យុវជន​និង​សមាគម​ខ្មែរ​ក្រោម​គ្រោង​ធ្វើ​បាតុកម្ម​៣​ថ្ងៃ​ជាប់​គ្នា​រឿង​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រោម

ដោយ យាង សុជាមេត្តា
2014.08.07
ខ្មែរ​ក្រោម ៦១០ ព្រះសង្ឃ និង​កម្លាំង​សមត្ថកិច្ច​រុញ​ច្រាន​គ្នា ខណៈ​ក្រុម​អ្នក​តវ៉ា​ចង់​ចូល​ជិត​ស្ថានទូត​វៀតណាម កាល​ពី​ថ្ងៃ​ទី​៨ ខែ​កក្កដា ឆ្នាំ​២០១៤។ ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរ​ក្រោម តវ៉ា​ទាមទារ​ឲ្យ​មន្ត្រី​ស្ថានទូត​វៀតណាម សុំ​ទោស​រឿង​បំភ្លៃ​ប្រវត្តិសាស្ត្រ​ខ្មែរ​កម្ពុជា​ក្រោម។
Photo: RFA

អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម និង​សម្ព័ន្ធ​យុវជន​ខ្មែរ ដើម្បី​លទ្ធិប្រជាធិបតេយ្យ នឹង​ប្រមូល​ផ្តុំ​គ្នា​រយៈពេល ៣​ថ្ងៃ​ជាប់​គ្នា​នៅ​សប្ដាហ៍​ក្រោយ ដើម្បី​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​ក្រសួង​ការ​បរទេស​កម្ពុជា កោះ​ហៅ​មន្ត្រី​ស្ថានទូត​វៀតណាម ប្រចាំ​កម្ពុជា បំភ្លឺ​ឲ្យ​ច្បាស់​លាស់​ពី​បញ្ហា​ប្រវត្តិសាស្ត្រ​កម្ពុជា​ក្រោម។

ក្រៅ​ពី​នោះ ពួក​គេ​នឹង​ដង្ហែ​ក្បួន​ដាក់​ញត្តិ​ទៅ​កាន់​ស្ថានទូត​ប្រទេស​សមាជិក​សមាគម​អាស៊ាន ប្រចាំ​កម្ពុជា ដើម្បី​ស្នើ​ឲ្យ​ប្រទេស​ទាំង​នេះ ជំរុញ​ឲ្យ​ប្រទេស​វៀតណាម គោរព​គោលការណ៍​អាស៊ាន​ឲ្យ​បាន​ពេញ​លេញ​ក្នុង​ស្មារតី​មិត្តភាព និង​សមធម៌ ក្នុង​នាម​ជា​ប្រទេស​ក្បែរ​ខាង​គ្នា។

អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម និង​សម្ព័ន្ធ​យុវជន​ខ្មែរ ដើម្បី​លទ្ធិប្រជាធិបតេយ្យ ដែល​មាន​ក្រុម​យុវជន I Cambodia យុវជន​ដើម្បី​លទ្ធិប្រជាធិបតេយ្យ យុវជន I Love Cambodia Hot News យុវជន​ខ្មែរ​មហា​នគរ យុវជន​ដើម្បី​សន្តិភាព ក្លឹប​សំឡេង​យុវជន​ខ្មែរ​អន្តរជាតិ ចលនា​ប្រជាធិបតេយ្យ និង​ជាតិ​និយម ព្រម​ទាំង​ចលនា​យុវជន​ស្វយ័ត​ប្រជាធិបតេយ្យ​ខ្មែរ នឹង​ធ្វើ​បាតុកម្ម​ជា​លើក​ទី​៣ ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​វៀតណាម ទទួល​ស្គាល់​ប្រវត្តិសាស្ត្រ​ទឹក​ដី​កម្ពុជា​ក្រោម ឬ​សុំ​ទោស​ប្រជាពលរដ្ឋ​ខ្មែរ​ជា​សាធារណៈ។

គម្រោង​ធ្វើ​បាតុកម្ម​ជា​ថ្មី​នេះ កើត​មាន​ឡើង​បន្ទាប់​ពី​ពេល​វេលា​កំណត់​២​សប្ដាហ៍ ដែល​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម និង​យុវជន ទុក​ឲ្យ​រដ្ឋាភិបាល​វៀតណាម ឆ្លើយ​តប​ចំពោះ​ការ​ទាមទារ​របស់​ពួក​គេ​ផុត​កំណត់​នៅ​ថ្ងៃ​ទី​៤ ខែ​សីហា។ ព្រម​ជាមួយ​គ្នា​នេះ ពួក​គេ​ក៏​មិន​ទទួល​បាន​ដំណឹង​ពី​ក្រសួង​ការ​បរទេស ជុំវិញ​បញ្ហា​នេះ​ដែរ។

ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ សេដ្ឋា មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៦ សីហា ថា ខ្មែរ​ក្រោម និង​យុវជន នៅ​តែ​រក្សា​ជំហរ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​វៀតណាម ទទួល​ស្គាល់​ប្រវត្តិសាស្ត្រ​នេះ ដោយ​លោក​លើក​ឡើង​ជា​ថ្មី​ថា ការ​ព្រងើយ​កន្តើយ​ធ្វើ​មិន​ដឹង​មិន​ឮ​របស់​រដ្ឋាភិបាល​វៀតណាម គឺ​បង្ហាញ​កាន់​តែ​ច្បាស់​ថា រដ្ឋាភិបាល​វៀតណាម កំពុង​មើល​ងាយ​ប្រជាពលរដ្ឋ​កាន់​តែ​ខ្លាំង​ឡើងៗ។ ម្យ៉ាង​វិញ​ទៀត លោក​ថា ការ​ដែល​រដ្ឋាភិបាល​វៀតណាម នៅ​តែ​បន្ត​ប្រើប្រាស់​អ្នក​នាំ​ពាក្យ​ស្ថានទូត​របស់​ខ្លួន និយាយ​ច្រំ​ដែលៗ​ពី​បញ្ហា​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រោម​នេះ ស​បញ្ជាក់​ថា ជា​ការ​ប្រមាថ​លើ​ពលរដ្ឋ​ខ្មែរ​ដែល​មិន​អាច​ទទួល​យក​បាន​ឡើយ។

លោក ថាច់ សេដ្ឋា៖ «មិន​ត្រឹម​តែ ត្រឹង វ៉ាំងថុង (Tran Van Thong) ហ្នឹង​ទេ វា​តាំង​ពី​ស្ថានទូត ក៏​ចេញ​សេចក្តី​ថ្លែងការណ៍ ហើយ​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​យួន ក៏​បាន​ចេញ​ជា​ការ​ថ្កោលទោស​ជា​ការ​ព្រមាន​របៀប​លក្ខណៈ​គាំទ្រ​ដល់ ត្រឹង វ៉ាំងថុង ទៀត​ផង។ អ៊ីចឹង​វា​ជា​គោលការណ៍​របស់​រដ្ឋាភិបាល​វៀតណាម តែ​ម្តង ហើយ​ញត្តិ​មិន​ទទួល​ថែម​ទៀត​ផង ហើយ​ទាំង​និយាយ​ថា​មិន​ខ្វល់ខ្វាយ​ចំពោះ​ញត្តិ ចំពោះ​ការ​ធ្វើ​បាតុកម្ម​ថែម​ទៀត​ផង នេះ​ជា​ឥរិយាបថ​រឹងត្អឹង​មួយ ដែល​មើល​ងាយ​ប្រជាពលរដ្ឋ​ខ្មែរ​ធ្ងន់ធ្ងរ ដែល​យើង​មិន​អាច​ទទួល​យក​បាន»

លោក ថាច់ សេដ្ឋា មាន​ប្រសាសន៍​បន្ត​ថា សម្រាប់​គម្រោង​បាតុកម្ម​នៅ​លើក​នេះ ខ្មែរ​ក្រោម និង​យុវជន នឹង​ដើរ​ដង្ហែ​ក្បួន​ទៅ​កាន់​ក្រសួង​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា ដើម្បី​ដាក់​ញត្តិ​ស្នើ​ឲ្យ​ក្រសួង​ការ​បរទេស កោះ​ហៅ​មន្ត្រី​ស្ថានទូត​វៀតណាម ប្រចាំ​កម្ពុជា បកស្រាយ​ឲ្យ​ច្បាស់​អំពី​ប្រវត្តិសាស្ត្រ​ទឹក​ដី​កម្ពុជា​ក្រោម។ ក្រៅ​ពី​នេះ ពួក​គេ​នឹង​ដង្ហែ​ញត្តិ​ទៅ​ដាក់​នៅ​តាម​ស្ថានទូត​ប្រទេស​សមាជិក​សមាគម​អាស៊ាន​ដទៃ​ទៀត ដើម្បី​ស្នើ​ឲ្យ​រដ្ឋាភិបាល​នៃ​អង្គការ​តំបន់​មួយ​នេះ ជំរុញ​ឲ្យ​រដ្ឋាភិបាល​វៀតណាម គោរព​គោលការណ៍​អាស៊ាន​ឲ្យ​បាន​ពេញ​លេញ ក្នុង​ឋានៈ​ជា​ប្រទេស​ជិត​ខាង​ល្អ​ក្នុង​ស្មារតី​មិត្តភាព និង​សមធម៌។ លោក ថាច់ សេដ្ឋា ថា លោក​មិន​ទាន់​អាច​និយាយ​បាន​ថា​នឹង​ទទួល​បាន​លទ្ធផល​យ៉ាង​ណា​នោះ​ទេ ប៉ុន្តែ​លោក​ថា ការ​ដាក់​ញត្តិ​នេះ​យ៉ាង​ហោច​ណាស់ ក៏​ធ្វើ​ឲ្យ​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ាន ដឹង​អំពី​ឥរិយាបថ​រឹង​ទទឹង​របស់​រដ្ឋាភិបាល​កុម្មុយនីស្ត​វៀតណាម ដែរ។

លោក ថាច់ សេដ្ឋា៖ «ប្រទេស​គេ​ទាំងអស់​គេ​ទទួល​ញត្តិ​គេ​ស្វាគមន៍ ហើយ​ដែល​ខ្លួន​ឯង​ជា​ប្រទេស​មួយ​ភូមិ​ផង​របង​ជាប់​គ្នា ដែល​អះអាង​ថា ជា​មិត្តភាព​ល្អ បែរ​ជា​ក្រអឺតក្រទម ហើយ​បំភ្លៃ​បំផ្លើស​ប្រវត្តិសាស្ត្រ​នេះ វា​ជា​ការ​មួយ​មិន​ត្រឹមត្រូវ​ទេ ហើយ​ថែម​ទាំង​យើង​ដាក់​ញត្តិ​ដាក់​អី​មិន​ទទួល អា​ហ្នឹង​កាន់​តែ​មើល​ងាយ​ថែម​ទៀត​អ៊ីចឹង ថ្ងៃ​ណា​មួយ​ទៅ​ថ្ងៃ​អនាគត​ទៀត គេ​អាច​ថា កម្ពុជា ជា​ទឹក​ដី​របស់​គេ សូម្បី​តែ​ឥឡូវ​ហ្នឹង​តាម​អង្គរវត្ត តាម​បូកគោ ក៏​ចាប់​ផ្ដើម​បណ្ដើរៗ​ទៅ​ហើយ អា​ហ្នឹង​ហើយ​ដែល​យើង​មើល​ឃើញ​ថា ការ​មិន​ចេញ​មក​ទទួល​ញត្តិ ការ​មិន​សុំ​ទោស មិន​អី​ទាំងអស់​របស់​យួន ហ្នឹង គឺ​គេ​មាន​ការ​ចិញ្ចឹម​ចិត្ត មហិច្ឆតា​ក្នុង​ការ​លេប​ត្របាក់​យក​ទឹក​ដី​ខ្មែរ ដូច​អ្វី​ដែល​គេ​កំពុង​ធ្វើ​សព្វថ្ងៃ​នេះ»

ជុំវិញ​រឿងរ៉ាវ​នេះ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា លោក កុយ គួង មាន​ប្រសាសន៍​ថា តាម​ពិត ក្រសួង​ការ​បរទេស​កម្ពុជា បាន​ធ្វើ​តាម​សំណើ​របស់​ក្រុម​អ្នក​តវ៉ា​រួច​ហើយ​នោះ គឺ​ការ​បញ្ជូន​ញត្តិ​ទៅ​កាន់​ស្ថានទូត​វៀតណាម ប្រចាំ​កម្ពុជា ហើយ​លោក​ថា មក​ទល់​ពេល​នេះ ក្រសួង​ក៏​មិន​ទទួល​បាន​ដំណឹង​អ្វី​ដែរ។ ចំពោះ​គម្រោង​ដង្ហែ​ញត្តិ​របស់​ខ្មែរ​ក្រោម និង​យុវជន ស្នើ​ឲ្យ​ក្រសួង​ការ​បរទេស​កម្ពុជា កោះ​ហៅ​មន្ត្រី​ស្ថានទូត​វៀតណាម ឬ​ក៏​យ៉ាង​ណា​នោះ លោក កុយ គួង ថា លោក​មិន​ទាន់​អាច​និយាយ​បាន​ទេ៖ «ខ្ញុំ​អត់​យល់​ថា គាត់​បន្ត​ធ្វើ​ការ​ស្នើ​ទៅ​លើ​អ្វី​ទៀត​នោះ ខ្ញុំ​មិន​មាន​យោបល់​អ្វី​ទេ ប៉ុន្តែ​អ្វី​គាត់​បាន​ស្នើ​ឲ្យ​យើង​ទៅ​តាម​រយៈ​សាលា​ក្រុង​ដែល​ដាក់​ញត្តិ​ទៅ​ខាង​ភាគី​វៀតណាម តាម​រយៈ​ក្រសួងៗ​ក៏​បាន​ផ្ញើ​ទៅ​ហើយ»

តាម​គម្រោង ក្រុម​អ្នក​តវ៉ា​នឹង​ប្រមូល​ផ្តុំ​គ្នា​រយៈពេល ៣​ថ្ងៃ គឺ​ថ្ងៃ​ទី​១១ ទី​១២ និង​ទី​១៣ ខែ​សីហា នៅ​សួនច្បារ​មុខ​វត្ត​បទុមវតី។ ក្នុង​រយៈពេល ៣​ថ្ងៃ​នេះ ពួក​គេ​នឹង​ជួប​ជុំ​គ្នា​ពី​ម៉ោង ៨​ព្រឹក ដល់​ម៉ោង ១​រសៀល ដើម្បី​សម្ដែង​មតិ មុន​នឹង​ដើរ​ដង្ហែ​ក្បួន​ដាក់​ញត្តិ​តាម​ស្ថានទូត​នានា។ បន្ទាប់​មក នឹង​ដង្ហែ​ក្បួន​ទៅ​កាន់​ស្ថានទូត​វៀតណាម ដើម្បី​ទទួល​ចម្លើយ​អំពី​ការ​ទទួល​ញត្តិ​របស់​អ្នក​តវ៉ា រួច​ហើយ​ក្បួន​ដង្ហែ​នឹង​រំសាយ​នៅ​មុខ​ស្ថានទូត​វៀតណាម នៅ​វេលា​ម៉ោង ៥​រសៀល។ ការ​ជួបជុំ​ចុង​ក្រោយ​នៅ​មុខ​ស្ថានទូត​វៀតណាម នេះ គឺ​ធ្វើ​ឡើង ៣​ថ្ងៃ​ជាប់​គ្នា​តែ​ម្តង។

ទាក់ទង​រឿង​បាតុកម្ម​ដង្ហែ​ក្បួន​នេះ​ដែរ អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ ថ្លែង​ថា សាលា​រាជធានី​ភ្នំពេញ បាន​ទទួល​លិខិត​ជូន​ដំណឹង​របស់​ខ្មែរ​ក្រោម​រួច​ហើយ ប៉ុន្តែ​លោក​ថា សាលា​រាជធានី​ភ្នំពេញ​មិន​ទាន់​បាន​ប្រជុំ​សម្រេច​យ៉ាង​ណា​នៅ​ឡើយ​ទេ៖ «យើង​អត់​ទាន់​ផ្តល់​ចម្លើយ​ជូន​បាន ព្រោះ​ទើប​ទទួល​បាន​លិខិត​ផង ហើយ​យើង​កំពុង​តែ​រៀបចំ​មាន​កំណត់​បង្ហាញ​ខាង​ជំនាញ ហើយ​នឹង​ដាក់​កំណត់​បង្ហាញ​ជូន​គណៈ​អភិបាល​លោក​សម្រេច​សិន តែ​ប្រហែល​ជា​ត្រូវ​អញ្ជើញ​ខាង​ម្ចាស់ ខាង​តំណាង​មក​ពិភាក្សា​គ្នា​សិន​ហើយ»

សំណើ​សុំ​របស់​ខ្មែរ​ក្រោម និង​យុវជន ធ្វើ​បាតុកម្ម​ដង្ហែ​ក្បួន​នៅ​ពេល​នេះ ស្រប​ពេល​ដែល​ភាព​តានតឹង​នយោបាយ​ហាក់​ធូរ​ស្រាល និង​ស្រប​ពេល​ដែល​អាជ្ញាធរ​រាជធានី​ភ្នំពេញ ទើប​ដោះ​លែង​ទីលាន​ប្រជាធិបតេយ្យ​ឲ្យ​មាន​សេរីភាព​ឡើង​វិញ។

សម្រាប់​សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ លោក​បណ្ឌិត រស់ រ៉ាវុធ វិញ កត់​សម្គាល់​ថា ការ​ធ្វើ​បាតុកម្ម​របស់​ខ្មែរ​ក្រោម និង​យុវជន ទាមទារ​ឲ្យ​មាន​ការ​ទទួល​ស្គាល់​ប្រវត្តិសាស្ត្រ​របស់​រដ្ឋាភិបាល​វៀតណាម គឺ​ជា​រឿង​ត្រឹមត្រូវ ហើយ​លោក​ថា​បាតុកម្ម​ដោយ​សន្តិវិធី​របស់​ពួក​គេ គួរ​ទទួល​បាន​ការ​ការពារ​ពី​អាជ្ញាធរ​រដ្ឋាភិបាល។ ចំពោះ​ការ​ដាក់​ញត្តិ​ទៅ​ស្ថានទូត​ប្រទេស​សមាជិក​អាស៊ាន​វិញ លោក​ថា អាច​ទទួល​លទ្ធផល​តិចតួច​ណាស់ ប៉ុន្តែ​លោក​ថា​វា​ល្អ​ជាង​មិន​ធ្វើ​សោះ៖ «ក្នុង​ធម្មនុញ្ញ​អាស៊ាន បាន​និយាយ​ថា ប្រទេស​ដែល​ជា​សមាជិក​អាស៊ាន​មិន​លូក​ដៃ​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​នៃ​ប្រទេស​ដែល​ជា​សមាជិក​របស់​ខ្លួន​ទេ។ អ៊ីចឹង យើង​ហែ​ញត្តិ​ទៅ​គ្រាន់​តែ​បាន​ដូច​ថា វា​មាន​ប្រសើរ​ជាង​អត់ អា​ហ្នឹង​តែ​ប៉ុណ្ណឹង​ទេ ដើម្បី​ឲ្យ​គេ​ជួយ គ្រាន់​តែ​ថា​ដឹង​ឮ គ្រាន់​តែ​ជា​ពញ្ញាក់​អារម្មណ៍​ផង​ដែរ តែ​បើ​យើង​អត់​ធ្វើ​សោះ ដូច​ថា​ប្រទេស​វៀតណាម ចេះ​តែ​រំលោភ​ទៅ ប្រសិន​ណា​បើ​ខ្មែរ​ក្រោម​អត់​ធ្វើ​សោះ»

សម្រាប់ លោក​បណ្ឌិត រស់ រ៉ាវុធ ប្រសិន​បើ​រដ្ឋាភិបាល​មិន​ចង់​ឲ្យ​មាន​បាតុកម្ម ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សង្គម​ដូច​ដែល​ខ្លួន​មិន​ចង់​បាន​នោះ រដ្ឋាភិបាល​គួរ​តែ​កោះ​ហៅ​មន្ត្រី​ស្ថានទូត​វៀតណាម ប្រចាំ​កម្ពុជា ឆ្លើយ​បំភ្លឺ​ឲ្យ​បាន​ច្បាស់​ពី​បញ្ហា​ប្រវត្តិសាស្ត្រ​នេះ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​អស់​ចិត្ត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។