លោកវេជ្ជបណ្ឌិត មាស វីរិទ្ធ ប្រធានមន្ទីរពិសោធន៍ គ្រឿងញៀន នៃអគ្គលេខាធិការដ្ឋាន ឤជ្ញាធរជាតិ ប្រយុទ្ធប្រឆាំង គ្រឿងញៀន នៅកម្ពុជា មានប្រសាសន៍ ឱ្យវិទ្យុឤស៊ីសេរី ដឹង កាលពីពេល ថ្មីៗនេះ ថា មានការកើនឡើងនូវ ការប្រើប្រាស់ គ្រឿងញៀន ហេរ៉ូអ៊ីន នៅកម្ពុជា ផ្តល់ផលឤក្រក់ ដល់អ្នកប្រើប្រាស់ ។
លោកវេជ្ជបណ្ឌិត មាស វីរិទ្ធ មានប្រសាសន៍ដូច្នេះថា ៖ «ភាគច្រើន ការប្រើគ្រឿងញៀន ប្រភេទហេរ៉ូអ៊ីននេះ គេត្រូវធ្វើឡើង តាមការចាក់ ។ មធ្យោបាយនេះ បង្កគ្រោះថ្នាក់ ឤចបណ្តាលឲ្យ អ្នកប្រើគ្រឿងញៀន ប្រភេទនេះ ស្លាប់ភ្លាម ដោយការប្រើ លើសកម្រិត និងឤចបង្កគ្រោះថ្នាក់ ឱ្យមាន ការឆ្លង រីករាលដាល មេរោគអេដស៍ បើសិនគាត់ ចែករំលែកនូវ ការចាក់គ្រឿងញៀន ក្នុងចំណោម អ្នកដែលមានផ្ទុកមេរោគ ហ៊ីវ ។ ឥឡូវនេះ បាតុភូត នៃការប្រើប្រាស់ មិនថា អ្នកមាន ឬអ្នកក្រទេ ។ គេប្តូរ គំនិតប្រើប្រាស់ ទៅតាមចិត្ត ដែលគេចង់ ហើយភាគច្រើន នៅក្នុងចំណោម យុវវ័យ ។ ពីមុន ពីដើមមក យើងមានតែ ក្នុងចំណោម ចាស់ៗ ពីព្រោះថា មនុស្សចាស់ គេមានលុយ ។ ឥឡូវនេះ គេប្តូរ ទម្លាប់ទៅវិញ ហើយក៏មាន ព័ត៌មានខ្លះ ថា គេប្រើប្រាស់ ដើម្បីរួមភេទដែរ ។ គឺថា រួមភេទឱ្យបានយូរនោះ តែនេះគឺជា ការគិតគូរ មិនត្រឹមត្រូវទេ ។ ព្រោះថា ការប្រើប្រាស់ គ្រឿងញៀន ទាំងអស់ នៅពេលដែល ក្លាយខ្លួន ជាអ្នកញៀនហើយ ការរួមភេទនោះ គឺលែងចង់ លែងអីហើយ ។ គឺគាត់ មួយថ្ងៃៗ គិតតែពីរឿង ធ្វើយ៉ាងម៉េច ឱ្យតែបាន គ្រឿងញៀន មកប្រើបន្តទៀត ។ នេះគ្រាន់តែជា ទស្សនៈរវើរវាយ ឬជាការជំរុញ បំផុសឱ្យមាន អ្នកចង់សាកល្បង ចង់ប្រើគ្រឿងញៀន តែប៉ុណ្ណោះ» ។
ទិន្នន័យដែលប្រមូលបាន ដោយមជ្ឈមណ្ឌល ព័ត៌មាន នៃឤជ្ញាធរជាតិ ប្រយុទ្ធប្រឆាំង គ្រឿងញៀន ដែលបានមកពី ៩ ខេត្តក្រុង ពីក្នុងចំណោម ខេត្តក្រុង ទាំង ២៤ នៅទូទាំង ប្រទេសកម្ពុជា បានឱ្យដឹងថា អ្នកប្រើប្រាស់ គ្រឿងញៀន ដែលគេទទួលស្គាល់ជាផ្លូវការ មានទាំងអស់ ៥១៤៨នាក់ នៅត្រឹម ចុងឆ្នាំ ២០០៥ ដែលជាងពាក់កណ្តាល មានឤយុ ចន្លោះពី ១៨ ទៅ ២៥ឆ្នាំ ក្នុងនោះមាន ១៩០នាក់ ជាអ្នកដែលប្រើហេរ៉ូអ៊ីន ។
ឤជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន និងក្រសួងសុខាភិបាល អះឤងថា ការប្រើប្រាស់ គ្រឿងញៀន ដោយប្រើម្ជុល គឺជាមធ្យោបាយ ដែលនាំឱ្យឆ្លង មេរោគអេដស៍ យ៉ាងឆាប់ រហ័សបំផុត ។ ពិសេសគឺដោយសារតែ មានការប្រើប្រាស់រួមគ្នា ជាញឹកញាប់ នូវម្ជុលស៊ីរាំង និង ឧបករណ៍រៀបចំមួយចំនួន ដែលជាការជំរុញឱ្យមាន ការរីករាលដាល ឆ្លងមេរោគ យ៉ាងឆាប់រហ័ស ។
យុវជនខ្មែរម្នាក់ សូមមិនជម្រាបឈ្មោះ ធ្លាក់ខ្លួនឆ្លងរោគ អេដស៍ ដោយសារតែ ការប្រើប្រាស់ គ្រឿងញៀន តាមវិធីចាក់ តែសព្វថ្ងៃ បានអង្គការ មិត្តសំឡាញ់ ជួយធ្វើការផ្តាច់ គ្រឿងញៀន នៅទីក្រុងភ្នំពេញ បានថ្លែងប្រាប់ វិទ្យុឤស៊ីសេរី យ៉ាងដូច្នេះ ៖ «ខ្ញុំឆ្លងអេដស៍ ពីការចាក់ ស៊ីរាំងរួមគ្នា ។ ពេលខ្ញុំ ចាក់ស៊ីរាំង ទិញពីពេទ្យមក ជួនកាលអត់ ពួកខ្ញុំ ចាក់លាយគ្នា ពីមួយទៅមួយ ម្តងមានគ្នាដល់ ១០នាក់ ចាក់» ។
ឤជ្ញាធរជាតិបញ្ជាក់ថា ការឆ្លងមេរោគអេដស៍ តាមរយៈ ការប្រើប្រាស់ ឧបករណ៍ ចាក់គ្រឿងញៀន រួមគ្នា ដែលមិនបាន សម្អាតមេរោគ បានរីកដុះដាល ដោយសារការឆ្លង តាមរយៈ ការរួមភេទ ទាំងក្នុងចំណោម អ្នកចាក់គ្រឿងញៀន និងរវាង អ្នកចាក់គ្រឿងញៀន ជាមួយនឹង ដៃគូរួមភេទ របស់ពួកគេ ។ ហេតុនេះ ការកាត់បន្ថយគ្រោះថ្នាក់ មានសក្តានុពល សំខាន់ណាស់ ក្នុងកិច្ចការពារ មេរោគអេដស៍ សម្រាប់ ទាំងអ្នកចាក់គ្រឿងញៀន និង ប្រជាជនទូទៅ ។
ការកាត់បន្ថយគ្រោះថ្នាក់ គឺជាការអនុវត្ត គោលការណ៍ សុខភាពសាធារណៈ ដ៏ល្អមួយ ដែលមានគោលបំណង ដើម្បីទប់ស្កាត់ ឬកាត់បន្ថយ ផលវិបាកផ្នែកសុខភាព ដែលពាក់ព័ន្ធនឹង ឥរិយាបទមួយចំនួន ។ ការកាត់បន្ថយ គ្រោះថ្នាក់ មានភាពស្របគ្នា ទៅនឹងវិធីសាស្ត្រ ផ្នែក សុខភាពសាធារណៈ ចំពោះ ការទប់ស្កាត់មេរោគ អេដស៍ ឬ ជំងឺអេដស៍ និងការព្យាបាល ផ្តោតលើ អ្នកប្រើគ្រឿងញៀន ត្រូវបាន ឤជ្ញាធរខ្មែរ លើកកម្ពស់ ។
ដើម្បីទប់ស្កាត់ការឆ្លងមេរោគ ប្រទេសទាំងអស់ នៅក្នុង តំបន់ឤស៊ីឤគ្នេយ៍ បានបង្កើតនូវ សកម្មភាពសំខាន់ពីរ គឺទីមួយ ជំរុញឱ្យមាន ការប្រើស្រោមអនាម័យ ក្នុងគ្រប់សកម្មភាព គ្រោះថ្នាក់ទាំងអស់ ដោយទទួលស្គាល់ថា ស្រោមអនាម័យ ពិតជា វាក់សាំងការពារ តែមួយគត់ ចំពោះមេរោគ និងជំងឺអេដស៍ ។ សកម្មភាពទី ២ គឺកម្មវិធី កាត់បន្ថយ គ្រោះថ្នាក់ផ្សេងៗ ។
បច្ចុប្បន្ន មានអង្គការក្រៅរដ្ឋាភិបាល មួយចំនួន បានចុះអប់រំ ចែកម្ជុល និងស៊ីរាំងថ្មី ដល់ ពួកអ្នកប្រើគ្រឿងញៀន ក្នុងគោលបំណង ជួយកាត់បន្ថយគ្រោះថ្នាក់ ពីការឆ្លងរោគ ពិសេស មេរោគអេដស៍ ។
ប្រធានអង្គការកសាង លោក ហេង សូធា មានប្រសាសន៍ ឱ្យដឹងបន្ថែមថា កម្មវិធីនេះ កំពុងទាក់ទាញចិត្ត អ្នកប្រើប្រាស់ គ្រឿងញៀន តាមវិធីចាក់ ឱ្យចូលរួម ក្នុងការកាត់បន្ថយ ការប្រើប្រាស់ គ្រឿងញៀន នៅទីក្រុងភ្នំពេញ ៖ អង្គការកសាង ចាប់ផ្តើម ធ្វើការហ្នឹងមក ខ្ញុំឃើញ ភាគច្រើនពួកគាត់ កាត់បន្ថយការប្រើប្រាស់ ដូចថា គាត់ប្រើ ៥ដង ក្នុងមួយថ្ងៃ ឥឡូវគាត់កាត់មក ៤ដង កាត់ ៣ដង កាត់ទាល់តែ ការប្រើប្រាស់ របស់គាត់ ទាល់តែបាន ។
តែកម្មវិធីចែកម្ជុល និងស៊ីរាំងថ្មី ដល់អ្នកប្រើគ្រឿងញៀននោះ រងការរិះគន់ ពីពលរដ្ឋ មួយចំនួន ដែលចាត់ទុកថា ជាការលើកទឹកចិត្ត ដល់អ្នកប្រើគ្រឿងញៀន ទៅវិញ ។ ប៉ុន្តែ ឤជ្ញាធរជាតិ អះឤងថា ប្រសិនបើគ្មានសកម្មភាព កាត់បន្ថយ គ្រោះថ្នាក់ទេនោះ ការឆ្លង មេរោគអេដស៍ ក្នុងចំណោម អ្នកចាក់គ្រឿងញៀន ឤចកើនឡើង រហូតដល់ ៤០% ឬ លើសពីនេះ សម្រាប់រយៈពេលមួយឆ្នាំ ពីរ ពីការឆ្លង មេរោគអេដស៍ នៅក្នុងសហគមន៍ អ្នកចាក់គ្រឿងញៀន ។
ឤជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងក្រសួងសុខាភិបាល បញ្ជាក់ថា ការធ្វើអន្តរាគមន៍ សម្រាប់ អ្នកចាក់គ្រឿងញៀន ដោយកាត់បន្ថយគ្រោះថ្នាក់ ពីមេរោគអេដស៍ ក៏ជា សក្តានុពល ក្នុងការផ្សារភ្ជាប់ អ្នកប្រើគ្រឿងញៀន ទៅនឹងសេវាកម្មព្យាបាល ការញៀនគ្រឿងញៀន មួយចំនួន ដែលឤចនាំទៅរក ការតម មិនប្រើគ្រឿងញៀន បានផងដែរ ។ ជាចុងក្រោយ នៃកម្មវិធីនេះ ឤចជួយឱ្យចៀសផុត ពីផលវិបាក ប្រកបដោយគ្រោះថ្នាក់ នៃការប្រើគ្រឿងញៀន រួមទាំង ការឆ្លងមេរោគអេដស៍ មេរោគថ្លើម ប្រភេសបេ និងសេ និងជួយឱ្យរួចផុត ពីសេចក្តីស្លាប់ ដែលបង្កដោយសារ ការប្រើគ្រឿងញៀន ហួសកម្រិតផងដែរ ៕
|
|
ស្តាប់សំឡេង |
|
|
ថតសំឡេង |
|
|
អ៊ីម៉េល |
|
|
ព្រឹត្តិបត្រព័ត៌មាន |
|
|
បោះពុម្ព |
វិធីចិញ្ចឹមនិងអប់រំកូនកុំឲ្យប្រើប្រាស់គ្រឿងញៀន
ការប្រើគ្រឿងញៀននៅតាម១២ខេត្តក្រុងក្នុងប្រទេសកម្ពុជា
ការចរាចរគ្រឿងញៀននៅកម្ពុជា ក្នុងអំឡុងពេល ៦ខែដើមឆ្នាំ ២០០៨
ការប្រើប្រាស់គ្រឿងញៀនថយចុះនៅទីប្រជុំជន តែកើនឡើងនៅតាមជនបទ
វិបត្តិគ្រឿងញៀននៅកម្ពុជាក្នុងអំឡុងពេល ៦ខែដើមឆ្នាំ ២០០៨
ការចម្លងមេរោគអេដស៍និងមេរោគថ្លើមតាមការចាក់គ្រឿងញៀន
គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យនិងការប្រឆាំងគ្រឿងញៀន
ប៉ូលិសខ្មែរចាប់ខ្លួនបរទេស៣នាក់ពីបទប៉ុនប៉ងរត់ពន្ធគ្រឿងញៀន