នៅក្នុងនាទីកសិកម្មក្នុងសប្ដាហ៍នេះ លោក សាន សុវិទ្យ សូមលើកយកបច្ចេកទេស ដាំដុះដំឡូងមី មកជម្រាបជូន ។
លោកបណ្ឌិត ខៀវ បូរិន្ទ នាយកមជ្ឈមណ្ឌល អភិវឌ្ឍន៍ ការចិញ្ចឹមសត្វ និងកសិកម្មកម្ពុជា មានប្រសាសន៍ថា ដំឡូងមី ឬដំឡូងឈើ អ្នកក្រងាយដាំ មិនរើសដី ៖ «ដំណាំដំឡូងឈើហ្នឹង នៅប្រទេសណាក៏ដោយ គេហៅដំណាំ របស់អ្នកក្រ ពីព្រោះ ដីដែលខ្សោះជីជាតិ មែនទែនក៏ដោយ សុទ្ធតែ ដីខ្សាច់អីហ្នឹង ហើយភ្លៀងតិចតួច ដំឡូងឤចរស់បាន ហើយ ផលិតបានលឿន សម្រាប់ឱ្យគ្រួសារ អ្នកក្រីក្រហូប» ។
សូមជម្រាបថា បច្ចុប្បន្ននេះ ដំឡូងមី លែងក្លាយជាដំណាំ សម្រាប់ឱ្យកសិករ ទុកជាស្បៀង ទៀតហើយ ។ មាន ការសម្រិតសម្រាំង ពូជដំឡូងមី សម្រាប់ដាំ ជាលក្ខណៈ ឧស្សាហកម្ម សម្រាប់ធ្វើម្សៅមី និងសម្រាប់ បញ្ចូលរោងចក្រ ។ ពូជប្រភេទនេះ មើមវាមានជាតិពុល មនុស្ស មិនឤចបរិភោគ បានឡើយ ទាល់តែមាន ការបន្សាបជាតិពុលនោះសិន ។
ក្នុងកម្មវិធីថ្ងៃនេះ ខ្ញុំបាទនឹងលើកយកវិធីដាំដំឡូងមី មកជម្រាប តែជាបឋម សូមឆ្លើយតប ទៅនឹង សំណួរលោក ប៉ាន់ សំអឿន ពីកម្ពុជា ដែលលោកថា មានដីមួយហិកតា នៅកំពង់ស្ពឺ ចង់ដាំដំឡូងមី តែមិនដឹងថា ដាំហើយ យកទៅលក់ឱ្យនរណា ។
ដូចបានជម្រាប កាលពីសប្តាហ៍មុនហើយថា ក្រុមហ៊ុន SBM-CG ក៏ទទូលទិញដំឡូង យ៉ាងគ្មាន កំណត់បរិមាណ ដោយឱ្យតម្លៃតាមទីផ្សារ ៖ «ដើម្បីលើកទឹកចិត្ត ដល់កសិករយើង គឺយើង ប្រមូលទិញ ទាំងអស់ បើយើងធ្វើមិនទាន់ យើងមានម៉ាស៊ីន កាប់ហាលទៀត សម្រាប់ហាល សម្រាប់ជួយលក់គាត់ ទៅទីផ្សារឱ្យគាត់ទៀត គឺទិញទាំងអស់ អត់មាននេះទេ ទៅខេត្តណាក៏ដោយ មិនថា ស្រុកសំពៅលូនទេ ស្រុកម៉ាឡៃក្តី ស្រុកភ្នំព្រឹក ស្រុកកំរៀង ខេត្តបន្ទាយមានជ័យ ខេត្តពោធិសា៍ត់ ក្រុងប៉ៃលិនក៏ដោយ គឺឱ្យតែដឹកទៅដល់ រោងចក្រ គឺយើង ទទួលទិញទាំងអស់» ។
ចំពោះបងប្អូនកសិករ នៅតាមខេត្ត ក្នុងភូមិភាគខាងកើត រួមទាំង កំពង់ស្ពឺ របស់លោក ប៉ាន់ សំអឿន ផងនោះ លោក ឈឿន មុនី ទីប្រឹក្សាច្បាប់ ក្រុមហ៊ុន SBM-CG ណែនាំដូច្នេះ ៖ «មកខាងកើត ក៏យើងជួយទិញគាត់ដែរ គ្រាន់តែថា យើងមិនដឹក ទៅដល់ហ្នុងទេ ដាក់នៅឃ្លាំង នៅភ្នំពេញវិញ ។ បើសិនជាមានបំណង ចង់លក់ដំឡូងក្រៀម ដំឡូងស្រស់ ឤចទាក់ទង មកទូរស័ព្ទលេខ ០១២ ៥៤៥៤៥៦» ។
តទៅនេះជា បច្ចេកទេសដាំដំណាំដំឡូង ជាលក្ខណៈ ឧស្សាហកម្ម ឬក្នុងទ្រង់ទ្រាយ ពាណិជ្ជកម្ម ។ ខ្ញុំសុំស្រង់យក ការណែនាំ របស់នាយកដ្ឋាន ដាំដុះ របស់ក្រុមហ៊ុន SBM-CG មកជម្រាប ។
ការធ្វើដី ៖ ដំឡូងមី ត្រូវការដីផុះហើយជ្រៅ ដូច្នេះ ត្រូវភ្ជួរឱ្យបានជ្រៅ គឺពី ២ ទៅ ៣តឹក ហើយត្រូវភ្ជួរ ២ដង មុនចាប់ផ្តើមដាំ ។ ចន្លោះពេលភ្ជួរ រវាងលើកទី១ និង ការភ្ជួរដាស់ដី លើកទី២ គឺ ១០-១៥ ថ្ងៃ ត្រូវរើសស្មៅឱ្យស្អាត និងហាលដីឱ្យស្ងួត ។
ការលើករង ៖ ចំពោះដីដែលច្រោះទឹកល្អ (ដីខ្សាច់ ដីក្រហម ឬដីមានចំណោត) មិនបាច់លើករង ក៏បាន ។ តែដីដែលជ្រាំទឹក ចាំបាច់ត្រូវលើករង ដោយឱ្យ រងនីមួយៗ មានទទឹងពី ៥-៨ តឹក កម្ពស់ ១តឹកកន្លះ ហើយចន្លោះ ពីរងមួយ ទៅរងមួយប្រវែង ១ម៉ែត្រ ។
ដូចជម្រាបអម្បាញ់មិញ ពូជដំឡូងត្រូវបានគេបង្កាត់ សម្រាំង ច្រើនប្រភេទ ដែលសុទ្ធតែ ផ្តល់ទិន្នផលខ្ពស់ ។ ក្រុមហ៊ុន SBM-CG ឤចជួយផ្តល់ពូជ ដល់បងប្អូនកសិករ ដែលជា ពូជពីបរទេស ៖ «ហើយពូជទៀត យើងបានទិញពី ប្រទេសថៃ ពីម៉ាឡេស៊ី ពីវៀតណាម ។ ពូជទាំងអស់ហ្នឹង មានគុណភាពខ្ពស់ណាស់ មួយហិកតា ដាំដំឡូង បានពី ៤០-៦០តោន» ។
តទៅនេះជាវិធីរៀបចំពូជ មុនធ្វើការដាំដុះ ៖ គេរើសយក ដើមណាដែលល្អ មានឤយុពី ៨ខែ ឡើងទៅ យកមក កាត់ជាកង់ៗ ប្រវែង ១តឹកកន្លះ ទៅ ២តឹក ដែលមានភ្នែកពី ៥-៧ ភ្នែក ។ ត្រូវប្រើកាំបិតមុតបំផុត ក្នុងការកាត់ដើមដំឡូងនេះ ។ យកល្អ ត្រូវចុចមុខ កាត់ទាំងសងខាង ចូលក្នុងផេះចំបើង ដើម្បីទប់ស្កាត់កុំឱ្យវា ហូរជ័រចេញច្រើនពេក ។ រដូវដាំដុះ គេច្រើនរើសយក ពេលដែលដី មានសំណើមគ្រប់គ្រាន់ គឺគេច្រើនដាំនៅខែកុម្ភៈ និងមីនា ពិសេស គឺបន្ទាប់ពី មានភ្លៀងកក់ខែធ្លាក់ ។
គេយកកំណាត់ដើមដំឡូង ផ្តេកហើយកប់រាក់ៗ ក្នុងរងក៏បាន ឬចង់ដោតបញ្ឈរ ពីលើរងក៏បាន ។ ទាំង២ វិធីនេះ ត្រូវទុកចន្លោះ ពីគុម្ពមួយ ទៅគុម្ពមួយ ប្រវែងប្រមាណ ៨តឹក រីឯ ចន្លោះជួរ ដូចបានជម្រាបហើយ គឺត្រូវទុកចន្លោះ ១ម៉ែត្រ ។
លោក ម៉ី ចន្ទតារាវុធ ដែលមានដីដាំដំឡូងច្រើនហិកតា នៅផូមិអូរល្វា ឃុំជ្រៃសីមា ស្រុកសំពៅលូន ប្រើកម្មករ និងត្រាក់ទ័រ ក្នុងការដាំដំឡូង របស់លោក ។ លោកត្រៀមដី ដាំជាបន្តភ្លាម បន្ទាប់ពីគាស់ប្រមូលផល ៖ «យើងគាស់ រហូតដល់ ចុងខែពីរ ឬមួយដើមខែបី យើងគាស់ អស់ហើយ ហើយ យើងធ្លាក់ភ្លៀង មួយមេមក យើងចាប់ផ្តើមពូនរង តែម្តង ។ ឥឡូវ ឤត្រាក់កំពុងភ្ជួរ» ។
អ្នកស្រី សុគន្ធា ដែលជាម្ចាស់ចម្ការដំឡូងមី មានដីប្រមាណ ២០ហិកតា បានប្រាប់ វិទ្យុឤស៊ីសេរី ថា អ្នកធ្វើចម្ការដំឡូង នៅសំពៅលូន ភាគច្រើនជួលកម្មករ ឱ្យដាំដំឡូងឱ្យ ៖ «យើងជួលឤត្រាក់គេ មុនដំបូង ជួលឱ្យគេ ភ្ជួរដីយើងហើយ ហើយពូនរង ។ ពូនរងនេះ យើងជួលប្រជាជន ដែលគាត់ចាំតែ ដើរស៊ីឈ្នួល យើងជួលគាត់ឱ្យដាំ មួយរ៉ៃ ស្រុកហ្នឹង គេគិតរ៉ៃ មួយរ៉ៃហ្នឹង ជាក្រុមៗគេ ពេលដាំអ៊ីចឹង វាអត់សូវចុះលុយ ប៉ុន្មានទេ ពេលដាំ គេយកយើងមួយរ៉ែ ១៨០បាត យើងដឹងតែឱ្យគេ ១៨០បាត ចំណែកគេយកគ្នាគេ ប៉ុន្មាននាក់ ឬក៏គេ ចង់ធ្វើតែម្នាក់ឯង ឤហ្នឹងជារឿងរបស់គេ ខាងយើងម៉ៅដាច់ តែម្តង» ។
អ្នកស្រី សុគន្ធា អធិប្បាយពីដំណាក់កាល តាំងពីដាំ ដល់គាស់ប្រមូលផល តាមរយៈ ការសាកសួរ របស់ វិទ្យុឤស៊ីសេរី ដូច្នេះ ៖ «ពេលដែលដាំហើយ លូតលាស់បានបន្តិច យើងត្រូវបាញ់ស្មៅវា បាញ់ថ្នាំ កុំឱ្យស្មៅដុះស្មើដំឡូង ពេលនោះ យើងអត់មាន ប្រើកម្លាំងច្រើនទេ យើងជួលគេ ម៉ៅទាំងអស់តែម្តង ដូចថា ដីយើងមាន ៥០រ៉ៃ អ៊ីចឹង អ្នកឯង ដើរបាញ់ស្មៅឱ្យខ្ញុំទៅ អ្នកឯងយកប៉ុន្មាន ឤហ្នឹង ស៊ីសងយើងតថ្លៃគ្នា ។ ពេលប្រមូលផល ជំហានដំបូង ត្រូវជួលមនុស្ស ឱ្យកាប់ដើមសិន ។ កាប់ដើម គេគិតក្នុងមួយបាច់ ២៥ដើម គេយកយើង ២បាត ហើយយើង គិតតាមហ្នឹងទៅ បើអ្នកណាគេ គិតបានច្រើន ឤហ្នឹង គេបានលុយច្រើន ។ បន្ទាប់ពី កាប់ដើមហ្នឹងហើយ យើងជួយឤត្រាក់គេ ឱ្យគេទៅភ្ជួរ ដើម្បីភ្ជួរ លើកគាស់មើម គេយកមួុរ៉ៃ ៣០០បាត ។ ...ទូទាត់មួយឆ្នាំ ចំណេញជាង ៥០០០ដុល្លារ» ។
យោងតាមការពិពណ៌នាមកនេះ ឃើញថា ការដាំដំឡូងមី ឤចធ្វើបាន យ៉ាងងាយស្រួល ហើយចំណូលទៀតសោត ក៏កាក់កបល្អណាស់ ៕
© 2008 Radio Free Asia
|
|
ស្តាប់សំឡេង |
|
|
ថតសំឡេង |
|
|
អ៊ីម៉េល |
|
|
ព្រឹត្តិបត្រព័ត៌មាន |
|
|
បោះពុម្ព |
វិធីដាំនិងប្រយោជន៍នៃដំណាំល្ហុងខ្វង (ភាគ១)
កសិករក្រីក្រភាគខាងត្បូងប្រទេសស្រូបយកប្រាក់៨០%ពីទីផ្សារ
កសិករប្រឈមមុខនឹងបញ្ហាក្នុងការបង្កបង្កើនផល
វិធីបង្កើនទិន្នផលស្រូវឲ្យបានច្រើន
សំណួរចម្លើយជុំវិញដំណាំដំឡូងមី និងការផលិតម្សៅមី
វិធីនិងបច្ចេកទេសដាំដំឡូងមី
ប្រេស៊ីលមានជោគជ័យជាងគេក្នុងការផលិតអេតាណុល
បច្ចេកទេសបណ្ដុះនិងការថែទាំដំណាំស្វាយ