ស្ថានភាព​កុមារ​មាន​បញ្ហា​អូទីស្សឹម

អូទីស្សឹម (Autism) ជា​បញ្ហា​មួយ​ដែល​ស្ដាប់​ទៅ​ថ្មី ហើយ​ប្លែក​សម្រាប់​ពលរដ្ឋ​កម្ពុជា។ អ្នក​ជំនាញ​ខាង​ចិត្តសាស្ត្រ ឬ​អ្នក​ធ្វើ​ការ​ទាក់ទង​នឹង​ផ្លូវ​ចិត្ត​កុមារ ចាត់​ទុក​ថា អូទីស្សឹម គឺ​ជា​ពិការភាព​មួយ​ប្រភេទ​របស់​កុមារ ហើយ​កុមារ​អូទីស្សឹម កាន់​តែ​មាន​ចំនួន​ច្រើន​ឡើង​នៅ​លើ​ពិភព​លោក​បច្ចុប្បន្ន។

0:00 / 0:00

អូទីស្សឹម ត្រូវ​បាន​អ្នក​ជំនាញ​ផ្នែក​ចិត្ត​វិទ្យា ចាត់​ទុក​ថា ជា​ពិការភាព​លើ​ការ​អភិវឌ្ឍ​ខួរ​ក្បាល​របស់​កុមារ​ពី​កំណើត ហើយ​ដែល​តែង​តែ​ចាប់​ផ្ដើម​លេច​ចេញ​សញ្ញា​ឱ្យ​ដឹង​នៅ​ក្នុង​ដំណាក់​កាល​លូតលាស់​ដំបូង​របស់​កុមារ ជា​ពិសេស នៅ​មុន​អាយុ ៣​ឆ្នាំ។

កុមារ​ដែល​មាន​បញ្ហា​អូទីស្សឹម គឺ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សមត្ថភាព​ទំនាក់ទំនង​ជាមួយ​អ្នក​ដទៃ។ បញ្ហា​នេះ គឺ​កើត​ឡើង​នៅ​ពេល​ដែល​ខួរ​ក្បាល​របស់​កុមារ​អូទីស្សឹម អភិវឌ្ឍ​ខុស​ពី​ខួរ​ក្បាល​របស់​កុមារ​ដទៃ។ កុមារ​អូទីស្សឹម មិន​អាច​យល់​ពី​បរិយាកាស​ផ្សេងៗ​លើ​លោក​បាន​ទេ។

ប្រធាន​កម្មវិធី​នៃ​មជ្ឈមណ្ឌល​សុខភាព​ផ្លូវ​ចិត្ត​កុមារ និង​យុវវ័យ​របស់​អង្គការ​ការីតាស (CARITAS) លោក​វេជ្ជបណ្ឌិត ប៊ូមី កុមារ (Bhoomi Kumar) ពន្យល់​ថា បញ្ហា​អូទីស្សឹម មិន​មែន​ជា​ជំងឺ​ទេ គឺ​គ្រាន់​តែ​ជា​ការ​បាត់​បង់​ចំណុច​ខ្លះ​នៃ​ប្រព័ន្ធ​ខួរ​ក្បាល​ប៉ុណ្ណោះ។ លោក​វេជ្ជបណ្ឌិត​ថ្លែង​ថា មូលហេតុ​ដែល​នាំ​ឱ្យ​កុមារ​មាន​បញ្ហា​នេះ ពី​មុន​មាន​ឪពុក​ម្ដាយ​មួយ​ចំនួន​យល់​ច្រឡំ​ថា​បណ្ដាល​មក​ពី​កង្វះ​វីតាមីន ឬ​មក​ពី​ផល​វិបាក​របស់​ថ្នាំ​បង្ការ​ជំងឺ។ ប៉ុន្តែ​តាម​ការ​ពិត គឺ​បណ្ដាល​ពី​ពូជ។

ឯកសារ​សុខភាព​កុមារ​មួយ​ឈ្មោះ នីម៉ស (Nemours) សរសេរ​ថា ជា​រៀងរាល់​ថ្ងៃ ខួរ​ក្បាល​របស់​មនុស្ស​យើង​អាច​បកប្រែ និង​យល់​ពី​ហេតុការណ៍​ដែល​យើង​មើល​ឃើញ ធុំ​ក្លិន ស្ដាប់​ឮ ភ្លក់​រសជាតិ និង​ការ​ពិសោធន៍​សាកល្បង​លើ​វត្ថុ​ផ្សេងៗ។ ក៏ប៉ុន្តែ នៅ​ពេល​ដែល​ខួរ​ក្បាល​មនុស្ស​ណា​ម្នាក់​មាន​បញ្ហា​ក្នុង​ការ​បកប្រែ​ហេតុការណ៍​ទាំង​នេះ វា​នឹង​ធ្វើ​ឱ្យ​អ្នក​នោះ​ពិបាក​និយាយ ពិបាក​ស្ដាប់ ពិបាក​យល់ ពិបាក​លេង និង​ពិបាក​រៀន​សូត្រ។

ជា​ធម្មតា ពេល​ណា​យើង​សើច ឬ​ញញឹម គឺ​បង្ហាញ​ថា យើង​សប្បាយ​ចិត្ត។ យើង​អាច​យល់​ពី​អារម្មណ៍​របស់​អ្នក​ដទៃ​ថា មួម៉ៅ ឬ​ខឹង​បាន តាម​រយៈ​សំឡេង ឬ​ទឹក​មុខ​ដែល​បង្ហាញ​ឡើង។ ក៏ប៉ុន្តែ កុមារ​ដែល​មាន​បញ្ហា​អូទីស្សឹម មិន​អាច​យល់​ហេតុការណ៍​ទាំង​នេះ​បាន​ទេ។ ជា​លទ្ធផល គេ​មិន​ខ្វល់ ឬ​មិន​ចាប់​អារម្មណ៍​នឹង​ហេតុការណ៍​នេះ​ទេ។

លក្ខណៈ​សម្គាល់​បញ្ហា​អូទីស្សឹម គឺ​មាន​ដូច​ជា កុមារ​មាន​អាកប្បកិរិយា​រពឹស ហើយ​មិន​ចាប់​អារម្មណ៍ ឬ​មិន​ចូល​ចិត្ត​ទាក់ទង ឬ​លេង​ជាមួយ​កុមារ​ដទៃ​ទេ។ ពួក​គេ​ពិបាក​និយាយ មាន​អាកប្បកិរិយា​ធ្វើ​អ្វី​ដដែលៗ ឬ​និយាយ​ពាក្យ​ដដែលៗ។ សញ្ញា​នៃ​បញ្ហា​នេះ អាច​ប្រែប្រួល​ពី​ស្រាល​ទៅ​ធ្ងន់ ហើយ​អាច​កត់​សម្គាល់​នៅ​ពេល​កុមារ​បាន​អាយុ​រវាង ២ ទៅ ៣​ឆ្នាំ។

ម្ដាយ​របស់​កុមារ​អូទីស្សឹម មួយ​រូប គឺ​លោកស្រី អ៊ីង ធារ៉ា ថ្លែង​ថា គាត់​កត់​សម្គាល់​លើ​អាកប្បកិរិយា​កូន​របស់​គាត់​ចាប់​តាំង​ពី​ពេល​មាន​អាយុ ៣​ឆ្នាំ។

ឪពុក​របស់​កុមារ​អូទីស្សឹម អាយុ ១៣​ឆ្នាំ​មួយ​រូប​ទៀត គឺ​លោក ស ចន្ទរិទ្ធី បញ្ជាក់​ពី​បទ​ពិសោធន៍​ថា កូន​របស់​លោក​មាន​លក្ខណៈ​ស្រដៀង​គ្នា​នេះ​ដែរ។ លោក ស ចន្ទរិទ្ធី ថ្លែង​ថា កូន​របស់​លោក បាន​ប្រសើរ​ជាង​មុន ហើយ​ចេះ​និយាយ​នៅ​ពេល​ដែល​បាន​ទទួល​ការ​ព្យាបាល និង​អប់រំ​ពី​អ្នក​ជំនាញ​ពិសេស​នៅ​មជ្ឈមណ្ឌល​សុខភាព​ផ្លូវ​ចិត្ត​កុមារ និង​យុវវ័យ​របស់​អង្គការ​ការីតាស នៅ​មន្ទីរ​ពេទ្យ​ជ័យជំនះ ខេត្ត​កណ្ដាល។

អនុ​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​កណ្ដាល លោក ជ វិចិត្ត មាន​ប្រសាសន៍​ថា សកម្មភាព និង​អាកប្បកិរិយា​របស់​កុមារ​អូទីស្សឹម គឺ​ជា​សកម្មភាព​ធ្វើ​ឡើង​ដោយ​អចេតនា។

ទោះ​ជា​កុមារ​អូទីស្សឹម មាន​បញ្ហា​ប្រព័ន្ធ​ខួរ​ក្បាល​ផ្នែក​ទំនាក់ទំនង​ក្ដី ទាំង​លោកស្រី អ៊ីង ធារ៉ា និង​លោក ស ចន្ទរិទ្ធី ថ្លែង​ថា កូន​របស់​ពួក​គាត់​សុទ្ធ​តែ​មាន​លក្ខណៈ​ពិសេស​មួយ គឺ​អាច​ចងចាំ​ប្រសើរ​ជាង​កុមារ​ធម្មតា​ភាគ​ច្រើន​ដែរ។

ដូច​គ្នា​នឹង​លោក​វេជ្ជបណ្ឌិត ប៊ូមី កុមារ ដែរ លោក ស ចន្ទរិទ្ធី កត់​សម្គាល់​ថា កុមារ​អូទីស្សឹម រៀន​បាន​ល្អ​តាម​រយៈ​រូបភាព។ លោក​ថ្លែង​ថា ដោយសារ​តែ​មូលហេតុ​កុមារ​អូទីស្សឹម រៀន​ពូកែ​តាម​រយៈ​រូបភាព ដូច្នេះ ឪពុក​ម្ដាយ និង​គ្រូ​បង្រៀន គប្បី​បង្ហាត់​បង្ហាញ​តែ​សកម្មភាព​ណា​ដែល​ល្អ និង​មិន​នាំ​ឱ្យ​គ្រោះថ្នាក់។

នៅ​ក្នុង​ប័ណ្ណ​ផ្សព្វផ្សាយ​ការ​យល់​ដឹង​អំពី​អូទីស្សឹម របស់​មជ្ឈមណ្ឌល​សុខភាព​ផ្លូវ​ចិត្ត​កុមារ និង​យុវវ័យ​របស់​អង្គការ​ការីតាស បាន​សរសេរ​ថា យើង​អាច​ជួយ​កុមារ​អូទីស្សឹម បាន ដោយ​វិធី​មួយ​ចំនួន ដូច​ជា ការ​និយាយ​ស្ដី​សាមញ្ញ និង​ខ្លី លើក​ទឹក​ចិត្ត​ឱ្យ​ចេះ​សម្លឹង​មុខ ប្រើ​រូបភាព​ដើម្បី​លើក​ទឹក​ចិត្ត​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង បង្រៀន​ពី​របៀប​ប្រើប្រាស់​របស់​ដែល​គេ​ចាប់​អារម្មណ៍ និង​ចូល​ចិត្ត ប្រើ​របស់​របរ រូបភាព រូប​សញ្ញា​បង្ហាញ​ពួក​គេ​ឱ្យ​បាន​ច្រើន។

ប្រការ​សំខាន់​មួយ​ទៀត គឺ​ការ​ជួយ​អន្តរាគមន៍​ឱ្យ​បាន​ឆាប់ តែង​តែ​ទទួល​បាន​ផល​ប្រសើរ។ ប្រការ​នេះ គឺ​ត្រូវ​សម្គាល់​សញ្ញា​មួយ​ចំនួន​របស់​កុមារ​តូចៗ​ទៅ​តាម​អាយុ ដូច​ជា អាយុ ៦​ខែ ឬ​លើស​ពី​នេះ កុមារ​មិន​ចេះ​ញញឹម ឬ​សើច​តប។ អាយុ ៩​ខែ ឬ​លើស​ពី​នេះ កុមារ​មិន​ចេះ​ធ្វើ​តាម ឬ​បង្ហាញ​ទឹក​មុខ។ អាយុ ១០​ខែ កុមារ​មិន​ប្រតិកម្ម​នៅ​ពេល​ហៅ។ នៅ​អាយុ ១២​ខែ កុមារ​មិន​ចេះ​កកេរ​កករ។ នៅ​អាយុ ១៦​ខែ កុមារ​អត់​ចេះ​និយាយ​ជា​ពាក្យ។ នៅ​អាយុ ២៤​ខែ កុមារ​អត់​ចេះ​និយាយ​ជា​ឃ្លា ដែល​មាន ២​ពាក្យ កុមារ​បាត់​បង់ ឬ​លែង​ចេះ​និយាយ កុមារ​ចូល​ចិត្ត​តម្រៀប​របស់​លេង​ជា​ជួរ ហើយ​ទាក់ទង​ជាមួយ​អ្នក​ដទៃ​តិច ឬ​គ្មាន​តែ​ម្ដង។

កន្លែង​ដែល​អាច​ជួយ​កុមារ​មាន​បញ្ហា​ទាំង​នេះ​បាន គឺ​មជ្ឈមណ្ឌល​សុខភាព​ផ្លូវ​ចិត្ត​កុមារ និង​យុវវ័យ​របស់​អង្គការ​ការីតាស នៅ​មន្ទីរ​ពេទ្យ​ជ័យជំនះ ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល ឬ​ទាក់ទង​ទូរស័ព្ទ​លេខ ០២៣ ៣០០ ៥៣៤៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។