មូលហេតុ​ដែល​នាំ​ឲ្យ​អ្នក​ជំងឺ​ខ្មែរ​ខ្លះ​ស្វែង​រក​សេវា​ព្យាបាល​នៅ​ក្រៅ​ប្រទេស

មន្ត្រី​ជំនាញ​ខាង​សុខាភិបាល និង​អ្នក​ស្រាវជ្រាវ​ខ្លះ​មាន​ទស្សនៈ​ដូច​គ្នា​ថា ការ​ជ្រើសរើស​សេវា​ព្យាបាល និង​ថែទាំ​សុខភាព​នៅ​ក្រៅ​ប្រទេស មាន​ការ​ចំណាយ​លុយ​ច្រើន​ជាង​នៅ​ក្នុង​ស្រុក។
ដោយ ឡេង ម៉ាលី
2012.12.05

ក៏​ប៉ុន្តែ​ទោះ​ជា​ត្រូវ​ចំណាយ​លុយ​ច្រើន​ដូច្នេះ​ក្ដី ក៏​មាន​អ្នក​ជំងឺ​កម្ពុជា ច្រើន​បង្គួរ​ដែរ បាន​សម្រេច​ចិត្ត​ចេញ​ទៅ​ស្វែងរក​សេវា​ព្យាបាល​ជំងឺ​របស់​ខ្លួន នៅ​មន្ទីរ​តាម​ប្រទេស​ជិត​ខាង ដូច​ជា ប្រទេស​វៀតណាម ថៃ សិង្ហបុរី និង​ប្រទេស​ម៉ាឡេស៊ី​ជាដើម។

បញ្ហា​ចេញ​ទៅ​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ក្រៅ​ប្រទេស​នេះ នៅ​តែ​ជា​ចំណោទ​បញ្ហា​ជជែក​ដេញដោល​គ្នា ទាំង​ក្នុង​មជ្ឈដ្ឋាន​គ្រូពេទ្យ និង​ក្នុង​ចំណោម​ពលរដ្ឋ​កម្ពុជា។

អ្នក​ជំងឺ​ទទួល​សេវា​ព្យាបាល និង​ថែទាំ​សុខភាព​នៅ​ប្រទេស​កម្ពុជា មួយ​ចំនួន បាន​ត្អូញត្អែរ​អំពី​បញ្ហា​គុណភាព​របស់​គ្រូពេទ្យ​ខ្មែរ។ បញ្ហា​គុណភាព និង​បច្ចេកទេស​នៅ​មាន​កម្រិត​ទាប ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​មូល​ហេតុ​មួយ​ដែល​ជំរុញ​ឱ្យ​អ្នក​ជំងឺ​ជ្រើសរើស​យក​សេវា​ព្យាបាល និង​ថែទាំ​សុខភាព​នៅ​ក្រៅ​ប្រទេស​ជា​ជំនួស​វិញ។

សាច់​ញាតិ/បង​ប្រុស​របស់​អ្នក​ជំងឺ​មួយ​រូប គឺ​លោក ឡុង ពិសាខ តែង​យក​ប្អូន​របស់​គាត់​ទៅ​ព្យាបាល​នៅ​ប្រទេស​វៀតណាម ជា​ញឹកញាប់។ លោក​ថ្លែង​ថា មូលហេតុ​ដែល​លោក​នាំ​ប្អូន​ទៅ​ព្យាបាល​ជំងឺ​នៅ​ប្រទេស​វៀតណាម ក៏​ព្រោះ​តែ​លោក​ទុក​ចិត្ត​លើ​សមត្ថភាព​គ្រូពេទ្យ​វៀតណាម​ជាង ចំពោះ​ជំងឺ​របស់​ប្អូន​លោក។ ម្យ៉ាង​ទៀត លោក​បាត់​ជំនឿ​ការ​វិនិច្ឆ័យ​របស់​គ្រូពេទ្យ​ខ្មែរ។

ទាក់ទង​នឹង​បញ្ហា​នេះ នៅ​ក្នុង​សន្និបាត​សមាគម​គ្រូពេទ្យ​ខាង​​ត្រចៀក ច្រមុះ និង​បំពង់​ក កាល​ពី​ខែ​កញ្ញា កន្លង​ទៅ រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល លោក តែ គុយស៊ាង មាន​ប្រសាសន៍​ថា គ្រូពេទ្យ​នៅ​ប្រទេស​កម្ពុជា បច្ចុប្បន្ន មាន​សមត្ថភាព​ដូច​គ្រូពេទ្យ​ក្រៅ​ប្រទេស​ដែរ។ ក៏​ប៉ុន្តែ​លោក​យល់​ឃើញ​បញ្ហា​មួយ​ថា ប្រការ​ដែល​អ្នក​ជំងឺ​ជ្រើសរើស​យក​ការ​ព្យាបាល​ជំងឺ និង​ថែទាំ​សុខភាព​នៅ​ក្រៅ​ប្រទេស គឺ​បណ្ដាល​មក​ពី​កង្វះ​ខាត​ការ​ផ្សព្វផ្សាយ​ឱ្យ​ពលរដ្ឋ​បាន​ដឹង​អំពី​ការ​រីក​ចម្រើន​ខាង​វិស័យ​សុខាភិបាល​នៅ​កម្ពុជា។

ម្យ៉ាង​វិញ​ទៀត ការ​មិន​បាន​ផ្សព្វផ្សាយ​ឱ្យ​ពលរដ្ឋ​កម្ពុជា បាន​យល់​ដឹង​អំពី​សមត្ថភាព​របស់​គ្រូពេទ្យ​កម្ពុជា ហើយ​ការ​ចុះ​ខ្សោយ​ខាង​សីលធម៌​ផង​នោះ ធ្វើ​ឱ្យ​អ្នក​ជំងឺ​បាត់​បង់​ជំនឿ​លើ​គ្រូ​ពេទ្យ ក៏​ជា​កត្តា​ធ្វើ​ឱ្យ​អ្នក​ជំងឺ​ហូរ​ចេញ​ទៅ​ព្យាបាល​នៅ​ក្រៅ​ប្រទេស​ដែរ។

ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ មាន​អ្នក​ទទួល​សេវា​ព្យាបាល និង​ថែទាំ​សុខភាព​ជា​ច្រើន​នាក់ បាន​ត្អូញត្អែរ​អំពី​បញ្ហា​អសីលធម៌​គ្រូពេទ្យ​ក្នុង​ការ​ប្រកប​វិជ្ជាជីវៈ​របស់​ខ្លួន។ អ្នក​ជំងឺ​ខ្លះ​ថ្លែង​ថា គ្រូពេទ្យ​ខ្មែរ​មួយ​ចំនួន​ធំ មិន​បាន​យក​ចិត្ត​ទុក​ដាក់​ផ្ដល់​សេវា​ថែទាំ និង​ព្យាបាល​សុខភាព ដើម្បី​សង្គ្រោះ​ជីវិត​អ្នក​ជំងឺ​ជា​សំខាន់​ទេ គឺ​ពួក​គាត់​គិត​តែ​រៀង​លុយ​កាក់ ឬ​ប្រយោជន៍​ផ្សេងៗ ទៀត​ជា​សំខាន់​ជាង។

ជាក់ស្ដែង​នៅ​ក្នុង​រយៈ​ពេល​ជាង​មួយ​ខែ​កន្លង​មក​នេះ យ៉ាង​ហោច​ណាស់​មាន​អ្នក​ជំងឺ​ចំនួន ២ ករណី​ហើយ ដែល​បាន​ស្លាប់ ព្រោះ​តែ​គ្រូពេទ្យ​ខ្មែរ​ធ្វេស​ប្រហែស ឬ​មិន​យក​ចិត្ត​ទុក​ដាក់​ជួយ​សង្គ្រោះ​ជីវិត​ពួក​គាត់។ ករណី​ទី ១ នៅ​ចុង​ខែ​តុលា មាន​ស្ត្រី​សម្រាល និង​កូន​ក្នុង​ពោះ បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​បាត់​ដំបង។ ករណី​ទី ២ ក្មេង​ប្រុស​អាយុ ៨ ឆ្នាំ​ម្នាក់​ស្លាប់ កាល​ពី​ថ្ងៃ​ទី ២៩ វិច្ឆិកា បន្ទាប់​ពី​ត្រូវ​ពស់​ចឹក ហើយ​គ្រូពេទ្យ​មិន​យក​ចិត្ត​ទុក​ដាក់​សង្គ្រោះ​ជីវិត។

ក្នុង​ទិស​ដៅ​ទាញ​ការ​ជឿ​ទុក​ចិត្ត​របស់​អ្នក​ជំងឺ​លើ​គ្រូពេទ្យ​កម្ពុជា និង​ដើម្បី​ទប់​ស្កាត់​លំហូរ​របស់​អ្នក​ជំងឺ​ចេញ​ទៅ​ក្រៅ​ប្រទេស លោក តែ គុយស៊ាង ផ្ដល់​ការ​ណែនាំ​ដល់​គ្រូពេទ្យ​ថា ក្រសួង​សុខាភិបាល​ទាមទារ​ឱ្យ​គ្រូពេទ្យ​ខ្លួន​ឯង កែ​ប្រែ​ឥរិយាបថ​ឆ្គាំឆ្គង និង​សមាគម​គ្រូពេទ្យ​ពង្រឹង​ក្រម​សីលធម៌​វិជ្ជាជីវៈ​របស់​គ្រូពេទ្យ។

ទាក់ទង​នឹង​បញ្ហា​នេះ សាស្ត្រាចារ្យ​វេជ្ជសាស្ត្រ​នៅ​មន្ទីរពេទ្យ​ព្រះ​អង្គ​ឌួង លោក រស់ ប្រាជ្ញពន្លឺ មាន​ប្រសាសន៍​ណែនាំ​ដល់​សមាជិក​គ្រូពេទ្យ​ខាង​ត្រចៀក ច្រមុះ និង​បំពង់​ក គ្រូពេទ្យ​ត្រូវ​គោរព​សិទ្ធិ និង​សេចក្ដី​ថ្លៃថ្នូរ​របស់​អ្នក​ជំងឺ ដែល​មក​ទទួល​ការ​ព្យាបាល។

លោក​សាស្ត្រាចារ្យ រស់ ប្រាជ្ញពន្លឺ ថ្លែង​ថា ការ​ពង្រឹង​សីលធម៌​វិជ្ជាជីវៈ​របស់​គ្រូពេទ្យ ដើម្បី​ឱ្យ​មាន​សីលធម៌​វិជ្ជាជីវៈ លុះ​ត្រា​តែ​បុគ្គល​បំពេញ​វិជ្ជាជីវៈ​នោះ​មាន​សីលធម៌​ក្នុង​ខ្លួន។ ដូច​ជា​គ្រូពេទ្យ ត្រូវ​ប្រកាន់​គោលការណ៍​សំខាន់​ស្មោះត្រង់ មិន​បោក​ប្រាស់ ឬ​គិត​តែ​អំពី​ប្រាក់​នោះ​ទេ។

រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល លោក តែ គុយស៊ាង កត់​សម្គាល់​ថា ការ​ផ្សព្វផ្សាយ​របស់​មន្ទីរ​ព្យាបាល​ឯកជន​ខ្លះ មាន​ការ​បំផ្លើស​ហួស​សមត្ថភាព ដែល​ជា​ហេតុ​ធ្វើ​បាត់​ជំនឿ​ពី​អ្នក​ជំងឺ។

ដូច​គ្នា​នេះ​ដែរ និង​បន្ថែម​លើ​ការ​វាយ​តម្លៃ​ថា មិន​សូវ​មាន​គុណភាព និង​មិន​មាន​ឧបករណ៍​ទំនើប​គ្រប់គ្រាន់ មាន​ករណី​គ្រូពេទ្យ​ខ្មែរ​ជា​ច្រើន ទាំង​នៅ​ក្នុង​វិស័យ​ឯកជន និង​សាធារណៈ ត្រូវ​បាន​គេ​រិះគន់​ថា ខ្វះ​សីលធម៌​ក្នុង​វិជ្ជាជីវៈ ដែល​នាំ​ឱ្យ​មាន​ការ​ថ្លោះធ្លោយ ឬ​ធ្វេសប្រហែស​បណ្ដាល​ឱ្យ​អ្នក​ជំងឺ​ស្លាប់។ ដូច​ជា​ករណី​ស្ត្រី​សម្រាល​កូន​នៅ​ខេត្ត​បាត់​ដំបង និង​កុមារ​ត្រូវ​ពស់​ចឹក​នៅ​ខេត្ត​បន្ទាយមានជ័យ ក្នុង​ពេល​ថ្មីៗ​នេះ។

បន្ទាប់​ពី​បណ្ដោយ​ឱ្យ​កុមារ​ម្នាក់​ស្លាប់ ប្រធាន​មន្ទីរពេទ្យ​ស្រុក​ថ្មពួក ត្រូវ​​ប្រកាស​ដក​ចេញ​ពី​តំណែង​ក្រោយ​ការ​រក​ឃើញ​ថា គាត់​មាន​កំហុស​ទុក​ឲ្យ​ក្មេង​ប្រុស​រង​គ្រោះ​ពី​ពស់​ចឹក​ស្លាប់ ដោយ​មិន​បាន​ផ្ដល់​ថ្នាំ​ព្យាបាល។

ទាំង​រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល និង​លោក តែ គុយស៊ាង លោក​សាស្ត្រាចារ្យ រស់ ប្រាជ្ញពន្លឺ ណែនាំ​ឱ្យ​គ្រូពេទ្យ​ខ្មែរ ត្រូវ​តែ​ពង្រឹង​ក្រម​សីលធម៌​របស់​ខ្លួន​ឡើង​វិញ ក្នុង​ការ​ផ្ដល់​សេវា​ព្យាបាល​ដល់​អ្នក​ជំងឺ។ សីលធម៌​របស់​គ្រូពេទ្យ គឺ​រាប់​ចូល​ទាំង​សំដី​សំដៅ ដែល​គ្រូពេទ្យ​និយាយ​ចំពោះ​អ្នក​ជំងឺ​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។