ជីវិតា ៖ សំណួរដំបូងរបស់ខ្ញុំគឺថា ហេតុអ្វីបានជាកងទ័ពវៀតណាមឈ្លានពានប្រទេសកម្ពុជានៅចុងឆ្នាំ១៩៧៨ ?
ប៊ុយ ទីន ៖ ខ្ញុំគិតថា ដំបូងឡើយមេដឹកនាំកុម្មុយនីស្តវៀតណាម មិនមានបំណងនឹងឈ្លានពានខ្មែរក្រហមសោះឡើយ ។ នេះជាការពិត ពីព្រោះក្រោយពេលសង្គ្រាមនិងក្រោយពេលការរួបរួមជាតិឡើងវិញ វៀតណាមបានជួបប្រទះបញ្ហាធំៗជាច្រើននៅក្នុងប្រទេស ។ ដូច្នេះមេដឹកនាំកុម្មុយនីស្តនិងប្រជាជនទាំងអស់ ចង់បានសន្តិភាពតែប៉ុណ្ណោះ ពីព្រោះក្រោយពីសង្គ្រាមដែលមានរយៈពេល៣០ឆ្នាំមក ប្រទេសវៀតណាមបានរងការខ្ទេចខ្ទាំនិងខូចខាតបាត់បង់ជាច្រើន ហើយមនុស្សជាច្រើនត្រូវស្លាប់និងរងរបួស ។ ដូច្នេះយើងចង់បានសន្តិភាព ឈប់ធ្វើសង្គ្រាម និងធ្វើការស្ថាបនាប្រទេសរបស់យើងឡើងវិញ ។ ប៉ុន្តែខ្ញុំដឹងច្បាស់ណាស់ថា គោលបំណងរបស់មេដឹកនាំប្រទេសចិននិងខ្មែរក្រហម គឺការបំផុសឱ្យមានសង្គ្រាម ។
នៅក្នុងយុទ្ធសាស្រ្ដរបស់ប្រទេសចិន គឺចិនចង់ធ្វើឱ្យប្រទេសវៀតណាមចុះទន់ខ្សោយ ក្រោយពេលដែលវៀតណាមបានរួបរួមគ្នាឡើងវិញនោះ ។ ពួកគេមិនចង់ឱ្យប្រទេសវៀតណាមមានឯកភាពជាតិ ហើយក្លាយជាប្រទេសធំមួយនោះឡើយ ។ ដូច្នេះពួកគេក៏បានប្រើពួកខ្មែរក្រហមជាឧបករណ៍ ហើយជំរុញឱ្យខ្មែរក្រហមបង្កសង្គ្រាមតាមបណ្តោយព្រំដែនភាគខាងត្បូងរវាងប្រទេសទាំងពីរ ។
នៅពេលពួកខ្មែរក្រហមបានវាយយកទីក្រុងភ្នំពេញបាន ហើយជម្លៀសប្រជាជនចេញពីទីក្រុងនិងទីប្រជុំជនទៅកាន់ស្រុកស្រែ ។ ជនបរទេសដែលមានវត្តមានលើទឹកដីខ្មែរនៅពេលនោះ គឺមានតែជនជាតិចិនតែប៉ុណ្ណោះ ។ មានមន្ត្រីនិងទាហានចិនចំនួនប្រមាណជា ៧ពាន់នាក់ នៅក្នុងប្រទេសកម្ពុជា ហើយពួកគេស្ថិតនៅក្នុងទីក្រុងភ្នំពេញ ។ ពេលនោះមានស្ថានទូត៥តែប៉ុណ្ណោះ ក្នុងទីក្រុងភ្នំពេញនេះ ។
ជីវិតា ៖ លោកមានប្រសាសន៍ថា ប្រទេសចិនបានប្រើប្រាស់ខ្មែរក្រហមដើម្បីបង្កសង្គ្រាមជាមួយនឹងប្រទេសវៀតណាមហើយថា ចិនមិនចង់ឱ្យប្រទេសវៀតណាមមានការរួបរួមគ្នាឡើងវិញទេ ក្នុងបំណងធ្វើឱ្យប្រទេសវៀតណាមចុះទន់ខ្សោយ ។ តើលោកមានភស្តុតាងអ្វីជាសំអាងដែរឬទេ ?
ប៊ុយ ទីន ៖ នៅខែកុម្ភៈនិងមីនា ឆ្នាំ១៩៧៩ ប្រទេសចិនបានឈ្លានពានភាគខាងជើងប្រទេសវៀតណាម ។ នៅគ្រានោះយើងបានជួបឈ្លើយសឹកចិនជាង៦០០នាក់ ហើយអ្នកទោសជនជាតិចិនទាំងអស់នោះបាននិយាយពីគោលបំណងរបស់ចិនហ្នឹង ។ ខ្ញុំបានជួបជាមួយនឹងអ្នកទោសចិនជាច្រើននាក់នៅគ្រានោះ ។ បើតាមការសាកសួររបស់ខ្ញុំនិងចម្លើយរបស់ពួកអ្នកទោសទាំងនោះ ពួកគេបានប្រកាសថា នោះគឺជាបំណងរបស់មេដឹកនាំចិន ។
ជីវិតា ៖ ពួកគេបញ្ជាក់ថា ប្រើប្រាស់ខ្មែរក្រហមដើម្បីបង្កសង្គ្រាមជាមួយនឹងវៀតណាមនោះជាបំណងរបស់មេដឹកនាំចិនអ៊ីចឹងមែនទេ ?
ប៊ុយ ទីន ៖ មែនហើយពួកគេមានបំណងប្រើប្រាស់ខ្មែរក្រហមដើម្បីបង្កសង្គ្រាម ។ លោក ហ៊ុន សែន ក៏បានបញ្ចេញយោបល់ដូចគ្នានេះដែរ ។ ខ្ញុំបានជួបជាមួយនឹងលោក ហ៊ុន សែន និង ហេង សំរិន ជាច្រើនដង ។ ពួកគេបាននិយាយថា ចិនចង់ប្រើប្រាស់ខ្មែរក្រហមជាឧបករណ៍ដើម្បីបង្កសង្គ្រាមធ្វើឱ្យប្រទេសវៀតណាមចុះទន់ខ្សោយ ។ មានកត្តាមួយចំនួនដែលអាចបញ្ជាក់បានអំពីគោលបំណងបែបនេះរបស់ចិន ។ ដំបូងឡើយពួកគេបានគិតថា ក្រោយពេលសង្គ្រាមប្រទេសវៀតណាមចុះទន់ខ្សោយយ៉ាងខ្លាំង ហើយបានជួបប្រទះការលំបាកជាច្រើន ។ ការលំបាកទីមួយ គឺថាពួកវៀតណាមខាងត្បូងមិនស្ដាប់បង្គាប់ពួកវៀតណាមខាងជើងទេ ។ ពួកគេបាននិយាយថា ពួកគេត្រូវតែបំផុសឱ្យមានការបះបោរនៅភាគខាងត្បូង ពីព្រោះពេលនោះវៀតណាមខាងត្បូងគឺទើបតែត្រូវបានរំដោះថ្មីៗ ។ ដូច្នេះប្រជាជនភាគខាងត្បូងមានបញ្ហាធំ ហើយមានស្ថិតិអារម្មណ៍ការប្រឆាំងនឹងវៀតណាមខាងជើងដែលជាពួកកុម្មុយនីស្ត ។ ពួកចិននិយាយទៀតថា វៀតណាមខាងត្បូងមិនចុះសម្រុងជាមួយនឹងពួកវៀតណាមកុម្មុយនីស្តខាងជើងទេ ។ ដូច្នេះពួកចិនបានផ្ដល់ហេតុផលថា ឱកាសបានមកដល់ហើយ បើមិនបំផ្ទុះសង្រ្គាមប្រឆាំងនឹងពួកវៀតណាមនៅពេលនោះទេ ពួកគេនឹងគ្មានឱកាសទៀតទេ ។
ជីវិតា ៖ តើលោកមានឯកសារបញ្ជាក់ដែរឬទេ ?
ប៊ុយ ទីន ៖ ពួកគេមានឯកសារ ប៉ុន្តែតាមការពិតជាក់ស្តែងគឺទង្វើរបស់ចិនបានបង្ហាញយ៉ាងច្បាស់អំពីគោលបំណងរបស់ខ្លួន ។ ដំបូងឡើយហេតុអីបានជាចិន នៅពេលនោះបញ្ជូនមនុស្ស ៧០០០នាក់ ដូចដែលខ្ញុំបាននិយាយពីខាងដើមមកកាន់ប្រទេសកម្ពុជា ? មនុស្សទាំង៧០០០នាក់នោះ គឺជាកងទ័ពប្រជាជនចិន និងមន្ត្រីជាន់ខ្ពស់មកពីទីក្រុងប៉េកាំង ។ ពួកគេទាំងអស់គ្នាហ្នឹងជាមន្ត្រីយោធានៃកងទ័ពប្រជាជនចិន ។
ជីវិតា ៖ ប៉ុន្តែលោកមានគិតទេថា ជាពួកទីប្រឹក្សាចិនៗទាំងនោះ មកជួយរដ្ឋាភិបាលខ្មែរក្រហមដើម្បីកសាងប្រទេសកម្ពុជាឡើងវិញដែរ ក្រោយពេលសង្គ្រាមអស់រយៈពេលជាង៥ឆ្នាំនោះមក ?
ប៊ុយ ទីន ៖ មែនហើយប៉ុន្តែពួកគេភាគច្រើនជាមន្ត្រី ហើយភាគច្រើនជាទីប្រឹក្សាក្នុងកងយោធាក្នុងវរសេនាតូចនិងវរសេនាធំ ។ មន្ត្រីចិនទាំងនោះគឺជាទីប្រឹក្សាហើយទីប្រឹក្សាទាំងនោះ ដើរតួជាមេបញ្ជាការផងដែរ ។ ដូច្នេះនេះគឺជាគោលបំណងរបស់ចិនក្នុងការបំផុសឱ្យមានសង្គ្រាម ។
ជីវិតា ៖ ចំនួនទីប្រឹក្សាយោធា ៧ពាន់នាក់វាច្រើនណាស់ តើធ្វើម៉េចបានជាលោកដឹងពីចំនួនហ្នឹង ?
ប៊ុយ ទីន ៖ ខ្ញុំបានឃើញចំនួនហ្នឹងនៅក្នុងស្ថានទូតចិន នាទីក្រុងភ្នំពេញ ។ ខ្ញុំជាជនជាតិវៀតណាមដំបូងគេបង្អស់ដែលបានចូលក្នុងស្ថានទូតចិនក្នុងទីក្រុងភ្នំពេញ នាព្រឹកថ្ងៃទី៧ មករា ឆ្នាំ១៩៧៩ ។ ហើយយើងបានឃើញឯកសារជាច្រើន ដែលបង្ហាញអំពីចំនួនមន្ត្រីចិននៅក្នុងប្រទេសកម្ពុជានាពេលនោះទៀងផង ។ សំខាន់បំផុតខ្ញុំបានឃើញពីឯកសារចម្លងស្តីពីសន្ធិសញ្ញាមួយចំនួនជាភាសាចិននិងខ្មែរ រវាងប្រទេសទាំងពីរមានកិច្ចព្រមព្រៀងសម្ងាត់រវាងអគ្គសេនាធិការកងទ័ពនៃប្រទេសទាំងពីរនោះ ៕
