មូលហេតុ​ជំរុញ​ឲ្យ​យុវជន​ខ្មែរ​យក​ចិត្ត​ទុក​ដាក់​ពី​ប្រវត្តិសាស្ត្រ​ដែន​ដី​កម្ពុជា​ក្រោម

ដោយ យាង សុជាមេត្តា
2014.07.09
ខ្មែរ​ក្រោម ៦១០ ព្រះសង្ឃ និង​កម្លាំង​សមត្ថកិច្ច​រុញ​ច្រាន​គ្នា ខណៈ​ក្រុម​អ្នក​តវ៉ា​ចង់​ចូល​ជិត​ស្ថានទូត​វៀតណាម កាល​ពី​ថ្ងៃ​ទី​៨ ខែ​កក្កដា ឆ្នាំ​២០១៤។ ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរ​ក្រោម តវ៉ា​ទាមទារ​ឲ្យ​មន្ត្រី​ស្ថានទូត​វៀតណាម សុំ​ទោស​រឿង​បំភ្លៃ​ប្រវត្តិសាស្ត្រ​ខ្មែរ​កម្ពុជា​ក្រោម។
Photo: RFA

អស់​រយៈពេល​ជាង​មួយ​ខែ​មក​ហើយ ដែល​មន្ត្រី​នាំ​ពាក្យ​ស្ថានទូត​វៀតណាម ប្រចាំ​កម្ពុជា អះអាង​ថា ទឹក​ដី​កម្ពុជា​ក្រោម គឺ​ជា​ទឹក​ដី​របស់​ប្រទេស​វៀតណាម តាំង​ពី​យូរយារ​ណាស់​មក​ហើយ ហើយ​បារាំង ក៏​មិន​បាន​កាត់​ទឹក​ដី​នេះ​ទៅ​ឲ្យ​វៀតណាម ដែរ។

រហូត​មក​ទល់​ពេល​នេះ ពុំ​ឃើញ​មាន​ប្រតិកម្ម​ណា​មួយ​របស់​រដ្ឋាភិបាល​កម្ពុជា ឆ្លើយ​តប​ចំពោះ​ការ​អះអាង​របស់​មន្ត្រី​វៀតណាម នេះ​ឡើយ។ ចំពោះ​អ្នក​ប្រវត្តិសាស្ត្រ​ខ្មែរ​វិញ ក៏​ពុំ​ឃើញ​មាន​ការ​ឆ្លើយ​តប​ជា​ផ្លូវ​ការ​ណា​មួយ​ដែរ។ ផ្ទុយ​ទៅ​វិញ ប្រជាពលរដ្ឋ​ខ្មែរ​ក្រោម និង​យុវជន​ខ្មែរ​មួយ​ចំនួន បាន​ខ្វល់ខ្វាយ​ចំពោះ​បញ្ហា​ប្រវត្តិសាស្ត្រ​នេះ​ខ្លាំង​ណាស់។

តើ​មាន​មូលហេតុ​អ្វី​ខ្លះ​ដែល​ជំរុញ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ក្រោម និង​យុវជន​ខ្មែរ យក​ចិត្ត​ទុក​ដាក់​ពី​ប្រវត្តិសាស្ត្រ​ដែន​ដី​កម្ពុជា​ក្រោម?

ចាប់​តាំង​ពី​មាន​ជម្លោះ​ពាក្យ​សម្ដី​រវាង​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម និង​មន្ត្រី​ស្ថានទូត​វៀតណាម មក មាន​ព្រឹត្តិការណ៍​ចំនួន​២​ហើយ ត្រូវ​បាន​គេ​រៀបចំ​ឡើង ដើម្បី​ឆ្លើយ​តប​ចំពោះ​ការ​អះអាង​របស់​មន្ត្រី​វៀតណាម។ ព្រឹត្តិការណ៍​ទី​១ គឺ​ការ​រៀបចំ​វេទិកា​សាធារណៈ ស្ដីពី​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម កាល​ពី​ថ្ងៃ​ទី​៦ ខែ​កក្កដា ដើម្បី​ប្រមែប្រមូល​ឯកសារ និង​ទស្សនៈ​របស់​អ្នក​ចូលរួម មុន​នឹង​ដាក់​ញត្តិ​ទៅ​កាន់​ស្ថានទូត​វៀតណាម និង​ព្រឹត្តិការណ៍​ទី​២ គឺ​ការ​ប្រមូល​ផ្តុំ​គ្នា​របស់​ព្រះសង្ឃ យុវជន និង​ពលរដ្ឋ នៅ​មុខ​ស្ថានទូត​វៀតណាម នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែ​កក្កដា ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កុម្មុយនីស្ត​មួយ​នេះ សុំ​ទោស​ប្រជាពលរដ្ឋ​ខ្មែរ​ជា​សាធារណៈ និង​ឲ្យ​ទទួល​ស្គាល់​ថា ទឹក​ដី​កម្ពុជា​ក្រោម គឺ​ជា​អតីត​ទឹក​ដី​របស់​កម្ពុជា។

ជុំវិញ​បញ្ហា​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រោម​នេះ ពលរដ្ឋ​ខ្មែរ​ក្រោម​ម្នាក់​ឈ្មោះ កែវ សុធា ដែល​បាន​ចូលរួម​វេទិកា​សាធារណៈ នៅ​សង្កាត់​ភ្នំពេញថ្មី ខណ្ឌ​សែនសុខ បាន​ឲ្យ​ដឹង​ថា តាំង​ពី​ដើម​មក លោក​តែង​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នានា​ទាក់ទង​នឹង​បញ្ហា​ខ្មែរ​កម្ពុជា​ក្រោម។ លោក​ថា ក្នុង​នាម​ជា​ពលរដ្ឋ​ខ្មែរ​ក្រោម លោក​ឈឺ​ចាប់​នៅ​ពេល​ដែល​មន្ត្រី​វៀតណាម មិន​ទទួល​ស្គាល់​ថា ទឹក​ដី​កម្ពុជា​ក្រោម ជា​អតីត​របស់​កម្ពុជា៖ «យើង​មាន​ការ​ឈឺ​ចាប់ ដោយសារ​ជា​ទឹក​ដី​របស់​យើង ប៉ុន្តែ​គេ​ថា​ជា​ទឹក​ដី​របស់​គេ គេ​បំភ្លៃ​ប្រវត្តិសាស្ត្រ។ ជា​ការ​ពិត​ណាស់ យួន ច្រើន​តែ​ធ្វើ​បាប កាល​ពី​ពេល​ខ្ញុំ​នៅ​កម្ពុជា​ក្រោម ក៏​ដូច​អ៊ីចឹង​ដែរ គេ​ច្រើន​តែ​ធ្វើ​បាប​ជីដូន​ជីតា​យើង​ពី​ជំនាន់​មួយ​ដល់​ជំនាន់​មួយ រហូត​ដល់​ពេល​នេះ គេ​ព្យាយាម​បំភ្លៃ​ប្រវត្តិសាស្ត្រ​ថែម​ទៀត»

ចំណែក​ពលរដ្ឋ​ខ្មែរ​ក្រោម​មួយ​រូប​ទៀត​មក​ពី​ខេត្ត​ព្រះត្រពាំង ឈ្មោះ ថាច់ ចន្ទ្រា ដែល​បាន​ចូលរួម​ក្នុង​វេទិកា​សាធារណៈ​ដែរ​នោះ កត់​សម្គាល់​ថា ការ​បំភ្លៃ​ប្រវត្តិសាស្ត្រ​ដោយ​មន្ត្រី​វៀតណាម នៅ​ពេល​នេះ គឺ​ជា​រឿង​អយុត្តធម៌​ចំពោះ​ខ្មែរ​ក្រោម។ លោក​ថា ការ​បកស្រាយ​ប្រវត្តិសាស្ត្រ​មិន​ច្បាស់​លាស់​នេះ វា​អាច​ធ្វើ​ឲ្យ​ជីវិត​ពលរដ្ឋ​ខ្មែរ​ប្រមាណ​ជាង ១០​លាន​នាក់ ដែល​កំពុង​រស់នៅ​កម្ពុជា​ក្រោម​សព្វថ្ងៃ ប្រឈម​នឹង​ការ​ធ្វើ​បាប ការ​រំលោភ​សិទ្ធិ​មនុស្ស និង​ការ​រឹត​បន្តឹង​ទៅ​លើ​សិទ្ធិ​ប្រតិបត្តិ​ផ្នែក​ជំនឿ​សាសនា ជាដើម។

លោក ថាច់ ចន្ទ្រា៖ «វា​អយុត្តិធម៌​ណាស់​សម្រាប់​ខ្មែរ​កម្ពុជា​ក្រោម​យើង ដែល​រងគ្រោះ​វេទនា​ខ្លោចផ្សា​ជា​ទី​បំផុត យើង​ឃើញ​ហើយ ទាំងអស់​ប្រជាជន​ជាង ១០​លាន​នាក់ កំពុង​តែ​រង​ទុក្ខ​វេទនា​នៅ​កម្ពុជា​ក្រោម​ឯណោះ ការ​កាប់​សម្លាប់​ពី​មុន​មក ដុត​ទាំង​រស់ ធ្វើ​ជា​មុំ​ចង្ក្រាន ខ្មែរ​ក្រោម​ទូទៅ​សោកស្ដាយ​ណាស់​វីរបុរស​ដែល​បាត់​បង់​ទៅ ដូច្នេះ​ហើយ​យើង​ចូលរួម យើង​តតាំង​នេះ ដើម្បី​ជា​យុត្តិធម៌ ខ្មែរ​កម្ពុជា​ក្រោម ត្រូវ​ការ​យុត្តិធម៌ ដូច​ជា​អ្នក​ទាំងអស់​នៅ​លើ​ពិភពលោក​ដែរ»

ជា​ការ​ពិត​ណាស់ ប្រវត្តិសាស្ត្រ គឺ​ជា​ប្រវត្តិសាស្ត្រ។ គេ​ពិបាក​នឹង​ក្រឡៃ​ប្រវត្តិសាស្ត្រ​ណាស់ ជាពិសេស​នៅ​ពេល​ដែល​ប្រវត្តិសាស្ត្រ​នោះ​ទើប​នឹង​កើត​ឡើង​ថ្មីៗ។ ការ​បកស្រាយ​ប្រវត្តិសាស្ត្រ​មិន​ច្បាស់​លាស់ ឬ​ការ​មាន​ចេតនា​បំភ្លៃ​ប្រវត្តិសាស្ត្រ អាច​បង្ក​ជា​អរិភាព ឬ​ភាព​មន្ទិល​រវាង​ប្រជាជាតិ​មួយ និង​ប្រជាជាតិ​មួយ​ទៀត។

សម្រាប់​យុវជន វីល្លៀម អនណែស គីវ៉ាន់ណា (William Honest Kiwana) ជា​កូន​ខ្មែរ​កាត់​បារាំង ហើយ​ដែល​បាន​ចូលរួម​វេទិកា​សាធារណៈ​ខ្មែរ​ក្រោម​ដែរ​នោះ ថ្លែង​ថា មូលហេតុ​ដែល​មន្ត្រី​វៀតណាម ព្យាយាម​បិទ​បាំង​ប្រវត្តិសាស្ត្រ​ពិត​ប្រាកដ​នៅ​កម្ពុជា​ក្រោម​នោះ ដោយសារ​មន្ត្រី​វៀតណាម យល់​ថា រដ្ឋាភិបាល​កម្ពុជា​សព្វថ្ងៃ មិន​សូវ​ខ្វាយខ្វល់​ពី​រឿង​ប្រវត្តិសាស្ត្រ​ខ្មែរ​ឡើយ។

យុវជន គីវ៉ាន់ណា បន្ត​ថា រដ្ឋាភិបាល​វៀតណាម គិត​ថា បើ​ទោះ​ជា​គេ​លើក​ឡើង​យ៉ាង​នេះ​ក្តី ក៏​ប្រជាពលរដ្ឋ​ខ្មែរ​មិន​អាច​ធ្វើ​អ្វី​ចំពោះ​គេ​បាន​ឡើយ ព្រោះ​ថា រដ្ឋាភិបាល​កម្ពុជា​សព្វថ្ងៃ គឺ​ជា​មិត្ត​ម៉ឺន​ឆ្នាំ​របស់​វៀតណាម។ ដូច្នេះ រដ្ឋាភិបាល​កម្ពុជា នឹង​មិន​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ធ្វើ​អ្វី​ផ្ដេសផ្ដាស​ចំពោះ​ប្រទេស​វៀតណាម ឡើយ៖ «មូលហេតុ​ដែល​ខ្ញុំ​សំអាង​ដូច្នេះ ដោយសារ​ការ​លើក​ឡើង​របស់​អ្នក​នាំ​ពាក្យ​ស្ថានទូត​វៀតណាម ហ្នឹង អត់​មាន​ប្រតិកម្ម​ណា​មួយ​សោះ​ពី​សំណាក់​រាជ​រដ្ឋាភិបាល ឬ​ពី​សំណាក់​អ្នក​នាំ​ពាក្យ​របស់​រដ្ឋាភិបាល អ៊ីចឹង​ហើយ​យើង​ជា​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ យើង​អាច​វាយ​តម្លៃ​ថា​អ៊ីចឹង បើ​សិន​ជា​គាត់​ពិត​ជា​គិត​ថា កម្ពុជា​ក្រោម​នៅ​មាន​តឹកតាង​ប្រវត្តិសាស្ត្រ​នៅ​មាន​ប្រជាពលរដ្ឋ ដែល​ប្រើប្រាស់​ភាសា​ខ្មែរ គាត់​គិត​ថា ប្រជាពលរដ្ឋ​ខ្មែរ ដូច្នេះ​គាត់​គួរ​តែ​នាំ​ពាក្យ​មួយ ដើម្បី​ការពារ​ប្រាប់​ថា ទឹក​ដី​នេះ​ពី​មុន​ជា​របស់​ខ្មែរ​ទេ ឬ​ក៏​យ៉ាង​ណា តែ​គាត់​អត់​និយាយ​សោះ គឺ​គ្មាន​ប្រតិកម្ម​សោះ​តែ​ម្តង»

បើ​ទោះ​ជា​គ្មាន​ប្រតិកម្ម​ផ្លូវ​ការ​របស់​រដ្ឋាភិបាល​កម្ពុជា ចំពោះ​ការ​អះអាង​របស់​មន្ត្រី​វៀតណាម ក៏ដោយ រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ធ្លាប់​ថ្លែង​ប្រាប់​វិទ្យុ​អាស៊ីសេរី ថា រដ្ឋាភិបាល​កម្ពុជា មិន​ត្រូវ​ការ​ឆ្លើយឆ្លង ឬ​ប្រតិកម្ម​ចំពោះ​ពាក្យ​សម្ដី​របស់​បុគ្គល​ណា​មួយ​ឡើយ។ លោក​ថា បញ្ហា​នេះ​វា​មិន​មាន​សារសំខាន់​សម្រាប់​រដ្ឋាភិបាល ដែល​ត្រូវ​ទៅ​ជជែក​តតាំង ឬ​ត្រូវ​ទៅ​ពិចារណា​នោះ​ទេ។ លោក​ថា កម្ពុជា ឈរ​នៅ​លើ​ច្បាប់​ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ ហើយ​នេះ គឺ​ជា​គោលការណ៍​នីតិរដ្ឋ ដែល​កម្ពុជា អនុវត្ត​តាំង​ពី​ឆ្នាំ​១៩៩៣ មក។ លោក​ថា ចំពោះ​ប្រវត្តិសាស្ត្រ​វិញ វា​ពិត ឬ​មិន​ពិត​យ៉ាង​ណា​នោះ គេ​អាច​នាំ​គ្នា​អាន​សៀវភៅ​បាន។

ចំពោះ​ពលរដ្ឋ​ខ្មែរ​ក្រោម លោក ថាច់ រ៉ូ វិញ​កត់​សម្គាល់​ថា ការ​ប៉ុនប៉ង​បំភ្លៃ​ប្រវត្តិសាស្ត្រ​កម្ពុជា​ក្រោម វា​គឺ​ជា​រឿង​មួយ។ ប៉ុន្តែ​លោក​ថា អ្វី​ដែល​មន្ត្រី​វៀតណាម កំពុង​ធ្វើ​នេះ គឺ​មាន​បង្កប់​ទៅ​ដោយ​អត្ថន័យ​នយោបាយ។ លោក​ថា វៀតណាម ចង់​យក​ឱកាស​ដែល​គណបក្ស​ប្រជាជន​កម្ពុជា កំពុង​កាន់​អំណាច​នេះ ដើម្បី​ស្ទង់​មតិ​ប្រតិកម្ម​របស់​ពលរដ្ឋ​ខ្មែរ​ទូទៅ ជាពិសេស​វៀតណាម ចង់​ដឹង​ថា នៅ​ពេល​ដែល​គេ​លើក​ឡើង​ដូច​នេះ​ហើយ តើ​ខ្មែរ​ទាំងអស់​នឹង​រួបរួម​គ្នា​ប្រតិកម្ម​ចំពោះ​ពួក​គេ​ដែរ ឬ​យ៉ាង​ណា៖ «យួន កំពុង​តែ​សម្លឹង​ឃើញ​ជា​ឱកាស​ដ៏​ល្អ​សម្រាប់​គេ ព្រោះ​អី​ប្រសិន​ជា​រដ្ឋាភិបាល​បច្ចុប្បន្ន អាច​ផ្លាស់​ប្ដូរ គឺ​យួន អាច​បាត់​បង់​ឱកាស ប៉ុន្តែ​ឱកាស​សម្រាប់​រដ្ឋាភិបាល ពិសេស​គឺ​កម្ពុជា ហ្នឹង គឺ​ជា​ឱកាស​មួយ​ដ៏​ល្អ​សម្រាប់​យួន គឺ​ដោយសារ ប្រសិន​ជា​ខ្មែរ​ដែល​ក្រោក​ឡើង គឺ​ពេល​នោះ​ហើយ រដ្ឋាភិបាល​គេ​ត្រូវ​តែ​បង្ក្រាប​ហើយ អ៊ីចឹង​ទេ ក្នុង​ឱកាស​នេះ គឺ​ជា​ឱកាស​មាស​របស់​យួន ដែល​ត្រូវ​តែ​ក្រោក​ឡើង»

ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ កញ្ញា សុខ ណា ដែល​មាន​ឪពុក​ជា​ខ្មែរ និង​ម្តាយ​ជា​ខ្មែរ​កម្ពុជា​ក្រោម លើក​ឡើង​ថា រដ្ឋាភិបាល​កម្ពុជា គួរ​តែ​ប្រតិកម្ម​ការទូត​ឆ្លើយ​តប​ចំពោះ​ការ​លើក​ឡើង​របស់​មន្ត្រី​វៀតណាម នៅ​ពេល​នេះ៖ «រដ្ឋាភិបាល​គួរ​ចេញ​មុខ​ប្រកាស​តាម​វិទ្យុ និង​ទូរទស្សន៍​អ៊ីចឹង ធ្វើ​ឲ្យ​ប្រជាជន​ខ្មែរ​យើង​ទាំងអស់​គ្នា​ហ្នឹង យល់​ដឹង​អំពី តើ​ទឹក​ដី​កម្ពុជា​ក្រោម ជា​របស់​ខ្មែរ​មែន​ពិត​អត់?»

ប្រជាពលរដ្ឋ និង​យុវជន​កម្ពុជា ក្នុង​ពេល​បច្ចុប្បន្ន បាន​យល់​ដឹង​ច្រើន​អំពី​បញ្ហា​កម្ពុជា​ក្រោម។ កាល​ពី​មុន នៅ​ពេល​ដែល​ខ្មែរ​ក្រោម​មាន​បញ្ហា គឺ​មាន​តែ​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរ​ក្រោម​ខ្លួន​ឯង​ប៉ុណ្ណោះ ជា​អ្នក​ចេញ​មុខ ប៉ុន្តែ​នៅ​ពេល​នេះ បញ្ហា​របស់​ខ្មែរ​ក្រោម​លែង​ជា​របស់​ខ្មែរ​ក្រោម​តែ​ម្នាក់​ឯង​ហើយ ប៉ុន្តែ​វា​បាន​ក្លាយ​ជា​បញ្ហា​សម្រាប់​ខ្មែរ​ទូទៅ។ ជាក់ស្តែង ការ​ចូលរួម​របស់​យុវជន​ខ្មែរ ក្នុង​ពិធី​រំឭក​ខួប​បាត់​បង់​ទឹក​ដី​កម្ពុជា​ក្រោម កាល​ពី​ពេល​កន្លង​មក និង​ការ​ចូលរួម​របស់​ពួក​គេ​តវ៉ា​នៅ​មុខ​ស្ថានទូត​វៀតណាម កាល​ពី​ថ្ងៃ​ទី​៨ កក្កដា គឺ​ជា​ឧទាហរណ៍​ស្រាប់។

លើស​ពី​នេះ ទន្ទឹម​នឹង​មនុស្ស​មួយ​ចំនួន​មាន​ក្តី​សង្ឃឹម​ទៅ​លើ​គណបក្ស​សង្គ្រោះ​ជាតិ ថា​អាច​នឹង​ការពារ​ផល​ប្រយោជន៍​របស់​ពលរដ្ឋ​ខ្មែរ ដែល​កំពុង​រស់នៅ​កម្ពុជា​ក្រោម​បាន នៅ​ពេល​ដែល​គណបក្ស​ប្រឆាំង​មួយ​នេះ​ឡើង​កាន់​អំណាច។ អ្នក​វិភាគ​ខ្លះ​ក៏​មាន​ក្តី​សង្ឃឹម​ចំពោះ​យុវជន ដែល​ជា​ទំពាំង​ស្នង​ឫស្សី​សព្វថ្ងៃ។ ពួក​គេ​យល់​ថា យុវជន​ទាំងអស់​នេះ​នឹង​មាន​ទឹក​ចិត្ត​ស្រឡាញ់​ជាតិ ជាង​មេ​ដឹក​នាំ​សព្វថ្ងៃ ហើយ​ពួក​គេ​នឹង​មាន​ភាព​ក្លាហាន​ជាង​មេ​ដឹក​នាំ​សព្វថ្ងៃ ក្នុង​ការ​ទាមទារ​ឲ្យ​វៀតណាម ទទួល​ស្គាល់​នូវ​អ្វី​ដែល​ជា​របស់​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។