ក្រុម​អ្នក​ប្រឆាំង​ការ​ជក់​បារី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​បង្កើន​ពន្ធ​លើ​ផលិតផល​ថ្នាំ​ជក់

ដោយ ឡេង ម៉ាលី
2014.09.18
ថ្នាំ​ជក់ ៦២០ ក្រុម​យុវជន​កាយរឹទ្ធិ​ចុះ​ហែក​ស្លាក​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​បារី នៅ​ក្បែរ​វត្ត​ភ្នំ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៦ មិថុនា ឆ្នាំ​២០១៣។
RFA

អ្នក​ធ្វើ​ការ​ប្រឆាំង​នឹង​ថ្នាំ​ជក់​នៅ​កម្ពុជា និង​អង្គការ​សុខភាព​ពិភពលោក កំពុង​ខិតខំ​តស៊ូ​មតិ ដើម្បី​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ដំឡើង​ពន្ធ​លើ​ថ្នាំ​ជក់​ឱ្យ​បាន​ខ្ពស់ ក្នុង​ទិសដៅ​លើក​កម្ពស់​សុខភាព​សាធារណៈ​ដល់​ពលរដ្ឋ​កម្ពុជា ឱ្យ​បាន​ល្អ​ប្រសើរ។

ការ​តស៊ូ​មតិ ដើម្បី​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ដំឡើង​ពន្ធ​លើ​ថ្នាំ​ជក់​នេះ គឺ​ក្នុង​ពេល​ដែល​សេចក្ដី​ព្រាង​ច្បាប់​គ្រប់គ្រង​ថ្នាំ​ជក់​មិន​ទាន់​មាន​នៅ​ឡើយ។

អ្នក​ធ្វើ​ការ​ប្រឆាំង​នឹង​ថ្នាំ​ជក់ ដើម្បី​លើក​កម្ពស់​សុខភាព រួម​ទាំង​អង្គការ​សុខភាព​ពិភពលោក​ផង នៅ​តែ​ព្រួយ​បារម្ភ​អំពី​ផល​ប៉ះពាល់​សុខភាព​ដោយសារ​ការ​ប្រើប្រាស់​ផលិតផល​ថ្នាំ​ជក់​នៅ​កម្ពុជា។

នាយក​ប្រតិបត្តិ​នៃ​អង្គការ​ចលនា ដើម្បី​សុខភាព​កម្ពុជា លោក​វេជ្ជបណ្ឌិត មុំ គង់ មាន​ប្រសាសន៍​ថា តាម​ស្ថិតិ​អង្គការ​សុខភាព​ពិភពលោក មាន​ពលរដ្ឋ​កម្ពុជា ស្លាប់​ប្រមាណ ៣០​នាក់​ក្នុង​មួយ​ថ្ងៃៗ ដោយសារ​ការ​ប្រើប្រាស់​ផលិតផល​ថ្នាំ​ជក់ ដែល​តួលេខ​មួយ​ខ្ពស់៖ «ប៉ុន្តែ​ការ​ស្លាប់​ដោយសារ​ថ្នាំ​ជក់​នេះ គេ​ហៅ​ថា​ជា​ការ​ស្លាប់​លាក់​មុខ ដោយសារ​ថា​នៅ​ពេល​ដែល​ស្លាប់ ឧទាហរណ៍​ថា មហា​រីក​សួត ៩០% មាន​មូលហេតុ​ពី​ការ​ជក់​បារី។ ប៉ុន្តែ​នៅ​ពេល​ដែល​គាត់​ទៅ អ្នក​ទូទៅ​គ្រាន់​តែ​ដឹង​ថា គាត់​មហា​រីក​សួត​ទេ មិន​បាន​ដឹង​ថា តើ​មូលហេតុ​អី​ដែល​គាត់​មាន​មហា​រីក​សួត​ទេ។ អ៊ីចឹង​អត់​ដឹង​មូលហេតុ ដឹង​ត្រឹម​តែ​មហា​រីក​សួត។ មួយ​ទៀត​ឧទាហរណ៍​ជំងឺ​ហើម​សួត ៧៥% បង្ក​ដោយ​ការ​ជក់​បារី។ អ៊ីចឹង​បើ​គាត់​ហើម​សួត​ស្រាប់ ប្រជាពលរដ្ឋ​យើង​គ្រាន់​តែ​ដឹង​ថា​គាត់​ហើយ​សួត​ទេ។ វា​ខុស​ពី​ការ​ស្លាប់​ដោយសារ​ជំងឺ​អេដស៍ ជំងឺ​គ្រុន​ចាញ់​អី គឺ​រោគ​វិនិច្ឆ័យ​គាត់​ស្លាប់​ដោយសារ​ជំងឺ​ហ្នឹង មេរោគ​ហ្នឹង​តែ​ម្ដង។ អ៊ីចឹង​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​យើង​យល់​ដឹង​ច្រើន។ ចំណែក​បារី​នេះ ហៅ​ថា​ជា​ឃាតក​មួយ​លាក់​មុខ ហើយ​មួយ​ថ្ងៃៗ ៣០​នាក់ យើង​ឃើញ​ថា​ច្រើន»

ផ្នែក​មួយ​នៃ​កិច្ច​ខិតខំ​តស៊ូ​មតិ​ប្រឆាំង​នឹង​ការ​ប្រើប្រាស់​ថ្នាំ​ជក់​នៅ​កម្ពុជា អង្គការ​ចលនា ដើម្បី​សុខភាព​កម្ពុជា នៅ​ថ្ងៃ​ទី​១០ កញ្ញា បាន​ស្វែង​រក​ការ​គាំទ្រ​ពី​គណៈកម្មការ​ទី​៨​នៃ​រដ្ឋសភា ដើម្បី​ឱ្យ​ស្ថាប័ន​នេះ ជួយ​ជំរុញ​ឱ្យ​មាន​ច្បាប់​ស្រប​តាម​អនុសញ្ញា​អន្តរជាតិ និង​ជំរុញ​ឱ្យ​មាន​ការ​ដំឡើង​ពន្ធ​ខ្ពស់​លើ​ថ្នាំ​ជក់ មុន​ពេល​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់។

នៅ​ក្នុង​ជំនួប​ជាមួយ​គណៈកម្មការ​ទី​៨​នៃ​រដ្ឋសភា លោក​វេជ្ជបណ្ឌិត មុំ គង់ ថ្លែង​ថា លទ្ធផល​នៃ​ការ​ស្ទង់​មតិ​យុវជន​ស្ដីពី​វិធានការ​ត្រួត​ពិនិត្យ​ថ្នាំ​ជក់ ដែល​ធ្វើ​ដោយ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ នៅ​ចុង​ឆ្នាំ​២០១៣ នេះ បង្ហាញ​ថា ភាគ​ច្រើន​បំផុត​នៃ​យុវជន​នៅ​ក្នុង​ចំណោម​ពលរដ្ឋ​ជាង​ពីរ​ពាន់​នាក់ ដែល​មាន​អាយុ​ពី ១៥ ទៅ ៣៥​ឆ្នាំ គាំទ្រ​ឱ្យ​មាន​ការ​ដំឡើង​ពន្ធ​ខ្ពស់​លើ​ផលិតផល​ថ្នាំ​ជក់៖ «ក្នុង​នោះ​ក៏​មាន​អ្នក​ជក់​បារី​ចូលរួម​ដែរ។ អ្នក​ដែល​គាំទ្រ គឺ​មាន​ចំនួន ១.៨០០​នាក់។ បើ​គិត​ជា​ភាគរយ គឺ ៨៦% ហើយ​អ្នក​មិន​គាំទ្រ​មាន ១២,៥% ហើយ​គាត់​ឆ្លើយ​ថា គាត់​អត់​ដឹង​រឿង​ពន្ធ​ថ្នាំ​ជក់​មាន​ចំនួន ១,៥%។ អ៊ីចឹង​ប្រជាជន​លើសលប់​រហូត​ដល់​ជិត ៩០% គាត់​គាំទ្រ​ឱ្យ​មាន​ការ​ដំឡើង​ពន្ធ​លើ​ផលិតផល​ថ្នាំ​ជក់»

លោក​បង្ហាញ​ទៀត​ថា នៅ​ពេល​ណា​បារី​មាន​ពន្ធ​ខ្ពស់ អ្នក​ជក់​បារី​ចំនួន ៤៣% នឹង​ឈប់​ជក់ ៣១% នឹង​ជក់​តិច​ជាង​មុន។ ដោយ​ឡែក​អ្នក​ជក់​បារី ២០% ផ្សេង​ទៀត មិន​អាច​ឈប់​ជក់​បាន​ទេ៖ «អ៊ីចឹង​ជា​មធ្យម តើ​ឡើង​ថ្លៃ​ប៉ុន្មាន​ដង​ទើប​ឈប់? បាទ​ឡើង ៣,៧៣ ដង ទើប​ឈប់។ អ៊ីចឹង​បាន​ន័យ​ថា បើ​បារី​បច្ចុប្បន្ន​មួយ​កញ្ចប់ ១​ពាន់ ឡើង​រហូត​ទៅ​ដល់ ៤​ពាន់​បាន​គាត់​ឈប់»

លោក​វេជ្ជបណ្ឌិត មុំ គង់ បញ្ជាក់​ថា ការ​ដំឡើង​ពន្ធ​ខ្ពស់​លើ​ថ្នាំ​ជក់ គឺ​ជា​វិធានការ​មាន​ប្រសិទ្ធភាព​មួយ​នៃ​អនុសញ្ញា​អន្តរជាតិ ដែល​អាច​កាត់​បន្ថយ​ការ​ជក់​បារី និង​គ្រោះថ្នាក់​សុខភាព​ពី​ថ្នាំ​ជក់​បាន ជាពិសេស ការ​ដំឡើង​ពន្ធ​ខ្ពស់​ក៏​ជា​វិធានការ​បង្ការ​យុវជន​មិន​ឱ្យ​ជក់​បារី៖ «អត្រា​ដែល​ផ្ដល់​អនុសាសន៍​ដោយ​ធនាគារ​ពិភពលោក (World Bank) ពន្ធ​លើ​ផលិតផល​ថ្នាំ​ជក់ ដើម្បី​កាត់​បន្ថយ​យុវជន​កុំ​ឱ្យ​ចាប់​ផ្ដើម​ជក់​បាន លុះត្រា​តែ​ពន្ធ​នោះ​មាន​កម្រិត ២​ភាគ​៣ ឬ​ក៏ ៧០% នៃ​តម្លៃ​លក់​រាយ។ ៧០% នៃ​តម្លៃ​លក់​រាយ​មាន​ន័យ​ថា បើ​សិន​តម្លៃ​លក់​រាយ​មួយ​កញ្ចប់ ១​ពាន់​រៀល ពន្ធ​នឹង​ត្រូវ​យក ៧០០​រៀល ទើប​អាច​មាន​គោល​បំណង​កាត់​បន្ថយ​ការ​ចាប់​ផ្ដើម​ជក់​របស់​យុវជន​បាន។ អ៊ីចឹង​មាន​តែ​ប្រទេស​សិង្ហបុរី (Singapore) និង​ថៃ (Thailand) ទេ​បច្ចុប្បន្ន ដែល​ឈាន​ទៅ​ដល់​កម្រិត​ដែល​ផ្ដល់​អនុសាសន៍​ដោយ​ធនាគារ​ពិភពលោក។ ចំណែក​ប្រទេស​ប្រ៊ុយណេ (Brunei) ក្បែរ​ដល់​ដែរ។ យើង​មើល​មក​ប្រទេស​កម្ពុជា យើង គឺ​យើង​មាន​តែ ២០% ទៅ ២៥% ទេ។ ២០% នេះ គឺ​យើង​យក​ពន្ធ​ទៅ​លើ​បារី​ដែល​ផលិត​ក្នុង​ស្រុក ចំណែក ២៥% គឺ​យើង​យក​ទៅ​លើ​ពន្ធ​ដែល​នាំ​ចូល​ពី​បរទេស។ នេះ គឺ​មុន​ពេល​យើង​ដំឡើង​ពន្ធ​អាករ ១០% ទៅ ១៥% នៅ​ពេល​បច្ចុប្បន្ន​នេះ»

ទាក់ទង​នឹង​ការ​យក​ពន្ធ​នៅ​ពេល​បច្ចុប្បន្ន​នេះ លោក​វេជ្ជបណ្ឌិត មុំ គង់ បង្ហាញ​ការ​សិក្សា​ថា នៅ​ក្នុង​ចំណោម​បណ្ដា​ប្រទេស​អាស៊ាន ប្រទេស​កម្ពុជា យក​ពន្ធ​លើ​ថ្នាំ​ជក់ ជាពិសេស​បារី​ត្រឹម​កម្រិត ២២% ទៅ ២៨% ប៉ុណ្ណោះ។ អត្រា​ពន្ធ​នេះ គឺ​ខ្ពស់​ជាង​តែ​ប្រទេស​ឡាវ មួយ​ប៉ុណ្ណោះ។

លោក​វេជ្ជបណ្ឌិត មុំ គង់ មាន​ប្រសាសន៍​ថា អនុសញ្ញា​អន្តរជាតិ​ស្ដីពី​ការ​ត្រួត​ពិនិត្យ​ថ្នាំ​ជក់ តម្រូវ​ឱ្យ​រដ្ឋ​ជា​ភាគី ចាត់​វិធានការ ៤​យ៉ាង ដើម្បី​កាត់​បន្ថយ​ការ​ប្រើប្រាស់​ថ្នាំ​ផលិតផល​ថ្នាំ​ជក់។ ក្នុង​នោះ ទី​មួយ គឺ​វិធានការ​ដំឡើង​ពន្ធ​តាម​អត្រា​ធនាគារ និង​អង្គការ​សុខភាព​ពិភពលោក។ វិធានការ​ទី​ពីរ គឺ​ហាម​ឃាត់​ការ​ផ្សាយ​ពាណិជ្ជកម្ម​បារី។ ទី​បី គឺ​ការ​អប់រំ​អំពី​គ្រោះ​ថ្នាក់​ដោយ​ដាក់​រូបភាព​លើ​កញ្ចប់​បារី និង​វិធានការ​ទី​បួន គឺ​ការ​ការពារ​អ្នក​មិន​ជក់​បារី​ពី​ការ​ស្រូប​ផ្សែង​ពី​គេ។

លទ្ធផល​មួយ​នៃ​ការ​ស្ទង់​មតិ​យុវជន ស្ដីពី​វិធានការ​ត្រួត​ពិនិត្យ​ថ្នាំ​ជក់ ដែល​ធ្វើ​ដោយ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ បង្ហាញ​ថា យុវជន​កម្ពុជា សឹង​តែ​មួយ​រយ​ភាគ​រយ (៩៩%) ចង់​ឱ្យ​កម្ពុជា អនុម័ត​ច្បាប់​ស្ដីពី​ការ​ត្រួត​ពិនិត្យ​ថ្នាំ​ជក់​ឱ្យ​បាន​ឆាប់ ដើម្បី​បង្ការ​មនុស្ស​ជំនាន់​បច្ចុប្បន្ន និង​ជំនាន់​ក្រោយ ឱ្យ​គេច​ផុត​ពី​មហន្តរាយ​ដល់​សុខភាព សេដ្ឋកិច្ច និង​បរិស្ថាន ដែល​បណ្ដាល​មក​ពី​ការ​ប្រើប្រាស់​ថ្នាំ​ជក់។ កម្ពុជា ជា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​តែ​មួយ​គត់ ដែល​មិន​ទាន់​មាន​ច្បាប់​ស្ដីពី​ការ​ត្រួត​ពិនិត្យ​ថ្នាំ​ជក់។

លោក​វេជ្ជបណ្ឌិត មុំ គង់ បញ្ជាក់​បន្ថែម​ថា នៅ​ប្រទេស​ណា​ដែល​មាន​ច្បាប់​គ្រប់គ្រង​ថ្នាំ​ជក់ ហើយ​អនុវត្ត​តឹងរ៉ឹង ប្រទេស​នោះ​មាន​អត្រា​ជក់​បារី​ទាប។ ឧទាហរណ៍​ដូច​ជា ហុងកុង និង​ប្រទេស​សិង្ហបុរី ជាដើម។ លោក​ថា នៅ​ក្នុង​ចំណោម​បណ្ដា​ប្រទេស​អាស៊ាន ប្រទេស​កម្ពុជា អត្រា​ជក់​បារី គឺ​នៅ​កម្រិត​កណ្ដាល។

លោក​វេជ្ជបណ្ឌិត មុំ គង់ ឱ្យ​ដឹង​ទៀត​ថា សេចក្ដី​ព្រាង​ច្បាប់​ស្ដី​ពី​ការ​ត្រួត​ពិនិត្យ​ថ្នាំ​ជក់​នៅ​កម្ពុជា ដែល​ធ្វើ​តាំង​ពី​ឆ្នាំ​២០០៣ បាន​បញ្ចប់​ការ​ពិភាក្សា​ដោយ​គណៈកម្មការ​ជំនាញ​ហើយ។ ក៏ប៉ុន្តែ ក្នុង​ពេល​ដែល​មិន​ទាន់​មាន​ច្បាប់ រាជ​រដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​ស្ដីពី​ការ​ហាម​ផ្សព្វផ្សាយ​ផលិតផល​ថ្នាំ​ជក់ និង​វិធានការ​ទណ្ឌកម្ម​មួយ​ចំនួន​ផង៖ «ក្នុង​អនុក្រឹត្យ​ដែល​យើង​ដាក់​ហ្នឹង​មាន​ទោសទណ្ឌ​បួន​ដែរ។ ទី​មួយ ព្រមាន​ជា​លាយលក្ខណ៍​អក្សរ​ទៅ​លើ​ក្រុមហ៊ុន​ថ្នាំ​ជក់។ កុំ​ក្រុមហ៊ុន​ថ្នាំ​ជក់​ហ្នឹង​បន្ត​ទៅ​ទៀត បើ​សិន​ជា​រក​ឃើញ ហើយ​ចំណុច​នេះ ក្រសួង​សុខាភិបាល បាន​ធ្វើ​ជាច្រើន​លើក​រួច​មក​ហើយ។ ទោសទណ្ឌ​ទី​ពីរ​ហ្នឹង គឺ​ដក​ហូត​សម្ភារៈ​ផ្សាយ​ពាណិជ្ជកម្ម​ហ្នឹង ហើយ​កន្លង​មក​ហ្នឹង សាលា​រាជធានី ក៏ដូចជា​ខេត្ត​មួយ​ចំនួន ក៏​បាន​ចុះ​ដក​ហូត​ផ្លាក ដែល​បិទ posterខុស​ហ្នឹង បិទ​ចោល​ម្ដង។ ប៉ុន្តែ​ក្រោយ​មក​ទៀត ពីរ ឬ​បី​ខែ គាត់​ផលិត​អា​ថ្មី​យក​មក​បិទ​ដដែល។ ទោសទណ្ឌ​ទី​បី គឺ​បិទ​អាជីវកម្ម​បណ្ដោះអាសន្ន ហើយ​ទី​បួន បិទ​ជា​ស្ថាពរ ហើយ​នៅ​ក្នុង​ទោសទណ្ឌ​ហ្នឹង មិន​មែន​តែ​ក្រុមហ៊ុន​ថ្នាំ​ជក់​ទេ ដែល​ទទួល​ទោសទណ្ឌ​ហ្នឹង គឺ​អ្នក​ដែល​ពាក់ព័ន្ធ ឧទាហរណ៍​ដូចជា​ម្ចាស់​ហាង ម្ចាស់​ភោជនីយដ្ឋាន ដែល​អនុញ្ញាត​ឱ្យ​មាន​ការ​ផ្សាយ​ហ្នឹង ក៏​គាត់​ត្រូវ​ទទួល​ទោសទណ្ឌ​អ៊ីចឹង​ដែរ»

ទោះ​ជា​យ៉ាង​នេះ​ក្ដី លោក​ថា​ការ​អនុវត្ត​នៅ​តែ​មាន​ភាព​ចន្លោះ​ប្រហោង។ ដោយ​ឡែក​គណៈកម្មការ​ទី​៨​នៃ​រដ្ឋសភា បង្ហាញ​ការ​គាំទ្រ​មតិ​ពលរដ្ឋ ដែល​ចង់​ឱ្យ​មាន​ច្បាប់​សម្រាប់​គ្រប់គ្រង​ថ្នាំ​ជក់​នៅ​កម្ពុជា។ ប្រធាន​គណៈកម្មការ​ទី​៨ អ្នកស្រី កែ សុវណ្ណរតន៍ មាន​ប្រសាសន៍​ថា គណៈកម្មការ​រង់ចាំ​ឱ្យ​សេចក្ដី​ព្រាង​ច្បាប់​ស្ដី​ពី​ការ​ត្រួត​ពិនិត្យ​ថ្នាំ​ជក់​នោះ​មក​ដល់​ដៃ​សិន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។