ថ្នាក់​ដឹក​នាំ​ជំរុញ​ឲ្យ​យុវជន​ដើរ​តួនាទី​សំខាន់​ក្នុង​អាស៊ាន

ដោយ ចេង ម៉េងជូ
2015.08.31
ហោ ណាំហុង ៦២០ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការបរទេស លោក ហោ ណាំហុង ​ថ្លែង​ក្នុង​ពិធី​រដ្ឋាភិបាល​កម្ពុជា ប្រគល់​ផែនទី យូ.ធី.អិម (UTM) ១៨​ផ្ទាំង ទៅ​អង្គការ​សហប្រជាជាតិ នា​វិមាន​សន្តិភាព នៅ​ថ្ងៃ​ទី​២៦ ខែ​សីហា ឆ្នាំ​២០១៥។
RFA/Brach Chev

ខណៈ ៦៥% នៃ​ចំនួន​ប្រជាជន​សរុប​ជាង ៦០០​លាន​នាក់​ក្នុង​តំបន់​អាស៊ាន ជា​អ្នក​ដែល​មាន​អាយុ​ក្រោម ៣៥​ឆ្នាំ អាស៊ាន​បាន​មើល​ឃើញ​ពី​សារសំខាន់​នៃ​ការ​គិតគូរ​ពី​តួនាទី​របស់​យុវជន ក្នុង​ការ​អភិវឌ្ឍ​សហគមន៍​អាស៊ាន។

ស្រប​ពេល​គ្នា​នេះ យុវជន​កម្ពុជា ក៏​ត្រូវ​បាន​ថ្នាក់​ដឹក​នាំ ជំរុញ​ឲ្យ​បង្កើន​សមត្ថភាព​ដើម្បី​ឲ្យ​ពួក​គេ​អាច​ចាប់​យក​ឱកាស​ផ្សេងៗ ដែល​កើត​មាន​ក្នុង​ពេល​ដែល​តំបន់​នេះ​កំពុង​ធ្វើ​សមាហរណកម្ម​ដោយ​ផ្អែក​លើ​សសរ​ស្ដម្ភ ឬ​សហគមន៍​ទាំង​បី​របស់​អាស៊ាន។

ក្នុង​សេចក្ដី​ថ្លែងការណ៍​ទីក្រុង​កូឡាឡាំពួរ នា​ពេល​ថ្មីៗ​នេះ មេ​ដឹក​នាំ​អាស៊ាន បាន​បញ្ជាក់​ពី​ទិសដៅ​ចម្បង​របស់​ខ្លួន​ក្នុង​ការ​ជំរុញ​ឲ្យ​មាន​ភាព​សកម្ម​របស់​យុវជន ក្នុង​ការ​ចូលរួម​កសាង​សហគមន៍​អាស៊ាន។

សហគមន៍​ទាំង​បី​របស់​អាស៊ាន ដែល​រួម​មាន សហគមន៍​សន្តិសុខ និង​នយោបាយ សហគមន៍​សេដ្ឋកិច្ច និង​សហគមន៍​សង្គម វប្បធម៌ កំពុង​ស្ថិត​នៅ​លើ​វិថី​នៃ​សមាហរណកម្ម ដោយ​ប្ដេជ្ញា​សម្រេច​ឲ្យ​បាន​ត្រឹម​ចុង​ឆ្នាំ​២០១៥ នេះ។ នៅ​លើ​ដំណើរ​មួយ​នេះ មេ​ដឹក​នាំ​អាស៊ាន បាន​សំឡឹង​ឃើញ​សក្ដានុពល​នៃ​កម្លាំង​ប្រជាជន​វ័យ​ក្មេង​ក្នុង​តំបន់​របស់​ខ្លួន ដោយ​មេ​ដឹក​នាំ​នៃ​បណ្ដា​ប្រទេស​ជា​សមាជិក​នីមួយៗ សុទ្ធសឹងតែ​កំពុង​ផ្សព្វផ្សាយ​សារ​ស្ដីពី​តួនាទី​សំខាន់​របស់​យុវជន ក្នុង​ការ​កសាង​សហគមន៍​មួយ​នេះ។

នៅ​កម្ពុជា ប្រជាជន​ដែល​មាន​អាយុ​ចន្លោះ​ពី ១៥​ឆ្នាំ ទៅ ២៩​ឆ្នាំ មាន​ចំនួន​ប្រមាណ ៥​លាន​នាក់ ដែល​ស្មើ​នឹង​ប្រមាណ ៣០% នៃ​ចំនួន​ប្រជាជន​សរុប។ ចំនួន​នេះ ត្រូវ​បាន​ព្យាករ​ថា នឹង​កើន​ដល់ ៤០% ត្រឹម​ឆ្នាំ​២០២០។ ទោះ​ចង់ ឬ​មិន​ចង់ ពលរដ្ឋ​វ័យ​ក្មេង​ទាំង​នេះ នឹង​ក្លាយ​ជា​កម្លាំង​ស្នូល​មួយ​ដែល​រួម​ចំណែក​ក្នុង​សហគមន៍​អាស៊ាន​ទាំង​ពេល​បច្ចុប្បន្ន និង​អនាគត។

ក្នុង​ការ​ថ្លែង​បាឋកថា​ស្ដីពី​យុវជន និង​សហគមន៍​អាស៊ាន ២០១៥ ទៅ​កាន់​យុវជន​ជាង ១.០០០​នាក់ លោក ហោ ណាំហុង រដ្ឋមន្ត្រី​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​ជា​មន្ត្រី​កម្ពុជា ទទួល​បន្ទុក​សហគមន៍​សន្តិសុខ នយោបាយ​របស់​អាស៊ាន បាន​គូស​បញ្ជាក់​ពី​សារសំខាន់​នៃ​តួនាទី​របស់​យុវជន ដោយ​លើក​ឡើង​ពី​កិច្ចការ​មួយ​ចំនួន ដែល​ថ្នាក់​ដឹក​នាំ​អាស៊ាន​បាន​ធ្វើ​កន្លង​មក។

ក្នុង​បាឋកថា​នោះ​ដែរ ឧត្ដម​មន្ត្រី​កម្ពុជា សម្រាប់​អាស៊ាន លោកស្រី សឿង រដ្ឋចាវី បាន​ជំរុញ​ឲ្យ​យុវជន​ចេះ​ទាញ​យក​ផល​ចំណេញ​ពី​សមាហរណកម្ម​អាស៊ាន តាម​រយៈ​ឱកាស​ផ្សេងៗ ដូចជា​អាហារូបករណ៍ ជាដើម៖ «យុវជន​មាន​ឱកាស​ច្រើន​ណាស់​ក្នុង​ការ​ទទួល​ការ​អប់រំ​ក្នុង​ប្រទេស​អាស៊ាន បើ​និយាយ​ឲ្យ​ចំ​ទៅ។ ឱកាស​ក្នុង​ការ​ទទួល​បាន​ហ្នឹង រាល់​ថ្ងៃ​ហ្នឹង បើ​សិន​ជា​ប្អូនៗ​តាម​ដាន​ឧស្សាហ៍​ឆែក​មើល​នៅ​ក្នុង​វែបសាយ (website) របស់​អាស៊ាន ឧស្សាហ៍​ឆែក​មើល​នៅ​ក្នុង​វែបសាយ​ក្រសួង​ការ​បរទេស​សាំងហ្គាពួរ (Singapore) របស់​ម៉ាឡេ របស់​អី មាន​អាហារូបករណ៍​ច្រើន​ណាស់​ដែល​គេ​ផ្ដល់ ដែល​គេ​ហៅ​ថា អាហារូបករណ៍​របស់​អាស៊ាន​តែ​ម្ដង។ អ៊ីចឹង​ប្អូន​អាច​ខំ​រៀន​ដូច​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​គាត់​ផ្ដាំផ្ញើ​អំបាញ់មិញ​អ៊ីចឹង ថា​ឲ្យ​ខំ​រៀន​ភាសា​អង់គ្លេស។ ខំ​រៀន​ភាសា​អង់គ្លេស ព្រោះ​ភាសា​អង់គ្លេស​ជា​ភាសា​យាន​របស់​អាស៊ាន»

ទន្ទឹម​នឹង​នេះ យុវជន​កម្ពុជា ត្រូវ​បាន​ជំរុញ​ឲ្យ​បង្កើន​សមត្ថភាព​ចំណេះ​ដឹង​ទូទៅ សមត្ថភាព​ជំនាញ និង​ភាសា​អង់គ្លេស ដែល​ជា​ភាសា​យាន​របស់​អាស៊ាន រួម​ទាំង​ភាសា​ដទៃ​ទៀត​ដែល​ប្រទេស​ក្នុង​តំបន់​អាស៊ាន​និយម​ប្រើប្រាស់។

ការ​សម្រេច​បាន​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ឆ្នាំ​២០១៥ មាន​ន័យ​ថា លំហូរ​នៃ​ទំនិញ សេវាកម្ម ពលកម្ម​ជំនាញ មូលធន និង​ការ​វិនិយោគ នឹង​មាន​លក្ខណៈ​សេរី​នៅ​ក្នុង​ប្លុក​អាស៊ាន ដែល​មាន​សមាជិក​ចំនួន ១០​ប្រទេស។ ខណៈ​កាល​កំណត់​នៃ​សមាហរណកម្ម​កាន់​តែ​ខិត​ជិត​ចូល​មក​ដល់ សមត្ថភាព​ជំនាញ​របស់​យុវជន​កម្ពុជា នៅ​តែ​ជា​បញ្ហា​ប្រឈម​មួយ ដែល​អ្នក​សេដ្ឋកិច្ច​មើល​ឃើញ។

ទាក់ទង​បញ្ហា​សមត្ថភាព​របស់​យុវជន​កម្ពុជា តួលេខ​ចុង​ក្រោយ​ស្ដីពី​ភាព​គ្មាន​ការងារ​ធ្វើ បង្ហាញ​ថា ០,៣% នៃ​ចំនួន​ប្រជាជន​សរុប​ជាង ១៥​លាន​នាក់​នៅ​កម្ពុជា កំពុង​ប្រឈម​នឹង​ភាព​គ្មាន​ការងារ​ធ្វើ។ របាយការណ៍​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) បង្ហាញ​ថា កង្វះ​ខាត​ហិរញ្ញវត្ថុ​ក្នុង​គ្រួសារ និង​កង្វះ​ខាត​ការ​បណ្ដុះបណ្ដាល​ជំនាញ ជា​ឧបសគ្គ​ដែល​រារាំង​ប្រជាជន​វ័យ​ក្មេង​របស់​កម្ពុជា ប្រមាណ ២​លាន​នាក់​ពី​ការ​ទទួល​បាន​ការ​អប់រំ និង​ជំនាញ​វិជ្ជាជីវៈ។ ទាំង​នេះ ជា​មូលហេតុ​ចម្បង​ដែល​បណ្ដាល​ឲ្យ​យុវជន​កម្ពុជា ជាច្រើន ធ្វើ​ចំណាក​ស្រុក​មក​កាន់​ទីក្រុង​ដោយ​ទទួល​បាន​ប្រាក់​កម្រៃ​ទាប និង​ទៅ​ធ្វើ​ជា​ពលករ ឬ​កម្មករ​នៅ​តាម​ប្រទេស​ថៃ ម៉ាឡេស៊ី និង​កូរ៉េ ជាដើម។

ការ​សិក្សា​របស់​ទីភ្នាក់ងារ​ជាតិ​មុខ​របរ និង​ការងារ ឆ្នាំ​២០១៣ រក​ឃើញ​ថា យុវជន​កម្ពុជា ជាច្រើន នៅ​ខ្វះខាត​ជំនាញ និង​ទំនុក​ចិត្ត នៅ​ពេល​ស្វែងរក​ការងារ​ធ្វើ។ ទន្ទឹម​នឹង​នេះ ការ​ស្រាវជ្រាវ​របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) បង្ហាញ​ថា យុវជន​ជាច្រើន​សិក្សា​ជំនាញ​ដែល​ខុស​ពី​តម្រូវ​ការ​ក្នុង​ទីផ្សារ​ការងារ​ជាក់ស្ដែង។ បញ្ហា​យុវជន​ខ្វះ​ជំនាញ​នេះ អ្នក​ជំនាញ​លើក​ឡើង​ថា កម្ពុជា នឹង​អាច​ប៉ះពាល់​កាន់​តែ​ខ្លាំង​នៅ​ពេល​ប្រទេស​ក្នុង​តំបន់ នឹង​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​នៅ​ចុង​ឆ្នាំ​២០១៥ ខាង​មុខ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។