លក្ខខណ្ឌ​ក្នុង​ការ​បណ្តុះ​ផ្សិត​ថា​តើ​ត្រូវ​រក្សា​បរិស្ថាន​ចិញ្ចឹម​យ៉ាង​ណា?

លក្ខខណ្ឌ​សំខាន់​ដើម្បី​ជោគជ័យ​ក្នុង​ការ​បណ្តុះ​ផ្សិត គឺ​ការ​រក្សា​ភាពស្អាត​របស់​រោង​បណ្តុះ ការ​រក្សា​សំណើម​និង​សីតុណ្ហភាព តាម​តម្រូវការ​របស់​ពូជ​ផ្សិត​នីមួយៗ។

0:00 / 0:00

ការ​បណ្តុះ​ផ្សិត​បាន​ទទួល​ជោគជ័យ ឬ​មិន​បាន​ច្រើន​ស្ថិត​នៅ​នឹង​ការ​រក្សា​ភាពស្អាត​ក្នុង​កន្លែង​បណ្តុះ។ កសិករ​ពេល​ទំនេរ​ខ្លះ​ធ្វើ​មិន​កើត ព្រោះ​បណ្តោយ​ឲ្យ​មាន​ផ្សិត ឬ​មេរោគ​ចង្រៃ​លាយ​ឡំ​ក្នុង​អាកាស ក្នុង​បន្ទប់​បណ្តុះ ឬ​ខ្លះ​ផ្សិត​ដែល​បណ្តុះ​ដុះ​ហើយ​តែ​ផ្តល់​ទិន្នផល​តិច ដោយសារ​មេ​ផ្សិត​មិន​សូវ​មាន​កម្លាំង​។ល។

ក្នុង​ការ​បណ្តុះ​ផ្សិត​ប្រភេទ​ខ្លះ គេ​ត្រូវ​សម្អាត​បន្ទប់ ឬ​រោង​តម្កល​ដុំ​បណ្តុះ ដោយ​ប្រើ permanganate ៥​ក្រាម លាយ​នឹង Formol ១០​សង់ទីលីត្រ សម្រាប់​ផ្ទៃ​បន្ទប់ ១​ម៉ែត្រ​ការ៉េ ដាក់​ក្នុង​ចាន​គោម ឬ​ផើង ដើម្បី​ឲ្យ​កើត​ជា​ឧស្ម័ន​ហុយ សម្លាប់​មេរោគ​ក្នុង​បន្ទប់ ឬ​រោង​បណ្តុះ​ផ្សិត ដែល​គេ​បិទ​ទ្វារ​បង្អួច​ជិត​ ទុក​ចោល​ប្រមាណ​ជា ២ ទៅ ៦​ម៉ោង។

ស្តីពី​ការ​រក្សា​ភាពស្អាត​ប្រាស​ចាក​មេរោគ​នេះ សំខាន់​បំផុត​គឺ​ពេល​បង្កាត់​មេ​ផ្សិត។ តើ​ត្រូវ​មាន​ឧបករណ៍​អ្វី​ខ្លះ​ក្នុង​ការ​បង្កាត់​មេ​នេះ? ទី​មួយ​ត្រូវ​មាន​ដែក​តង្កៀប​ស្រួច​វែង​ធ្វើ​ពី​លោហផ្សំ​ដែល​គុណសម្បត្តិ​វា គឺ​រហ័ស​ក្តៅ​រហ័ស​ត្រជាក់ ដង​វា​ធ្វើ​ពី​អាលុយមីន្យ៉ូម មុន​ប្រើ​ត្រូវ​រោល​ភ្លើង​ឲ្យ​ចុង​វា​ឡើង​ក្រហម រួច​ទុក​ឲ្យ​ត្រជាក់​មុន​នឹង​យក​ទៅ​ថ្កៀប​ចាប់។

លោក ថា សុមេធ អ្នក​ជំនាញ​ខាង​ការ​បណ្តុះ​ផ្សិត​នៅ​បឹង​ត្រកួន ខេត្ត​បន្ទាយ​មានជ័យ ពិពណ៌នា​អំពី​ឧបករណ៍​មួយ​នេះ​ដូច្នេះ ៖ «ដូច​ពេទ្យ ទិញ​ប្រដាប់​ពេទ្យ​យើង ដែក​វែង​សម្រាប់​ចាប់ ដែក​ហ្នឹង​ចំនួន​ប្រហែល ២​តឹក​កន្លះ ដែក​ហ្នឹង​បើ​វែង​ល្អ​ត្រឹម ៣​តឹក​បាន​ត្រូវ។ ដែក​សម្រាប់​ចាក់ ម្ជុល​ចាក់​អី​ដេរ​ហ្នឹង ទិញ​របស់​ពេទ្យ​ហ្នឹង»

ទី​២ ត្រូវ​មាន​ចង្កៀង​អាល់កុល​សម្រាប់​ដុត​រោល​មាត់​ដប​ពេល​បន្តក់​មេ និង​ម្ជុល ឬ​ឡាម ដែល​គេ​ប្រើ​ក្នុង​ការ​ឆ្កឹះ​ស្ព័រ​ផ្សិត ៖ «ត្រូវ​សម្អាត យក​ឡាម​ដាក់​អាល់កុល​យក​មក​ដុស​សិន ចង្រ្កៀង​អាល់កុល​ដុត​បញ្ឆេះ​បន្តិចៗ​បាន​ហើយ ចង្រ្កៀង​អាល់កុល»

ទី​៣ គឺ​ធុង ឬ​ទូ​បញ្ចូល​មេ​ធ្វើ​ពី​កញ្ចក់ មាន​ប្រហោង​សម្រាប់​បញ្ចូល​ដៃ ព្រមទាំង​មាន​កូន​ទ្វារ​មួយ​ផង ៖ «ធុង​វា​ហ្នឹង​ទទឹង​ប្រហែល ៦​តឹក កម្ពស់​ប្រហែល ៦​តឹក​កន្លះ បណ្ដោយ​ប្រហែល ៨​តឹក ធ្វើ​អំពី​កញ្ចក់ ហើយ​គេ​ចោះ​ប្រហោង​មូលៗ ល្មម​លូក​ដៃ​ចូល​បាន។ ទាំង​អស់​ត្រូវ​ពីរ ប្រលោះ​ដៃ​ពីរ ទុក​ចន្លោះ​កណ្ដាល​កន្លែង​ដើម​ទ្រូង​អឹប ហើយ​ឲ្យ​គេ​ធ្វើ​ទ្វារ​បិទ​បើក​សម្រាប់​បិទ​បើក។ យើង​បញ្ចូល​ដាក់​អាល់កុល​ក្នុង​ហ្នឹង យើង​បញ្ចូល​តង្កៀប​ក្នុង​ហ្នឹង បញ្ចូល​ដប ឬ​បញ្ចូល​មេ​ក្នុង​ហ្នឹង។ ដូច​លោក​អង្គុយ​ចំ​ពីមុខ​អ៊ីចឹង លោក​ត្រូវ​ឲ្យ​គេ​ចោះ ហ្នឹង​ឈើ​ទេ ក្ដារ​កុំផ្លាកេ​ក៏​បាន​ដែរ អា​កន្លែង​ចោះ​ហ្នឹង កាល​ណា​ចោះ​កញ្ចក់​ខ្លាច​មុត​ដៃ។ ក្រៅ​ពី​ហ្នឹង​កញ្ចក់​ទាំង​អស់ ពី​លើ​កញ្ចក់ ពី​ក្រោម​កញ្ចក់ ចំហៀង​កញ្ចក់ ចំ​ពីមុខ​កញ្ចក់​ដែរ តែ​ឈើ​កន្លែង​ទ្វារ​បិទ​បើក។ ឲ្យ​គេ​ធ្វើ​សោ​ចាក់​ផង កាល​ណា​ទាញ​ចាក់​សោ ហើយ​កន្លែង​ប្រហោង​ដែល​ស៊ក​ដៃ​ចូល​ហ្នឹង លោក​ត្រូវ​មាន​ក្រណាត់​បិទ​ប្រហោង​ហ្នឹង កាលណា​លូក​ដៃ​ចូល​អត់​អី​ទេ លូក​ដៃ​ចូល​តាម​ក្រណាត់​ហ្នឹង បើ​មិន​មាន​ប្រហោង​យើង​លូក​ចូល​អត់​កើត​ទេ ព្រោះ​កាលណា​បញ្ចូល​មេ​គេ​អត់​ឲ្យ​បញ្ចូល​ខាង​ក្រៅ​ទេ ប៉ុន្តែ​មុន​នឹង​លោកពូ​ដាក់​មេ​ដាក់​អី លោកពូ​ត្រូវ​បាញ់​អាល់កុល​ខាង​ក្នុង​ធុង​សិន បាញ់​ហើយ​ដាក់​តម្រៀប​ក្នុង​ហ្នឹង​ទៅ ហើយ​អាល់កុល​ដប​តូច​មួយ​ដាក់​នៅ​ក្បែរ​ហ្នឹង​ទៅ ហើយ​ឡាម​ក៏ដាក់​នៅ​ហ្នឹង​ទៅ ប្រដាប់​សម្រាប់​បញ្ចូល​មេ​ក៏​ដាក់​នៅ​ក្នុង​ហ្នឹង​ទៅ ដែកកេះ​មួយ​ដាក់​នៅ​ក្នុង​ហ្នឹង​ទៅ បាន​លោកពូ​បាញ់​ដៃ​លោកពូ​ម្ដង បាញ់​ហើយ​ទុក ៥​នាទី ឲ្យ​ស្ងួត​ដៃ​បន្តិច បាន​លោកពូ​បញ្ចូល​ដៃ​ទៅ»

កាលណា​មាន​គ្រឿង​ប្រដាប់ និង​ទូ​សុវត្ថិភាព​នេះ​ហើយ ទើប​គេ​អាច​បង្កាត់​មេ​ផ្សិត​បាន​ដោយ​គ្មាន​ផ្សិត​ចង្រៃ ឬ​មេរោគ​ចូល​មក​លាយឡំ គឺ​មេ​មិន​ស្អុយ។

មាន​មិត្ត​អ្នក​ស្តាប់​សួរ​ថា តើ​ត្រូវ​ស៊ី​ពេល​យូរ​ប៉ុន្មាន​ក្រោយ​យក​ដុំ​បណ្តុះ​តម្រៀប​ក្នុង​បន្ទប់​ទើប​ផ្សិត​អំបោះ​ចាប់​ផ្តើម​ដុះ​ឲ្យ​យើង​ដក​យក​មក​បរិភោគ ឬ​លក់​ដូរ​បាន? លោក ថា សុមេធ ប្រាប់​ថា ចាប់​ពី​ដាក់​មេ​ទី​៣ ទៅ​ក្នុង​កញ្ចប់​ល្បាយ រយៈពេល​ប្រមាណ ២៥​ថ្ងៃ ទៅ ១​ខែ មេ​នឹង​ដើរ​ដល់​បាត​ថង់។ លុះ​មេ​ឡើង​ស​ពេញ​ថង់​ហើយ ទើប​យក​ទៅ​តម្រៀប​ក្នុង​រោង​បណ្តុះ ហើយ​ប្រមាណ​មួយ​អាទិត្យ​ក្រោយ​មក​ផ្សិត​ក៏​នឹង​ដុះ​ឲ្យ​ដក​បាន​ហើយ។

លោក ថា សុមេធ ប្រាប់ដូច្នេះ ៖ «ដល់​បាន​ហើយ យើង​យក​ទៅ​តម្រៀប យក​ទៅ​តម្រៀប​តាម​ជញ្ជាំង តាម​កន្លែង​កៀនកោះ​ត្រង់​ណា​ក៏ដោយ​ឲ្យ​តែ​កន្លែង​មាន​ខ្យល់​ចេញ​ចូល​ខ្លះ កុំ​ឲ្យ​ហប់​ពេក ហើយ​ស្រោច​ទឹក​ទៅ ស្រោច​ទឹក​តែ ៧​ថ្ងៃ បាន​ផ្សិត​ចេញ​មក​ហើយ ៧​ថ្ងៃ។ តែ​មួយ​ខែ ៥​ថ្ងៃ​បាន​ដក​ហើយ ជួន​កាល​មួយ​ខែ​បាន​ដក​ក៏​មាន ប៉ុន្តែ​ជា​ទូទៅ​ច្រើន​មួយ​ខែ ៥​ថ្ងៃ មួយ​ខែ ៧​ថ្ងៃ។ មាន​អា​ខ្លះ​ដុះ​មុន ជួន​កាល​បាន ២៨-​២៩​ថ្ងៃ វា​ដុះ ប៉ុន្តែ​មួយ​ខែ ៧​ថ្ងៃ​ដឹង​តែ​ដុះ​ចេញ​ទាំងអស់​តែម្ដង»

ស្តីពី​វិធី​តម្រៀប​ដុំ​ល្បាយ លោក ថា សុមេធ រៀបរាប់​ប្រាប់​ដូច្នេះ ៖ «តម្រៀប​ផ្ដេក យក​គូទ​វា​ទៅ​ទល់​នឹង​ជញ្ជាំង មាត់​វា​បែរ​មក​រក​យើង​ឈរ។ យើង​ដាក់​ល្មម​តែ​ជាប់ ជួនកាល​យើង​ដាក់​កម្ពស់ ៨​តឹក កុំ​ឲ្យ​វា​រលំ។ ខ័ណ្ឌ​វា​ខ្លីៗ​ទៅ​អត់​ងាយ​រលំ​ទេ តែ​ដាក់​វែង​ខ្ពស់​ពេក​រលំ។ ខ្ញុំ​ដាក់ ១២​ម៉ែត្រ ខ្ញុំ​ខ័ណ្ឌ​វា ខ័ណ្ឌ​ខ្លី ខ័ណ្ឌ​ប្រហែល ៨​តឹកៗ ដាក់​បាន​ខ្ពស់»

លោក ជា បាន អ្នក​ស្រុក​ស្វាយស៊ីសុផុន ខេត្ត​បន្ទាយ​មានជ័យ បាន​សួរ​ថា ផ្សិត​ដែល​បណ្តុះ​ដោយ​ខុស​បច្ចេក​ទេស​វា​ពុល តើ​យើង​សម្គាល់​យ៉ាង​ដូច​ម្តេច ពីព្រោះ​ជួនកាល​នៅ​ពេល​យើង​ធ្វើ​មេ​មិន​បាន​ល្អ ឬ​ធ្វេសប្រហែស​តែ​បន្តិច វា​អាច​ធ្វើ​ឲ្យ​ផ្សិត​ដែល​ដុះ​មក​នោះ​វា​ពុល​បាន។ សូរ​ថា​វា​មាន​លក្ខណៈ​ខុស​គ្នា​យ៉ាង​ដូច​ម្តេច​ទើប​អាច​ដឹង​ថា​ផ្សិត​ដែល​ដុះ​មក​នោះ​វា​ពុល ជៀស​វាង​ពេល​យើង​បរិភោគ​ហើយ​ទើប​ដឹង វា​ហួស​ពេល និង​ពិបាក​ព្យាបាល។

ចំពោះ​សំណួរ​នេះ​ងាយ​ឆ្លើយ​ទេ គឺ​ថា ចាប់​ផ្តើម​ពី​នៅ​ក្នុង​កញ្ចប់​ល្បាយ​ក្រោយ​បន្តក់​មេ​ផ្សិត​ហើយ បើ​សរសៃ​ស្ព័រ​ដែល​ចុះ​មក​បាត​ថង់​មាន​ពណ៌​ខ្មៅ ឬ​ខៀវ មិន​ស​ក្បុស គេ​ត្រូវ​យក​ទៅ​កម្ទេច​ចោល ព្រោះ​ជា​ផ្សិត​ឆ្លង​ជំងឺ អាច​ឆ្លង​ទៅ​កញ្ចប់​បណ្តុះ​ផ្សេង​ទៀត​បាន។ ពេល​ដុះ​ជា​ផ្សិត​មក​ហើយ​គេ​អាច​សម្គាល់​ផ្សិត​បាន​តាម​ពូជ​ដែល​គេ​បណ្តុះ គឺ​ផ្សិត​ចំបើង ឬ​ផ្សិត​ត្រចៀក​កណ្តុរ ផ្សិត​ស ផ្សិត​អំបោះ វា​មាន​រូបរាង​មុខ​មាត់​ច្បាស់​លាស់​របស់​វា មិន​ចាំបាច់​ខ្លាច​ថា​ជា​ផ្សិត​ពុល​ឡើយ៕