញ្ជូន​គ្រាប់​ឈូក និង​គ្រាប់​ល្ង​មក​លក់។ អ្នក​ខ្លះ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ដោយ​កាន់​នំ​ចំណី​បន្តិចបន្តួច និង​ខ្លះ​ទិញ​របស់​មាន​តម្លៃ បន្ទាប់​ពី​លក់​កសិផល។

កំពុង​អង្គុយ​ជជែក​ជាមួយ​ឈ្មួញ​កណ្ដាល និង​ជា​ម៉ូយ​ល្ង​របស់​ខ្លួន​ក្នុង​ដេប៉ូ​ទិញ​លក់​កសិផល​មួយ គឺ​លោកស្រី ហេង អ៊ឺង ដែល​ជា​កសិករ​ម្នាក់​មក​ពី​ឃុំ​ផ្លូវទូក ស្រុក​កំពង់លែង។ លោកស្រី​ត្អូញត្អែរ​ថា គ្រាប់​ល្ង​ដែល​ធ្លាប់​លក់​បាន​យ៉ាង​ហោច ៧.៦០០​រៀល​ក្នុង ១​គីឡូក្រាម ស្រាប់​តែ​នៅ​ឆ្នាំ​២០១៧ នេះ លក់​បាន​តែ​ជាង ២​ពាន់​ទៅ ៣​ពាន់​រៀល​ប៉ុណ្ណោះ​ក្នុង ១​គីឡូក្រាម ហើយ​ល្ង​មិន​សូវ​ល្អ ម៉ូយ​មិន​ទិញ​ទៀត៖ «ឆ្នាំ​មុន ៧​ពាន់​ទៅ ៨​ពាន់។ ដល់​ឆ្នាំ​នេះ​បាន ២​ពាន់។ អស់​សោហ៊ុយ (ថ្លៃ​ដើម) ៥​លាន បាន​ល្ង​មួយ​តោន អ៊ីចឹង​បាន​តែ ២​លាន​ហ្នឹង​មិន​រួច​សោហ៊ុយ​ណា ខាត។ សំណូមពរ​ឲ្យ​សម្ដេច​នាយក​លោក​ជួយ​រក​ទីផ្សារ​ឲ្យ​ប្រជាពលរដ្ឋ​ផង បើ​អត់​រក​ទីផ្សារ​ទេ ប្រជាពលរដ្ឋ​ងាប់​អស់​ហើយ គ្មាន​លុយ​ណា​សង​គេ គេ​រឹបអូស​យក​អស់​ហើយ»

ជាទូទៅ ល្ង​ផ្ដល់​ផល​ក្រោយ​ពី​ព្រោះ​បាន​រយៈពេល​ជាង​បី​ខែ ដោយ​កសិករ​និយម​ព្រោះ​ចាប់​ពី​ខែ​មករា។ កសិករ​អាច​ប្រមូល​ផល​បាន​បណ្ដើរៗ​ចាប់​ពី​ខែ​មីនា និង​បញ្ចប់​ត្រឹម​ខែ​ឧសភា។ ដោយ​ឆ្នាំ​នេះ​គ្រាប់​ល្ង​លក់​បាន​ថោក​តាំង​ពី​ដើម​ដៃ ទើប​កសិករ​ខ្លះ​សម្រេច​ចិត្ត​ពន្យារ​ពេល​លក់​ចេញ​រហូត​មក​ដល់​ដើម​ខែ​កក្កដា។ ល្ង​ខ្លះ​ត្រូវ​ឈ្មួញ​បដិសេធ​មិន​ទិញ ឬ​ឲ្យ​តម្លៃ ១.៥០០​រៀល​ក្នុង ១​គីឡូក្រាម។

ចំណែក​កសិករ​នៅ​ស្រុក​កំពង់លែង ម្នាក់​ទៀត គឺ​លោកស្រី ម៉ៃ កេន មាន​ប្រសាសន៍​ថា ផ្ទៃដី​ព្រោះ​ល្ង​របស់​លោកស្រី​ជិត ៣​ហិកតារ បាន​កើន​ទិន្នផល​កន្លះ​តោន ដោយ​ឆ្នាំ​២០១៦ ទទួល​បាន​តែ ១​តោន​ប៉ុណ្ណោះ ប៉ុន្តែ​លោកស្រី​បែរ​ជា​ខក​ចិត្ដ​ទៅ​វិញ ដោយសារ​តែ​តម្លៃ​គ្រាប់​ល្ង​ថោក ហើយ​លោកស្រី​មិន​នឹក​គិត​ថា​នឹង​រក្សា​ផ្ទៃដី​ដដែល​ដើម្បី​បង្កបង្កើនផល​ល្ង​នោះ​ទៀត​ទេ គឺ​ត្រូវ​បង្ខំ​ចិត្ដ​ដាំ​ដំណាំ​ផ្សេងៗ​វិញ។

កសិករ​នៅ​ខេត្ត​កំពង់ឆ្នាំង ភាគច្រើន​ដឹក​ជញ្ជូន​កសិផល​របស់​ខ្លួន​តាម​ទូក ឬ​គោយន្ត​មក​លក់​នៅ​ផ្សារ​ក្រោម ដែល​មាន​ម្ចាស់​ដេប៉ូ​ជាង ១០​កន្លែង​រង់ចាំ​ទិញ។ ក្រុម​អាជីវករ​បង្ហើប​ថា ក្នុង​មួយ​ឆ្នាំៗ​ពួក​គេ​ទិញ​គ្រាប់​ល្ង​បាន​ចន្លោះ​ពី ១០០​តោន​ទៅ ២៥០​តោន​ក្នុង​មួយ​ដេប៉ូ ដើម្បី​នាំ​ចេញ​បន្ត​ទៅ​ប្រទេស​ជិត​ខាង និង​បែងចែក​តាម​ទីផ្សារ​នានា​ក្នុង​ស្រុក ប៉ុន្តែ​ឆ្នាំ​នេះ អាច​នឹង​ទិញ​បាន​តិច ព្រោះ​អ្នក​ធ្វើ​ល្ង​ថយ​ចុះ។

ឈ្មួញ​កណ្ដាល​ប្រមូល​ទិញ ឬ​លក់​កសិផល​ម្នាក់​នៅ​ផ្សារ​ក្រោម លោកស្រី កយ មន ឲ្យ​ដឹង​ថា ឆ្នាំ​នេះ​ឈ្មួញ​ធំៗ​ពី​វៀតណាម និង​ថៃ លែង​បញ្ជា​ទិញ ទើប​លោកស្រី​ប្រមូល​ទិញ​ល្ង​ពី​កសិករ​ក្នុង​តម្លៃ​ថោក លក់​បន្ត​ឲ្យ​ម៉ូយ​នៅ​រាជធានី​ភ្នំពេញ​វិញ។ បញ្ហា​អ្នក​ធ្វើ​ល្ង​បាន​តិច​គ្នា ហើយ​តម្លៃ​ថោក​ទៀត​នេះ បាន​ធ្វើ​ឲ្យ​លោកស្រី​ខក​ចិត្ត​ជំនួស​កសិករ តែ​មិន​អាច​ជួយ​អ្វី​បាន​ក្រៅ​ពី​ទិញ​ក្នុង​តម្លៃ​ទីផ្សារ​ជាក់ស្ដែង៖ «តម្លៃ​ថោក​អ៊ីចឹង​ទៅ! អ្នក​ជំពាក់​លុយ​ដូច​អ្នក​ចម្ការ ពេល​យក​ទុន​ទៅ​របស់​ខ្ញុំ​ទៅ​ដែរ​ហ្នឹង ដល់​ហើយ​អ្នក​ចម្ការ​អត់​មាន​លុយ​សង បើ​ឲ្យ​សង​ណា បើ​សង​អត់​គ្រប់​ដដែល ឲ្យ​សង​នៅ​ឆ្នាំ​ក្រោយ​ទៀត។ អត់​ទៀង​ដែរ រាល់​ឆ្នាំ​ទិញ​បាន​ចង់ ១០០​តោន ឬ ២០០​តោន តែ​ឥឡូវ​តិច​ដែរ។ ឆ្នាំ​នេះ​អត់​មាន​អ្នក​ណា​ទិញ លក់​បាន​តែ​ទីផ្សារ​ក្នុង​ភ្នំពេញ​បន្តិចៗ ១ ឬ ២​តោន»

ក្រុម​កសិករ​ដែល​ខ្ចី​លុយ​ពី​ឈ្មួញ ឬ​ធនាគារ​ទៅ​ធ្វើ​ដើមទុន​ព្រោះ​ល្ង​អះអាង​ថា ប្រាក់​បំណុល​កាន់​តែ​ឡើង រីឯ​គ្រាប់​ល្ង​កាន់​តែ​ថោក។ ពួក​គេ​ស្នើ​ឲ្យ​រដ្ឋាភិបាល ឬ​អាជ្ញាធរ​អន្តរាគមន៍​ចំពោះ​បញ្ហា​តម្លៃ​នេះ។

មន្ត្រី​ជំនាញ​កសិកម្ម និង​អាជ្ញាធរ​ទទួល​ស្គាល់​ថា តម្លៃ​គ្រាប់​ល្ង​ពិត​ជា​ចុះ​ថោក ប៉ុន្តែ​លំបាក​នឹង​ដោះស្រាយ​ក្នុង​បរិបទ​ប្រទេស​កម្ពុជា ប្រកាន់​យក​របប​ទីផ្សារ​សេរី។ បញ្ហា​គ្រាប់​ល្ង​ចុះ​ថោក​នេះ មិន​មែន​មាន​តែ​នៅ​ខេត្ត​កំពង់ឆ្នាំង នោះ​ទេ គឺ​កើត​មាន​នៅ​ទូទាំង​ប្រទេស ខណៈ​ដែល​បរិមាណ​គ្រាប់​ល្ង​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស​មាន​កម្រិត​តិចតួច ហើយ​កសិផល​ខ្លះ​ពុំ​មាន​គុណភាព​ល្អ ឬ​ត្រូវ​តាម​ស្តង់ដារ​នាំ​ចេញ។

ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត​កំពង់ឆ្នាំង លោក ងិន ហ៊ុន មាន​ប្រសាសន៍​ថា មន្ត្រី​ជំនាញ និង​អាជ្ញាធរ បាន​ចុះ​ណែនាំ​ដល់​ឈ្មួញ​កណ្ដាល​ឲ្យ​ទទួល​ទិញ​កសិផល​ក្នុង​តម្លៃ​សមរម្យ និង​មិន​ត្រូវ​បន្តុះបង្អាប់​ទំនិញ​របស់​កសិករ។ ក្រៅ​ពី​នេះ ក្រសួង​កសិកម្ម និង​អាជ្ញាធរ​ពាក់ព័ន្ធ កំពុង​ខ្នះខ្នែង​រៀបចំ​គណៈកម្មការ​ស្វែងរក​ទីផ្សារ​ជូន​កសិករ តាម​រយៈ​ការ​កៀរគរ​ពី​វិស័យ​ឯកជន៖ «ឥឡូវ​ក្រសួង​កសិកម្ម ក៏ដូចជា​អាជ្ញាធរ​ខេត្ត កំពុង​រៀបចំ​ការងារ​ហ្នឹង​ហើយ ដើម្បី​រក​ដំណោះស្រាយ​ពាក់ព័ន្ធ​នឹង​វិស័យ​ឯកជន។ យើង​រក​ដៃគូ​វិស័យ​ឯកជន​ដើម្បី​ឲ្យ​មក​ជួយ​ទិញ»

លោក ងិន ហ៊ុន បញ្ជាក់​ថា ផ្ទៃដី​ដំណាំ​រួម​ផ្សំ​នៅ​ទូទាំង​ខេត្ត​កំពង់ឆ្នាំង ប្រមាណ ៨​ពាន់​ហិកតារ ត្រូវ​បាន​កសិករ​ធ្វើ​រាល់​ឆ្នាំ​មិន​បោះបង់​ឡើយ ដោយ​គ្រាន់​តែ​កសិករ​ខ្លះ​ផ្លាស់ប្ដូរ​ប្រភេទ​ដំណាំ​ដាំ​ដុះ​ប៉ុណ្ណោះ។

ក្រៅ​ពី​បញ្ហា​ទីផ្សារ ឬ​តម្លៃ​ស្រូវ​ចុះ​ថោក ថ្មីៗ​នេះ​តម្លៃ​គ្រាប់​ម្រេច សណ្ដែក ពោត ដំឡូង ល្ពៅ ឬ​ល្ង ជាដើម បាន​ចុះ​ថ្លៃ​យ៉ាង​គំហុក។ កសិករ​ខ្លះ​ចិញ្ច្រាំ​ផ្លែ​ល្ពៅ​ឲ្យ​គោ​ស៊ី និង​កាប់​ផល​ដំណាំ​ផ្សេង​ទៀត​ចោល។

អ្នក​ជំនាញ​កសិកម្ម​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​យល់​ថា ប្រទេស​កម្ពុជា នៅ​តែ​ជួប​បញ្ហា​ទីផ្សារ​កសិផល​ធ្ងន់ធ្ងរ បើ​គេ​មិន​ជំរុញ​ឲ្យ​មាន​ការ​បង្កើត​រោងចក្រ​កែច្នៃ​វត្ថុ​ធាតុ​ដើម​ដែល​ខ្លួន​ធ្វើ​បាន ឬ​រក​បាន​នៅ​ក្នុង​ស្រុក ជំនួស​ការ​នាំ​វត្ថុ​ធាតុ​ដើម​ទាំងនោះ​ទៅ​ក្រៅ​ប្រទេស​ដោយ​មិន​ទាន់​បាន​កែច្នៃ។ ស្រប​ពេល​គ្នា​នេះ រដ្ឋាភិបាល​ក៏​ត្រូវ​បង្កើន​ការ​ផ្ដល់​បច្ចេកទេស​ដាំ​ដុះ​ដល់​កសិករ ឬ​ក្រុមហ៊ុន​កែច្នៃ​ទាំងនោះ​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល