សមាគម​ខ្មែរ​ក្រោម​ប្រតិកម្ម​នឹង​វៀតណាម​កម្ទេច​ខ្លោងទ្វារ​រចនាបថ​ខ្មែរ​ចូល​ខេត្ត​ព្រះត្រពាំង

ដោយ យាង សុជាមេត្តា
2014.12.11
ខ្លោងទ្វារ​រចនាបថ​ខ្មែរ​ចូល​ទៅ​កាន់​ទី​រួម​ខេត្ត​ព្រះត្រពាំង ៦២០ សកម្មភាព​អាជ្ញាធរ​វៀតណាម វាយ​កម្ទេច​ខ្លោងទ្វារ​រចនាបថ​ខ្មែរ​ចូល​ទៅ​កាន់​ទី​រួម​ខេត្ត​ព្រះត្រពាំង។
Photo facebook

អាជ្ញាធរ​វៀតណាម កាល​ពី​ពេល​ថ្មីៗ​នេះ​បាន​វាយ​កម្ទេច​ខ្លោងទ្វារ​រចនាបថ​ខ្មែរ​ចូល​ទៅ​កាន់​ទី​រួម​ខេត្ត​ព្រះត្រពាំង ដោយ​លើក​ហេតុផល​ថា ខ្លោងទ្វារ​នោះ​ទាប រថយន្ត​ឧស្សាហ៍​ប៉ះ​ទង្គិច។ ប៉ុន្តែ អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​យល់​ថា ការ​វាយ​កម្ទេច​ខ្លោងទ្វារ​ខ្មែរ​ដែល​មាន​អាយុកាល​ជាង ៦០០​ឆ្នាំ​នេះ គឺ​ជា​យុទ្ធសាស្ត្រ​របស់​រដ្ឋាភិបាល​វៀតណាម ក្នុង​ការ​លុប​បំបាត់​ប្រវត្តិសាស្ត្រ និង​អត្តសញ្ញាណ​របស់​ខ្មែរ​នៅ​កម្ពុជា​ក្រោម។

រូបថត​សកម្មភាព​នៃ​ការ​វាយ​កម្ទេច​ខ្លោងទ្វារ​ខ្មែរ​ចូល​ទៅ​កាន់​ទី​រួម​ខេត្ត​ព្រះត្រពាំង ត្រូវ​បាន​គេ​ចែក​រំលែក​តៗ​គ្នា​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) រហូត​មក​ទល់​ពេល​នេះ។

ជាមួយ​គ្នា​នេះ​ដែរ សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ដើម្បី​សិទ្ធិ​មនុស្ស និង​អភិវឌ្ឍន៍ កាល​ពី​ថ្ងៃ​ទី​២ ខែ​ធ្នូ ក៏​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ចោទ​ប្រកាន់​អាជ្ញាធរ​វៀតណាម ថា​វាយ​កម្ទេច​សំណង់​ដែល​មាន​រចនាបថ​ខ្មែរ​នោះ គឺ​មាន​ចេតនា​លុប​បំបាត់​អត្តសញ្ញាណ​ជាតិ​របស់​ខ្មែរ​ក្រោម​តែ​ម្តង។

សេចក្តី​ថ្លែងការណ៍​របស់​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិ​មនុស្ស និង​អភិវឌ្ឍន៍ បាន​បញ្ជាក់​ថា អាជ្ញាធរ​វៀតណាម បាន​វាយ​កម្ទេច​ខ្លោងទ្វារ​ខេត្ត​ព្រះត្រពាំង ដោយសារ​ពួក​គេ​ថា វា​ត្រូវ​បាន​រថយន្ត​ស្ទូច​បើក​បុក​បណ្ដាល​ឲ្យ​ប្រេះស្រាំ និង​ទ្រុឌទ្រោម។ យ៉ាង​ណា​ក៏ដោយ សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិ​មនុស្ស និង​អភិវឌ្ឍន៍ លើក​ឡើង​ថា សកម្មភាព​របស់​អាជ្ញាធរ​វៀតណាម នេះ ពលរដ្ឋ​ខ្មែរ​ក្រោម​មិន​អាច​ទទួល​យក​បាន​ឡើយ។ ពួក​គេ​ថា អ្វី​ដែល​អាជ្ញាធរ​វៀតណាម អះអាង​នេះ វា​គ្រាន់​តែ​ជា​លេស​ដើម្បី​លុប​បំបាត់​កេរ​ដំណែល​វប្បធម៌​របស់​បុព្វបុរស​ខ្មែរ ដែល​បាន​បន្សល់​ទុក​ជា​ប្រវត្តិសាស្ត្រ​ដល់​កូន​ចៅ​ខ្មែរ​នៅ​កម្ពុជា​ក្រោម​ប៉ុណ្ណោះ។

នាយក​កម្មវិធី​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិ​មនុស្ស និង​អភិវឌ្ឍន៍ លោក សឺន ជុំជួន។ លោក​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១០ ធ្នូ ថា ការ​វាយ​កម្ទេច​ខ្លោងទ្វារ​ចូល​ទី​រួម​ខេត្ត​ព្រះត្រពាំង កាល​ពី​ពេល​ថ្មីៗ​នេះ វា​គឺ​ជា​យុទ្ធសាស្ត្រ​យ៉ាង​ពិត​ប្រាកដ​របស់​រដ្ឋាភិបាល​វៀតណាម ក្នុង​ការ​លុប​បំបាត់​ដាន​ប្រវត្តិសាស្ត្រ​របស់​ខ្មែរ។

លោក សឺន ជុំជួន មាន​ប្រសាសន៍​ថា លោក​ទទួល​បាន​ព័ត៌មាន​ថា រដ្ឋាភិបាល​វៀតណាម នឹង​កសាង​ខ្លោងទ្វារ​នោះ​ឡើង​វិញ។ ប៉ុន្តែ​លោក​ថា បើ​ទោះ​ជា​រដ្ឋាភិបាល​វៀតណាម កសាង​វា​ឡើង​វិញ​ក៏ដោយ ក៏​លោក​មិន​សង្ឃឹម​ថា ខ្លោងទ្វារ​ថ្មី​បង្ហាញ​ពី​អត្តសញ្ញាណ​និង​រចនាបថ​របស់​ខ្មែរ​នោះ​ឡើយ។

ប្រការ​នេះ​ហើយ ទើប​លោក​ថា មុន​នឹង​មាន​ការ​សាងសង់​ឡើង​វិញ អាជ្ញាធរ​វៀតណាម ត្រូវ​បង្ហាញ​រូប​គំរូ​ខ្លោងទ្វារ​ទៅ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ក្រោម ដើម្បី​ឲ្យ​ប្រាកដ​ថា ខ្លោងទ្វារ​ថ្មី​នោះ​មាន​រចនាបថ និង​លក្ខណៈ​សម្គាល់​អត្តសញ្ញាណ​របស់​ខ្មែរ​តាំង​ពី​បុរាណ​កាល​មក។ លោក​ថា ការ​សាងសង់​នោះ​ទៀតសោត ក៏​ត្រូវ​ធ្វើ​ឡើង​នៅ​ត្រង់​កន្លែង​ចាស់​ដដែល ដើម្បី​បង្ហាញ​ឲ្យ​ខ្មែរ​ជំនាន់​ក្រោយ​ដឹង​ថា បុព្វបុរស​របស់​គេ​ធ្លាប់​បាន​កសាង​ខ្លោងទ្វារ​នៅ​កន្លែង​នោះ។ លោក សឺន ជុំជួន ថា នេះ​គឺ​ជា​យុទ្ធសាស្ត្រ​របស់​វៀតណាម ក្នុង​ការ «បំផ្លាញ​បន្តិច​ម្តងៗ ដើម្បី​ធ្វើ​ឲ្យ​បាត់​នូវ​អត្តសញ្ញាណ​ខ្មែរ»

លោក សឺន ជុំជួន ឲ្យ​ដឹង​ដែរ​ថា ពី​មុន​មក​អាជ្ញាធរ​វៀតណាម ខេត្ត​ព្រះត្រពាំង ក៏​ធ្លាប់​មាន​បំណង​វាយ​កម្ទេច​ខ្លោងទ្វារ​នោះ​ដែរ ប៉ុន្តែ​ដោយសារ​មាន​ការ​តវ៉ា​របស់​ខ្មែរ​ក្រោម​នៅ​ទីនោះ ទើប​អាជ្ញាធរ​វៀតណាម បង្អាក់​សកម្មភាព​ទៅ​វិញ។

ស្រដៀង​គ្នា​នេះ​ដែរ ប្រធាន​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​កម្ពុជា លោក តាំង សារៈ។ លោក​មាន​ប្រសាសន៍​ថា ក្រៅ​ពី​បំផ្លាញ​ខ្លោងទ្វារ​ចូល​ខេត្ត​ព្រះត្រពាំង នៅ​ពេល​នេះ ពី​មុន​មក​អាជ្ញាធរ​វៀតណាម ក៏​ធ្លាប់​បំផ្លាញ​វត្ត​អារាម​របស់​ខ្មែរ​ដែរ ដែល​ក្រោយ​មក​លោក​ថា វត្ត​ខ្លះ​មាន​សល់​តែ​ខឿន​ព្រះវិហារ ឬ​ខឿន​សាលា​ប៉ុណ្ណោះ។

លោក តាំង សារៈ យល់​ឃើញ​ថា អ្វី​ដែល​រដ្ឋាភិបាល​វៀតណាម បាន​ធ្វើ គឺ​ជា​ការ​ប៉ុនប៉ង​ក្នុង​ការ​បំបាត់​កេរ​ដំណែល​របស់​ខ្មែរ ដែល​បាន​កសាង​តាំង​ពី​បុរាណ​កាល​មក។ លោក​ថា ប្រសិន​បើ​រដ្ឋាភិបាល​វៀតណាម ពិត​ជា​ចង់​រក្សា​អ្វីៗ​ដែល​ជា​របស់​ខ្មែរ​មែន​នោះ រដ្ឋាភិបាល​វៀតណាម មិន​គួរ​វាយ​កម្ទេច​សំណង់​ចាស់ៗ​របស់​ខ្មែរ​ចោល ដូចជា​ខ្លោងទ្វារ​នៅ​ពេល​នេះ​ឡើយ។ លោក​មាន​ប្រសាសន៍​ថា ដើម្បី​ឲ្យ​ការ​រស់នៅ​ក្នុង​សង្គម​មាន​សុខដុមរមនា​ជាមួយ​គ្នា រដ្ឋាភិបាល​វៀតណាម «មិន​គួរ​ដើរ​បង្ក​រឿង​បំផ្លាញ​វប្បធម៌​របស់​ខ្មែរ​ឡើយ»

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​របស់​ខ្លួន អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​វៀតណាម សាងសង់​ខ្លោងទ្វារ​នោះ​ឡើង​វិញ​ឲ្យ​ដូច​រូបភាព​ដើម នៃ​រចនាបថ​របស់​ខ្មែរ។ រដ្ឋាភិបាល​វៀតណាម ក៏​ត្រូវ​បំភ្លឺ​ឲ្យ​បាន​ច្បាស់​លាស់​អំពី​បំណង​វាយ​កម្ទេច​ខ្លោងទ្វារ ដែល​ខ្មែរ​ក្រោម​អះអាង​ថា គឺ​ជា​ខ្លោងទ្វារ​តែ​មួយ​គត់​នៅ​កម្ពុជា​ក្រោម ដែល​ត្រូវ​បាន​សាងសង់​តាម​បណ្តោយ​ផ្លូវ​ជាតិ​ចូល​ទៅ​ទី​រួម​ខេត្ត។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ក្រៅ​តែ​ពី​ចេញ​សេចក្តី​ថ្លែងការណ៍​ទាមទារ​ឲ្យ​រដ្ឋាភិបាល​វៀតណាម បញ្ចប់​យុទ្ធសាស្ត្រ​លុប​បំបាត់​អត្តសញ្ញាណ​ខ្មែរ អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម មិន​ទាន់​បាន​ដាក់​ពាក្យ​តវ៉ា​ផ្លូវ​ការ​ទៅ​ឲ្យ​រដ្ឋាភិបាល​វៀតណាម នៅ​ឡើយ។

លោក សឺន ជុំជួន មាន​ប្រសាសន៍​ថា ខ្មែរ​ក្រោម​នឹង​រៀបចំ​របាយការណ៍​មួយ​ផ្សេង​ទៀត​ដាក់​ជូន​ក្រសួង​ការ​បរទេស​កម្ពុជា ដើម្បី​ស្នើ​ក្រសួង​ការ​បរទេស លើក​ឡើង​រឿងរ៉ាវ​របស់​ខ្មែរ​ក្រោម ទៅ​ជជែក​ជាមួយ​ប្រធានាធិបតី​វៀតណាម ដែល​នឹង​បំពេញ​ទស្សនកិច្ច​មក​កម្ពុជា នៅ​ពេល​ខាង​មុខ​នេះ។

ទាក់ទង​នឹង​ការ​វាយ​កម្ទេច​ខ្លោងទ្វារ​ខ្មែរ​នេះ វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​មន្ត្រី​វៀតណាម ខេត្ត​ព្រះត្រពាំង ឬ​ដែល​វៀតណាម បាន​ប្ដូរ​ទៅ​ជា​ខេត្ត​ត្រាវិញ នោះ ដើម្បី​សុំ​ការ​បំភ្លឺ​បាន​ឡើយ។

ប៉ុន្តែ​អតីត​អនុប្រធាន​មន្ទីរ​វប្បធម៌ កីឡា និង​ទេសចរណ៍ ខេត្ត​ត្រាវិញ លោក ថាច់ សួង ដែល​អះអាង​ថា លោក​បាន​ចូល​និវត្តន៍​រួច​ហើយ​នោះ លោក​ទទួល​ស្គាល់​ថា ពិត​ជា​មាន​ការ​វាយ​កម្ទេច​ខ្លោងទ្វារ​ប្រាកដ​មែន។ ប៉ុន្តែ​លោក​ថា ការ​វាយ​កម្ទេច​នោះ គឺ​មិន​មែន​រដ្ឋាភិបាល​វៀតណាម មាន​បំណង​លុប​បំបាត់​កេរ​ដំណែល​របស់​ខ្មែរ​នោះ​ទេ។

លោក ថាច់ សួង បន្ត​ថា កាល​ពី​មុន​នៅ​ពេល​ដែល​ផ្លូវ​ចូល​ខេត្ត​មិន​ទាន់​ត្រូវ​បាន​សាងសង់ ខ្លោងទ្វារ​នោះ​ខ្ពស់ ប៉ុន្តែ​លោក​ថា​ក្រោយ​ពី​លើក​ផ្លូវ​ឲ្យ​ខ្ពស់​ជាង​មុន ខ្លោងទ្វារ​ក៏​ទាប​ជាង​មុន​ដែរ។ លោក​ថា កត្តា​នេះ​ហើយ​ទើប​បណ្ដាល​ឲ្យ​មាន​រថយន្ត​ប៉ះ​ទង្គិច​ម្តងៗ។

ទោះ​យ៉ាង​ណា​លោក​ថា មុន​ការ​វាយ​កម្ទេច​នោះ អាជ្ញាធរ​ខេត្ត​ក៏​បាន​ស្នើសុំ​យោបល់​ពី​សមាគម​ព្រះសង្ឃ​ស្នេហា​ជាតិ ចាស់​ព្រឹទ្ធាចារ្យ និង​ពលរដ្ឋ​ខ្មែរ។ លោក​ថា ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរ​ទាំងអស់​បាន​យល់​ស្រប​ឲ្យ​អាជ្ញាធរ​វៀតណាម វាយ​កម្ទេច​ខ្លោងទ្វារ​ចាស់ ហើយ​សាងសង់​ខ្លោងទ្វារ​ថ្មី​ឲ្យ​ដូច​ដើម​វិញ។ លោក ថាច់ សួង ថា រដ្ឋាភិបាល​វៀតណាម «មិន​ត្រឹម​តែ​មិន​បំផ្លាញ​អត្តសញ្ញាណ​ខ្មែរ​នោះ​ទេ» ប៉ុន្តែ​គេ «រក្សា​ឲ្យ​ខ្មែរ និង​អភិវឌ្ឍន៍​ឲ្យ​ខ្មែរ​ថែម​ទៀត»

លោក ថាច់ សួង អះអាង​ថា លោក​ក៏​មិន​ទាន់​ដឹង​នៅ​ឡើយ​ថា តើ​ខ្លោងទ្វារ​ថ្មី​នោះ​នឹង​ត្រូវ​សាងសង់​នៅ​កន្លែង​ចាស់​ដដែល ឬ​ក៏​នៅ​ទីតាំង​ថ្មី​នោះ​ទេ?

ទាក់ទង​នឹង​ខ្លោងទ្វារ​ថ្មី​នេះ​ដែរ សមាជិក​សមាគម​ព្រះសង្ឃ​ខ្មែរ​ស្នេហា​ជាតិ ខេត្ត​ព្រះត្រពាំង មួយ​អង្គ ដែល​ស្នើ​មិន​បញ្ចេញ​ព្រះនាម ឲ្យ​ដឹង​ថា តាម​ដែល​ព្រះអង្គ​ដឹង ខ្លោងទ្វារ​ថ្មី​នោះ​នឹង​ត្រូវ​សាងសង់​នៅ​កន្លែង​ថ្មី​វិញ។

ព្រះតេជព្រះគុណ​អង្គ​នេះ​ក៏​ព្រួយ​បារម្ភ​ដែរ​ថា ព្រះអង្គ​ខ្លាច​ក្រែង​តែ​ខ្លោងទ្វារ​ថ្មី​ដែល​នឹង​សាងសង់​នោះ នឹង​មិន​មាន​រចនាបថ​ខ្មែរ​សុទ្ធសាធ​ដូច​ខ្លោងទ្វារ​ចាស់។ មួយ​វិញ​ទៀត ព្រះតេជព្រះគុណ​មាន​ថេរ​ដីកា​ថា បន្ទាប់​ពី​មាន​ខ្លោងទ្វារ​ថ្មី ហើយ​វា​ប្រាកដ​ណាស់​ថា អាជ្ញាធរ​វៀតណាម នឹង​ប្រកាស​ថា ពួក​គេ​ជា​អ្នក​សាងសង់​ឲ្យ​ខ្មែរ ហើយ​នៅ​ទីបំផុត ខ្លោងទ្វារ​ចាស់​ដែល​បុព្វបុរស​ខ្មែរ​ខំ​ប្រឹង​កសាង​ទុក​ឲ្យ​កូន​ចៅ​ជំនាន់​ក្រោយ​តាំង​ពី​យូរ​មក​ហើយ​នោះ នឹង​បាត់​ដាន​ប្រវត្តិសាស្ត្រ និង​ត្រូវ​បាន​គេ​បំភ្លេច​ចោល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។