មូលហេតុ​នៃ​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ

ដោយ ជី វិតា
2017-12-19
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ទណ្ឌិត​ជា​ស្រ្ដី​ចូល​រួម​អបអរ​សាទរ​ទិវា​នារី​អន្តរជាតិ​លើក​ទី​៩៩ ដែល​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ក្នុង​បរិវេណ​ពន្ធនាគារ​ព្រៃស ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៨ ខែ​មីនា ឆ្នាំ​២០១០។
ទណ្ឌិត​ជា​ស្រ្ដី​ចូល​រួម​អបអរ​សាទរ​ទិវា​នារី​អន្តរជាតិ​លើក​ទី​៩៩ ដែល​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ក្នុង​បរិវេណ​ពន្ធនាគារ​ព្រៃស ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៨ ខែ​មីនា ឆ្នាំ​២០១០។
Photo: RFA

ជាច្រើន​ឆ្នាំ​មក​ហើយ​ដែល​ពន្ធនាគារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផ្ទុក​មនុស្ស​លើស​ចំណុះ ចង្អៀត​ណែន ធ្វើ​អោយ​អ្នក​ជាប់ឃុំ​រស់នៅ​ទាំង​លំបាកលំបិន ប៉ះពាល់​ដល់​សុខភាព និង​សេចក្ដី​ថ្លៃថ្នូរ​ក្នុងនាម​ជា​មនុស្ស។ អ្នក​ច្បាប់​អោយ​ដឹង​ថា បញ្ហា​នេះ​បណ្ដាល​មក​ពី​ការអនុវត្ត​ច្បាប់​នៅ​ទន់ខ្សោយ តុលាការ​អគតិ​ព្រោះ​លម្អៀង និង​រង​ការ​គាប​សង្កត់​ពី​អ្នកនយោបាយ។

សម្រាប់​ជនល្មើស​ច្បាប់ ការ​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ ដែល​ជា​ការបាត់បង់ សេរីភាព ដើរហើរ គឺជា​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​មួយ​ស្របច្បាប់។ ប៉ុន្តែ​ការ​ដាក់ អោយ​ពួកគេ​រស់​នៅ​ក្នុង​បន្ទប់​ចង្អៀត​ណែនណាន់ រក​ទីកន្លែង​គេង​មិន​បាន អង្គុយ​មិនកើត​នោះ គឺ​មិន​ស្របតាម​ច្បាប់​ជាតិ និង​អន្តរជាតិ​នោះ​ទេ។

ពន្ធនាគារ​នៅ​កម្ពុជា​ត្រូវ​គេ​ដឹង​ជាទូទៅ​ថា មាន​ភាព​ចង្អៀត​ណែនណាន់ ដែល​ត្រូវ​កែសម្រួល ដើម្បី​អោយ​អ្នក​ជាប់ឃុំ​បាន​រស់ ក្នុង​សភាព​ជា​មនុស្ស​។ ប៉ុន្តែ​ជាច្រើន​ឆ្នាំ​កន្លង​ទៅ​នេះ លក្ខខណ្ឌ​រស់​នៅ​យ៉ាង​ចង្អៀត​ណែនណាន់​របស់​អ្នក​ជាប់ឃុំ មិន​ស្របតាម​ស្តង់ដារ​អន្តរជាតិ​នេះ កាន់​តែ​មាន​សភាព​ធ្ងន់ធ្ងរ។ អ្នក​ដែល​ធ្លាប់​ជាប់ឃុំ​ឃាំង តែង​និយាយ​រៀបរាប់​អំពី​ភាព​ចង្អៀត ណែនណាន់​ក្នុង​ពន្ធនាគារ ក្រោយ​ពី​ត្រូវ​បាន​ដោះលែង។

អតីត​អ្នក​ជាប់ឃុំ យុវជន គង់ រ៉ៃយ៉ា ដែល​ត្រូវ​បាន​ផ្ដន្ទាទោស​អោយ​ជាប់ពន្ធនាគារ​១៨​ខែ កាលពី​ឆ្នាំ​២០១៥ បន្ទាប់ពី​បាន​បង្ហោះ​សារ​ចង់​ផ្លាស់ប្ដូរ​របប​បច្ចុប្បន្ន តាមរយៈ​ធ្វើ​បដិវត្តន៍​ពណ៌​នោះ និយាយ​ថា នៅ​ក្នុង​ពន្ធនាគារ​ព្រៃស បន្ទប់​ដែល​លោក​រស់នៅ​នោះ ចង្អៀត​ណែន រក​កន្លែង​គេង​គ្មាន​ទេ ដូច្នេះ​លោក​ត្រូវ​ចង​អង្រឹង៖ «ខ្ញុំ​អត់​បាន​គេង​លើ​ប្លង់​ទេ ខ្ញុំ​ចង​អង្រឹង​គេង​កម្ពស់​កន្លះ​ម៉ែត្រ​ពី​បាត។ គ្រាន់តែ​ពួកគាត់​រើ​លើ​ខ្លួន​តែ​បន្តិច​ចំហាយ​ហ្នឹង​គឺ​ឈួល​ក្តៅ មក​ខ្ញុំ​ខ្លាំង​មែនទែន។ ពន្ធនាគារ​គួរតែ​កែប្រែ»

អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួងមហាផ្ទៃ លោក នុត សវនា មាន​ប្រសាសន៍​ថា ការ​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ​ពិតជា​កើត​មាន​មែន។

លោក សុក សំអឿន ប្រធាន​ការិយាល័យ​មេធាវី​អមរិន្ទ្រ អោយ​ដឹង​ថា បញ្ហា​ចៅក្រម​មិន​គោរព​ច្បាប់​ក៏​បណ្ដាល​អោយ​មាន​ការ​ឃុំ​ខ្លួន​មនុស្ស កាន់តែ​កើន​ច្រើន​ឡើង​ក្នុង​ពន្ធនាគារ​ដែរ។

ឧទាហរណ៍​៖ ដើម្បី​កាត់បន្ថយ​ចំនួន​អ្នក​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ក្រម ព្រហ្មទណ្ឌ​ចែងថា​ចំពោះ​ទោស​ណា​ដែល​ត្រូវ​ជាប់ពន្ធនាគារ ត្រឹម​១​ឆ្នាំ មិន​ចាំ​ឃុំខ្លួន​បណ្ដោះអាសន្ន​ទេ។

លោក សុក សំអឿន ថា ទោស​ដែល​មាន​អតិបរមា​មួយ​ឆ្នាំ​ចុះក្រោម មិន​ចាំ​បាច់​ឃុំខ្លួន​បណ្ដោះអាសន្ន​ទេ ដូច្នេះ​អ្នក​ធ្វើ​ច្បាប់​ក៏​មាន​ចេតនា បន្ថយ​ការ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​ដែរ។ ត្រង់​ចំណុច​នេះ លោក​មេធាវី សុក សំអឿន ថា​ចៅក្រម​មិនសូវ​បាន​អនុវត្ត​ទេ។

ដើម្បី​ជួយ​កាត់បន្ថយ​ភាព​កកកុញ​ក្នុង​ពន្ធនាគារ​នោះ ច្បាប់​ព្រហ្មទណ្ឌ​កម្ពុជា ក៏បាន​កំណត់​ថា សម្រាប់​បទល្មើស​មជ្ឈិម ដែល​ត្រូវ​ផ្ដន្ទាទោស ៥​ឆ្នាំ​ចុះ​ក្រោម​នោះ ក៏​មិន​ចាំបាច់​ឃុំខ្លួន​ទេ ពោល​គឺ​តុលាការ​អាច​សម្រេច​ព្យួរទោស​បាន។

លោក សុក សំ អឿន ថា ព្យួរទោស​មានន័យ​ន័យ​ថា មិនបាច់​ឃុំ​ទេ​គឺ​នៅ​ក្រៅ​ឃុំ។ រឿង​អី​យើង​ចាំបាច់​ឃុំខ្លួន​បណ្ដោះអាសន្ន​ចំពោះ​ជន​ដែល ត្រូវ​ចោទ​បទល្មើស​មជ្ឈិម។ សូម្បីតែ​មានទោស​ហើយក៏​ដោយ​ក៏​អាច​ព្យួរទោស​អោយ​នៅ​ក្រៅ​ឃុំ​បាន​ដែរ។

លោក​មេធាវី សុក សំអឿន បញ្ជាក់​ថា បើ​គេ​ពិនិត្យមើល​ពី​បំណង របស់​អ្នក​ធ្វើ​ច្បាប់ និង​អ្នក​អនុវត្ត​ច្បាប់​វិញ មាន​ភាព​ផ្ទុយ​គ្នា​ស្រឡះ។ ការអនុវត្ត​ជាក់ស្ដែង​ចៅក្រម​ពុំ​សូវ​បាន​សម្រេច​អោយ​ជនជាប់ចោទ ដែល​មានទោស​ក្រោម ១​ឆ្នាំ នៅ​ក្រៅ​ឃុំ​នោះ​ទេ ហើយក៏​កម្រ​ព្យួរ​ទោស អោយ​នៅ​ក្រៅ​ឃុំ​ចំពោះ​បទល្មើស​មជ្ឈិម​តាមច្បាប់​កំណត់​នោះ​ដែរ។

អគតិ​ដោយ​ការ​ភ័យ​ខ្លាច

លោក​មេធាវី សុក សំអឿន បញ្ជាក់​ថា សម្រាប់​ទោស​ក្រោម​១​ឆ្នាំ មិន​ចាំបាច់​ឃុំខ្លួន​បណ្ដោះអាសន្ន​នោះ ចៅក្រម​តែង​បង្កើត​រកហេតុ​ផល​ផ្សេងៗ យក​មក​សំអាង​ដើម្បី​បន្ថែម​ទម្ងន់​ទោស អោយ​ជាប់​លើស​ពី ១​ឆ្នាំ។ ហេតុផល​នៃ​ការ​សម្រេច​ដូច្នោះ គឺ​ដើម្បី​គេច​ផុត​ពី​ការ​វាយ​ប្រហារ​របស់​សមត្ថកិច្ច​នគរបាល និង​ការ​ស្ដីបន្ទោស​ពី​ប្រមុខ​រដ្ឋាភិបាល​ដែល​ចោទ​ថា តុលាការ​ស៊ីសំណូក​ជា​ថ្នូរ​នឹង​ការ​អោយ​ជនជាប់ចោទ​នៅ​ក្រៅ​ពន្ធនាគារ។ នេះ​ជា​មូលហេតុ​ចម្បង​មួយ ដែល​ធ្វើ​អោយ​ចំនួន​អ្នក ជាប់ឃុំ​កើន​ឡើង​ក្នុង​ពន្ធនាគារ។

អគតិ​ដោយ​ការភ័យខ្លាច​របស់​មន្ត្រី​តុលាការ​កើតឡើង​ខ្លាំង ជាពិសេស នៅ​ឆ្នាំ​២០១៥ បន្ទាប់​ពី​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ប្រកាស​អនុវត្ត​យុទ្ធនាការ​កណ្ដាប់ដៃ​ដែក​ដែល​លោក​អះអាង​ថា ដើម្បី​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​តុលាការ។ យុទ្ធនាការ​កណ្ដាប់ដៃ​ដែក​បង្ក្រាប តុលាការ​របស់​នាយក​រដ្ឋមន្ត្រី​ដែល​ជា​ប្រមុខ​ដឹកនាំ​អំណាច​នីតិប្រតិបត្តិ​នេះ ត្រូវ​គេ​មើល​ឃើញ ថា ជា​ការ​លូកដៃ​ជ្រៀតជ្រែក​ចូល​ក្នុង​កិច្ច ការ​របស់​តុលាការ ហើយ​ដែល​បាន​ជះឥទ្ធិពល​ដល់​ការ​កើន​ឡើង ចំនួន​អ្នក​ជាប់ឃុំ​ក្នុង​ពន្ធនាគារ ពី​ព្រោះតែ​ក្រុម​ចៅក្រម​ភ័យខ្លាច ហើយ​សុខចិត្ត​ធ្វើ​ខុសច្បាប់ ប៉ុន្តែ​មិន​ហ៊ាន​ធ្វើ​ផ្ទុយ​ពី​បញ្ជា​របស់​នាយករដ្ឋមន្ត្រី​ទេ។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ពេល​នោះ​បាន​ចាត់វិធានការ និង​ព្រមានធ្ងន់ៗ​ដល់​ក្រុម​ចៅក្រម ដែល​លោក​ចោទ​ថា បាន​ដោះលែង​ជន​ជាប់ចោទ ឬ​ជនសង្ស័យ​ដែល​ប្រព្រឹត្ត​អំពើ​ចោរកម្ម ហើយ​បញ្ជា​អោយ​តាម​ចាប់ខ្លួន​មកវិញ។

បើ​តាម​លោក​មេធាវី សុក សំអឿន និង​មន្ត្រី​តុលាការ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ យុទ្ធនាការ​កណ្ដាប់ដៃ​ដែក​បង្ក្រាប​តុលាការ របស់​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បណ្ដាល​អោយ​មន្ត្រី​តុលាការ ព្រួយបារម្ភ​ពី​សុវត្ថិភាព និង​សន្តិសុខ​ការងារ​របស់​ខ្លួន។ ប្រការ​នេះ​បណ្ដាល​អោយ​ពួកគាត់​មិនសូវ​ហ៊ាន​កាត់​សេចក្ដី​ប្រកបដោយ​គតិយុត្តិ អោយ​ជនជាប់ចោទ​រួច​ផុត​ពី​ពិរុទ្ធភាព ឬ​បន្ធូរបន្ថយ​ស្ថាន ទម្ងន់​ទោស​ដើម្បី​អោយ​ជនជាប់ចោទ​បាន​នៅ​ក្រៅ​ឃុំ ខណៈ​រង់ចាំ​ការ​ជំនុំជម្រះ​នោះ​ទេ។

ឧទាហរណ៍ ៖ យោង​តាម​ច្បាប់​ប្រឆាំង​គ្រឿងញៀន អ្នកប្រើប្រាស់​ថ្នាំ ញៀន​មិន​ត្រូវ​បាន​ផ្ដន្ទាទោស​ជាប់​ពន្ធនាគារ​ទេ គឺ​ត្រឹម​ទទួល​ការអប់រំ អោយ​កែខ្លួន​ប៉ុណ្ណោះ។ ប៉ុន្តែ បើ​តាម​មេធាវី និង​មន្ត្រី​តុលាការ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ អ្នកប្រើប្រាស់​ថ្នាំញៀន​ជាច្រើន​ត្រូវ​បាន​ចោទ​ប្រកាន់​ថា ជា​អ្នក​ជួញ​ដូរ​គ្រឿងញៀន​ដែល​ជា​ទោស​ត្រូវ​ជាប់​​​​​ពន្ធនាគារ។ ការ​អនុវត្ត​ច្បាប់​ផ្ទុយ​ពី​បំណង​របស់​អ្នក​តាក់តែង​ច្បាប់​នេះ គឺជា​មូលហេតុ​មួយទៀត ធ្វើ​អោយ​ពន្ធនាគារ​ចង្អៀត​ណែនណាន់​ហួស​ចំណុះ បណ្ដាល​អោយ​ខាត​ទាំង​ថវិកា​រដ្ឋ​ក្នុង​ការ​ចិញ្ចឹម​អ្នក​ជាប់ឃុំ ហើយ​រដ្ឋាភិបាល​ក៏​រង​ការ​ចោទ​ថា រំលោភ​សិទ្ធិ​មនុស្ស។

ពេលវេលា​ប្រាប់​អោយ​រក​មេធាវី​ខ្លី​ពេក

មូលហេតុ​មួយទៀត​ដែល​ធ្វើ​អោយ​ពន្ធនាគារ​ចង្អៀត​ណែន គឺ​ការ​ជូន​ដំណឹង​ទៅ​ជនជាប់ចោទ​អោយ​រក​មេធាវី​ការពារ​ខ្លួន​មាន​រយៈពេល​ខ្លី​ពេក។

មេធាវី​ដែល​មាន​បទពិសោធន៍​អោយ​ដឹង​ថា ជនជាប់ចោទ ច្រើនតែ​ត្រូវ​បាន​ចៅក្រម​ជូនដំណឹង​អោយ​រក​មេធាវី ធ្វើឡើង​នៅ​កៀក​ថ្ងៃ​ឡើង​សវនាការ ដែល​បញ្ហា​នេះ ជនជាប់ចោទ​មិន​អាច​រក​មេធាវី ការពារ​ក្តី​អោយ​ខ្លួន​ទាន់​ពេល ឬ​បើ​ទាន់​ពេល​ក៏​មិន​អាច​ការពារ​បាន​ល្អ​ដែរ ពី​ព្រោះតែ​មេធាវី​មិនបាន​ស្រាវជ្រាវ​ស៊ីជម្រៅ​នៃ​សំណុំរឿង ឬក៏​ត្រៀម​ខ្លួន​ការពារ​មិនបាន​ល្អ​ទេ។

សាលាឧទ្ធរណ៍​មានតែ​មួយ

មូលហេតុ​មួយទៀត​ដែល​ជា​កត្តា​រួមផ្សំ​បណ្ដាល​អោយ​ពន្ធនាគារ​នៅ​កម្ពុជា​ផ្ទុក​មនុស្ស​លើស​ចំណុះ នាំ​អោយ​បាត់បង់​ការ​រស់នៅ​ក្នុង​ភាព​ជា​មនុស្ស​នោះ គឺ​កម្ពុជា​មាន​សាលាឧទ្ធរណ៍​តែមួយ។ នៅ​ខណៈ​កម្ពុជា​មាន​សាលាដំបូង​ចំនួន​២៤ កម្ពុជា​មាន​សាលាឧទ្ធរណ៍​តែមួយ​គត់។

កម្ពុជា​បច្ចុប្បន្ន មាន​តុលាការ​បី​ថ្នាក់ ទី​១​គឺ​សាលាដំបូង​ដែល​មាន​នៅ​តាម​បណ្ដា ខេត្ត​-​ក្រុង ទី​២ គឺ​សាលាឧទ្ធរណ៍ និង​៣ គឺ​តុលាការ​កំពូល។

ដោយសារតែ​សាលាឧទ្ធរណ៍​មានតែ​មួយ សំណុំរឿង​ប្ដឹង​ឧទ្ធរណ៍ បញ្ជូន​មកពី​សាលាដំបូង​ទាំង​២៤ នៅ​តាម​ខេត្ត​-​ក្រុង ធ្វើ​អោយ​ដំណើរ ការ​ជម្រះ​ក្ដី​យឺតយ៉ាវ សំណុំរឿង​ត្រូវ​កកស្ទះ ហើយ​ជនជាប់ចោទ​ជា ច្រើន​ក៏​ត្រូវ​បន្ត​រស់នៅ កកកុញ​ណែនណាន់​ក្នុង​ពន្ធនាគារ ខណៈ​រង់ចាំ សាលាឧទ្ធរណ៍​ពិនិត្យ សំណុំរឿង​របស់​ខ្លួន។

កត្តា​ច្បាប់

ទាំង​ច្បាប់​អន្តរជាតិ និង​រដ្ឋធម្មនុញ្ញ​កម្ពុជា ទទួល​ស្គាល់​ថា សិទ្ធិ​ក្នុង​ការ​មាន​មេធាវី​របស់​ជនជាប់ចោទ គឺជា​គោលការណ៍​សំខាន់ ក្នុង​ដំណើរការ​ស្វែងរក​យុត្តិធម៌​ជូន​ដល់​គ្រប់​ភាគី​ទាំង​អស់​នៃ​រឿង​ក្តី។ ទោះជា​យ៉ាង​ណា ក្រមព្រហ្មទណ្ឌ​កម្ពុជា ដែល​អ្នកច្បាប់​យល់​ថា មាន​ចរិត រឹតត្បិត​ដល់​សិទ្ធិ របស់​ជនជាប់ចោទ​នោះ កំណត់​ថា ជន​ជាប់ចោទ​ពី បទ​មជ្ឈិម​អាច​មាន​មេធាវី​ក៏បាន​មិន​ចាំ​បាច់​មាន​ក៏បាន​។ អាច​និយាយ​ម្យ៉ាង​ទៀត​ថា ចៅក្រម​មិន​មាន​កាតព្វកិច្ច​ផ្លូវ​ច្បាប់​រក​មេធាវី​អោយ​ជនជាប់ចោទ​បទល្មើស​មជ្ឈិម​នោះ​ទេ។ នោះ​មាន​ន័យ​ថា ចៅក្រម​អាច​បើកសវនាការ​កាត់​សេចក្តី​បទល្មើស​មជ្ឈិម​ដោយ​ជនជាប់ចោទ​មិន​ចាំបាច់​មាន​មេធាវី។ឮ

បើ​តាម​អ្នកច្បាប់ មូលហេតុ​ដែល​ក្រសួងយុត្តិធម៌​ធ្វើ​ច្បាប់​បែប​នោះ ប្រហែលជា​សំអាង​ហេតុផល​ថា កម្ពុជា​នៅ​មាន​ចំនួន​មេធាវី​តិច។ អ្នក​តាក់តែង​ច្បាប់​យល់ថា ប្រសិនបើ​ច្បាប់​កំណត់​ថា រាល់​សំណុំរឿង បទល្មើស​មជ្ឈិម ជន​ជាប់ចោទ​ចាំបាច់​ត្រូវ​តែ​មាន​មេធាវី​នោះ សវនាការ​ជម្រះ​ក្តី នឹង​មាន​ការ​យឺតយ៉ាវ សំណុំរឿង​កកស្ទះ ពីព្រោះ​ចៅក្រម​ចាំបាច់​ត្រូវ​ស្វះ​ស្វែងរក​មេធាវី​ការពារ​ក្តី​អោយ​ជនជាប់ចោទ នៅ​ពេល​ជនជាប់ចោទ​មិន​មាន​លទ្ធភាព​ជួល​មេធាវី​ខ្លួនឯង។

ដោយសារតែ​បញ្ហា​នេះ​ហើយ សង្គម​ស៊ីវិល​ដើរតួ​យ៉ាង​សំខាន់​ជា​ដៃគូ ជួយ​ដល់​តុលាការ​ក្នុង​ការ​ផ្ដល់​មេធាវី​ស្ម័គ្រ​ចិត្ត​ជួយ​ការពារ​ជន​ក្រីក្រ​ដែល​មិន​មានលទ្ធភាព​ជួល​មេធាវី។

សវនាការ​កាត់​សេចក្ដី​ដែល​មិន​មាន​មេធាវី ធ្វើ​អោយ​ជនជាប់ចោទ មាន​ហានិភ័យ​ខ្ពស់ អាច​ត្រូវ​តុលាការ​កាត់​សេចក្ដី​ឈិនឆៃ​សម្រេច​ថា មាន​ទោស ពីព្រោះ​គ្មាន​មេធាវី​ជួយ​និយាយ​ដោះ​បន្ទុក​អោយ​ខ្លួន។ ជនជាប់ចោទ​ដែល​គ្មាន​មេធាវី ហើយ​ខ្វះ​ចំណេះដឹង​ផ្លូវច្បាប់ និង​ការ​យល់​ដឹង​អំពី​សិទ្ធិ​របស់​ខ្លួន​នៅ​មាន​កម្រិត ងាយ​ត្រូវ​តុលាការ​រក​ឃើញ​ថា មាន​ពិរុទ្ធភាព។

តាមច្បាប់ មានតែ​បទល្មើស​ឧក្រិដ្ឋ​ទេ​ដែល​ចៅក្រម​មាន​កាតព្វកិច្ច​ផ្លូវ​ច្បាប់ ត្រូវ​រក​មេធាវី​អោយ​ជនជាប់ចោទ។ ប៉ុន្តែ​ដើម្បី​ជួយ​កាត់បន្ថយ ភាព​ចង្អៀត​ណែនណាន់​ក្នុង​ពន្ធនាគារ ក្រុម​អ្នក​តាក់តែង​ក្រម​ព្រហ្មទណ្ឌ ក៏​បាន​កំណត់​ថា បទល្មើស​មជ្ឈិម​ដែល​ត្រូវ​ផ្ដន្ទាទោស​ជាប់​ពន្ធនាគារ ពី​ចន្លោះ ៥​ថ្ងៃ​ដល់​៥​ឆ្នាំ ខណៈ​រង់ចាំ​ការ​ជំនុំជម្រះ​ក្ដី​មិន​ចាំបាច់​នៅ​ក្នុង​ពន្ធនាគារ​ទេ ពោល​គឺ​អាច​នៅ​ក្រៅ​ឃុំ ឬ​ត្រូវ​ព្យួរ​ទោស​បាន។ ប៉ុន្តែ ជាទូទៅ​ការ​អនុវត្ត​ជាក់ស្ដែង​តុលាការ​មិនសូវ​បាន អនុវត្ត​បែប​នោះ​ទេ។ កត្តា​នេះ គឺជា​មូលហេតុ​មួយ​ធំ​បណ្ដាល​អោយ មាន​ភាព​ចង្អៀត​ណែន ក្នុង​ពន្ធនាគារ ពិបាក​រស់នៅ​ក្នុង​សភាព​ជា​មនុស្ស និង​ប៉ះពាល់​ដល់​សុខភាព​ធ្ងន់ធ្ងរ ជាពិសេស​នៅ​ពេល​មាន​ជំងឺឆ្លង​រាតត្បាត​កើត ឡើង​លើ​អ្នកណាម្នាក់ អ្នក​ជាប់ឃុំ​ក្នុង​បន្ទប់ ទាំងមូល​នឹង​ធ្លាក់ខ្លួន​ឈឺ​ដែរ។

លោក នុត សវនា អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ ទទួល​ស្គាល់​ថា ការ​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ​ពិត មែន​រហូតដល់​ខាង​ពន្ធនាគារ​កាត់បន្ថយ​សិទ្ធិ​ចូល​សួរសុខទុក្ខ​អ្នក​ជាប់ឃុំ​ទៀត​ផង។ លោក​ថា រដ្ឋាភិបាល​កំពុង​ចាត់វិធានការ​ដោះស្រាយ បញ្ហា​ចង្អៀត​ណែន​នេះ៖ «ឥឡូវ​ហ្នឹង​ចំនួន​ជន​ជាប់ឃុំ​វា​ច្រើនពេក ដល់​អ៊ីចឹង ចំនួន​មន្ត្រី​យើង​អត់​សមាមាត្រ​ទៅ​នឹង​តម្រូវ​ការងារ​គ្រប់គ្រង​សន្តិសុខ​ហ្នឹងឯង។ អោយ​ចូល​សួរសុខទុក្ខ​ច្រើនពេក​វា​អត់​មាន​មនុស្ស​យាមកាម​ទេ។ វា​ត្រូវ​ចំណាយ​មន្ត្រី​ល្បាត​គាត់​មក ហើយ​បើ​ម្នាក់ៗ​មាន​ពេល​ជួប​ច្រើនពេក យើង​មានការ​ពិបាក​គ្រប់គ្រង​សន្តិសុខ។ អាហ្នឹង​វា​ជា​វិធានការ​បណ្ដោះអាសន្ន ដោយសារ​យើង​ជួប​បញ្ហា​ចង្អៀត​ណែន»

ទោះជា​យ៉ាងណា លោក​ថា ក្រសួងមហាផ្ទៃ​កំពុង​មាន​វិធានការ​ដោះស្រាយ​ភាព​ចង្អៀត​ណែន​នេះ។

តើ​រដ្ឋាភិបាល​មាន​វិធានការ​អ្វីខ្លះ​ដើម្បី​ការ​បន្ថយ​ភាព​ចង្អៀត​ណែន​នេះ? លោកអ្នក​នាង​នឹង​បាន​ស្ដាប់​សេចក្ដី​រាយការណ៍​អំពី​រឿង​នេះ​នៅ​ពេល​ក្រោយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល