ដើមម្រះព្រៅភ្នំ នៅកម្ពុជា មានសារធាតុ ពិសេសម៉្យាង ដែលពួកឧក្រិដ្ឋជន ឤចផលិតចេញជា ប្រេងម្រះព្រៅ ដែលឤច បង្វែរយកទៅ ផលិតចេញជា គ្រឿងញៀន ប្រភេទអ៊ិចស្តាស៊ី ឬដែលខ្មែរហៅថា ថ្នាំគ្រវីក្បាល ។
នេះជាសេចក្តីអះឤង របស់លោកវេជ្ជបណ្ឌិត មាស វីរិទ្ធ ប្រធានមន្ទីរពិសោធន៍ គ្រឿងញៀន នៃអគ្គលេខាធិការដ្ឋាន ឤជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅកម្ពុជា ។
លោកវេជ្ជបណ្ឌិត មានប្រសាសន៍ បញ្ជាក់បន្ថែមថា ៖ ដើមម្រះព្រៅភ្នំ ស្លឹករបស់វា ផលិតនូវ ជាតិប្រេងមួយ ឈ្មោះថា ប្រេងម្រះព្រៅភ្នំ ។ បើ ឈ្មោះបច្ចេកទេស គេហៅថា សាស់ហ្វ្រូលៗនេះ គឺជាសារធាតុ ដែលឤចបង្វែរ យកទៅផលិត គ្រឿងញៀន ប្រភេទអ៊ិចស្តាស៊ី ឬថ្នាំគ្រវីក្បាលបាន ។ ដើមម្រះព្រៅភ្នំ នៅក្នុង ប្រទេសកម្ពុជា ផលិតប្រេងម្រះព្រៅភ្នំ ដែលមានផ្ទុកជាតិ សាស់ហ្វ្រូល ខ្ពស់ជាងគេ ក្នុងតំបន់ ឤស៊ីប៉ាស៊ីហ្វិកនេះ គឺអត្រានៃសារធាតុ សាស់ហ្វ្រូល មានរហូតដល់ ៩៦ ឬ ៩៧ % ដែលបណ្តាប្រទេសផ្សេងទៀត គេមានតែកម្រិតក្រោម ៨០% ទេ ។
អគ្គលេខាធិការដ្ឋាន ឤជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន បានចេញរបាយការណ៍ ប្រចាំឆ្នាំ ២០០៧ ស្តីអំពី លទ្ធផលការងារ ក្នុងការត្រួតពិនិត្យគ្រឿងញៀន នៅក្នុង ប្រទេសកម្ពុជា បានឱ្យដឹងបន្ថែមថា មានសកម្មភាព គួរឱ្យកត់សម្គាល់ ក្នុងការផលិត ប្រេងម្រះព្រៅភ្នំ នៅក្នុង ប្រទេសកម្ពុជា ក្នុងឆ្នាំ ២០០៧ ។ សកម្មភាព ផលិត ប្រេងម្រះព្រៅភ្នំ កើតមានឡើង នៅតំបន់ ព្រំប្រទល់មុំបី នៃខេត្តកោះកុង ពោធិ សា៍ត់ និង ខេត្តបាត់ដំបង ដែលតំបន់នោះ គឺជាតំបន់ ដែលមានសកម្មភាពលបលួច ផលិតប្រេងម្រះព្រៅ ដោយខុសច្បាប់ ដែលឤជ្ញាធរខេត្ត ទាំងនោះ ធ្លាប់បានចុះទៅបង្ក្រាប ជាញឹកញាប់ ។
លោកវេជ្ជបណ្ឌិត មាស វីរិទ្ធ មានប្រសាសន៍ ឱ្យដឹង បន្ថែមទៀតថា ស្លឹក នៃរុក្ខជាតិដើម ម្រះព្រៅភ្នំ ឤចផលិតប្រេង ដែលប្រេងម្រះព្រៅភ្នំនោះ មានដង់ស៊ីតេ ធ្ងន់ជាងទឹក ហេតុនេះហើយ ក្នុងពេលដើមវា កំពុងលូតលាស់ ប្រេងម្រះព្រៅភ្នំ វាក៏ធ្លាក់ចុះសន្សឹមៗ តាមមែក តាមធាង តាមដើម ពីចុងរហូតមកដល់គល់ ។
លោកវេជ្ជបណ្ឌិត មាស វីរិទ្ធ បានឱ្យដឹងថា ៖ នៅពេលដែល ជាតិប្រេងនេះ កាន់តែ ធ្លាក់មកដល់គល់ កាន់តែច្រើន វាបានរាំងខ្ទប់ ចរន្តទឹក ដើម្បីធ្វើការបញ្ជូន ទៅឱ្យ ស្លឹករុក្ខជាតិនេះវិញ ។ អ៊ីចឹងហើយ រុក្ខជាតិនេះ នឹងត្រូវស្លាប់ ដោយឯកឯង ។ ប៉ុន្តែ ការស្លាប់របស់វា មានរយៈពេល ប្រហែលជាពី ៦០ ទៅ ៧០ឆ្នាំ ទើបវាស្លាប់ រុក្ខជាតិ ប្រភេទនេះ ។ ហើយវាបន្តពូជ តាមធម្មជាតិ របស់វាវិញ ។ វាជារុក្ខជាតិមួយ ដែលកម្រ អ៊ីចឹងបើប្រជាពលរដ្ឋ ជឿតាមការឃោសនា អូសទាញរបស់ឈ្មួញ ដែលគេ ធ្វើការជួញដូរប្រភេទ ប្រេងម្រះព្រៅភ្នំនេះ គាត់នឹងត្រូវ ធ្វើការកាប់បំផ្លាញ ដើមម្រះព្រៅភ្នំ ដើម្បី ធ្វើការកាប់ចិញ្ច្រាំ ។
ដើម្បីផលិតឱ្យចេញជាប្រេងម្រះព្រៅ គឺថា ឈ្មួញគ្រឿងញៀន បានឱ្យកម្មករ កាប់យកគល់ នៃដើមម្រះព្រៅភ្នំ ដែលមានកម្ពស់ ប្រមាណ ១ម៉ែត្រ ២តឹក ពីគល់ជាប់នឹងដី ហើយ យកទៅកាប់ ជាដុំតូចៗ ដាក់ចូលទៅក្នុងឡ ដើម្បីដុត ។
លោកវេជ្ជបណ្ឌិត មាស វីរិទ្ធ មន្ត្រីជំនាញផ្នែកគ្រឿងញៀន ដដែល មានប្រសាសន៍បន្តថា ៖ គេកាប់គល់វា ចិញ្ច្រាំជាដុំៗ ហើយគេដាក់ចូលទៅក្នុងឡ ដើម្បីដុតរំងាស់ ដុតចម្រាញ់ យកប្រេង ។ គេមានបំពង់ដូចជា ការបិតស្រាអីចឹង ។ ប្រេងនោះ នឹងហើរឡើងចូល ទៅក្នុងបំពង់ ទុយោមួយ ហើយគេបង្កកវា ។ គេបញ្ចុះសីតុណ្ហភាព ទុយោនោះ ដើម្បីឱ្យវា ទៅជាវត្ថុរាវ ។ ហើយ គេឤចទទួលយក ប្រេងម្រះព្រៅនោះ ។ រុក្ខជាតិ ដើមម្រះព្រៅភ្នំ មួយគល់ វាឤចផលិតបានប្រេង ទម្ងន់ប្រមាណ ៤០គីឡូក្រាម ។ អ៊ីចឹង ការចម្រាញ់យកប្រេងនោះ គេត្រូវប្រើ ឧសច្រើនណាស់ ដើម្បីដុតចម្រាញ់ អ៊ីចឹង វាត្រូវកាប់បំផ្លាញ ឈើផ្សេងទៀត ដើម្បីយកឈើនោះ មកធ្វើជាឧស ក្នុងការដុតចម្រាញ់ យកប្រេងម្រះព្រៅភ្នំនេះ ។
តាមការកត់សម្គាល់ របស់អគ្គលេខាធិការដ្ឋាន ឤជ្ញាធរជាតិ គឺថា នៅដើមឆ្នាំ ២០០៧ ក្រុមឈ្មួញគ្រឿងញៀន បានដឹកជញ្ជូនប្រេងម្រះព្រៅ ពីតំបន់ផលិត តាមច្រកសំខាន់ៗពីរ ។ ទីមួយ គឺច្រកផ្លូវជាតិលេខ ៥ ឆ្លងកាត់រាជធានីភ្នំពេញ ក្នុងទិសដៅ នាំបន្ត ទៅប្រទេស វៀតណាម ។ ទីពីរ គឺច្រកខេត្តកោះកុង ឆ្លងកាត់ខេត្តកំពត ក្នុងទិសដៅនាំបន្ត ទៅកាន់ ប្រទេស វៀតណាម ដូចគ្នា ។ អគ្គលេខាធិការដ្ឋាន ឤជ្ញាធរជាតិ បញ្ជាក់ថា ប៉ុន្តែ ក្នុងរយៈពេល បីខែ ចុងឆ្នាំ ២០០៧ ក្រុមឈ្មួញបានបង្វែរ ទិសចរាចរណ៍ ដោយធ្វើការដឹកជញ្ជូន ចេញតាមច្រក នៃខេត្តកោះកុង ឆ្ពោះទៅកាន់ ប្រទេសថៃវិញ ។ ជាក់ស្តែង កាលពីថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០០៧ សមត្ថកិច្ចថៃ បានចាប់ឃាត់ទុក ប្រេងម្រះព្រៅ ទម្ងន់ប្រមាណ ៥០តោន ដែលដឹកចេញពី ប្រទេសកម្ពុជា ចូលទៅក្នុងដែនដីថៃ ។
លោកវេជ្ជបណ្ឌិត មាស វីរិទ្ធ មានប្រសាសន៍ថា ការផលិត ប្រេងម្រះព្រៅ គេត្រូវដុត ចម្រាញ់គល់វា ក្នុងឡធំៗ ៖ ការចម្រាញ់វា គេត្រូវធ្វើបែបនេះ កន្លងមក ហើយ កន្លងមក យើងមានភស្តុតាង បានរកឃើញកន្លែង លួចផលិត ប្រេងម្រះព្រៅភ្នំ នៅក្នុង ព្រៃជ្រៅធំៗ ដោយគេមានឡធំៗណាស់ ដែលកន្លែងខ្លះ យើងបំផ្លាញ ដោយមីនតោនទៀតផង ។ បំផ្លាញបាន ពីព្រោះ គេធ្វើក្នុងទ្រង់ទ្រាយធំ ។
លោកវេជ្ជបណ្ឌិត ប្រធានមន្ទីរពិសោធន៍គ្រឿងញៀន បញ្ជាក់ថា ក្នុងប្រេងម្រះព្រៅទម្ងន់ ៤គីឡូក្រាមកន្លះ ឤចផលិតចេញ បានជាគ្រឿងញៀន ប្រភេទអ៊ិចស្តាស៊ីម្សៅ ទម្ងន់ ១គីឡូក្រាម ។ សៀវភៅ រូបភាពរុក្ខជាតិញៀន និងគ្រឿងញៀនគ្រប់ប្រភេទ ដែលចេញផ្សាយ ដោយ អគ្គលេខាធិការដ្ឋាន ឤជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន បានឱ្យដឹងបន្ថែមថា គ្រឿងញៀន អ៊ិចស្តាស៊ី គឺជា ប្រភេទគ្រឿងញៀន ដែលបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ ដល់អ្នកប្រើប្រាស់ រួមមាន ធ្វើឱ្យសម្ពាធឈាម និងចលនាបេះដូង កើនឡើង ហើយឤចស្លាប់ ដោយសារ កម្តៅខ្លាំង ។ ការប្រើប្រាស់ រយៈពេលយូរ វាឤចធ្វើឱ្យ ប៉ះពាល់ដល់ ប្រព័ន្ធសសៃប្រសាទ ខូចខួរក្បាល និងខូចថ្លើម ៕
|
|
ស្តាប់សំឡេង |
|
|
ថតសំឡេង |
|
|
អ៊ីម៉េល |
|
|
ព្រឹត្តិបត្រព័ត៌មាន |
|
|
បោះពុម្ព |
គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យនិងការប្រឆាំងគ្រឿងញៀន
ប៉ូលិសខ្មែរចាប់ខ្លួនបរទេស៣នាក់ពីបទប៉ុនប៉ងរត់ពន្ធគ្រឿងញៀន
គណបក្សប្រជាធិបតេយ្យខ្មែរនិងការទប់ទល់នឹងគ្រឿងញៀន
អ្នកប្រើគ្រឿងញៀននៅខេត្តកណ្តាលនិងការបោះឆ្នោតជាតិ
ស្ថិតិអ្នកប្រើគ្រឿងញៀននៅកម្ពុជានាឆ្នាំ២០០៨
បញ្ហាគ្រឿងញៀននិងពលរដ្ឋម្ចាស់ឆ្នោតនៅបន្ទាយមានជ័យ
របាយការណ៍៖ ចំនួនអ្នកប្រើគ្រឿងញៀនមានការកើនឡើង
បញ្ហាគ្រឿងញៀននៅខែត្រកំពង់ធំ