ទិដ្ឋភាព​ច្បាប់​ជុំវិញ​សំណុំ​រឿង​ចោទ​ប្រកាន់​លោក សម រង្ស៊ី ពី​បទ​បរិហារ​កេរ្តិ៍​និង​ញុះញង់

ដោយ ជី វិតា
2015-12-08
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
លោក សម រង្ស៊ី (ពាក់​កម្រង​ផ្កា) ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ មក​ដល់​កម្ពុជា វិញ នា​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០១៥។
លោក សម រង្ស៊ី (ពាក់​កម្រង​ផ្កា) ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ មក​ដល់​កម្ពុជា វិញ នា​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០១៥។
RFA/Morm Moniroth

អ្នក​ច្បាប់​អះអាង​ថា យោង​តាម​ទិដ្ឋភាព​ច្បាប់ តុលាការ​អាច​នៅ​ចាប់​ខ្លួន​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន ក្នុង​សំណុំ​រឿង​បរិហារ​កេរ្តិ៍​ជា​សាធារណៈ និង​ញុះញង់​ឲ្យ​មាន​ការ​រើសអើង​ប្រឆាំង​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា បច្ចុប្បន្ន កាល​ពី ៧​ឆ្នាំ​មុន ពីព្រោះ​ព្រះរាជក្រឹត្យ​លើក​លែង​ទោស​ឆ្នាំ​២០១៣ មិន​បាន​គ្រប​ដណ្ដប់​លើ​សំណុំ​រឿង​នេះ​ទេ។

ទោះ​ជា​យ៉ាង​ណា រដ្ឋសភា និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) មាន​ចំណែក​ទទួល​ខុស​ត្រូវ​ក្នុង​រឿង​នេះ ដោយសារ​ស្ថាប័ន​កំពូល​ទាំង​ពីរ​នេះ​ជា​អ្នក​ទទួល​ស្គាល់ លោក សម រង្ស៊ី ជា​តំណាង​រាស្ត្រ​ពេញ​ច្បាប់។

ដោយ​មិន​គិត​ពី​បណ្ដឹង​ពីរ​ថ្មី​ទៀត លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ស្នាក់នៅ​ក្រៅ​ប្រទេស អាច​វិល​ចូល​ស្រុក​វិញ​បាន​ដោយ​គ្មាន​ការ​ចាប់​ខ្លួន​តាម​វិធី​ពីរ​យ៉ាង។ ច្រក​ទី​១ គឺ​តាម​រយៈ​ក្តី​សន្តោស​ប្រោស​ប្រណី​ពី​ព្រះមហាក្សត្រ ដែល​ធ្លាប់​ប្រទាន​កន្លង​មក។ ប្រសិន​បើ​មិន​ទទួល​បាន​ការ​លើក​លែង​ទោស​ទេ លោក​មេធាវី​ចាស់​វស្សា សួន វិសាល ឲ្យ​ដឹង​ថា លោក សម រង្ស៊ី ត្រូវ​រង់ចាំ​រហូត​ដល់​ផុត​អាជ្ញាយុកាល​នៃ​ទោស​មជ្ឈិម​របស់​លោក ដែល​មាន​រយៈពេល ៥​ឆ្នាំ​គិត​ចាប់​ពី​ថ្ងៃ​សាលក្រម​ចូល​ជា​ស្ថាពរ ទើប​លោក​អាច​វិល​ចូល​ស្រុក​វិញ​បាន៖ «»។

អាជ្ញាយុកាល​នៃ​ទោស គឺ​ជា​រយៈពេល​ដែល​ច្បាប់​មាន​សិទ្ធិ​អនុវត្ត​ទណ្ឌកម្ម​លើ​ទណ្ឌិត ឬ​អ្នក​ទោស​ដែល​តុលាការ​ជម្រះ​ក្តី​ហើយ។ ការ​ផុត​អាជ្ញាយុកាល​នៃ​ទោស គឺ​រួច​ផុត​អំពី​ការ​ដាក់​ទណ្ឌកម្ម​លើ​ទណ្ឌិត​ខាង​ទោស​ពន្ធនាគារ។

ក្នុង​អំឡុង​ឆ្នាំ​២០១១ លោក សម រង្ស៊ី ត្រូវ​បាន​តុលាការ​កម្ពុជា កាត់​ទោស​កំបាំង​មុខ​ក្នុង​បទ​ព្រហ្មទណ្ឌ​ចំនួន ៣​សំណុំ​រឿង​ផ្សេងៗ​គ្នា ហើយ​ត្រូវ​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​សរុប​ចំនួន ១១​ឆ្នាំ។ ទោស​ទី​១ គឺ​ត្រូវ​ជាប់​ពន្ធនាគារ​រយៈពេល ២​ឆ្នាំ ពី​បទ​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា និង​បទ​ញុះញង់​ឲ្យ​មាន​ការ​រើសអើង​ជាតិ​សាសន៍ បន្ទាប់​ពី​លោក​ដក​តម្រុយ​បង្គោល​ព្រំដែន​លេខ​១៨៥ កម្ពុជា-វៀតណាម។ ទោស​ទី​២ គឺ​ត្រូវ​ជាប់​ពន្ធនាគារ​ចំនួន ៧​ឆ្នាំ ពី​បទ​ក្លែង​បន្លំ​អក្សរ​ក្នុង​ឯកសារ​សាធារណៈ និង​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ បន្ទាប់​ពី លោក សម រង្ស៊ី បាន​លាត​ត្រដាង​ជា​សាធារណៈ​នូវ​ផែនទី​របស់​ក្រុមហ៊ុន​ហ្គូហ្គោល (Google map) ដែល​បង្ហាញ​ថា បង្គោល​ព្រំដែន​បណ្ដោះអាសន្ន​កម្ពុជា-វៀតណាម នោះ ចូល​មក​ក្នុង​ទឹក​ដី​កម្ពុជា។ ទោស​ទី​៣ ត្រូវ​ជាប់​ពន្ធនាគារ​ចំនួន ២​ឆ្នាំ ពី​បទ​បរិហារ​កេរ្តិ៍ និង​ញុះញង់​ឲ្យ​មាន​ការ​រើសអើង បន្ទាប់​ពី​លោក​បាន​និយាយ​ជា​សាធារណៈ​ថា លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ជា​មេ​គុក​បឹង​ត្របែក​ក្នុង​របប​ខ្មែរ​ក្រហម។

ទាក់ទង​នឹង​សំណុំ​រឿង​ព្រហ្មទណ្ឌ​ទាំង​បី​នេះ មាន​បញ្ហា​ចម្រូងចម្រាស​ចោទ​សួរ​ថា តើ​ព្រះរាជក្រឹត្យ​លើក​លែង​ទោស​កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៣ នោះ គ្រប​ដណ្ដប់​លើ​ទោស​សរុប​ទាំង​បី​នោះ​ដែរ​ឬ​ទេ?

ព្រះរាជក្រឹត្យ​លើក​លែង​ទោស លោក សម រង្ស៊ី ដែល​វិទ្យុ​អាស៊ីសេរី ទទួល​បាន មាន​ខ្លឹមសារ​គ្រប​ដណ្ដប់​ត្រឹម​តែ​ទោស​ទី​១ និង​ទោស​ទី​២ ប៉ុណ្ណោះ។ ចំណែក​ទោស​ទី​៣ ស្តី​ពី​បទ​បរិហារ​កេរ្តិ៍​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ថា​ជា​អតីត​មេ​គុក​បឹង​ត្របែក​ក្នុង​របប​ខ្មែរ​ក្រហម​នោះ មិន​បាន​បញ្ជាក់​នៅ​ក្នុង​ព្រះរាជក្រឹត្យ​លើក​លែង​ទោស​នោះ​ឡើយ។

មេធាវី​របស់ លោក សម រង្ស៊ី គឺ​លោក ជូង ជូងី ឲ្យ​ដឹង​ថា លោក​ពិត​ជា​បាន​ដឹង​អំពី​ខ្លឹមសារ​ក្នុង​ព្រះរាជក្រឹត្យ​លើក​លែង​ទោស​នោះ ប៉ុន្តែ​អះអាង​ថា លោក​មិន​ដឹង​ទេ​ថា លោក សម រង្ស៊ី ដឹង​ឬ​អត់​នោះ​ទេ៖ «»។

ទោះ​ជា​យ៉ាង​ណា មេធាវី​ដែល​តែង​ចេញ​មុខ​ការពារ​មន្ត្រី និង​សកម្មជន​បក្ស​ប្រឆាំង​រូប​នេះ សម្ដែង​ការ​ខក​ចិត្ត​ថា នៅ​ពេល​ព្រះមហាក្សត្រ​ប្រទាន​ការ​លើក​លែង​ទោស​ហើយ បែរ​ជា​កូន​ក្តី​របស់​លោក​នៅ​តែ​មាន​ទោស។ ដូច្នេះ ព្រះរាជក្រឹត្យ​លើក​លែង​របស់​ព្រះមហាក្សត្រ​នោះ គ្មាន​ប្រយោជន៍​អ្វី​សោះ​ឡើយ៖ «»។

មាន​សំណួរ​ជាច្រើន​ចោទ​ឡើង​ថា បើ លោក សម រង្ស៊ី នៅ​តែ​មាន​ទោស បន្ទាប់​ពី​ព្រះមហាក្សត្រ​ចេញ​ព្រះរាជក្រឹត្យ​លើក​លែង​ទោស​ហើយ​នោះ ហេតុ​ដូចម្តេច​បាន​ជា​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ហៅ​កាត់​ថា គ.ជ.ប ទទួល​លោក​ជា​បេក្ខជន​តំណាង​រាស្ត្រ? បន្ទាប់​មក សម័យ​ប្រជុំ​ពេញ​អង្គ​រដ្ឋសភា ក៏​បាន​បោះ​ឆ្នោត​ទទួល​ស្គាល់ លោក សម រង្ស៊ី ជា​តំណាង​រាស្ត្រ។ មិន​ត្រឹម​តែ គ.ជ.ប និង​រដ្ឋសភា​ប៉ុណ្ណោះ​ទេ ដែល​ទទួល​ស្គាល់​សមាជិក​ភាព​តំណាង​រាស្ត្រ​របស់ លោក សម រង្ស៊ី មេ​ដឹក​នាំ​ស្ថាប័ន​ជាតិ​កំពូលៗ មាន​ព្រះមហាក្សត្រ ប្រធាន​ក្រុមប្រឹក្សា​ធម្មនុញ្ញ ប្រធាន​តុលាការ​កំពូល និង​ប្រធាន​ព្រឹទ្ធសភា ក៏​ទទួល​ស្គាល់ លោក សម រង្ស៊ី ជា​តំណាង​រាស្ត្រ​អាណត្តិ​ទី​៥ ដែរ បន្ទាប់​ពី​ព្រះមហាក្សត្រ​លើក​លែង​ទោស​កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៣។

តាម​ច្បាប់​បោះ​ឆ្នោត ទណ្ឌិត ឬ​មនុស្ស​មាន​ទោស មិន​អាច​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ជា​តំណាង​រាស្ត្រ​បាន​ទេ មិន​ចាំបាច់​និយាយ​ទៅ​ដល់​ទទួល​បាន​ការ​ទទួល​ស្គាល់​ជា​ឱឡារិក​រួច​ហើយ​បែប​នេះ​ផង ប៉ុន្តែ​នៅ​ពេល​ស្ថាប័ន​ជាតិ​កំពូលៗ​ទាំង​នេះ​ទទួល​ស្គាល់​សមាជិកភាព​តំណាង​រាស្ត្រ​របស់ លោក សម រង្ស៊ី ហើយ បែរ​ជា​នាំ​គ្នា​ប្រែ​ក្រឡាស់​វិញ​ដូច្នេះ វា​អាច​នឹង​ជះ​ឥទ្ធិពល​អាក្រក់​ដល់​ការ​ជឿជាក់ និង​ភាព​មាំមួន​ស្ថិតស្ថេរ​នៃ​ការ​អនុវត្តិ​ច្បាប់​នៅ​ក្នុង​សង្គម​កម្ពុជា។ សហគមន៍​ជាតិ និង​អន្តរជាតិ មាន​អ្នក​វិនិយោគិន ជាដើម អាច​នឹង​បាត់បង់​ជំនឿ​លើ​ប្រព័ន្ធ​នីតិរដ្ឋ​នៅ​ក្នុង​ប្រទេស​តូច​មួយ​នេះ។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​ចុះ លោក​មេធាវី សួន វិសាល បាន​ដាក់​ការ​បន្ទោស​ដល់ លោក សម រង្ស៊ី ដែល​ជា​សាមី​ខ្លួន ថា​មិន​បាន​ពិនិត្យ​មើល​ខ្លឹមសារ​ក្នុង​ព្រះរាជក្រឹត្យ​លើក​លែង​ទោស ឬ​មើល​ហើយ តែ​មិន​តវ៉ា។ លោក​មេធាវី​រូប​នេះ ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា វា​ជា​ក៏​កំហុស​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត និង​ស្ថាប័ន​នីតិប្បញ្ញត្តិ​ដែរ៖ «»។

ធ្វេស​ប្រហែស? ចំពោះ លោក ជូង ជូងី មេធាវី​របស់ លោក សម រង្ស៊ី វិញ វា​មិន​មែន​ជា​ការ​ធ្វេស​ប្រហែស​របស់ គ.ជ.ប និង​រដ្ឋសភា​នោះ​ទេ តែ​វា​ជា​ល្បិចកល​ទៅ​វិញ​ទេ៖ «»។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​ចុះ ប្រសិន​បើ​គិត​ត្រឹម​តែ​ទោស​បរិហារ​កេរ្តិ៍ និង​ញុះញង់​ឲ្យ​មាន​ការ​រើសអើង ដែល​ប្ដឹង​ដោយ​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង លោក សម រង្ស៊ី ដែល​បច្ចុប្បន្ន​កំពុង​ស្នាក់នៅ​ក្រៅ​ប្រទេស អាច​វិល​ចូល​ស្រុក​វិញ​បាន​នៅ​ក្នុង​ខែ​មីនា ឆ្នាំ​២០១៨ នៅ​ពេល​អាជ្ញាយុកាល​នៃ​ទោស​របស់​លោក​បាន​ផុត​រលត់។ នេះ​បើ​យោង​តាម​ក្រម​ព្រហ្មទណ្ឌ​កម្ពុជា។ ក៏ប៉ុន្តែ​អ្វី​ដែល​ជា​បញ្ហា​សម្រាប់ លោក សម រង្ស៊ី នោះ គឺ​តុលាការ​កម្ពុជា បន្ត​ចោទ​ប្រកាន់​ផ្ទួនៗ​ពីរ​ករណី​បន្ថែម​ទៀត ដោយ​ភ្ជាប់​មេ​បក្ស​ប្រឆាំង​រូប​នេះ ទៅ​នឹង​សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស សម រង្ស៊ី គឺ​លោក ហុង សុខហួរ ដែល​កំពុង​ជាប់​ក្នុង​ពន្ធនាគារ ពី​បទ​សម​គំនិត​ក្នុង​អំពើ​ក្លែង​បន្លំ​ឯកសារ​សាធារណៈ ទាក់ទង​នឹង​ការ​បង្ហោះ​ឯកសារ​ព្រំដែន​កម្ពុជា-វៀតណាម លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) និង​បណ្ដឹង​របស់​ប្រធាន​រដ្ឋសភា លោក ហេង សំរិន ពី​បទ​បរិហារ​កេរ្តិ៍​នា​ពេល​ថ្មីៗ​នេះ ជុំវិញ​ការ​សរសេរ​របស់ លោក សម រង្ស៊ី នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក កាល​ពី​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា ថា "យើង​ចងចាំ​ថា របប​កើត​ថ្ងៃ​៧ មករា ១៩៧៩ បាន​ឲ្យ​តុលាការ​របស់​គេ​កាត់​ទោស​ប្រហារ​ជីវិត​សម្ដេចព្រះ​នរោត្ដម សីហនុ ដោយ​ចោទ​ព្រះអង្គ​ថា​ជា​ជន​ក្បត់​ជាតិ"។ ក្រោយ​ការ​ដួល​រលំ​របប​ខ្មែរ​ក្រហម​នៅ​ឆ្នាំ​១៩៧៩ របប​ថ្មី​មួយ​មាន​ឈ្មោះ​ថា "សាធារណរដ្ឋ​ប្រជា​មានិត​កម្ពុជា" ត្រូវ​បាន​បង្កើត​ឡើង ដែល​មាន​វៀតណាម នៅ​ពី​ក្រោយ​ខ្នង និង​លោក ហេង សំរិន ជា​ប្រមុខ​រដ្ឋ។

ទោះ​ជា​យ៉ាង​ណា បើ​ផ្អែក​លើ​បណ្ដឹង​ថ្មី​ទាំង​ពីរ បន្ថែម​ទៅ​លើ​សំណុំ​រឿង​ចាស់​ដែល​មិន​ទាន់​ផុត​រលត់​អាជ្ញាយុកាល​នៃ​ទោស​នោះ គេ​មាន​ការ​ពិបាក​ក្នុង​ការ​ទស្សន៍ទាយ​ថា តើ លោក សម រង្ស៊ី អាច​វិល​ចូល​ស្រុក​បាន​នៅ​ពេល​ណា? ប្រហែល​ជា​មាន​តែ​ផ្លូវ​កាត់​តាម​រយៈ​ព្រះរាជក្រឹត្យ​លើក​លែង​ទោស ដែល​ជា​ដំណោះស្រាយ​នយោបាយ​ប៉ុណ្ណោះ​ទេ ទើប​ធ្វើ​ឲ្យ​មេ​បក្ស​ប្រឆាំង​រូប​នេះ អាច​វិល​ចូល​ស្រុក​វិញ​បាន​លឿន។ ចំពោះ​សំណួរ​ថា តើ​អាច​ទៅ​រួច​ទៀត​ទេ​តាម​មធ្យោបាយ​នេះ?

បើ​ផ្អែក​តាម​ព្រឹត្តិការណ៍​កើត​មាន​កន្លង​មក អ្វីៗ​ក៏​អាច​ទៅ​រួច​ដែរ ពីព្រោះ​តែ​ចរន្ត​នយោបាយ​ប្រែប្រួល​បត់បែន​យ៉ាង​ឆាប់​រហ័ស​នៅ​កម្ពុជា។ ក្នុង​ន័យ​នេះ មេ​បក្ស​ប្រឆាំង គឺ​លោក សម រង្សី អាច​វិល​ចូល​ស្រុក​វិញ​បាន​ក្នុង​រយៈពេល​ខ្លី​ខាង​មុខ ឬ​ជិត​ដល់​ពេល​ថ្ងៃ​បោះ​ឆ្នោត ក៏​ថា​បាន ប្រសិន​បើ​លោក​នាយក​រដ្ឋមន្ត្រី​សប្បាយ​ចិត្ត ឬ​លោក សម រង្ស៊ី មាន​អ្វី​ដែល​អាច​ដោះ​ដូរ​ជាមួយ លោក ហ៊ុន សែន ដូច​ពេល​មុន​ទៀត។ ទោះ​ជា​យ៉ាង​ណា ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​អ្នក​នយោបាយ​បក្ស​ប្រឆាំង​លើក​នេះ បាន​ធ្វើ​ឲ្យ​រំជើបរំជួល​ប៉ះពាល់​អារម្មណ៍​របស់​តួឯក​សំខាន់ៗ​ក្នុង​ឆាក​អន្តរជាតិ ក្នុង​នោះ​មាន ប្រធាន​អង្គការ​សហប្រជាជាតិ លោក បាន គីមូន (Ban Ki-moon) រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក សភា​អាស៊ាន និង​សហគមន៍​អឺរ៉ុប ដែល​គំរាម​ផ្តាច់​ជំនួយ​រាប់​រយ​លាន​ដុល្លារ​មក​កម្ពុជា ប្រសិន​បើ​រដ្ឋ​អំណាច​ក្រុង​ភ្នំពេញ មិន​លើក​លែង​ការ​ចោទ​ប្រកាន់ លោក សម រង្ស៊ី និង​មិន​ផ្តល់​សមាជិកភាព​តំណាង​រាស្ត្រ​ឲ្យ​លោក​វិញ​ទេ​នោះ។ សហគមន៍​អឺរ៉ុប គឺ​ជា​ទីផ្សារ​មួយ​ដ៏​ធំ​សម្រាប់​ប្រទេស​កម្ពុជា នាំ​សម្លៀកបំពាក់​ចេញ​ទៅ​លក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

ស្រុកខ្មែរដរាបណានៅមានគណបក្សប្រជាជនកម្ពុជា-យូន​ក្តោបក្តាប់អំណាចពេញដៃដូចសព្វថ្ងៃនេះ កុំសង្ឈឹមថាខ្មែរ អាចដោះស្រាយបញ្ហាដើម្បីជាតិខ្មែរបានតាមអ្្នកស្នេហា​ជាតិខ្មែរចង់បាន យួនវាបំផ្លាញដល់ទីបញ្ចប់ដែលវាអាចធ្វើ​ទៅបាន ។ យុទ្ធសាស្ត្រខ្មែរអ្នកស្នេហាជាតិពិតប្រាកដគួរធ្វើ គឹ ទី១ៈ សង្កេតតាមដានត្រួតពិនិត្យឲ្យបានដិតដល់ជាទី​បំផុតពីដំណើរការបោះឆ្នោតចាប់ពីការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំក្រោយនេះទៅ ។ បរាជ័យរបស់គណបក្សប្រជាជនកម្ពុជារណបយួន នេះចំពោះការបោះឆ្នោតឃុំ-សង្កាត់ នឹងធ្វើឲ្យវាបះដៃ-ជើងទប់មិនជាប់ចំពោះបរាជ័យការបោះឆ្នោតសកលនៅ ឆ្នាំ ២០១៨ ទេ ។ ទី២ៈ គណបក្សសង្គ្រោះជាតិនឹងទទួល​ការគាំទ្រពីប្រជាពលរដ្ឋដូចបាក់ទំនប់ បើសិនលោកសមរង្សីវិលចូលស្រុកវិញត្រឹមតែពីរឬបីថ្ងៃមុនពេលបោះឆ្នោត សកលឆ្នាំ ២០១៨ ពេលនោះបើហ៊ុនសែន​ ហ៊ានចាប់លោក​សមរង្សីដាក់គុក ហើយលោកសមរង្សីហ៊ានចូលគុក គឺពេលនោះហើយដែលលែងមានហ៊ុនសែន លែងមានគណបក្សខ្លួនខ្មែរតែខួរឆ្កែបំរើយួន ។

Aug 06, 2016 11:49 PM

អ្នក​អាន​អនាមិក

១«​ត្រូវចេញព្រះរាជក្រិត្យលើកលែងទោសថែមមួយទៀត
ដើម្បីជម្រះកំហុសថ្នាក់ដឹកនាំ និងស្ថាប័ននានាដែលបានចូលរួមដោយអចេតនានូវការខ្វះខាតនេះ។
២«បើពុំនោះទេ ត្រូវកោះប្រជុំគណៈកម្មការនៃកិច្ចព្រមព្រៀងទីក្រុងបារីសឲ្យប្រជុំម្ដងទៀតដើម្បីវាយតម្លៃមើលជាទូទៅ តើបានអនុវត្តសេចក្ដីសម្រេចបានត្រិមត្រូវដែរឬទេមកដល់សព្វថ្ងៃនេះ ។ ជាពិសេសគួរចូលរួមជួយរៀបចំការបោះឆ្នោតម្ដងទៀត ដើម្បីឲ្យបានសេរី ត្រិមត្រូវ និងយុត្តិធម៌ពិតប្រាកដ ។

Dec 09, 2015 12:15 AM

គេហទំព័រ​ទាំងមូល