បទចម្រៀងពីសង្គមចាស់នៅមុនបដិវត្តន៍ ច្រើនបង្កប់ទៅដោយមនោសញ្ចេតនា ស្នេហាអន្លង់អន្លោច ឬភាពកំប្លុកកំប្លែងគួរឱ្យរីករាយ ។ រីឯចម្រៀងបដិវត្តន៍វិញ ភាគច្រើនបំផុតបង្កប់ដោយអត្ថន័យហិង្សា ការបញ្ឆេះកំហឹងវណ្ណៈ រវាងវណ្ណៈសក្តិភូមិនាយទុន និងវណ្ណៈអធន កម្មករ កសិករ ការដុតកម្ដៅកំហឹងឈឺចាប់ ចំពោះខ្មាំងជាប់ជានិច្ច និងអត្ថន័យវាយសម្រុកមុះមុតដាច់ខាតចំពោះខ្មាំង ។
បទភ្លេងជាតិរបស់របបកម្ពុជាប្រជាធិបតេយ្យ មានឈ្មោះថា "១៧ មេសា មហាជោគជ័យ" ដែលឯកសាររបស់មជ្ឈមណ្ឌលឯកសារកម្ពុជា កត់ត្រាថា ប៉ុល ពត ជាអ្នកនិពន្ធនោះ គឺជាឧទាហរណ៍ជាក់ស្តែងមួយនៃចម្រៀងបដិវត្តន៍ ដែលស្តាប់ទៅប្រកបដោយហិង្សា ។
ភ្លេងជាតិរបស់របបកម្ពុជាប្រជាធិបតេយ្យ ៖ "ឈាមក្រហមច្រាល ស្រោចស្រពក្រុងវាល កម្ពុជាមាតុភូមិ ឈាមកម្មករកសិករដ៏ឧត្តម ឈាមយុទ្ធជន យុទ្ធនារីបដិវត្តន៍ ឈាមប្រែក្លាយជាកំហឹងខ្លាំងក្លា តស៊ូមោះមុត ដប់ប្រាំពីរមេសា ក្រោមទង់បដិវត្តន៍ ឈាមរំដោះ ផុតពីភាពខ្ញុំគេ ។ ជយោ! ជយោ! ដប់ប្រាំពីរមេសាជោគជ័យមហាអស្ចារ្យ មានន័យធំធេង លើសសម័យអង្គរ យើងរួបរួមគ្នា កសាងកម្ពុជា និងសង្គមថ្មីបវរ ប្រជាធិបតេយ្យ សមភាព និងយុត្តិធម៌ តាមមាគ៌ាម្ចាស់ការ ឯករាជ្យរឹងមាំ" ។
នៅក្នុងសន្ទរកថានាថ្ងៃរំឭកខួបលើកទី១៧ នៃបក្សកុម្មុយនីស្តកម្ពុជា ឆ្នាំ១៩៧៧ ប៉ុល ពត ថ្លែងបានបញ្ជាក់អំពីអត្ថន័យ "ឈាម" នៅក្នុងភ្លេងជាតិកម្ពុជាប្រជាធិបតេយ្យ ដូច្នេះថា ៖ «ជាច្រើនពាន់ឆ្នាំមកហើយ ដែលគ្មានបក្សដឹកនាំក៏ថា ការតស៊ូរបស់ប្រជាជនយើង បានឆ្លងកាត់នូវការលំបាកវេទនាគ្រប់បែបយ៉ាង បានធ្វើពលិកម្មគ្រប់បែបយ៉ាង ឈាម ឆ្អឹង សាច់ស្រស់ៗរបស់ប្រជាជនយើង បានក្លាយទៅជាទឹក ទៅជាដីនៅក្នុងប្រទេសកម្ពុជាយើងទាំងមូល ។ ដូច្នេះហើយបានជាភ្លេងជាតិរបស់យើងទាំងអស់គ្នា បានស្គាល់រៀងរាល់ថ្ងៃ បានបង្ហាញច្បាស់នូវសភាពពិត នៃការតស៊ូរបស់ប្រជាជនយើង ។ ឈាមដែលស្រោចស្រប់ពាសពេញទឹកដីកម្ពុជា ឈាមដែលស្រោចស្រប់វាលរាប ជនបទ ទីក្រុង ចុងកាត់មាត់ញក ទាំងអស់នេះ គឺជាឈាមរបស់ប្រជាជនយើងដែលតស៊ូក្នុងរយៈពេល ១៥ឆ្នាំ ក្រោមការដឹកនាំរបស់បក្សផង ហើយជាឈាមដែលស្រោចស្រប់ទូទាំងប្រទេសរបស់ប្រជាជនយើង ដែលតស៊ូមុនពេលបក្សដឹកនាំផង ។ បើតាមប្រវត្តិដែលយើងរៀបរាប់មកហើយនេះ ឃើញថាឈាមនេះ ស្រោចស្រប់តាំងពីជំនាន់ទាសភាពម្ល៉េះ ។ ដូច្នេះឈាមនេះស្រោចស្រប់តាំងពី២០០០ ឆ្នាំកន្លងមកហើយ ឈាមនេះស្រោចស្រប់ទឹកដីរបស់យើងពាសពេញ ក៏ប៉ុន្តែឈាមមិនដណ្តើមបានជ័យជម្នះឡើយ ។ លុះត្រាតែឆ្នាំ១៩៦០ ពេលដែលបក្សមានមាគ៌ាបដិវត្តន៍ត្រឹមត្រូវ បានឈាមរបស់ប្រជាជនយើងដែលពលីទៅ ដែលបានស្រោចស្រប់ទៅទូទាំងប្រទេស គ្រប់ច្រកល្ហក ទើបដណ្តើមបានជ័យជម្នះ ហើយជ័យជម្នះទាំងបណ្តេញចក្រពត្តិគ្រប់ប្រភេទឲ្យចេញពីប្រទេសកម្ពុជា ឲ្យផុតរលត់ជារៀងរហូតផង ហើយដេញកម្ចាត់នូវវណ្ណៈជិះជាន់ផ្សេងៗឲ្យផុតរលត់ជារៀងរហូតផង» ។
ប៉ុល ពត បានលើកឡើងទៀតថា ភ្លេងជាតិកម្ពុជាធិបតេយ្យ គឺជាកម្លាំងនៃចលនាតស៊ូ របស់ប្រជាជនកម្ពុជាទាំងមូល ហើយតាក់តែងឡើងដោយឈាមដែលបានពលីរាប់សតវត្សរ៍មក ។ ប៉ុល ពត បានបន្ថែមថាក្រោយពីមហាជ័យជម្នះ ១៧ មេសា ភ្លេងជាតិបានកំណត់ភារកិច្ចថ្មីថែមទៀត គឺត្រូវប្រយុទ្ធការពារមាតុភូមិ ការពារប្រទេសកម្ពុជាថ្មី ការពាររដ្ឋអំណាច កម្មករ កសិកររបស់បក្ស ការពារដាច់ខាត ហើយត្រូវប្រយុទ្ធកសាងប្រទេសកម្ពុជាថ្មី កសាងឲ្យបានឆាប់រហ័ស ឲ្យបានមហាលោតផ្លោះ មហារុងរឿង មហាអស្ចារ្យ ដូចវគ្គចុងក្រោយនៃភ្លេងជាតិដូច្នោះដែរ ។
ភ្លេងជាតិវគ្គចុងក្រោយ ៖ "ប្តេជ្ញាដាច់ខាត ការពារមាតុភូមិ ទឹកដីឧត្តម បដិវត្តន៍ដ៏រុងរឿង ជយោ! ជយោ! ជយោ! កម្ពុជាថ្មី ប្រជាធិបតេយ្យសម្បូរថ្កុំថ្កើង ប្តេជ្ញាជ្រោងគ្រវីទង់បដិវត្តន៍ក្រហមខ្ពស់ឡើង សាងមាតុភូមិយើងឱ្យចម្រើន លោតផ្លោះ មហារុងរឿង មហាអស្ចារ្យ" ។
ចំពោះទង់ជាតិកម្ពុជាប្រជាធិបតេយ្យ ដែលមានចែងត្រង់មាត្រា១៦ នៃរដ្ឋធម្មនុញ្ញកម្ពុជាប្រជាធិបតេយ្យ មានផ្ទៃពណ៌ក្រហម និងរូបប្រាសាទពណ៌លឿង នៅចំកណ្តាលជានិមិត្តរូបនៃប្រពៃណីជាតិ និងប្រជាជនដែលជាអ្នកការពារប្រទេស ជាអ្នកស្ថាបនាប្រទេសឲ្យបានថ្កុំថ្កើងរុងរឿង ។ រីឯផ្ទៃពណ៌ក្រហមជានិមិត្តរូប នៃចលនាបដិវត្តន៍ ការប្រយុទ្ធមោះមុត អង់ឤចក្លាហានក្នុងការរំដោះជាតិ ការពារជាតិ និងកសាងជាតិកម្ពុជារបស់ប្រជាជនកម្ពុជា ។
ចំណែកឯ លោក ទឹម ហុង អតីតមេបញ្ជាការកងទ័ពភូមិភាគនិរតីមួយរូប ដែលធ្លាប់ចូលរួមវគ្គរៀនសូត្រ នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ បានរំឭកអំពីខ្លឹមសាររបស់ទង់ជាតិកម្ពុជាប្រជាធិបតេយ្យ ដែលគេបានប្រកាសប្រាប់លោកដូច្នេះ ៖ «ក្រោយ ១៧ មេសា គឺទង់ជាតិរូបអង្គរវត្ត កំពូលបីពណ៌លឿង ហើយក្រៅពីហ្នុង ពណ៌ក្រហមជាពណ៌ឈាម ។ គេពន្យល់ន័យថា ពណ៌លឿងនោះវាជានិមិត្តរូបនៃជនជាតិឤស៊ី ហើយរូបសំណាកអង្គរគឺជានិមិត្តរូបនៃអរិយធម៌នៃកម្ពុជាយើង ហើយពណ៌ក្រហមនោះ វាជាការដណ្តើមជ័យជម្នះពីចក្រពត្តិឤមេរិកាំង ដោយឈាមហូរប្រថពី បានយើងដណ្តើមបានជ័យជម្នះនេះ គេប្រកាសអ៊ីចឹង» ។
បទចម្រៀងបដិវត្តន៍ខ្លះទៀត បានបកស្រាយអំពីអត្ថន័យនៃវីរភាពប្រយុទ្ធរបស់ប្រជាជន កម្មាភិបាល និងកងទ័ព ដែលហ៊ានធ្វើពលីកម្ម ដើម្បីបុព្វហេតុបដិវត្តន៍ក្រហមឆ្អិនឆ្អៅ និងមហិមា ដូចជាតួអង្គវីរជនបដិវត្តន៍ឈ្មោះ យុទ្ធមិត្ត សាយ និងយុទ្ធមិត្ត ដាំ ផេង នៅក្នុងរឿងល្ខោន ឬភាពយន្តរបស់កម្ពុជាប្រជាធិបតេយ្យជាដើម ។
ក្រៅពីបទភ្លេងជាតិដែលស្តាប់ទៅប្រកបដោយអំពើហិង្សា និងបទចម្រៀងបដិវត្តន៍ខ្លះទៀត ដែលបកស្រាយតែអំពីវីរភាពធ្វើពលិកម្មរបស់ប្រជាជន កម្មាភិបាល និងកងទ័ពបដិវត្តន៍នោះ នៅមានបទចម្រៀងបដិវត្តន៍ជាច្រើនទៀត ដែលផ្តោតជាសំខាន់តែលើការវាយសម្រុកបង្កបង្កើនផល និងលើកទំនប់ជីកប្រឡាយជាដើម ។
ចម្រៀង ៖ “យើងប្តេជ្ញាច្រូតស្រូវឱ្យហើយឆាប់ ប្រមូលផលទុកដាក់គ្រប់សព្វកុំកន្តើយ បន្ទាប់ពីច្រូតកាត់ទុកដាក់ផលរួចហើយ សម្រុកឥតធ្លោយលើកភ្លឺស្រែថ្មី...” ។
ក្រៅពីនោះក៏មានចម្រៀងជូនពរផងដែរ ៖ “ពាយ័ព្យជាបង្អែកផលិតកម្ម កម្ពុជា... យើងខ្ញុំជូនពរបងប្អូនពាយ័ព្យ ឤយុយឺនយូរ សុខភាពបរិបូរណ៍ កម្លាំងខ្លាំងក្លា...” ។
ចម្រៀងទាំងអស់នោះគឺប្រកបទៅដោយពាក្យពេចន៍បដិវត្តន៍ដ៏គួរឱ្យចាប់ឤរម្មណ៍ ហើយមានចង្វាក់យឺតៗ ក៏ប៉ុន្តែសម្តីដាច់ៗធ្ងន់ៗ ។ ប្រជាជនជាច្រើននាក់បាននិយាយថា ពួកគេមិនចូលចិត្តបទចម្រៀងទាំងអស់នោះទេ ។
ដូចអ្នកស្រី ហ៊ីង កន ដែលធ្លាប់នៅភូមិភាគពាយ័ព្យបានឲ្យដឹងថា អ្នកស្រីស្អប់បទចម្រៀងទាំងនោះណាស់ ក៏ប៉ុន្តែទោះជាមិនពេញចិត្តយ៉ាងណាក៏ដោយ ក៏អ្នកស្រីបានត្រឹមតែលាក់ទុកក្នុងចិត្តប៉ុណ្ណោះ គឺមិនឤចសម្តែងចេញឲ្យអ្នកដទៃដឹងឡើយ ។
អ្នកស្រីមានប្រសាសន៍ដូច្នេះ ៖ «ស្អប់ណាស់ អត់ចូលចិត្តទេ ឮសូរចម្រៀងហ្នឹងដូចអត់មានក្នុងចិត្ត ឤរម្មណ៍ឆ្អែតហើយ ។ មិនចូលចិត្តក៏ទុកក្នុងចិត្ត អត់និយាយទេ ច្រៀងអីច្រៀងទៅ រាំអីរាំទៅ ធ្វើអីធ្វើទៅ ស្រេចតែអ្នកឯងចុះ» ។
សាក្សីម្នាក់ទៀតបាននិយាយថា បើទោះជាគាត់មិនចង់ស្តាប់ មិនចង់ឮក៏ដោយ ក៏មិនឤចចៀសផុតដែរ ។
ជារឿយៗចម្រៀងបដិវត្តន៍ដែលចាក់ផ្សាយតាមវិទ្យុជាតិ ត្រូវបានចាក់បំពងតាមឧគ្ឃោសនសព្ទ ដើម្បីឱ្យអ្នកធ្វើការនៅតាមការដ្ឋានទាំងអស់បានស្តាប់ពីព្រោះប្រជាជនកម្ពុជាទាំងអស់ ពុំមានវិទ្យុស្តាប់ទេ ៕
