អ្នក​ខេត្ត​ពោធិ៍សាត់​ចាប់​ផ្ដើម​ដាំ​ក្រូច​ពោធិ៍សាត់​កាន់​តែ​ច្រើន​ឡើង

ដោយ ជិន ជេដ្ឋា
2017-08-01
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ចម្ការ​ក្រូច​របស់​កសិករ ឌឹម ផុន នៅ​ភូមិ​រវៀង ឃុំ​សំរោង ស្រុក​ភ្នំក្រវ៉ាញ ខេត្ត​ពោធិ៍សាត់។ រូបថត​ថ្ងៃ​ទី​២០ ខែ​កក្កដា ឆ្នាំ​២០១៧។
ចម្ការ​ក្រូច​របស់​កសិករ ឌឹម ផុន នៅ​ភូមិ​រវៀង ឃុំ​សំរោង ស្រុក​ភ្នំក្រវ៉ាញ ខេត្ត​ពោធិ៍សាត់។ រូបថត​ថ្ងៃ​ទី​២០ ខែ​កក្កដា ឆ្នាំ​២០១៧។
RFA/Chin Chetha

ដំណាំ​ក្រូច​ពោធិ៍សាត់ ដែល​ធ្លាប់​សម្បូរ​នៅ​ខេត្ត​បាត់ដំបង ប៉ុន្តែ​បច្ចុប្បន្ន​មាន​អ្នក​ខេត្ត​ពោធិ៍សាត់ កាន់​តែ​ច្រើន​ឡើង​នាំ​គ្នា​ដាំ​ដំណាំ​ប្រភេទ​នេះ​ដែរ។ តើ​ដំណាំ​ក្រូច​នៅ​ខេត្ត​ពោធិ៍សាត់ យ៉ាង​ម៉េច​ដែរ? វត្តមាន​ក្រូច​ពោធិ៍សាត់ នៅ​លើ​ទីផ្សារ ដែល​ជា​ក្រូច​មាន​សំបក​ស្ដើង កំពឹស​ល្អ និង​មាន​រសជាតិ​ជូរ​អែម ហើយ​អ្នក​ហូប​ជក់​ចិត្ត​មិន​ចាញ់​ក្រូច​បាត់ដំបង នោះ បាន​បេះ​មក​ពី​ចម្ការ​របស់​កសិករ​នៅ​ស្រុក​ភ្នំក្រវ៉ាញ។

ដំណាំ​ក្រូច​ពោធិ៍សាត់ ចាប់​ផ្ដើម​ទទួល​ផល​ក្រោយ​ពី​ដាំ​បាន​រយៈពេល ៤​ឆ្នាំ ហើយ​មាន​អាយុកាល ៩​ឆ្នាំ ឬ​អាច​បាន​ច្រើន​ជាង​នេះ​អាស្រ័យ​លើ​ការ​ថែទាំ និង​របៀប​ដាំ​ដុះ​របស់​កសិករ​តាម​តំបន់​នីមួយៗ។

កសិករ​ម្នាក់​នៅ​ភូមិ​រវៀង ឃុំ​សំរោង លោក ឌឹម ផុន បាន​ចែក​រំលែក​បទពិសោធន៍​ដាំ​ក្រូច​ផ្ទាល់​ខ្លួន​ថា ក្រូច​ពោធិ៍សាត់​ដាំ​បាន​នៅ​លើ​ដីកណ្ដេង មិន​ជាំ​ទឹក និង​មាន​ប្រភព​ទឹក​នៅ​ក្បែរ​ដើម្បី​ស្រោចស្រព។ រណ្ដៅ​ត្រូវ​កាប់​ទំហំ ៤​តឹក​បួន​ជ្រុង និង​មាន​ជម្រៅ ៤​តឹក ហើយ​ប្រមូល​សំរាម​ដាក់​រណ្ដៅ​ដុត​បំពក់​បាត​រណ្ដៅ​ឲ្យ​បាន​កន្លះ​ខែ ក្នុង​ករណី​មិន​ប្រើ​ថ្នាំ​ដី ឬ​ថ្នាំ​ការពារ​សត្វ​ល្អិត​ស៊ី​ឫស​តាម​បាត​រណ្ដៅ៖ «បើ​យើង​មាន​ថវិកា យើង​ទិញ​ជី​ដាក់​ទ្រាប់​បាត ហើយ​រំលង​បាន​មួយ​ខែ​ចាប់​ផ្ដើម​ដាក់​តាម​គល់។ នៅ​តូច​យើង​ដាក់​កន្លះ​គីឡូក្រាម​ក្នុង​មួយ​គុម្ព។ ដល់​ធំ​មក​ក្នុង​រយៈពេល​មួយ​ឆ្នាំ ឬ​ពីរ​ឆ្នាំ ចាប់​ផ្ដើម​ដាក់​មួយ​គីឡូ។ ដល់​ឥឡូវ​ក្នុង ១​ឆ្នាំ​ដាក់​ពីរ​សា​ក្នុង​ខែ​៥ និង​ខែ​១០។ ខ្ញុំ​ប្រើ​ជី​ណា​ល្អ​ដាក់​ជី​នោះ​ជី​ធម្មជាតិ»

ពេល​ដាំ កសិករ​ត្រូវ​ប្រើ​ជី​ធម្មជាតិ​ដែល​ប្រមូល​បាន​ពី​ជុំវិញ​ផ្ទះ ឬ​ជី​ផលិត​ពី​រោងចក្រ ដើម្បី​ដាក់​បាត​រណ្ដៅ ទើប​ដាក់​កូន​ក្រូច​ចូល រួច​លុប​ដី​ជុំវិញ​គល់​ឲ្យ​ណែន​ល្អ ភ្លាម​នោះ​ត្រូវ​ចាក់​ទឹក​ឲ្យ​បាន​ជោកជាំ។ ក្រូច​បាន​អាយុ ៦​ខែ ឬ ១​ឆ្នាំ កសិករ​ត្រូវ​ធ្វើ​ស្មៅ​គល់​វា​ដោយ​ជម្រះ ឬ​ដក​យក​ស្មៅ​ចេញ​ដោយ​ដៃ មិន​ត្រូវ​កាប់ ឬ​ភ្ជួរ​ដែល​មាន​ជម្រៅ​ជ្រៅ​បណ្ដាល​ឲ្យ​ដាច់​ឫស បណ្ដាល​ឲ្យ​កូន​ក្រូច​អន់ និង​កូន​ក្រូច​ខ្លះ​អាច​ងាប់​ទៀត​ផង។

លោក ឌឹម ផុន ថា​កូន​ក្រូច​គ្រីប ឬ​ផ្សាំ​មែក ដែល​គេ​យក​ក្រូច​ពីរ​ប្រភេទ​ដាក់​គ្រីប​ចូល​គ្នា​ដើម្បី​បាន​កូន​ក្រូច​ពោធិ៍សាត់ ១​ដើម​នោះ គឺ​ពេល​ដាំ​បាន​អាយុ ១​ឆ្នាំ នឹង​មាន​បំពង់​ដុះ​នៅ​កំណាត់​ខាង​ក្រោម​ដែល​ជា​ប្រភេទ​ក្រូច​ឆ្មារ​បារាំង ត្រូវ​កាត់​វា​ចេញ ព្រោះ​ធ្វើ​ឲ្យ​ក្រូច​ពោធិ៍សាត់​ដែល​គេ​គ្រីប​ជាប់​នៅ​ផ្នែក​ខាង​លើ​មិន​សូវ​ល្អ។ លោក​ថា ការ​សម្អាត​មែក​ក្រូច​ឆ្មារ​បារាំង​ចេញ និង​សម្អាត​ស្មៅ​គល់​ក្រូច ត្រូវ​ធ្វើ​ជា​ប្រចាំ៖ «យើង​កាត់​ស្មៅ​ចាំង​គល់ (ជម្រះ​ស្មៅ​នៅ​តាម​គល់​ក្រូច) ឲ្យ​បាន​ល្អ ហើយ​ធ្វើ​កំផែង​វា ហើយ​ចាប់​ផ្ដើម​បាញ់​ទឹក​ដាក់។ ក្នុង​មួយ​ខែ​ធ្វើ​ម្ដងៗ វា​មាន​ផល​ប្រយោជន៍​ដល់​ដើម​វា ដល់​ឫស​ដើម្បី​ស្រូប​យក​ទៅ​ចិញ្ចឹម​ស្លឹក​ឲ្យ​បាន​ល្អ»

លោក ឌឹម ផុន បញ្ជាក់​ថា បើ​កសិករ​មើល​ថែ​ក្រូច​បាន​ល្អ​នោះ រយៈពេល​បី​ឆ្នាំ​ក្រោយ​ដាំ ក្រូច​ចាប់​ផ្ដើម​ផ្កា និង​ហុច​ផល​បណ្ដើរៗ ប៉ុន្តែ​គេ​មិន​គួរ​បណ្ដោយ​ឲ្យ​ក្រូច​ផ្លែ​រាប់​រយ​ផ្លែ​ក្នុង ១​ដើម​នោះ​ទេ ព្រោះ​ក្រូច​អាយុ​បី​ឆ្នាំ​នៅ​ខ្ចី ប្រឈម​នឹង​រលើង​ឫស អន់​ដើម ឬ​ងាប់ ជាដើម។ ក្នុង​រយៈពេល​នេះ កសិករ​ត្រូវ​ដាក់​ជី​ធម្មជាតិ ១​គីឡូក្រាម​ក្នុង​មួយ​ដើម ចម្ងាយ​កន្លះ​ម៉ែត្រ​ជុំវិញ​គល់​ក្រូច ដើម្បី​បំប៉ន​ឫស និង​ដើម​ក្រូច។

ដល់​អាយុ ៤​ឆ្នាំ ក្រូច​ពោធិ៍សាត់​ចាប់​ផ្ដើម​ផ្ដល់​ផល​ពេញ​ដៃ​តែ​ម្ដង ដោយ​ក្នុង ១​ឆ្នាំ​ផ្ដល់​ផល​ពីរ​ដង។ តែ​ទោះ​ជា​យ៉ាង​ណា កសិករ​គួរ​កុំ​ទុក​ឲ្យ​វា​ផ្លែ​ជ្រែក​ពេញ​ដើម​ពេក ដែល​នាំ​ឲ្យ​ផ្លែ​មិន​សូវ​មាន​ទឹក​ល្អ ឬ​អន់​ដើម​នៅ​រដូវ​ប្រមូល​ផល​ក្រោយៗ​ទៀត។ ស្រប​ពេល​គ្នា កសិករ​ត្រូវ​បន្ត​រក្សា​ការ​ដាក់​ទឹក បន្ថែម​ជី និង​ជម្រះ​ស្មៅ​តាម​គល់ ហើយ​ត្រូវ​បាញ់​ថ្នាំ​សម្លាប់​សត្វ​ល្អិត​ចង្រៃ​កុំ​ឲ្យ​វា​មូរ​ស្លឹក ឬ​ទិច​ផ្លែ​ក្រូច​បណ្ដាល​ឲ្យ​ស្អុយ៖ «បួន​ឆ្នាំ​ចាប់​ផ្ដើម​បាន​ផល។ សំណួរ៖ ចុះ​ពេល​មាន​ផ្កា ឬ​មាន​ផ្លែ​ហ្នឹង យើង​ត្រូវ​រក្សា​ការ​ថែទាំ​យ៉ាង​ម៉េច? ចម្លើយ៖ ត្រូវ​ដាក់​ជី​វា និង​បាញ់​ថ្នាំ​ការពារ​សត្វ​ល្អិត​កុំ​ឲ្យ​វា​មក​ទុំ​ជ្រុះ​ផ្កា​អស់ ក្នុង​មួយ​ខែ​បាញ់​បី​សា អា​ហ្នឹង​ថ្នាំ​ប៉ូទ្រីន»

បច្ចុប្បន្ន លោក ឌឹម ផុន មាន​ក្រូច​ចំនួន ៨០០​ដើម ក្នុង​នោះ​មាន​ជាង ១០០​ដើម លោក​កំពុង​ប្រមូល​ផល។ ក្រូច​ទាំងនេះ​លោក​បាន​ម៉ៅ​ឲ្យ​ឈ្មួញ​ក្នុង ១​រដូវ ឬ​រយៈពេល ៦​ខែ បាន ៣.៨០០​ដុល្លារ។ ចំណែក​តម្លៃ​លក់​រាយ​វិញ គឺ ១​ឡូត៍ ឬ ១២​ផ្លែ លក់​បាន​ចន្លោះ​ពី ៨​ពាន់​ទៅ ១​ម៉ឺន ៦​ពាន់​រៀល។ លោក​ញញឹម ហើយ​ពោល​មួយៗ​ថា ពេល​បាន​ផល​ច្រើន​បែប​នេះ លោក​មិន​ស្ដាយ​កម្លាំង​ហត់​នឿយ​កន្លង​ទៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល