អូស្ត្រាលី​សន្យា​ផ្ដល់​ជំនួយ​ថវិកា​ដល់​សាលាក្ដី​ខ្មែរ​ក្រហម

2008-04-04

សាលាក្តីខ្មែរក្រហម បានទទួលការប្រកាស សន្យាផ្តល់ ជំនួយថវិកា ពីប្រទេសអូស្ត្រាលី នូវចំនួនទឹកប្រាក់ កន្លះលាន ដុល្លារអូស្ត្រាលី ដើម្បីបន្តការងារ ជំហានទីពីររបស់ខ្លួន ។

ការប្រកាសឱ្យដឹងនេះ បានធ្វើឡើងនៅក្នុង សន្និសីទសារព័ត៌មាន រួមគ្នាមួយ របស់លោក សុខ ឤន ឧបនាយករដ្ឋមន្ត្រី និងជា រដ្ឋមន្ត្រី ទីស្តីការគណៈរដ្ឋមន្ត្រី នៃប្រទេសកម្ពុជា និងលោក បប់ ម៉័កម៉័លលែន (Bob McMullan) រដ្ឋមន្ត្រី ទទួលបន្ទុក ជំនួយកិច្ចការ អភិវឌ្ឍន៍អន្តរជាតិ នៃប្រទេស អូស្ត្រាលី ។ សន្និសីទសារព័ត៌មាន រួមគ្នានេះ បានធ្វើឡើង កាលពីព្រឹកថ្ងៃទី ៣ មេសា ឆ្នាំ ២០០៨ នៅឯ ទីស្តីការគណៈរដ្ឋមន្ត្រី នៃប្រទេសកម្ពុជា ។

តាមប្រសាសន៍របស់លោក បប់ ម៉័កម៉័លលែន រដ្ឋមន្ត្រី ទទួលបន្ទុក ជំនួយកិច្ចការ អភិវឌ្ឍន៍អន្តរជាតិ នៃប្រទេស អូស្ត្រាលី បានប្រកាសឱ្យដឹង ដូច្នេះថា ៖ «យើងនៅតែផ្តោត លើការផ្តល់យុត្តិធម៌ ឱ្យបានពេញលេញ និង មានប្រសិទ្ធភាព អំពីបញ្ហានេះ»

លោកឧបនាយករដ្ឋមន្ត្រី សុខ ឤន មានប្រសាសន៍ថា ប្រទេសអូស្ត្រាលី ជាប្រទេស មុនគេហើយ ដែលបានប្រកាស សន្យា ផ្តល់វិភាគទាន ៥០ម៉ឺន ដុល្លារអូស្ត្រាលី ដល់ សាលាក្តីខ្មែរក្រហម សម្រាប់ដំណាក់ទីពីរ បន្ទាប់ពីសាលាក្តីនេះ បានអំពាវនាវ រកថវិកាបន្ថែម នាពេលថ្មីៗនេះ ដោយលោក មានប្រសាសន៍ បន្ថែមដូច្នេះ ៖ «ឯកឧត្តម បប់ ម៉័កម៉័លលែន កំពុងប្រកាសមុនគេ អំពី ការផ្តល់ថវិកាវិភាគទាន ហើយ យើងស្វាគមន៍ ការប្រកាសដទៃទៀត»

លោកឧបនាយករដ្ឋមន្ត្រី សុខ ឤន ក៏បានបញ្ជាក់ជាថ្មីថា ថវិកា របស់ សាលាក្តីខ្មែរក្រហម សម្រាប់ ដំណាក់កាលទីមួយ នឹងត្រូវអស់ នៅចុងឆ្នាំ ២០០៨ នេះហើយ ហើយសាលាក្តី កំពុងត្រូវការ ថវិកាបន្ថែម ដើម្បីឱ្យដំណើររបស់ខ្លួន ប្រព្រឹត្តទៅ ចប់ចុងចប់ដើម ។

លោកឧបនាយករដ្ឋមន្ត្រី សុខ ឤន រំពឹងថា នឹងមិនមានបញ្ហា ជាមួយថវិកាទេ ព្រោះសាលាក្តីនេះ បានចំណាយថវិកា តិចជាងគេ បើប្រៀបធៀបទៅនឹង សាលាក្តីអន្តរជាតិ ដទៃៗទៀត ។ ហើយលោកថា នេះជាចំណុចខ្លាំង របស់សាលាក្តីខ្មែរក្រហម ។

លោកស្រី ហេលែន ចាវីស មន្ត្រីនាំពាក្យ សម្រាប់ សាលាក្តីខ្មែរក្រហម មានប្រសាសន៍ថា ការសន្យា ផ្តល់ជំនួយ របស់ប្រទេសអូស្ត្រាលីនេះ ជាការលើកទឹកចិត្តមួយ សម្រាប់ ប្រទេសដទៃ ធ្វើតាម ។

សូមជម្រាបជូនថា បច្ចុប្បន្ននេះ សាលាក្តីខ្មែរក្រហម កំពុងស្វែងរក ថវិកា ចំនួន ១១៤ ដុល្លារឤមេរិក បន្ថែមទៀត ដើម្បីបង្គ្រប់ ថវិកាសរុប ចំនួន ១៧០លានដុល្លារ សម្រាប់ ដំណើរការ កាត់ក្តី រឿងរ៉ាវ របស់ មេដឹកនាំខ្មែរក្រហម រហូតដល់នៅឆ្នាំ ២០១១ ៕

អត្ថបទ​ដែល​ទាក់ទង

មេ​ខ្មែរ​ក្រហម​៤រូប​អាច​នឹង​ត្រូវ​ជំនុំ​ជម្រះ​រួម​គ្នា​ក្នុង​សវនាការ​មួយ

អង់គ្លេស​ស្វាគមន៍​ការ​ចាប់​ខ្លួន​ជន​សង្ស័យ​ខ្មែរក្រហម

អតីត​ជនសង្ស័យ​ខ្មែរក្រហម​ម្នាក់​ទៀត​ត្រូវ​បាន​ចាប់ខ្លួន

អៀង សារី-អៀង ធីរិទ្ធ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ជួប​គ្នា​ម្ដង​ក្នុង​១​សប្ដាហ៍

ក្រសួង​អប់រំ​គ្រោង​បញ្ចូល​មុខវិជ្ជា​ស្ដីពី​របប​ខ្មែរក្រហម​ក្នុង​កម្មវិធី​សិក្សា

ជីវប្រវត្តិសង្ខេប របស់ ខៀវ សំផន

សាលាក្តី​ខ្មែរ​ក្រហម​ប្រតិកម្ម​ចំពោះ​អង្គការ​OSJI

បារាំង​នឹង​ផ្តល់​ប្រាក់១​លាន​ដុល្លារ​ដល់​សាលាក្តី​ខ្មែរក្រហម

មន្ទិល​សង្ស័យ​អំពើ​ពុករលួយ​ក្នុង​សាលាក្តី​ខ្មែរ​ក្រហម​ត្រូវ​បាន​ជម្រះ

សាលាក្តី​ខ្មែរក្រហម​បាត់​បង់​ប្រាក់​ជាង​១​សែន​ដុល្លារ


 
Radio Free Asia
2025 M Street NW, Suite 300
Washington DC 20036, USA
202-530-4900
khmweb@rfa.org