ដើម​បណ្ដឹង​ជា​ខ្មែរ​ក្រោម​២៥​នាក់​ចូលរួម​ស្ដាប់​សវនាការ​សាលា​ក្ដី​ខ្មែរ​ក្រហម

អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា បាន​អញ្ជើញ​ដើម​បណ្ដឹង​រដ្ឋប្បវេណី​នៃ​សំណុំ​រឿង​លេខ​០០២ មក​ចូលរួម​ស្ដាប់​ការ​កាត់​ក្ដី​អតីត​មេ​ដឹកនាំ​កំពូល​នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ជា​បន្តបន្ទាប់ ដើម្បី​ឲ្យ​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ទាំងអស់ និង​ប្រជាពលរដ្ឋ​ទូទៅ​បាន​យល់​ដឹង​អំពី​ដំណើរ​ការ​កាត់​ក្ដី និង​ការ​ឆ្លើយ​ត​ទល់​រវាង​សាក្សី និង​ជន​ជាប់​ចោទ​នៅ​ក្នុង​សំណុំ​រឿង​លេខ​០០២។

0:00 / 0:00

ភ្ជាប់​ទៅ​នឹង​បញ្ហា​នេះ សាលា​ក្ដី​ខ្មែរ​ក្រហម​បាន​អញ្ជើញ​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ជាង ២០​នាក់ ដើម្បី​ឲ្យ​ចូល​ស្ដាប់​នៅ​ក្នុង​អង្គ​សវនាការ​នៅ​ថ្ងៃ​ទី២០ មិថុនា។

ជន​រងគ្រោះ​នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​បាន​តាំង​ខ្លួន​ជា​ដើម​បណ្ដឹង​រដ្ឋប្បវេណី និង​ប្រជាពលរដ្ឋ​ទូទៅ​មក​ចូលរួម​នៅ​ក្នុង​សវនាការ​ជំនុំ​ជម្រះ​ក្ដី​នៅ​សាលា​ក្ដី​ខ្មែរ​ក្រហម មក​ទល់​ពេល​នេះ​មាន​ជាង ២​សែន​នាក់​ហើយ។

នៅ​ថ្ងៃ​ទី២០ មិថុនា អង្គភាព​គាំពារ​ជន​រងគ្រោះ​នឹង​ផ្ដល់​ឱកាស​ឲ្យ​ខ្មែរ​ក្រោម ដែល​ជា​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ចូល​ទស្សនា​ការ​កាត់​ក្ដី​ចំនួន ២៥​នាក់ ដែល​ចំនួន​នេះ​ជា​ចំនួន​ច្រើន​ជាង​ពី​ពេល​មុនៗ។ ខ្មែរ​ក្រោម​ជាង ២០​នាក់​នេះ មក​ពី​ខេត្ត​តាកែវ ជា​ខេត្ត​មួយ​ដែល​ខ្មែរ​ក្រហម​បាន​សម្លាប់​ខ្មែរ​ក្រោម​ច្រើន​នៅ​ក្នុង​របប​កាប់​សម្លាប់​នោះ។

ជន​រងគ្រោះ​នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ និង​ជា​ដើម​បណ្ដឹង​រដ្ឋប្បវេណី លោក សាន តូច នៅ​ស្រុក​គីរីវង់ ខេត្ត​តាកែវ បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី២០ មិថុនា លោក និង​ប្រជាពលរដ្ឋ​មួយ​ចំនួន​ទៀត​ទៅ​ចូលរួម​ស្ដាប់​ក្នុង​សវនាការ​កាត់​ទោស​មេ​ដឹកនាំ​ខ្មែរ​ក្រហម​ក្នុង​សំណុំ​រឿង​លេខ​០០២ គឺ​លោក នួន ជា និង​ខៀវ សំផន។ លោក​បញ្ជាក់​ថា ការ​មក​ចូលរួម​ក្នុង​សវនាការ​នេះ​មាន​សារៈសំខាន់​ណាស់​ក្នុង​នាម​ជា​ដើម​បណ្ដឹង​រដ្ឋប្បវេណី និង​ជា​ជន​រងគ្រោះ​នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ហើយ​នេះ​ជា​លើក​ទី៥ ហើយ ដែល​លោក​បាន​មក​ចូលរួម​ក្នុង​សវនាការ​នេះ។

នាយក​ប្រតិបត្តិ​អង្គការ​ការពារ​ជនជាតិ​ភាគ​តិច លោក អាង ចាន់រិទ្ធិ មាន​ប្រសាសន៍​ថា ក្នុង​ចំណោម​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ជា​ខ្មែរ​កម្ពុជា​ក្រោម​ទាំង ២៥​នាក់​នេះ មាន ១០​រូប សាលា​ក្ដី​អនុញ្ញាត​ឲ្យ​ចូល​ស្ដាប់​អង្គ​សវនាការ​ដោយ​ផ្ទាល់ និង ១៥​នាក់​ផ្សេង​ទៀត ឲ្យ​ស្ដាប់ និង​មើល​តាម​កញ្ចក់​ទូរទស្សន៍​នៅ​ខាង​ក្រៅ​បន្ទប់​សវនាការ។ លោក អាង ចាន់រិទ្ធិ បញ្ជាក់​ថា ការ​អនុញ្ញាត​ឲ្យ​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ចូលរួម​ក្នុង​សវនាការ​នេះ​ជា​រឿង​សំខាន់ ដើម្បី​ឲ្យ​ពួក​គាត់​បាន​យល់​ដឹង​អំពី​នីតិវិធី​របស់​សាលា​ក្ដី។

ក្រៅ​ពី​ខ្មែរ​ក្រោម​មក​ចូលរួម​ក្នុង​សវនាការ​នេះ គឺ​ជនជាតិ​វៀតណាម នៅ​មាន​ចំនួន​តិច​នៅ​ឡើយ​ដែល​ខាង​សាលា​ក្ដី​ខ្មែរ​ក្រហម​អនុញ្ញាត​ឲ្យ​ចូលរួម​នោះ។ លោក អាង ចាន់រិទ្ធិ អះអាង​ថា វៀតណាម ខ្មែរ​ក្រហម​បាន​សម្លាប់​ច្រើន​ដែរ​នៅ​ក្នុង​របប​ខ្មែរ​ក្រហម សម្លាប់​ច្រើន​ដែរ​ចំពោះ​អ្នក​ដែល​បាន​រៀប​ការ​យក​ប្ដី ឬ​ប្រពន្ធ​ខ្មែរ ហើយ​មិន​បាន​វិល​ទៅ​កាន់​ប្រទេស​វៀតណាម វិញ​នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​នោះ។

ទាក់ទង​ទៅ​នឹង​បញ្ហា​នេះ នៅ​ក្នុង​អង្គ​សវនាការ​នា​ព្រឹក​ថ្ងៃ​ទី១៩ មិថុនា នេះ សាក្សី​ដែល​ផ្ដល់​សក្ខីកម្ម​នៅ​ក្នុង​សវនាការ លោក នួ ម៉ៅ បាន​អះអាង​ថា លោក ខៀវ សំផន ជា​អ្នក​គាំទ្រ​ឲ្យ​មាន​ការ​ជម្លៀស​ប្រជាជន​ចេញ​ពី​ទីក្រុង។ លោក​បញ្ជាក់​ថា ខ្មែរ​ក្រហម​បាន​យក​ខ្មែរ​ដែល​ទៅ​រៀន​នៅ​វៀតណាម ឬ​ហៅ​ថា​ខ្មែរ​វៀតមិញ យក​ទៅ​សម្លាប់​ប្រមាណ ៣​ពាន់​នាក់ ក្រោម​រូបភាព​ថា​យក​ទៅ​រៀន​សូត្រ។

មន្ត្រី​នាំ​ពាក្យ​សាលា​ក្ដី​ខ្មែរ​ក្រហម លោក នេត្រ ភក្ដ្រា មាន​ប្រសាសន៍​ថា គិត​ទាំង​សំណុំ​រឿង​០០១ និង ០០២ គឺ​មាន​ដើម​បណ្ដឹង​រដ្ឋប្បវេណី និង​ប្រជាពលរដ្ឋ​ទូទៅ​មាន​ជាង ២​សែន​នាក់ ហើយ​បាន​មក​ចូលរួម​ក្នុង​សវនាការ​កាត់​ទោស​អតីត​មេ​ដឹកនាំ​ខ្មែរ​ក្រហម គិត​ពី​ឆ្នាំ​២០០៩ មក ដើម្បី​ឲ្យ​ពួក​គាត់​បាន​យល់​ដឹង​បន្ថែម​អំពី​ដំណើរ​ការ​សាលា​ក្ដី។

ជន​រងគ្រោះ​នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ បាន​តាំង​ខ្លួន​ជា​ដើម​បណ្ដឹង​រដ្ឋប្បវេណី​មាន​ជាង ៣.៨០០​នាក់ ក្នុង​នោះ​មាន​ខ្មែរ​ក្រោម​ចំនួន ១៣៤​នាក់ នៅ​ក្នុង​សំណុំ​រឿង​លេខ​០០២។ ដោយ​ឡែក​ខ្មែរ​ក្រោម​ចំនួន ១៣២​នាក់​ទៀត បាន​ដាក់​ពាក្យ​តាំង​ខ្លួន​ជា​ដើម​បណ្ដឹង​រដ្ឋប្បវេណី​នៅ​ក្នុង​សំណុំ​រឿង​លេខ​០០៤ សាលា​ក្ដី​ខ្មែរ​ក្រហម​មិន​ទាន់​ទទួល​ស្គាល់​នៅ​ឡើយ​មក​ទល់​ពេល​នេះ។

មេធាវី​ការពារ​ក្ដី​ឲ្យ​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ខ្មែរ​កម្ពុជា​ក្រោម លោក សំ សុគង់ មាន​ប្រសាសន៍​ថា ដើម​បណ្ដឹង​រដ្ឋប្បវេណី​ខ្មែរ​ក្រោម​ជាង ១៣០​នាក់​នេះ គឺ​ពួក​គាត់​ស្ទើរ​តែ​ទាំងអស់​ត្រូវ​បាន​សាលា​ក្ដី​អញ្ជើញ​ឲ្យ​មក​ចូលរួម​នៅ​ក្នុង​សវនាការ។ លោក សំ សុគង់ បញ្ជាក់​ថា ក្នុង​ចំណោម​ខ្មែរ​ក្រោម​ជាង ១៣០​នាក់​នោះ មាន​ពីរ​នាក់​អង្គ​ជំនុំ​ជម្រះ​បាន​អនុញ្ញាត​មក​ធ្វើ​សក្ខីកម្ម​នៅ​ក្នុង​សវនាការ គឺ​លោក ចៅ នី និង​លោក សឺន សុវណ្ណឌី កាល​ពី​ពេល​ថ្មីៗ​នេះ ក្នុង​សំណុំ​រឿង​លេខ​០០២ នឹង​បើក​ឱកាស​ឲ្យ​សួរ​សំណួរ​ជាច្រើន​ទៅ​កាន់​មេ​ដឹកនាំ​ជាន់​ខ្ពស់​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ គឺ​លោក ខៀវ សំផន និង​លោក នួន ជា។

លើស​ពី​នេះ​ទៀត ខ្មែរ​ក្រោម​បាន​តាំង​ខ្លួន​ជា​ដើម​បណ្ដឹង​រដ្ឋប្បវេណី​នោះ តើ​អង្គ​ជំនុំ​ជម្រះ​នឹង​ជ្រើស​រើស​ឲ្យ​ឡើង​មក​ផ្ដល់​សក្ខីកម្ម​បន្ថែម​ទៀត ឬ​យ៉ាង​ណា​ទេ​នៅ​ពេល​ខាង​មុខ?

សាល​សវនាការ​របស់​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (អ.វ.ត.ក) មាន​កៅអី​ចំនួន​៤៨២ សម្រាប់​សាធារណជន​ទូទៅ មន្ត្រី​អង្គទូត និង​តំណាង​សារព័ត៌មាន (តំណាង​សារព័ត៌មាន​ត្រូវ​មាន​ប័ណ្ណ​ព័ត៌មាន​ដែល​ចេញ​ដោយ អ.វ.ត.ក)។ នៅ​ថ្ងៃ​សវនាការ​ធម្មតា ការ​បែង​ចែក​កៅអី គឺ​អនុវត្ត​តាម​គោលការណ៍​អ្នក​មក​មុន​បាន​មុន លើក​លែង​តែ​ការ​មក​ជា​ក្រុម​ដែល​មាន​សមាជិក​លើស​ពី ៥​នាក់ ត្រូវ​តែ​ចុះ​ឈ្មោះ​ជា​មុន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។