ហេតុ​អ្វី​បាន​ជា​ច្បាប់​តម្រូវ​ឲ្យ​ជន​សង្ស័យ​មាន​មេធាវី​ពេល​ត្រូវ​នគរបាល​យុត្តិធម៌​ឃាត់​ខ្លួន?

ដោយ ជីវិតា
2015-10-20
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
លោក គង់ សំអុន សហ​មេធាវី​ការពារ​ក្តី លោក ខៀវ សំផន ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​អង្គារ ទី​២៧ ខែ​មករា ឆ្នាំ​២០១៥។
លោក គង់ សំអុន សហ​មេធាវី​ការពារ​ក្តី លោក ខៀវ សំផន ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​អង្គារ ទី​២៧ ខែ​មករា ឆ្នាំ​២០១៥។
Photo: RFA

សិទ្ធិ​មាន​មេធាវី មាន​ចែង​នៅ​ក្នុង​ច្បាប់​កំពូល​របស់​ជាតិ និង​ច្បាប់​អន្តរជាតិ​នានា ដែល​កម្ពុជា ទទួល​ស្គាល់។ សិទ្ធិ​មាន​មេធាវី ចាប់​ផ្ដើម​មាន​តាំង​តែ​ពី​ពេល​ជន​ណា​ម្នាក់ ត្រូវ​នគរបាល​យុត្តិធម៌​ឃាត់​ខ្លួន ជាប់​សង្ស័យ​ថា​បាន​ប្រព្រឹត្ត​បទល្មើស​ច្បាប់​ណា​មួយ។

តើ​ហេតុ​អ្វី​បាន​ជា​ច្បាប់​តម្រូវ​ឲ្យ​ជន​សង្ស័យ​មាន​មេធាវី?

រដ្ឋធម្មនុញ្ញ​កម្ពុជា ដែល​ជា​ច្បាប់​កំពូល​នៃ​ប្រទេស និង​កតិកាសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ ការពារ​សិទ្ធិ​មូលដ្ឋាន​របស់​ពលរដ្ឋ​កម្ពុជា។ សិទ្ធិ​ទាំង​នោះ​រួម​មាន សិទ្ធិ​ទទួល​បាន​មេធាវី​ផង​ដែរ។

នៅ​ក្នុង​របប​ប្រជាធិបតេយ្យ​ដែល​យក​ច្បាប់​ជា​ធំ មេធាវី​មាន​មុខងារ​សំខាន់​ក្នុង​ការ​ការពារ​ជន​សង្ស័យ ឬ​ជន​ជាប់​ចោទ​ពី​ការ​រំលោភ​បំពាន​សិទ្ធិ​ស្រប​ច្បាប់​របស់​ពួក​គេ​ពី​ភ្នាក់ងារ​រដ្ឋ។ នេះ​ជា​យន្តការ​មួយ​ដើម្បី​បញ្ចៀស​នូវ​អំពើ​រំលោភ​អំណាច​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច។ ជា​រួម សិទ្ធិ​មាន​មេធាវី គឺ​ជា​ការ​ធានា​នូវ​តុល្យភាព​រវាង​ការ​ប្រើប្រាស់​អំណាច​រដ្ឋ​របស់​នគរបាល និង​ការ​ប្រើប្រាស់​សិទ្ធិ​ស្រប​ច្បាប់​របស់​ពលរដ្ឋ ដែល​ជាប់​សង្ស័យ​ពី​បទល្មើស​ណា​មួយ។

លោក គង់ សំអុន ដែល​ជា​មេធាវី និង​ជា​សាស្ត្រាចារ្យ​ច្បាប់ ពន្យល់​ថា មេធាវី​មាន​តួនាទី​ធានា​ដល់​ជន​សង្ស័យ​នូវ​សិទ្ធិ​នានា​ដែល​មាន​ចែង​ក្នុង​នីតិវិធី​នៃ​ច្បាប់​របស់​រដ្ឋ បន្ទាប់​ពី​នគរបាល​យុត្តិធម៌​ឃាត់​ខ្លួន៖ «ជន​សង្ស័យ ឬ​ជន​ជាប់​ចោទ មិន​យល់​ពី​ច្បាប់ និង​នីតិវិធី​របស់​តុលាការ​ទេ ដូច្នេះ​គាត់​ត្រូវ​ការ​មេធាវី ដើម្បី​ជួយ ពីព្រោះ​មេធាវី​មាន​ជំនាញ​ខាង​ច្បាប់»

ច្បាប់​អនុញ្ញាត​ឲ្យ​ជន​ដែល​ត្រូវ​នគរបាល​ឃាត់​ខ្លួន​មាន​សិទ្ធិ​នៅ​ស្ងៀមស្ងាត់ មិន​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​ទាំងឡាយ​របស់​នគរបាល។ លោក​មេធាវី គង់ សំអុន បញ្ជាក់​បន្ថែម​អំពី​សិទ្ធិ​រក្សា​ភាព​ស្ងៀមស្ងាត់​របស់​ជន​សង្ស័យ៖ «នៅ​ពេល​ចាប់ ឬ​ឃាត់​ខ្លួន​ជន​សង្ស័យ នគរបាល​អាច​តាំង​សំណួរ ហើយ​ឲ្យ​ជន​សង្ស័យ​ឆ្លើយ ប៉ុន្តែ​នគរបាល​ត្រូវ​ប្រាប់​ទៅ​ជន​សង្ស័យ​ថា គាត់​មាន​សិទ្ធិ​ឆ្លើយ​ក៏​បាន មិន​ឆ្លើយ​ក៏​បាន ដោយ​រង់ចាំ​មេធាវី​មក​តំណាង​ការពារ​ឲ្យ​ខ្លួន។ ប៉ុន្តែ​បើ​ជន​សង្ស័យ​ឆ្លើយ​ចម្លើយ​របស់​គាត់ អាច​ត្រូវ​បាន​នគរបាល​យក​ទៅ​ប្រើ​ដើម្បី​ដាក់​បន្ទុក​ទៅ​លើ​ជន​សង្ស័យ»

លោក គង់ សំអុន បន្ត​ថា វត្តមាន​របស់​មេធាវី​មាន​សារសំខាន់​ផង​ដែរ ក្នុង​ការ​បញ្ចៀស​ការ​គាប​សង្កត់​ណា​មួយ​ពី​សំណាក់​នគរបាល​ទៅ​លើ​ជន​សង្ស័យ ឬ​ជន​ជាប់​ចោទ ដើម្បី​ធានា​នូវ​ភាព​ត្រឹមត្រូវ​នៃ​ការ​អនុវត្ត​នីតិវិធី​ច្បាប់៖ «ប្រសិន​បើ​នគរបាល​ធ្វើ​អ្វី​ខុស​ច្បាប់​ទៅ​លើ​ជន​សង្ស័យ ឧទាហរណ៍ គំរាម​កំហែង ឬ​ធ្វើ​ទារុណកម្ម មេធាវី​អាច​ប្ដឹង​នគរបាល​ទាំង​នោះ»

ទាំង​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ និង​រដ្ឋធម្មនុញ្ញ​ខ្មែរ ធានា​ការពារ​នូវ​ជីវិត កិត្តិយស និង​សេចក្តី​ថ្លៃថ្នូរ​របស់​ពលរដ្ឋ​កម្ពុជា។ ការ​ចោទ​ប្រកាន់ ការ​ចាប់​ខ្លួន និង​ការ​ឃាត់​ខ្លួន​ជន​ណា​ម្នាក់ មិន​ទាន់​អាច​បញ្ជាក់​បាន​ថា ជន​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​នោះ ពិត​ជា​មនុស្ស​ប្រព្រឹត្ត​ខុស​ច្បាប់ ឬ​ជា​ជនល្មើស​នោះ​ឡើយ ដរាប​ណា​តុលាការ​មិន​ទាន់​កាត់​សេចក្តី​ចប់​សព្វគ្រប់​ទេ​នោះ។ ដូច្នេះ លោក​មេធាវី គង់ សំអុន បញ្ជាក់​ថា ប្រសិន​បើ​នគរបាល​ចាប់​ខ្លួន ឬ​ឃាត់​ជន​ណា​ម្នាក់ ជន​នោះ​គ្រាន់​តែ​ជា​ជន​សង្ស័យ​ប៉ុណ្ណោះ៖ «កាល​ណា​តុលាការ​មិន​ទាន់​កាត់​ទោស​ជា​ស្ថាពរ ប្រជាពលរដ្ឋ​ទាំង​នោះ ទោះ​ជា​ជន​សង្ស័យ​ក្តី ជន​ជាប់​ចោទ​ក្តី ត្រូវ​គេ​សន្មត​ថា​ជា​មនុស្ស​គ្មាន​ទោស ជា​មនុស្ស​ធម្មតា​ដូច​ពលរដ្ឋ​ដទៃ​ទៀត​ដែរ រហូត​ដល់​តុលាការ​កាត់​សេចក្តី​រួច​ជា​ស្ថាពរ ហើយ​បើ​តុលាការ​រក​ឃើញ​ថា​មាន​ទោស សម្រេច​ដាក់​ពន្ធនាគារ ដែល​ពេល​នោះ​ទើប​គាត់​បាត់បង់​សេរីភាព​ដើរ​ហើរ»

មាត្រា​៣៨ នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា ចែង​ថា ជន​ជាប់​ចោទ​ណា​ក៏ដោយ ត្រូវ​ទុក​ជា​មនុស្ស​ឥត​ទោស ដរាប​ណា​តុលាការ​មិន​ទាន់​កាត់​ទោស​ជា​ស្ថាពរ។

បើ​ទោះ​ជា​ការ​ធានា​ឲ្យ​មាន​ការ​គោរព និង​ការ​អនុវត្ត​មាត្រា​៣៨ នៃ​រដ្ឋធម្មនុញ្ញ​នេះ គឺ​ជា​តួនាទី​របស់​អ្នក​អនុវត្តន៍​ច្បាប់​គ្រប់​ភាគី​ក៏ដោយ មេធាវី​ការពារ​ជន​សង្ស័យ ឬ​ជន​ជាប់​ចោទ មាន​កាតព្វកិច្ច និង​បន្ទុក​ក្នុង​ការ​ធានា​ឲ្យ​មាត្រា​៣៨ នៃ​ច្បាប់​កំពូល​នេះ កើត​មាន​ដល់​កូន​ក្តី​របស់​ខ្លួន។ លើស​ពី​នេះ​ទៀត ក៏​នៅ​មាន​សិទ្ធិ​ស្រប​ច្បាប់​នានា​ដទៃ​ទៀត ដែល​មេធាវី​ត្រូវ​ការពារ​នៅ​ក្នុង​ដំណើរ​ការ​រក​យុត្តិធម៌​ឲ្យ​កូន​ក្តី​របស់​ខ្លួន​ដែរ។

ប្រសិន​បើ​ពលរដ្ឋ​ណា​ម្នាក់​ដែល​ត្រូវ​បាន​រដ្ឋ​អំណាច​ចោទ​ប្រកាន់​ពី​បទល្មើស​ច្បាប់​ណា​មួយ មិន​មាន​មេធាវី​តំណាង​ឲ្យ​ខ្លួន​ទេ​នោះ បុគ្គល​រូប​នោះ​នឹង​ទទួល​រង​នូវ​ការ​ភ័យ​រន្ធត់ ខណៈ​ស្ថិត​ក្នុង​ការ​ឃុំ​គ្រង​របស់​នគរបាល និង​ព្រះរាជអាជ្ញា ដែល​ជា​ភ្នាក់ងារ​រដ្ឋ​មាន​គ្នា​ច្រើន និង​មាន​អំណាច​ខ្លាំងក្លា។ លើស​ពី​នេះ ការ​រំលោភ​ច្បាប់​ពី​ភ្នាក់ងារ​រដ្ឋ និង​អំពើ​អយុត្តិធម៌​ក៏​ងាយ​នឹង​កើត​មាន។ ហេតុ​ដូច្នេះ​ហើយ ទើប​សិទ្ធិ​មាន​មេធាវី​កំណត់​នៅ​ក្នុង​ច្បាប់​ជាតិ​ផង និង​អន្តរជាតិ​ផង ដើម្បី​ការពារ​ប្រយោជន៍​ស្រប​ច្បាប់​របស់​ជន​សង្ស័យ ឬ​ជន​ជាប់​ចោទ​ក្នុង​បំណង​ឲ្យ​មាន​តុល្យភាព ក្នុង​បេសកកម្ម​ស្វែងរក​យុត្តិធម៌៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល